ចូរធ្វើដូចជា ស៊ិបឡុន
« ឱ កូនប្រុសរបស់ឪពុកអើយ ឪពុកប្រាប់កូនថា ឪពុកមានសេចក្តីអំណរជាខ្លាំងមកហើយ ដោយសារកូន ដោយព្រោះសេចក្តីស្មោះត្រង់ និង សេចក្តីព្យាយាមរបស់កូន » ( អាលម៉ា ៣៨:៣ ) ។
វីរៈបុរសក្នុងព្រះគម្ពីរមរមនរបស់ខ្ញុំគឺស៊ិបឡុន ។ គាត់ពិតជាមនុស្សល្អណាស់ ។ គាត់ពុំខ្វល់អំពីអ្វីដែលមនុស្សដទៃគិតអំពីគាត់ឡើយ ។ លោកគ្រាន់តែខ្វល់អំពីការគោរពព្រះវរបិតាសួគ៌តែប៉ុណ្ណោះ ។ ឪពុករបស់គាត់ គឺអាលម៉ាជាកូនបានទុកចិត្តលើគាត់ ។ អាលម៉ារីករាយជាខ្លាំងដែលស៊ិបឡុនបានគោរពព្រះបញ្ញត្តិតាំងពីក្មេងមក ( សូមមើល អាលម៉ា ៣៨:២ ) ។
ហើយស៊ិបឡុនបន្តជ្រើសរើសត្រឹមត្រូវ ។ លោកបានជួយអ្នកដទៃទៀត ដោយសារលោកស្រឡាញ់ពួកគេ និងស្រឡាញ់ព្រះ ។ លោកបានធ្វើអ្វីដែលត្រឹមត្រូវ ដោយសារលោកបានដឹងថាវាគឺជាការពិត ។ លោកពុំព្យាយាមធ្វើអ្វីៗដើម្បីទទួលបានរង្វាន់ឡើយ ។
ក្នុងបេសកកម្មរបស់ខ្ញុំនៅប្រទេសកូរ៉េ ខ្ញុំបានធ្វើការជាមួយអ្នកផ្សព្វផ្សាយសាសនាដែលមានលក្ខណៈជាច្រើនដូចនឹងស៊ិបឡុន ។ គាត់ស្មោះត្រង់ ហើយគោរពប្រតិបត្តិព្រះវរបិតាសួគ៌ ។ ប៉ុន្តែអ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតពុំគិតថាគាត់គឺជាអ្នកផ្សព្វផ្សាយសាសនាល្អឡើយ ។ ខ្ញុំចង់ឲ្យពួកគេដឹងថា ពួកគេគិតខុសពីគាត់ហើយ ។ ប៉ុន្តែប្រធានបេសកកម្មរបស់ខ្ញុំមានប្រសាសន៍ថា « ព្រះវរបិតាសួគ៌ជ្រាបដឹងថា គាត់គឺជាអ្នកផ្សព្វផ្សាយសាសនាល្អ ដូចជារូបខ្ញុំដែរ ។ ហើយឥឡូវនេះអ្នកដឹងរឿងនេះផងដែរ ដូច្នេះតើនរណាដែលសំខាន់ជាងនោះទៀត ? »
យើងអាចគិតថា វាពិបាកដើម្បីធ្វើដូចជាស៊ិបឡុន ហើយធ្វើអ្វីដែលត្រឹមត្រូវ ដោយសារវាជារឿងត្រឹមត្រូវ ។ ប៉ុន្តែដំណឹងល្អអាចជួយពួកយើងបាន ! ពេលយើងទទួលបុណ្យជ្រមុជទឹក យើងចាប់ផ្តើមក្លាយជាមនុស្សល្អប្រសើរ ។ ពេលយើងទទួលទានសាក្រាម៉ង់ យើងរំឭកចាំសេចក្ដីសញ្ញារបស់យើង ។ យើងអាចក្លាយដូចជាអ្វីដែល ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងប្រែក្លាយ ។