អាហារថ្ងៃត្រង់ដ៏ឯកោ
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ខាលីគ្រាន់តែចង់បានមិត្តម្នាក់ប៉ុណ្ណោះ ។
« ព្រះវិញ្ញាណបរិសុទ្ធខ្សឹបដោយសំឡេងតូចរហៀង » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៦ ) ។
ខាលីបានដើរទៅបន្ទប់អាហារ ហើយមើលជុំវិញ ។ ក្មេងៗផ្សេងទៀតទាំងអស់រត់តម្រង់ទៅមិត្តភក្ដិរបស់ពួកគេ ហើយបានប្រមូលផ្ដុំគ្នានៅតុ ។ បន្ទប់នោះអ៊ូអរដោយមានសម្លេងរំភើប និងសំណើចដ៏រីករាយ ។ វាទើបតែជាថ្ងៃទីពីរនៅសាលា ប៉ុន្តែវាហាក់ដូចជាគ្រប់គ្នាមាននរណាម្នាក់ដើម្បីអង្គុយជាមួយរួចទៅហើយ លើកលែងតែខាលី ។
នាងបានច្របាច់ដៃកាបូបអាហាររបស់នាង ហើយបានដើរទៅកាន់តុមួយ ។ « តើខ្ញុំអាចអង្គុយនៅក្បែរឯងបានទេ ? » ខាលីបានសួរ ។
ក្មេងស្រីម្នាក់មានសក់ក្រងវែងពណ៌ត្នោតបានសម្លឹងមើលមក ។ នាងបានច្រឡោត ហើយគ្រវីក្បាលរបស់នាង ។ នាងបាននិយាយថា « អត់ទេ ។ មានអ្នកអង្គុយហើយ » ។
« មិនអីទេ ! » ខាលីបានខិតទៅកន្លែងអង្គុយទំនេរមួយទៀត ហើយបានអង្គុយចុះជាមួយនឹងកាបូបអាហាររបស់នាង ។
« ឯងមិនអាចអង្គុយទីនេះបានទេ ! « ខ្ញុំទុកកន្លែងអង្គុយហ្នឹងហើយ » ក្មេងប្រុសម្នាក់ពាក់អាវឆ្នូតពណ៌បៃតងបាននិយាយ ។ គេបានរុញកាបូបអាហាររបស់ខាលីទៅក្រោម ។ មិត្តគេទាំងអស់គ្នាបានសើច ។
ខាលីបានឱនចុះទៅរើសកាបូបអាហាររបស់នាងម្ដងទៀត ។ នាងបានដើរទៅផ្នែកម្ខាងទៀតនៃបន្ទប់អាហារ ហើយអង្គុយនៅនឹងតុទំនេរមួយ ។ នាងបានឃើញក្មេងម្នាក់មកពីសហគមន៍នាង ហើយបានព្យាយាមគ្រវីដៃ ប៉ុន្តែគេបានសម្លឹងទៅម្ខាងទៀត ។ ខាលីបានជ្រួញចិញ្ចើម ។ ហេតុអ្វីគ្មាននរណាម្នាក់ចង់ធ្វើជាមិត្តរបស់នាង ?
