ឆ្នាំ​២០១៧
ម្តាយ​ដែល​មាន​លក្ខណៈ​ដូច​ព្រះគ្រីស្ទ
June 2017


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ម្តាយ​ដែល​មាន​លក្ខណៈដូច​ព្រះគ្រីស្ទ

sweeping

រចនា​រូបភាពដោយ ខារ៉ូលីន វីបប៊ើត

ខ្ញុំ​បាន​បោស​នំ ព្រេតស្សែល គ្រាប់ធញ្ញជាតិ ពោតលីង និង ដំឡូង​បំពង​ប្រមូល​ជាគំនរ ។

« ទេ ។ ខ្ញុំ​មិន​បាន​ហូប​នំ​ទាំង​នេះ​ទេ » ខ្ញុំ​និយាយ​ពេល​ខ្ញុំ​បាន​បោស​នំ​ទាំង​នោះ​ចូលទៅ​ក្នុង​ប្រដាប់​ចូក​សំរាម ។

ស្វាមី​ខ្ញុំ​អង្គុយ​នៅ​ក្បែរតុ​និយាយ​ស្ងាត់ៗ​ថា « វា​គឺ​ជាការលះបង់​របស់​ម្តាយ » ។

ខ្ញុំ​បាន​ក្រោក​ឡើង ។ ហើយ​សួរ​ថា ៖ « ថា​ម៉េច ? »

គាត់​បាន​និយាយ​ខ្លាំងៗ ហើយ​ច្បាស់ៗ​ទាំង​ហូប​អាហារ​ពេលព្រឹក​ថា ៖ « នេះគឺ​ជាកិច្ចការ​ដែល​ម្តាយ​ទាំងឡាយ​ត្រូវ​ធ្វើ ។ ពួកគេ​ចំណាយ​ពេល​ក្នុង​ជីវិត​ខ្លួន​សម្អាត​អ្វី​ដែល​ពួកគេ​ពុំ​បាន​ពង្រាយ​សោះ — គឺ​ដូច​ជា​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ » ។

ពាក្យ​សម្តី​នោះ​មាន​ន័យ​ជ្រាលជ្រៅ​សម្រាប់​ខ្ញុំ ។ ខ្ញុំ​គួរតែ​រីករាយ​ដោយ​គិតថា ការបោស​កំទិចកំទី​នំ​នេះ​គឺ​ជា​លក្ខណៈ ដូច​ជា​ព្រះគ្រីស្ទ​ជាង​អ្វី​ដែល​ខ្ញុំ​គិត​ទៅ​ទៀត ។ ផ្ទុយ​ទៅវិញ ខ្ញុំ​មាន​អារម្មណ៍​ថា​ខុស​យ៉ាង​ខ្លាំង ។ ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត​ជាមួយ​នឹង​ការប្រៀបធៀប​នោះ​ទេ ។ តើ​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​ស្វាមី ឬ កូនៗ​របស់​ខ្ញុំ ឬ ប្រាប់​ខ្លួន​ឯង​អំពី​អ្វី​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ​សម្រាប់​កូនៗ​របស់​ខ្ញុំ ដោយ​សង្ឃឹម​ថា​ពួកគេ​បាន​មើល​ឃើញ និង មាន​អំណរគុណ​ដល់​អ្វី​ទាំងអស់​នោះ ? វា​ហាក់​ដូច​ជា​មិន​ខុស​ទេ​ដើម្បី​មាន​បំណងចង់​ឲ្យ​កូនៗ​របស់​ខ្ញុំ​មាន​អំណរគុណ​បន្ថែម​ទៀត​នោះ ប៉ុន្តែ​នៅក្នុង​គ្រាដ៏​ច្បាស់​នោះ ខ្ញុំ​បាន​ឃើញ​ថា​បំណង​ប្រាថ្នា​របស់​ខ្ញុំ​គឺ​ជា​ការគិត​អំពី ខ្លួន​ខ្ញុំ ក្នុង​ការទទួល​បាន​ការសរសើរ ឬ ការតបស្នងជា​ជាង បង្រៀន​ពួកគេ​ឲ្យ​រៀន​អំពី​ការមាន​អំណរគុណ​ទៅ​វិញ ។ ប៉ុន្តែ​ព្រះអង្គសង្គ្រោះ​ពុំ​ធ្លាប់​ចង់​បាន​ការកោតសរសើរ​ឡើយ ។ ទ្រង់​ពុំ​ធ្លាប់​សុំ​រក​វា ឬ ចង់​បាន​វា​ឡើយ ។

