ឆ្នាំ​២០១៧
ភាពខ្លួនទី​ពឹង​ខ្លួន និង ការ​សិក្សា​ដំណឹង​ល្អ
June 2017


ភាពខ្លួនទី​ពឹង​ខ្លួន និង ការ​សិក្សា​ដំណឹង​ល្អ

ពេល​យើង​ក្លាយ​ជា​អ្នក​រៀនសូត្រ​ដំណឹងល្អដែល​មាន​ភាពខ្លួន​ទីពឹង​ខ្លួន នោះ​យើង​ដឹង​អំពីរបៀប​ចិញ្ចឹមបីបាច់​វិញ្ញាណ​របស់​យើង ហើយ​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ ។

image from Bible video

គ្រូបង្រៀន​ថ្នាក់​មត្តេយ្យ​ម្នាក់​បាន​សង្កេត​មើល​ក្មេងៗ​នៅក្នុងថ្នាក់​របស់​គាត់ អំឡុងពេល​ពួកគេ​គូរ​គំនូរ ។ ពេល​គាត់​ដើរចុះឡើង​ ដើម្បី​មើល​រូបគំនូរ​របស់​ក្មេង​ម្នាក់ៗ នាង​បាន​សួរ​ក្មេងស្រី​តូច​ម្នាក់​ថា « តើ​កូន​កំពុង​គូរ​រូបអ្វី​ហ្នឹង ? » ក្មេង​ស្រីនោះ​​បាន​តប​ថា « ខ្ញុំ​កំពុងគូរ​រូប​ព្រះ » ។ គ្រូបង្រៀន​នោះ​មានការភ្ញាក់ផ្អើល​ណាស់ ហើយ​បាន​និយាយ​ថា « ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ដឹងថា ព្រះ​មានរូបរាង​បែបណា​នោះ​ទេ » ។ ក្មេងស្រីនោះ​បាន​តប​វិញ​ដោយ​គ្មាន​ស្ទាក់ស្ទើរ​ថា « បន្តិចទៀត​នឹង​ឃើញ​ហើយ » ។

តើ​វា​មិន​ប្រពៃ​ទេឬ​ដើម្បី​មាន​ទំនុក​ចិត្ត​បែប​នេះ​នោះ ? ប្រាកដ​ណាស់ ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​នៅក្នុងការចេះដឹង​របស់​យើង​អំពី​ទ្រង់ ។ ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​​យេរេមា​ថា យើង​ពុំគួរសរសើរ​តម្កើងទ្រង់​នៅក្នុងប្រាជ្ញា ឬ នៅក្នុងកម្លាំង ឬ នៅក្នុង​ទ្រព្យ​សម្បត្តិ​របស់​យើង​ឡើយ ។ ផ្ទុយ​ទៅវិញ​ ទ្រង់​បាន​មាន​បន្ទូល​ថា « ​ត្រូវ​ឲ្យ​អួត​តែ​ពី​សេចក្តី​នេះ​វិញ គឺ​ថា​ខ្លួន​មាន​យោបល់ ហើយ​ក៏​ស្គាល់​ដល់​យើង » ( សូមមើល យេរេមា ៩:២៣–២៤ ) ។

ព្យាការី យ៉ូសែប ស៊្មីធ ( ឆ្នាំ ១៨០៥–៤៤ ) បាន​បង្រៀន​ថា « ព្រះ​ពុំ​បាន​បើក​សម្ដែង​អ្វី​ណា​ក៏​ដោយ​ដល់ យ៉ូសែប នោះ​ទេ ប៉ុន្តែ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួក​ដប់ពីរ​នាក់​បាន​ដឹង ហើយ​សូម្បី​តែ​ដល់​ពួក​បរិសុទ្ធ​ដ៏​តូច​បំផុត​ក៏​អាច​ដឹង​នូវ​ការណ៍​គ្រប់​យ៉ាង បាន​លឿនបំផុត​តាម​ដែល​គេ​អាច​ទទួល​យក​វា​បាន ដ្បិត​ថ្ងៃ​នោះ​ត្រូវតែ​មក​ដល់ ពេល​ដែល​គ្មាន​នរណា​ម្នាក់​ត្រូវ​និយាយ​ទៅ​អ្នក​ជិត​ខាង​គេ​ថា ចូរ​អ្នក​រាល់គ្នា​ស្គាល់​ព្រះអម្ចាស់ ដ្បិត​ទាំងអស់​គ្នា​នឹង​ស្គាល់​ទ្រង់ … តាំង​ពី​អ្នក​តូច​បំផុត​ដល់​អ្នក​ធំ​បំផុត » ។