ខាលីបានឈ្ងោកមុខមើលទៅស្បែកជើងរបស់នាង ។ នាងមិនមានអារម្មណ៍ចង់ញ៉ាំទៀតទេ ។ នាងបានជូតភ្នែកនាង បិទកាបូបអាហាររបស់នាង ហើយបានដើរទៅខាងក្រៅ ។
គ្រប់គ្នាកំពុងលេងជាមួយមិត្តភ្ដិពួកគេទៅហើយ ។ ខាលីបានអង្គុយតែម្នាក់ឯងនៅលើកៅអីវែង ហើយបានមើលក្មេងផ្សេងទៀតលេងសប្បាយដោយគ្មានរូបនាង ។ បន្ទាប់មកខាលីបានសម្គាល់ឃើញក្មេងប្រុសម្នាក់អាយុប្រហែលនាង កំពុងអង្គុយម្នាក់ឯងនៅលើស្មៅ ។ គេពាក់អាវដែលមានស្នាមប្រលាក់ពណ៌លឿង ហើយសក់គេបះទៅក្រោយ ។
ខាលីបានបែរមុខចេញ ។ នាងបានឃើញក្មេងស្រីមួយក្រុមមកពីថ្នាក់នាងកំពុងលេងបោះបាល់ទៅវិញទៅមក ។ នាងពិតជាចង់ឲ្យពួកគេអញ្ជើញនាងឲ្យលេងជាមួយពួកគេណាស់ ។
ខាលីបានក្រឡេកមើលទៅក្មេងប្រុសនោះម្ដងទៀត ។ គេឱនក្បាលចុះ ហើយកំពុងបោចស្មៅនៅនឹងជើងរបស់គេ ។ ខាលីបានចងចាំពីអ្វីមួយដែលម្ដាយនាងបាននិយាយនៅពេលខ្លះ ៖ រកមើលក្មេងៗដែលឯកោ ។
ខាលីបានជ្រួញចិញ្ចើម ។ នាងក៏ឯកោដែរ ។ គ្មាននរណាម្នាក់ព្យាយាមធ្វើជាមិត្តរបស់នាងទេ !
ប៉ុន្តែ បន្ទាប់មកខាលីបានគិតអំពីពេលដែលនាងបានទទួលបុណ្យជ្រមុជទឹកកាលពីឆ្នាំមុន ។ នាងបានសន្យាថានឹងស្ដាប់ព្រះវិញ្ញាណបរិសុទ្ធ ។ ប្រហែលជាព្រះវិញ្ញាណបរិសុទ្ធបានជួយនាងឲ្យចងចាំនូវអ្វីដែលម្ដាយនាងបានប្រាប់ ។ ប្រហែលជាព្រះវិញ្ញាណបរិសុទ្ធកំពុងព្យាយាមប្រាប់នាងឲ្យលេងជាមួយក្មេងប្រុសពាក់អាវពណ៌លឿងនោះ ។
ខាលីដកដង្ហើមធំ ហើយបានក្រោកឈរឡើង ។ អារម្មណ៍ដ៏កក់ក្ដៅមួយជ្រាបក្នុងចិត្តរបស់នាង ។ នាងបានដើរទៅ ហើយបានអង្គុយជិតក្មេងប្រុសនោះនៅលើស្មៅ ។
នាងបាននិយាយថា « សួស្ដី » ។
គាត់បាននិយាយរហឹមៗតបវិញថា « សួស្ដី » ។
« តើឯងចូលចិត្តពណ៌អ្វីជាងគេ ? »
« អើ …បៃតង » ។
ខាលីបាននិយាយថា « ល្អណាស់ ។ ខ្ញុំចូលចិត្តពណ៌ផ្កាឈូក » ។ « តើឯងមានសត្វមួយដែលឯងចូលចិត្តទេ ? »
ក្មេងប្រុសនោះបានតម្រង់ខ្លួនបន្តិច ហើយបានសម្លឹងមើលនាង ។ « មែនហើយ ។ ខ្ញុំចូលចិត្តសត្វដាយណូស័រណាស់ » ។
« អូ ខ្ញុំក៏អញ្ចឹងដែរ ។ ខ្ញុំចូលចិត្តត្រៃស៊ើរ៉ាថបស៍ជាងគេ » ។
ក្មេងប្រុសនោះបានញញឹម ។
ហើយកណ្តឹងក៏បានរោទិ៍ឡើង ។ ខាលីបានក្រោកឈរឡើង ហើយបានគ្រវីដៃលាទៅក្មេងប្រុសនោះ ។ នាងបានញញឹម កាលដែលនាងបានដើរត្រឡប់ទៅថ្នាក់រៀននាងវិញតែម្នាក់ឯង ។ នាងអាចនឹងមិនមានមិត្តល្អបំផុតម្នាក់ ប៉ុន្តែនាងបានមានអារម្មណ៍សប្បាយរីករាយ ដោយដឹងថា នាងបានធ្វើឲ្យម៉ោងចេញលេងរបស់មនុស្សម្នាក់បានប្រសើរឡើងបន្តិច ។ ●