សារលិខិតបង្រៀនសួរសុខទុក្ខ
អំណាចបព្វជិតភាពតាមរយៈការរក្សាសេចក្ដីសញ្ញា
សូមសិក្សាអត្ថបទនេះប្រកបដោយការអធិស្ឋាន និងស្វែងរកការបំផុសគំនិត ដើម្បីដឹងពីអ្វីដែលត្រូវចែកចាយ ។ តើការយល់ដឹងអំពីគោលបំណងនៃសមាគមសង្គ្រោះ នឹងរៀបចំបុត្រីទាំងឡាយរបស់ព្រះ ឲ្យទទួលបានពរជ័យនៃជីវិតដ៏នៅអស់កល្បជានិច្ចយ៉ាងដូចម្ដេច ?
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា « សារលិខិតខ្ញុំជូនចំពោះ … មនុស្សគ្រប់រូបគឺថា យើងអាចរស់នៅបានគ្រប់ពេល ‹ ដោយបានទទួលពរពីអំណាចបព្វជិតភាព › មិនថាកាលៈទេសៈរបស់យើងបែបណានោះទេ » ។
« … នៅពេលអ្នកចូលរួមក្នុងពិធីបរិសុទ្ធនៃបព្វជិតភាពដោយសក្ដិសម នោះព្រះអម្ចាស់នឹងប្រទានកម្លាំង ភាពសុខសាន្ដ និងការរំពឹងទុកដ៏អស់កល្បជានិច្ចដល់អ្នកកាន់តែច្រើន ។ មិនថាស្ថានភាពរបស់អ្នកយ៉ាងណានោះទេ គេហដ្ឋានរបស់អ្នកនឹង ‹ ទទួលពរពីអំណាចបព្វជិតភាព › » ។១
តើយើងអាចនាំអំណាចបព្វជិតភាពចូលមកក្នុងជីវិតរបស់យើងយ៉ាងដូចម្តេច ? អែលឌើរ អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ រំឮកយើងថា « អស់អ្នកដែលបានទទួលបុណ្យជ្រមុជទឹក ហើយក្រោយមកបានទទួលអំណោយទានពិសិដ្ឋរបស់ពួកគេ នៅក្នុងដំណាក់នៃព្រះអម្ចាស់ មានសិទ្ធិទទួលបានពរជ័យដ៏ច្រើន និង អស្ចារ្យ ។ អំណោយទានពិសិដ្ឋគឺពិតជាអំណោយនៃអំណាច … [ ហើយ ] ព្រះវរបិតាគង់នៅឋានសួគ៌របស់យើងមានព្រះទ័យសប្បុរសជាមួយនឹងអំណាចរបស់ទ្រង់ » ។ លោកបានរំឮកយើងថា ទាំងបុរស និង ស្ត្រី « ត្រូវបានផ្ដល់ឲ្យនូវអំណាចដូចគ្នានេះ » នៅក្នុងព្រះវិហារបរិសុទ្ធ « គឺអំណាចបព្វជិតភាពនេះឯង » ។២
លីនដា ខេ ប៊ើតុន ប្រធានសមាគមសង្គ្រោះទូទៅ បានមានប្រសាសន៍ថា ៖ « ដោយសារអំណាចបព្វជិតភាពគឺជាអ្វីមួយដែលយើងចង់បាននៅក្នុងក្រុមគ្រួសារ និង ផ្ទះរបស់យើង តើ យើង ត្រូវធ្វើអ្វីខ្លះដើម្បីនាំអំណាចនោះចូលមកក្នុងជីវិតរបស់យើងបាន ? សេចក្តីសុចរិតផ្ទាល់ខ្លួនគឺជាកត្តាដ៏សំខាន់ដើម្បីមានអំណាចបព្វជិតភាព » ។៣
ប្រធាន រ័សុល អិម ណិលសុន ប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា « ប្រសិនបើយើងនឹងបង្ហាញខ្លួនដោយរាបសាចំពោះព្រះអម្ចាស់ ហើយសុំទ្រង់ឲ្យបង្រៀនយើង នោះយើងនឹងបង្ហាញខ្លួនយើងពីរបៀបបង្កើនលទ្ធភាព របស់យើង ទៅកាន់អំណាច របស់ទ្រង់ ។៤
ខគម្ពីរ និង ព័ត៌មានបន្ថែម
នីហ្វៃទី១ ១៤:១៤, គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៦, ១៣២:២០, reliefsociety.lds.org