ការស្តារឡើងវិញ នៃ កូនសោបព្វជិតភាព
ដកស្រង់ចេញពីសុន្ទរកថានៅក្នុងសន្និសីទទូទៅខែតុលា ឆ្នាំ ២០០៤ ។
ព្រះអង្គសង្គ្រោះស្ថាបនាសាសនាចក្ររបស់ទ្រង់នៅលើជើងជញ្ជាំងនៃពួកសាវក និងព្យាការី ដែលកាន់កូនសោទាំងអស់នៃបព្វជិតភាពនៅលើផែនដីនាជំនាន់នេះ ។
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបាននិយាយនៅក្នុងសាលបុរាណមួយនៅអេភេសូរ ។ ពន្លឺព្រះអាទិត្យបានចាំងចំកន្លែងដដែល ដែលសាវកប៉ុលបានឈរនៅទីនោះដើម្បីបង្រៀន ។ ប្រធានបទរបស់ខ្ញុំគឺនិយាយអំពីប៉ុល ជាសាវកដែលព្រះបានហៅ ។
អ្នកស្តាប់នោះគឺជាពួកបរិសុទ្ធថ្ងៃចុងក្រោយរាប់រយនាក់ ។ ពួកគេបានអង្គុយនៅតាមជួរលើកៅអីថ្មវែងៗ ដែលពួកអេភេសូរបានធ្លាប់អង្គុយ កាលពីជាងមួយសហស្សវត្សរ៍មុន ។ ក្នុងចំណោមពួកគេ មានសាវកដែលកំពុងនៅរស់ពីរនាក់គឺអែលឌើរ ម៉ាក អ៊ី ភីធើរសិន និងអែលឌើរ ជែមស៍ អ៊ី ហ្វោស្ត ។
អ្នកអាចស្រមៃដឹងថា ខ្ញុំបានរៀបចំការនិយាយនោះយ៉ាងយកចិត្តទុកដាក់ណាស់ ។ ខ្ញុំបានអានកិច្ចការនៃពួកសាវក និងសំបុត្រទាំងអស់ ដែលប៉ុល និងបងប្អូនរបស់គាត់ដែលជាពួកសាវកបានសរសេរ ។ ខ្ញុំបានអាន ហើយពិចារណាអំពីសំបុត្ររបស់ប៉ុល ផ្ញើទៅកាន់ពួកអេភេសូរ ។
ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពរបស់ខ្ញុំ ដើម្បីគោរពប៉ុល និងតំណែងរបស់លោក ។ បន្ទាប់ពីនិយាយចប់ មនុស្សមួយចំនួនបានសរសើរការនិយាយនោះ ។ សាវកនៅរស់ទាំងពីរនាក់ក៏បានផ្តល់យោបល់យ៉ាងល្អដល់ខ្ញុំផងដែរ ។ ប៉ុន្តែក្រោយមកអែលឌើរ ហ្វោស្ត បាននាំខ្ញុំទៅកន្លែងស្ងាត់មួយ ហើយដោយស្នាមញញឹម និងសំឡេងដ៏ទន់ភ្លន់របស់លោក លោកបានមានប្រសាសន៍ថា « វាជាសុន្ទរកថាដ៏ល្អ ។ ប៉ុន្តែអ្នកបានភ្លេចរឿងសំខាន់បំផុតដែលអ្នកគួរតែនិយាយ » ។
ខ្ញុំបានសួរគាត់ថា តើវាជារឿងអ្វី ។ អស់ជាច្រើនសប្តាហ៍ក្រោយមក លោកបានព្រមប្រាប់ខ្ញុំ ។ ចម្លើយរបស់លោកបានបង្រៀនខ្ញុំតាំងពីគ្រានោះមក ។
លោកបានមានប្រសាសន៍ថា ខ្ញុំគួរតែប្រាប់ដល់មនុស្សទាំងនោះថា ប្រសិនបើពួកបរិសុទ្ធស្តាប់ឮប៉ុល បានមានទីបន្ទាល់អំពីតម្លៃ និងអំណាចនៃកូនសោដែលលោកកាន់ នោះប្រហែលជាពួកសាវកនឹងមិនត្រូវបានដកចេញពីផែនដីឡើយ ។
ការណ៍នោះជំរុញខ្ញុំឲ្យត្រឡប់ទៅអានសំបុត្ររបស់ប៉ុលផ្ញើទៅកាន់ពួកអេភេសូរម្តងទៀត ។ ខ្ញុំអាចឃើញថា ប៉ុលចង់ឲ្យមនុស្សទាំងនោះទទួលអារម្មណ៍អំពីតម្លៃនៃចំណងកូនសោបព្វជិតភាព ដែលទទួលបានពីព្រះអម្ចាស់តាមរយៈពួកសាវករបស់ទ្រង់ទៅដល់ពួកគេ ដែលជាសមាជិកនៃសាសនាចក្ររបស់ព្រះអម្ចាស់ ។ ប៉ុលព្យាយាមបង្កើតទីបន្ទាល់អំពីកូនសោទាំងនោះ ។