ខ្ញុំ​អាច​រំឭក​អំពី​ការសុន្ទនា​ជាមួយ​កូនៗ​វ័យ​ជំទង់​របស់​ខ្ញុំ ពេល​ពួកគេ​រៀបរាប់​អំពី​កិច្ចការ​ទាំងអស់​ដែល​ពួកគេ​បាន​ធ្វើ​សម្រាប់​ខ្ញុំ ក្នុង​គោលបំណង​ពុំ​ចង់​ទទួល​យក​ការងារ​បន្ថែម​ទៀត ។

ជានិច្ចកាល​ខ្ញុំ​ឆ្លើយតប​ថា « ប្រាកដ​ណាស់ ប្រសិនបើ​កូន​ចង់​ប្រៀបធៀប​បញ្ជី​នៃ​ការបម្រើ នោះ​យើង​អាច​ធ្វើបាន ប៉ុន្តែ​កូនៗ​នឹង​ចាញ់​ហើយ ដូច្នេះ​ចូរ​ទៅធ្វើការ​ទៅ ! »

ក្រោយមក​ខ្ញុំ​បាន​ដឹង​ថា គោលបំណង​របស់​ខ្ញុំ​កម្រ​នឹង​បរិសុទ្ធ​គ្រប់គ្រាន់ សម្រាប់​ប្រៀបធៀប​នឹង​អ្វី​ដែល​ស្វាមី​ខ្ញុំ​បាន​ធ្វើ​ណាស់ ។ ព្រះអង្គសង្គ្រោះ​ពុំ​ធ្លាប់​រក្សា​បញ្ជី​មួយ​ដើម្បី​ប្រៀបធៀប​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ទៅ​នឹង​ខ្ញុំ​បាន​ធ្វើ​ឡើយ ។ ខ្ញុំ​នឹង​ចាញ់​គ្រប់​ពេល ប្រសិនបើ​ខ្ញុំ​ធ្វើ​បែប​នោះ ។

ដោយ​មាន​អំបោស​នៅក្នុង​ដៃ​នៅឡើយ ខ្ញុំ​បាន​មាន​គោលគំនិត​មួយ​អំពី​ភាពជាម្តាយ — គឺ​ធ្វើ​ជាម្តាយ​ដែល​មាន​លក្ខណៈ​ដូច ទ្រង់ ។ មិនមែន​សម្រាប់​ទទួល​បាន​ការកោត​សរសើរ ការទទួលស្គាល់ ការឱប ឬ ការអរគុណ​នោះ​ទេ ។ ខ្ញុំ​នឹង​បោស​សម្អាត​កំទិចកំទី​នោះ​ដោយ​សេចក្តីស្រឡាញ់ ដោយសារ​នោះ​គឺ​ជា​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ។

អ្វី​គ្រប់​យ៉ាង​ដែល​ទ្រង់​បាន​ធ្វើ​គឺ​នៅក្នុង​ការគោរពប្រតិបត្តិ​ដល់​ព្រះវរបិតា​ទ្រង់ ។ មិនមែន​អំពី​ទ្រង់​នោះ​ទេ ។ ព្រះអម្ចាស់​តែងតែ​ជួសជុល​អ្វី​ដែល​ខូចខាត ហើយ​សម្អាត​កំហុស​របស់​យើង​ជារៀង​រហូត​ដោយ​សេចក្តីស្រឡាញ់​ដ៏​ឥតខ្ចោះ ចំពោះ​ព្រះវរបិតាទ្រង់ និង សម្រាប់​ពួកយើង ។ ឥឡូវ​នេះ​ខ្ញុំ​នឹង​ព្យាយាម​បង្រៀន ហើយ​បម្រើ​កូនៗ​របស់​ខ្ញុំ​ដោយ​សេចក្តីស្រឡាញ់​ដ៏​បរិសុទ្ធ​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ។ មាន​តែ​តាមរយៈ​ការធ្វើ​បែប​នោះ​ទេ ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ពិតជា​ចូលរួម​នៅក្នុង​ការធ្វើ​ជា​ម្តាយ​ដែល​មាន​លក្ខណៈដូច​ព្រះគ្រីស្ទ ។