ឆ្នាំ​២០១៧
ការតមអាហារ​សម្រាប់​ជំនួយ​នៅ​កន្លែង​ធ្វើការ
June 2017


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ការតមអាហារ​សម្រាប់​ជំនួយនៅ​កន្លែង​ធ្វើការ

plate and fork

រូបថត​មកពី Getty Images

បន្ទាប់​ពី​បម្រើ​បេសកកម្ម​ដោយ​ស្មោះត្រង់​នៅក្នុង​បេសកកម្ម​​ម៉ូស្សាំប៊ីក​មក ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះវិញ ហើយ​ដូច​ជា​អ្នកត្រឡប់​មក​ពី​បេសកកម្ម​វិញ​ផ្សេង​ទៀត​ផងដែរ ខ្ញុំ​បាន​ផ្តោតលើការ​សិក្សា និង​ការងារ​វិញ​ភ្លាមៗ ។

ខ្ញុំ​រស់នៅ​ប្រទេស​ប្រេស៊ីល​នៅក្នុង​ទីក្រុង​មួយ ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ប៉ារ៉ាហ្គាយ ហើយធ្វើការ​នាំចេញ​ផលិតផល​សម្រាប់​ទីផ្សារដ៏​ធំ​មួយ​នៅ​ផ្នែក​មួយ​នៃ​ប្រទេស​ប៉ារ៉ាហ្គាយ ។ ពរជ័យ​នៃ​ការរៀន​ភាសា​អង់គ្លេស​នៅក្នុង​បេសកកម្ម បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល បាន​មុខ​នាទី​នេះ ។ អំឡុង​ពេលនោះ ខ្ញុំ​បាន​រៀបការ ហើយ​មាន​កូនស្រី​ម្នាក់ ។

នៅពេល​វិបត្តិ​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​ប្រេស៊ីល​បាន​ឈាន​ដល់​ការធ្វើ​ឲ្យ​រូបិយប័ណ្ណ​ក្នុង​ប្រទេសប្រេស៊ីល​ធ្លាក់ចុះ នោះ​ការងារ​របស់​ខ្ញុំ​ត្រូវបាន​ប៉ះពាល់​យ៉ាង​ខ្លាំង ។ វា​ធ្វើ​ឲ្យ​ការលក់​ផលិតផល​ដែល​ខ្ញុំ​បាន​នាំ​ចេញ​ជា​ទៀងទាត់​នោះ​មាន​ការថយ​ចុះ ។ លុះ​ដល់​ចុងខែ​កុម្ភៈ​នា​ឆ្នាំ​បន្ទាប់​នោះ ខ្ញុំ​គ្មាន​សល់​កិច្ចការ​អ្វី​ដែល​ត្រូវ​ធ្វើ​ឡើយ ។ ការបាត់បង់​ការងារ​របស់​ខ្ញុំ​គឺ​ជារឿង​ដែល​ចៀស​មិន​រួច ដូច​ជា​សហការី​ផ្សេង​ទៀត​ផងដែរ ។ ខ្ញុំ​ចាប់​ផ្តើម​មាន​ការបារម្ភ​អំពី​ការផ្គត់ផ្គង់​ដល់​ភរិយា និង​កូនស្រី​តូច​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ចាប់ផ្តើម​ស្វែងរក​ការងារ​មួយ​ផ្សេង​ទៀត ។

ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​ភរិយា​ខ្ញុំ​អំពី​ស្ថានភាព​នោះ ។ នាង​បាន​ផ្តល់​យោបល់​ថា យើង​ត្រូវ​តមអាហារ ។ អំឡុងពេល​យើង​តម​អាហារ ភាពសុខសាន្ត​បាន​មាន​ក្នុង​ដួងចិត្ត​យើង ហើយ​យើង​មាន​អារម្មណ៍​ថា អ្វីៗ​គ្រប់​យ៉ាង​នឹង​ដំណើរ​ការ​ល្អ ទោះបី​ជា​ខ្ញុំ​ពុំ​អាច​គិត​ឃើញ​ថា​វា​នឹង​ដំណើរការ​ដោយ​របៀប​ណា​ក្តី ។

ថ្ងៃ​ស្អែក​ឡើង​នៅ​កន្លែង​ការងារ អ្នកគ្រប់គ្រង​របស់​ខ្ញុំ​បាន​ហៅ​ខ្ញុំ​ឲ្យ​ទៅ​ជួប​គាត់ ។ ខ្ញុំ​បាន​គិត​ថា​ពេលវេលា​ដ៏​អពមង្គល​បាន​មកដល់​ហើយ — គឺ​ខ្ញុំ​ប្រហែល​ជា​បាត់បង់​ការងារ​ហើយ ។ ខ្ញុំ​បាន​ភ្ញាក់​ផ្អើល ពេល​អ្នកគ្រប់គ្រង​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​មាន​យោបល់​មួយ ។ ដោយសារ​ខ្ញុំ​មាន​សមត្ថភាព​ផ្នែក​ភាសា​អង់គ្លេស គាត់​បាន​ដាក់ស្នើ​ថា​ឲ្យ ខ្ញុំ​បកប្រែ​ឯកសារ​ច្បាប់​ដែល​ជា​ធម្មតា​យើង​ប្រគល់​ឲ្យ មេធាវី​រៀបចំ​បកប្រែ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ប្រសិនបើ​ខ្ញុំ​មាន​ជោគជ័យ​ក្នុងការ​ធ្វើការបកប្រែ​នេះ នោះខ្ញុំ​នឹង​ទទួលបាន​មុខងារ​នេះ ហើយ​ជា​លទ្ធផល​ខ្ញុំ​នឹង​អាច​បន្ត​ធ្វើការ​នៅក្នុង​នាយកដ្ឋាន​នោះ ។ ខ្ញុំ​បាន​ចាប់ផ្តើម​បកប្រែ​ឯកសារ​ទាំងនោះ​ភ្លាម ។ នៅពេល​ខ្ញុំ​បាន​បង្ហាញ​ភាពជោគជ័យ​នៃ​ការបកប្រែ​ដល់​អ្នកគ្រប់គ្រង​របស់​ខ្ញុំ គាត់​មាន​ការរំភើប​យ៉ាង​ខ្លាំង ! ខ្ញុំ​មាន​ក្តី​រំភើប​ផងដែរ ដោយសារ​ខ្ញុំ​អាច​មាន​ការងារ​ធ្វើ​បន្ត​ទៀត ។

នៅពេល​ខ្ញុំ​ទៅ​ទទួល​មូលប្បទានបត្រ​របស់​ខ្ញុំ ដែល​វា​អាច​ជា​ប្រាក់ខែ​ចុងក្រោយ​របស់​ខ្ញុំ នោះ​ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ណាស់ ដោយ​ឃើញ​ថា​ប្រាក់ខែ​របស់​ខ្ញុំ​បាន​កើន​ឡើង ។ ខ្ញុំ​រំជួលចិត្ត​ណាស់ ហើយ​ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្រះវរបិតាសួគ៌​របស់​យើង ។ តាមរយៈបទពិសោធន៍​នេះ ខ្ញុំ​ដឹង​ថា​ការតម​អាហារ​បាន​បើក​បង្អួច​ទាំងឡាយ​នៃ​ស្ថានសួគ៌ ។