ការបម្រើនៅក្នុងសាសនាចក្រ
ការបម្រើតែម្នាក់ឯងនៅក្នុងទីក្រុងសារ៉ាយ៉េវ៉ូ
អ្នកនិពន្ធរស់នៅទីក្រុង រ៉ៃឡែន ប៉ាឡាទីណែតប្រទេសអាល្លឺម៉ង់ ។
នៅថ្ងៃអាទិត្យ ខ្ញុំបានច្រៀង អធិស្ឋាន និង ឡើងនិយាយតែម្នាក់ឯង ។ តើនឹងមានសមាជិកផ្សេងទៀតចាប់ផ្តើមចូលរួមការប្រជុំដែរឬទេ ?
ក្នុងនាមជាសមាជិកនៃកងទ័ពអាល្លឺម៉ង់ ខ្ញុំបានចំណាយពេលជាងកន្លះឆ្នាំកាលឆ្នាំ ១៩៩៩ នៅក្នុងទីក្រុង សារ៉ាយ៉េវ៉ូ រដ្ឋធានីនៃប្រទេស បូស្ន៊ី និង ហើស្សេហ្គោវីណា ។ កិច្ចការបម្រើកងទ័ពរបស់ខ្ញុំ មាននូវឧបសគ្គធំៗ និង មានរយៈពេលច្រើនម៉ោង ប៉ុន្តែខ្ញុំតែងតែឆ្លៀតពេលសម្រាក ដើម្បីចូលរួមព្រះវិហារនៅក្នុងសាលាជំនុំតូចមួយ ដែលបានប្រើប្រាស់ដោយនិកាយសាសនាជាច្រើននៅក្នុងជំរំលេខ ៧៥០ ។
ពេលខ្ញុំទៅដល់សាលាជំនុំនៅរសៀលថ្ងៃអាទិត្យមួយ ខ្ញុំបានឃើញថា ទ្វារសាលាជំនុំបានចាក់សោ ។ ខ្ញុំបានដឹងថា សមាជិកសាសនាចក្រផ្សេងទៀតនៅក្នុងជំរំបានផ្លាស់ប្តូរទៅកន្លែងផ្សេង ។ ខ្ញុំបានខកចិត្ត ដោយសារខ្ញុំបានទន្ទឹងរង់ចាំថ្វាយបង្គំ និង ទទួលទានសាក្រាម៉ង់ ។ ពីមុនមកកាន់ទីក្រុង សារ៉ាយ៉េវ៉ូ ខ្ញុំមានភាពមមាញឹកបម្រើជាប្រធានសាខានៅក្នុងប្រទេសអាល្លឺម៉ង់ ហើយអាចទទួលទានសាក្រាម៉ង់ជាទៀងទាត់ ។
បួនប្រាំសប្តាហ៍ក្រោយមក ខ្ញុំត្រូវបានចាត់តាំងឲ្យអមដំណើរឧត្តមសេនីយរបស់ខ្ញុំទៅទស្សនកិច្ចនៅកងពលពួកអាមេរិក ។ អំឡុងពេលអាហារថ្ងៃត្រង់ អនុសេនីឯកអាមេរិកម្នាក់ ដែលបានឃើញខ្ញុំកំពុងនិយាយជាមួយនាយទាហានដទៃផ្សេងទៀតនោះ បានសួរខ្ញុំថា តើខ្ញុំជាសមាជិកសាសនាចក្រឬ ។ បន្ទាប់ពីខ្ញុំបានប្រាប់គាត់ថា ខ្ញុំជាសមាជិកសាសនាចក្រ គាត់បានផ្តល់ឈ្មោះ និង ព័ត៌មានទាក់ទងរបស់ខ្ញុំទៅឲ្យក្រុមអ្នកដឹកនាំសាសនាចក្ររៀមច្បងនៅទីនោះ ។
មិនយូរប៉ុន្មានក្រោយមក បងប្រុស ហ្វីសស្សើរ បានទាក់ទងមកខ្ញុំ ។ បន្ទាប់ពីបានសម្ភាសខ្ញុំរួចមក គាត់បានញែកខ្ញុំចេញជាអ្នកដឹកនាំក្រុមនៃសាសនាចក្រនៅក្នុងទីក្រុងសារ៉ាយ៉េវ៉ូ ដោយចាត់តាំងឲ្យបង្កើតក្រុមមួយ ។ ( ក្រុម គឺជាអង្គភាពសាសនាចក្រមួយនៅក្នុងទីតាំងកងទ័ព ដែលស្រដៀងនឹងសាខា ) ។
