អ្វីដែលយើងជឿ
ការរស់នៅតាមដំណឹងល្អចិញ្ចឹមបីបាច់ដល់ទំនាក់ទំនងគ្រួសារដ៏ពិសិដ្ឋ
យើងទាំងអស់គ្នាជាបុត្ររបស់ព្រះមាតាបិតាសួគ៌ដែលពោរពេញដោយក្តីស្រឡាញ់បានបញ្ជូនពួកយើងមកកាន់ផែនដីនេះ ដើម្បីរៀនអំពីរបៀបត្រឡប់ទៅកាន់ពួកទ្រង់វិញ ។ គ្រួសារគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ ។ ព្រះប្រទានក្រុមគ្រួសារដល់យើង ដើម្បីយើងអាចទទួលបានរូបកាយ រៀនគោលការណ៍ត្រឹមត្រូវ ហើយរៀបចំខ្លួនសម្រាប់ជីវិតអស់កល្បជានិច្ច ។
ព្រះវរបិតាមានព្រះទ័យឲ្យកូនចៅម្នាក់ៗរបស់ទ្រង់ ត្រូវបានចិញ្ចឹមបីបាច់នៅក្នុងបរិយាកាសមួយនៃសេចក្តីស្រឡាញ់ ។ របៀបដ៏ល្អបំផុតដើម្បីសម្រេចបាននូវបរិយាកាសនៃការខ្វល់ខ្វាយបែបនេះ គឺតាមរយៈការរស់នៅ និង អនុវត្តតាមគោលការណ៍នៃដំណឹងល្អ ។ « សុភមង្គលនៅក្នុងជីវិតគ្រួសារអាចកើតមានឡើងបាន នៅពេលយើងធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » ។១ គេហដ្ឋានដែលស្ថាបនាឡើងនៅលើគោលការណ៍ដំណឹងល្អ ក្លាយជាទីកន្លែងនៃភាពសុខសាន្ត ជាកន្លែងដែលព្រះវិញ្ញាណនៃព្រះអម្ចាស់អាចដឹកនាំ មានឥទ្ធិពល និង លើកស្ទួយសមាជិកគ្រួសារទាំងអស់គ្នាឡើង ។
គ្រួសារត្រូវបានតែងតាំងឡើងដោយព្រះ ហើយវាគឺជា « របៀប នៃស្ថានសួគ៌ … ជានិមិត្តរូបមួយនៃលំនាំសេឡេស្ទាលឲ្យបានដូចគ្រួសារអស់កល្បជានិច្ចរបស់ព្រះ » ។២ ទំនាក់ទំនងក្រុមគ្រួសារ និង ការទទួលខុសត្រូវដែលមានជាមួយនឹងគ្រួសារគឺពិសិដ្ឋណាស់ ។ យើងរៀននៅក្នុងខគម្ពីរថា ឪពុកម្ដាយមានករណីកិច្ចចិញ្ចឹមបីបាច់កូនៗរបស់ពួកគេក្នុងសេចក្តីពិត ពន្លឺ និង សេចក្តីស្រឡាញ់ ( សូមមើល អេភេសូរ ៦:៤, គ. និង ស. ៦៨:២៥ ) ។ ស្វាមី និង ភរិយាគប្បីស្រឡាញ់ ហើយគោរពគ្នាទៅវិញទៅមក ( សូមមើល អេភេសូរ ៥:២៥ ) ហើយកូនៗគប្បីគោរពឪពុកម្តាយរបស់ពួកគេ ( សូមមើល និក្ខមនំ ២០:១២ ) ។
« អាពាហ៍ពិពាហ៍ និងគ្រួសារដែលមានជោគជ័យ នោះគឺត្រូវស្ថាបនា និងថែរក្សានៅលើគោលការណ៍នៃសេចក្ដីជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរពគ្នា សេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណា ការងារ និងកម្មវិធីកម្សាន្តល្អៗនានា » ។៣ ការធ្វើតាមគោលការណ៍នៃដំណឹងល្អពង្រឹងទំនាក់ទំនងគ្រួសារ ហើយបង្កើនកម្លាំងខាងវិញ្ញាណដល់សមាជិកគ្រួសារម្នាក់ៗ និង គ្រួសារទាំងមូល ។ គោលការណ៍ទាំងនេះក៏នឹងជួយយើងឲ្យខិតទៅកាន់តែជិតព្រះគ្រីស្ទដែរ ។
គ្រប់ក្រុមគ្រួសារមានបញ្ហារៀងៗខ្លួន ។ នៅក្នុងស្ថានភាពចលាចលខាងវិញ្ញាណនាសម័យនេះ គ្រប់ក្រុមគ្រួសារពុំមែនមានស្ថានភាពល្អឥតខ្ចោះនោះទេ ។ ដូចអែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា « ជាមួយនឹងសមាជិកជាច្រើនលាននាក់ និង ភាពខុសគ្នាជាច្រើនដែលកូនក្មេងនៃសាសនាចក្រមាននោះ យើងត្រូវតែចេះគិតគូរ និង ដឹងឮអំពីពួកគេឲ្យបានកាន់តែខ្លាំងឡើង » ។៤ បុគ្គលមួយចំនួនគ្មានក្រុមគ្រួសារមិនគាំទ្រក្នុងការរស់នៅតាមដំណឹងល្អឡើយ ។ ឧបសគ្គមួយចំនួនមានការលំបាកណាស់ រួមមានទាំង ( ប៉ុន្តែគ្មានការកំណត់ឡើយ ) ការលែងលះគ្នា ការរំលោភបំពាន និង ការញៀនផ្សេងៗ ។
ព្រះទ្រង់ជ្រាបពីស្ថានភាពរបស់ក្រុមគ្រួសារនីមួយៗ និង ជ្រាបដឹងពីបំណងរបស់បុគ្គលម្នាក់ៗ ដើម្បីមានសេចក្តីស្រឡាញ់នៅក្នុងផ្ទះ ។ ទោះបីជាពួកយើងមានទំនាក់ទំនងមិនល្អឥតខ្ចោះជាមួយគ្រួសារយើងក្តី ការរស់នៅតាមដំណឹងល្អនៅតែអាចប្រទានពរដល់ជីវិត និង គ្រួសាររបស់យើង ។ វាអាចពង្រឹងទំនាក់ទំនងរបស់យើងជាមួយ ស្វាមីភរិយា ឪពុកម្ដាយ កូនៗ បងប្អូនប្រុសស្រី និង ជាមួយព្រះវរបិតាសួគ៌របស់យើង ។ ពរជ័យមួយចំនួននឹងកើតមានឡើងក្នុងពេលបច្ចុប្បន្ននេះ ហើយពរជ័យផ្សេងទៀតពុំទាន់កើតមានឡើយ រហូតដល់ពេលអស់កល្បជានិច្ច ប៉ុន្តែព្រះនឹងពុំដកហូតពរជ័យណាមួយពីអស់អ្នកដែលព្យាយាមស្វែងរកសេចក្តីសុចរិតឡើយ ។