ភេសូដង្វាយមួយភាគក្នុងដប់
អ្នកនិពន្ធរស់នៅរដ្ឋឈីវ៉ាវ៉ា ប្រទេសម៉ិកស៊ិក ។
សូហ្វៀបានភ្ញាក់ពីព្រលឹម ។ ថ្ងៃនេះគឺពិសេសណាស់ ។ នាងនឹងលក់ទឹកក្រូចឆ្មារនៅផ្ទះមីង និងពូរបស់នាង ពេលពួកគាត់លក់របស់របរដែលឈប់ប្រើ ។ ម៉ាម៉ាបានធ្វើទឹកក្រូចឆ្មារមួយក្រឡធំសម្រាប់ នាង ។
សូហ្វៀបានធ្វើស្លាកមួយ ។ នាងបានសរសេរថា « ទឹកក្រូចឆ្មារ ! » ដែលមានអក្សរពណ៌ទឹកក្រូច និងពណ៌លឿង ។ នាងបានបិតវាទៅនឹងតុតូចមួយ ។ បន្ទាប់មកនាងបានអង្គុយចុះដើម្បីរង់ចាំ ។
មិនយូរប៉ុន្មានមានបុរសម្នាក់មកដល់ ។ គាត់បានសួរថា « ពូសុំមួយពែងបានទេ ? » គាត់បានដាក់លុយភេសូខ្លះក្នុងក្រឡនាង ។
« ចាស៎បាន ! » សូហ្វៀបានតប ។ នាងបានចាក់ទឹកក្រូចឆ្មារមួយពែងឲ្យគាត់ ។
បន្តិចម្ដងៗ មនុស្សបានមកមើលការលក់របស់របរ ។ ហើយបន្តិចម្ដងៗ ពួកគេបានទិញទឹកក្រូចឆ្មារដ៏ឆ្ងាញ់នោះ ។ ព្រឹកនោះបានកន្លងទៅដោយរីករាយ ។ មិនយូរប៉ុន្មានទឹកក្រូចឆ្មារត្រូវបានលក់អស់រលីង ។
សូហ្វៀបានក្រឡុងក្រឡនាង ។ លុយភេសូបន្លឺសូររ៉ឹងៗ ។ នាងបានលុយជាច្រើន !
« ល្អណាស់ ! » ប៉ាប៉ាបាននិយាយ ។
សូហ្វៀមិនដែលមានលុយច្រើនទេពីមុនមក ។ « ខ្ញុំនឹងទិញយ៉ូ-យ៉ូមួយ ! »
ប៉ាប៉ាបានញញឹម ។ « តើកូនដឹងទេថា ម៉ាម៉ា និងប៉ាប៉ាធ្វើអ្វី ពេលយើងរកលុយបាន ? »
សូហ្វៀក្រវីក្បាលនាង ។
ប៉ាប៉ាបាននិយាយថា « យើងបង់ដង្វាយមួយភាគក្នុងដប់ » ។ « ព្រះវរបិតាសួគ៌បានប្រទានអ្វីៗគ្រប់យ៉ាងដល់យើង ។ ទ្រង់ស្នើឲ្យយើងថ្វាយដល់ទ្រង់វិញនូវមួយផ្នែកតូច ។ យើងបង់ដង្វាយមួយភាគក្នុងដប់ ដោយសារយើងស្រឡាញ់ទ្រង់ » ។
សូហ្វៀបានញញឹម ។ នាងចង់បង្ហាញព្រះវរបិតាសួគ៌ថា នាងក៏ស្រឡាញ់ទ្រង់ដែរ ។
ប៉ាប៉ាបានជួយសូហ្វៀរាប់លុយភេសូរបស់នាង ។ ពេលណាដែលនាងរាប់ដល់ ១០ នាងដាក់មួយភេសូទៅក្នុងស្រោមសំបុត្រ ។ ប៉ាប៉ាបានជួយនាងសរសេរលេខនៅលើក្រដាសពណ៌សតូចមួយ ។ ពួកគេបានដាក់ក្រដាសនោះទៅក្នុងស្រោមសំបុត្រជាមួយនឹងលុយភេសូ ។ បន្ទាប់មកពួកគេបានបិទវា ។ សូហ្វៀនឹងជូនវាទៅប៊ីស្សពនៅថ្ងៃស្អែកនៅព្រះវិហារ ។
« តើកូនមានអារម្មណ៍បែបណា ? » ប៉ាប៉ាបានសួរសូហ្វៀ ។
« សប្បាយចិត្តណាស់ ! ហើយនៅតែមានលុយសល់សម្រាប់ប្រដាប់លេងយ៉ូ-យ៉ូមួយ ។ » នាងមានអារម្មណ៍ថា ព្រះវរបិតាសួគ៌មានព្រះទ័យរីករាយនឹងជម្រើសរបស់នាង ។ ●