ខ្ញុំបានចាប់ផ្តើមបិទប្រកាសអំពីម៉ោងប្រជុំនៅលើក្តារខៀនបិទផ្សាយព័ត៌មាន ហើយបានចែកលិខិតអញ្ជើញ ដោយសង្ឃឹមថាជួបពួកបរិសុទ្ធថ្ងៃចុងក្រោយផ្សេងទៀត ក្នុងបន្ទាយទាហាន នៅក្នុងទីក្រុងសារ៉ាយ៉េវ៉ូនោះ ។ នៅពីរបីសប្តាហ៍ដំបូង គ្មាននរណាម្នាក់ចូលរួមឡើយ ។ ដូច្នោះនៅថ្ងៃអាទិត្យ ខ្ញុំបានច្រៀង អធិស្ឋាន និង ឡើងនិយាយតែម្នាក់ឯង ។ ដោយធ្វើតាមការណែនាំរបស់សាសនាចក្រសម្រាប់អ្នកដឹកនាំ និង សមាជិកនៅក្នុងកងទ័ព នោះខ្ញុំអាចប្រសិទ្ធិពរ ហើយទទួលទានសាក្រាម៉ង់ដោយពុំចាំបាច់មានអ្នកកាន់បព្វជិតភាពម្នាក់ទៀតឡើយ ។ ការណ៍នេះនាំឲ្យខ្ញុំមានអំណរយ៉ាងខ្លាំង ។
ខ្ញុំបានធ្វើការប្រជុំតែម្នាក់ឯងជាភាសាអង់គ្លេស ដូច្នោះខ្ញុំអាចបង្កើនជំនាញភាសាអង់គ្លេសរបស់ខ្ញុំ ។ ការឡើងនិយាយរបស់ខ្ញុំដំបូងគេនោះគឺអំពីយ៉ូសែប ស្ម៊ីធ ។ គ្មាននរណាម្នាក់មានវត្តមាននៅក្នុងបន្ទប់នោះឡើយ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាមានវត្តមានរបស់មនុស្សដទៃទៀត ។ ព្រះវិញ្ញាណបរិសុទ្ធបានពង្រឹងខ្ញុំ ហើយបានបើកសម្តែងឲ្យខ្ញុំដឹងថា កិច្ចការរបស់ព្រះអម្ចាស់សំខាន់ខ្លាំងប៉ុណ្ណា ដើម្បីចាប់ផ្តើមជាថ្មីម្តងទៀតនៅក្នុងកន្លែងនេះ ។
បន្ទាប់ពីខ្ញុំបានធ្វើការប្រជុំនៅថ្ងៃអាទិត្យរយៈពេលពីរបីសប្តាហ៍មក មានទាហានអាមេរិកវ័យក្មេងម្នាក់បានដើរចូលមកក្នុងសាលាជំនុំ ។ នាងទើបទទួលបុណ្យជ្រមុជទឹកកាលពីរបីខែមុននេះប៉ុណ្ណោះ ។ ខ្ញុំមានចិត្តរីករាយជាខ្លាំង ! ពីរសប្តាហ៍ក្រោយមក មានសមាជិកស្រីម្នាក់បានមកចូលរួមដែរ ។ បន្ទាប់មក មានសមាជិកប្រុសៗពីរនាក់បានមកចូលរួម ។ ដោយមានជំនួយពីព្រះអម្ចាស់ សាសនាចក្របានចាប់ផ្តើមរីកចម្រើននៅក្នុងទីក្រុងសារ៉ាយ៉េវ៉ូ ។
ឥឡូវនេះសាសនាចក្រមានសាខាមួយនៅទីក្រុងសារ៉ាយ៉េវ៉ូ ។ កាលខ្ញុំរំឭកចាំអំពីគ្រានោះ ខ្ញុំគិតអំពីកិត្តិយសដែលព្រះអម្ចាស់ បានប្រទានដល់ខ្ញុំដើម្បីបម្រើក្នុងរបៀបដ៏ពិសេសមួយ — ឲ្យធ្វើជាផ្នែកតូចមួយនៅក្នុងកិច្ចការរបស់ទ្រង់ ហើយដើម្បីដឹងថា « ចេញពីការណ៍ដ៏តូចតាច នោះបណ្ដាលឲ្យមានការណ៍ដ៏ធំធេងឡើង » ( គ. និង ស. ៦៤:៣៣ ) ។