ប៉ុលបានថ្លែងទីបន្ទាល់ដល់ពួកអេភេសូរថា ព្រះគ្រីស្ទគឺជាសិរិសារនៃសាសនាចក្ររបស់ទ្រង់ ។ ហើយលោកបានបង្រៀនថា ព្រះអង្គសង្គ្រោះស្ថាបនាសាសនាចក្ររបស់ទ្រង់នៅលើជញ្ជាំងនៃពួកសាវក និងព្យាការី ដែលកាន់កូនសោទាំងអស់នៃបព្វជិតភាពនៅលើផែនដីនាជំនាន់នេះ ( សូមមើល អេភេសូរ ២:១៩–២០ ) ។
បព្វជិតភាពត្រូវបានស្តារឡើងវិញ
ក្រៅពីភាពច្បាស់លាស់ និងអំណាចនៃការបង្រៀន ព្រមទាំងគំរូរបស់លោក ប៉ុលបានដឹងថា ការក្បត់សាសនានឹងកើតមានឡើង ( សូមមើល កិច្ចការ ២០:២៩–៣០; ថែស្សាឡូនីចទី ២ ២:២–៣) ។ លោកបានដឹងថា ពួកសាវក និងព្យាការីនឹងត្រូវបានដកយកចេញពីផែនដី ។ ហើយលោកដឹងថា នៅពេលខាងមុខដ៏រុងរឿង នោះអ្វីទាំងនោះនឹងស្តារឡើងមកវិញ ។ លោកបានសរសេរអំពីគ្រានោះដល់ពួកអេភេសូរ ដោយរៀបរាប់អំពីអ្វីដែលព្រះអម្ចាស់នឹងធ្វើថា ៖ « ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង » ( អេភេសូរ ១:១០ ) ។
ប៉ុលបានទន្ទឹងចាំមើលអំពីការបម្រើរបស់ព្យាការី យ៉ូសែប ស៊្មីធ នៅពេលឋានសួគ៌នឹងបើកឡើងសារជាថ្មីម្តងទៀត ។ វាបានកើតឡើងមែន ។ យ៉ូហាន បាទីស្ទ បានមក ហើយប្រគល់បព្វជិតភាពអើរ៉ុន និងកូនសោការបម្រើនៃពួកទេវតា និងពិធីបុណ្យជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្ដាច់បាបដល់មនុស្ស ( សូមមើល គ. និង ស. ១៣ ) ។
ពួកសាវក និងព្យាការីពីបុរាណបានត្រឡប់មកវិញ ហើយប្រគល់កូនសោដែលពួកគេកាន់នៅក្នុងជីវិតរមែងស្លាប់នោះដល់យ៉ូសែប ( សូមមើល គ. និង ស. ១១០ ) ។ មនុស្សត្រូវបានតែងតាំងនូវភាពជាសាវកដ៏បរិសុទ្ធនៅក្នុងខែកុម្ភៈឆ្នាំ ១៨៣៥ ។ កូនសោបព្វជិតភាពត្រូវបានផ្តល់ឲ្យពួកសាវកដប់ពីរនាក់នៅចុងខែមីនាឆ្នាំ ១៨៤៤ ។
គ្រប់ព្យាការីដែលបន្តពី យ៉ូសែប ចាប់តាំងពី ព្រិកហាំ យ៉ង់ រហូតដល់ប្រធាន ម៉នសុន បានកាន់ និង អនុវត្តកូនសោទាំងនោះ ហើយបានកាន់នូវភាពជាសាវកដ៏ពិសិដ្ឋ ។
សេចក្តីជំនឿ និង កូនសោនៃបព្វជិតភាព
ប៉ុន្តែដូចជានៅជំនាន់របស់ប៉ុលផងដែរ អំណាចនៃកូនសោបព្វជិតភាពទាំងនោះតម្រូវឲ្យយើងមានសេចក្តីជំនឿដើម្បីទទួលបានវា ។ យើងបានដឹងតាមរយៈការបំផុសគំនិតថា កូនសោបព្វជិតភាពត្រូវបានកាន់ដោយអស់អ្នកដែលដឹកនាំ និងបម្រើដល់យើង ។ ការណ៍នោះតម្រូវឲ្យមានសាក្សីពីព្រះវិញ្ញាណ ។
ហើយនោះវាអាស្រ័យទៅលើទីបន្ទាល់របស់យើងដែលថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ហើយថាទ្រង់មានព្រះជន្មរស់នៅ និងដឹកនាំសាសនាចក្ររបស់ទ្រង់ ។ យើងក៏ត្រូវដឹងដោយខ្លួនយើងផងដែរថា ព្រះអម្ចាស់បានស្តារសាសនាចក្ររបស់ទ្រង់ និងកូនសោបព្វជិតភាពឡើងវិញ តាមរយៈព្យាការី យ៉ូសែប ស៊្មីធ ។ ហើយយើងត្រូវមានការបញ្ជាក់ពីព្រះវិញ្ញាណបរិសុទ្ធ រំឭកជាញឹកញាប់ថា កូនសោទាំងនោះត្រូវបានផ្តល់ឲ្យដោយគ្មានការរំខានដល់ព្យាការីដែលនៅរស់ឡើយ ហើយថាព្រះអម្ចាស់ប្រទានពរ និង ដឹកនាំរាស្ត្ររបស់ទ្រង់តាមរយៈខ្សែស្រឡាយនៃកូនសោបព្វជិតភាព ដែលបន្តរហូតដល់ប្រធានស្តេក និងមណ្ឌល ព្រមទាំងដល់ប៊ីស្សព និងប្រធានសាខា រហូតមកដល់ពួកយើង ទោះយើងនៅទីណា និងនៅឆ្ងាយពីព្យាការី និងពួកសាវកក្តី ។
សូមទុកចិត្តលើអ្នកបម្រើដែលបានរើសរបស់ព្រះអម្ចាស់
ដើម្បីរក្សាខ្លួនយើងឲ្យរឹងមាំនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ យើងអាច ហើយយើងត្រូវតែបង្វឹកភ្នែករបស់យើងឲ្យទទួលស្គាល់អំណាចរបស់ព្រះអម្ចាស់នៅក្នុងការបម្រើរបស់អស់អ្នកដែលទ្រង់បានហៅ ។ យើងត្រូវតែមានភាពសក្ដិសមនឹងភាពជាដៃគូនៃព្រះវិញ្ញាណបរិសុទ្ធ ។ ហើយយើងត្រូវតែអធិស្ឋានទូលសូមព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយយើងឲ្យដឹងថា ពួកអ្នកដែលដឹកនាំយើងកាន់នូវអំណាចនេះ ។ សម្រាប់ខ្ញុំ ការអធិស្ឋានបែបនោះត្រូវបានឆ្លើយតបជាញឹកញាប់ នៅពេលខ្ញុំចុះប្រឡូកយ៉ាងសកម្មនៅក្នុងការបម្រើរបស់ព្រះអម្ចាស់ដោយខ្លួនខ្ញុំផ្ទាល់ ។
យើងអាចធ្វើកិច្ចការដែលសក្តិសមនឹងទទួលវិវរណៈ ដែលអនុញ្ញាតឲ្យយើងដឹងថា កូនសោទាំងនោះត្រូវបានបន្តប្រទានឲ្យដោយព្រះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ យើងអាចព្យាយាមស្វែងរកបទពិសោធន៍នោះម្តងហើយម្តងទៀត ។ ដើម្បីទទួលបានពរជ័យដែលព្រះមានសម្រាប់យើង និងពរជ័យដែលទ្រង់សព្វព្រះទ័យឲ្យយើងផ្តល់ដល់អ្នកដទៃ នោះយើងត្រូវតែធ្វើកិច្ចការនោះ ។
ចម្លើយចំពោះការអធិស្ឋានរបស់អ្នកពុំអស្ចារ្យដូចជា ពេលមនុស្សមួយចំនួនបានឃើញ ព្រិកហាំ យ៉ង់ ពេលលោកនិយាយមានរូបរាងដូចជាព្យាការីយ៉ូសែប ដែលបានស្លាប់ដោយគេធ្វើឃាតនោះឡើយ ។១ ប៉ុន្តែចម្លើយនោះអាចមានយ៉ាងពិតប្រាកដ ។ ហើយជាមួយនឹងការបញ្ជាក់ខាងវិញ្ញាណនោះ ភាពសុខសាន្ត និងអំណាចនឹងកើតមានឡើង ។ អ្នកនឹងដឹងសារជាថ្មីម្តងទៀតថា នេះគឺជាសាសនាចក្រដ៏ពិត និងសកម្មរបស់ព្រះអម្ចាស់ ថាទ្រង់ដឹកនាំសាសនាចក្រតាមរយៈអ្នកបម្រើដែលបានតែងតាំងរបស់ទ្រង់ ហើយថាទ្រង់ខ្វាយខ្វល់អំពីពួកយើង ។
ប្រសិនបើយើងអនុវត្តសេចក្តីជំនឿរបស់យើងគ្រប់គ្រាន់ ហើយទទួលការបញ្ជាក់ទាំងនោះ នោះព្រះនឹងលើកស្ទួយអស់អ្នកដែលដឹកនាំយើង ហើយប្រទានពរដល់ជីវិត និងក្រុមគ្រួសាររបស់យើង ។ យើងនឹងប្រែដូចជាអ្វីដែលប៉ុលចង់ឲ្យប្រជាជនដែលលោកបានបម្រើមានយ៉ាងខ្លាំងថា ៖ « ត្រូវបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ( អេភេសូរ ២:២០ ) ។