ការប្រែជាមាន​ទំនុកចិត្ត​នៅក្នុង​ចំ​​ណេះដឹង​របស់​យើង​អំពី​ព្រះ ពុំ​អាច​កើត​មាន​ឡើង​ដោយ​គ្មាន​ការខិតខំ​ផ្ទាល់​ខ្លួន​នោះ​ឡើយ ។ ឪពុកម្តាយ និង គ្រូបង្រៀន​អាច​ជួយ​បាន ប៉ុន្តែ​យើង​ត្រូវ​ក្លាយ​ជា​អ្នក​រៀនសូត្រ​ដំណឹងល្អដែល​មាន​ភាពខ្លួន​ទីពឹង​ខ្លួន ។ ដូចយើង​រៀន​អំពី​របៀប​ចិញ្ចឹម​រូបកាយ​ខាង​សាច់ឈាមរបស់​យើង ដើម្បី​ទ្រទ្រង់​រាងកាយ​យើង​យ៉ាង​ណា​ក្តី នោះ​យើង​ត្រូវ​រៀន​អំពី​របៀប​ចិញ្ចឹមបីបាច់​វិញ្ញាណ​របស់​យើង​ ដើម្បី​ទ្រទ្រង់​វា​ផងដែរ ។

ជាច្រើនឆ្នាំ​កន្លង​មកហើយ សត្វ​រំពេនៅក្នុង​ទីក្រុង សេន អហ្គើស្ទីន រដ្ឋ​ហ្លូរីដា ស.រ.អា. ជួបនូវភាព​ស្រេកឃ្លាន ។ អស់ជាច្រើន​ជំនាន់ សត្វ​រំពេបាន​រៀន​ពឹងផ្អែកលើ​កប៉ាល់នេសាទបង្គា ដើម្បី​ចិញ្ចឹមជីវិតពួកគេ​ដោយ​ស៊ី​សំណល់​ដែល​បោះចេញ​ពី​សំណាញ់ ។ ទីបំផុត​អ្នក​នេសាទ​បង្គា​បាន​ប្តូរ​ចេញ​ពី​តំបន់​នោះ ។ សត្វរំពេ​ពុំ​បាន​រៀន​អំពី​របៀបចាប់​ត្រី​ដោយ​ខ្លួន​ឯង​ឡើយ ហើយ​ពួកវា​ក៏​ពុំ​បាន​បង្រៀន​កូនចៅ​របស់​វា​អំពី​របៀប​ចាប់ត្រី​ផងដែរ ។ ហេតុដូច្នោះហើយ សត្វស្លាប​ធំៗស្រស់ស្អាត​ទាំងនោះ​បាន​ងាប់ ទោះបី​ជាមានត្រី​ជាច្រើន​រស់នៅក្នុង​ទឹក​នៅជុំវិញ​ពួកវា​ក្តី ។

យើង​ពុំ​អាចបណ្តោយ​ខ្លួន​ឲ្យ​ដូច​ជា​សត្វ​រំពេ​ឡើយ ហើយ​យើង​ក៏​ពុំ​អាច​ឲ្យ​កូនៗ​របស់​យើង ឆ្លងកាត់​ក្នុងជីវិត​នេះ​ដោយ​ពឹកផ្អែក​លើ​ពួកយើង ឬ អ្នកណាម្នាក់ សម្រាប់​ចំណេះដឹង​របស់​ពួកគេ​អំពី​ព្រះអម្ចាស់​ឡើយ ។ ប្រធាន ម៉ារ៉ុន ជី រ៉មនី ( ឆ្នាំ ១៨៩៧–១៩៨៨ ) ជាទីប្រឹក្សាទីមួយ ក្នុងគណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា « កិច្ចខិតខំ​របស់​យើងគឺ​ត្រូវដឹកនាំឆ្ពោះទៅរក​ការធ្វើ​ឲ្យ​មនុស្ស​មាន​ភាពខ្លួន​ទីពឹងខ្លួន​ជានិច្ច » ។ ពេល​យើង​ក្លាយ​ជា​អ្នក​រៀនសូត្រ​ដំណឹងល្អដែល​មាន​ភាពខ្លួន​ទីពឹង​ខ្លួន នោះ​យើង​ដឹង​អំពីរបៀប​ចិញ្ចឹមបីបាច់​វិញ្ញាណ​របស់​យើង ហើយ​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ប្រធាន​​កូរ៉ុម​នៃ​ពួកសាវកដប់ពីរនាក់ បាន​បង្រៀន​ថា « ភាពខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ​គឺ​ជា​អំណាច​ទ្រទ្រង់​នៅក្នុង​សាសនាចក្រ​នេះ ។ ប្រសិនបើយើងលួច​យក​អំណាច​នោះ​ពី​អ្នក តើ​អ្នក​អាច​ទទួល​វិវរណៈ​ថាមាន​ព្យាការី​ម្នាក់​របស់ព្រះ​យ៉ាង​ដូចម្តេច ? តើ​អ្នកអាច​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​យ៉ាងដូចម្តេច ? តើ​អ្នក​អាច ដឹង ដោយ​របៀប​ណា ? ប្រសិនបើ​យើងប្រញាប់​ឆ្លើយ​សំណួរ​ទាំងអស់​របស់​អ្នក ហើយ​ផ្តល់​មធ្យោបាយ​ជា​ច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​របស់​អ្នក នោះ​យើង​អាច​ធ្វើ​ឲ្យ​អ្នក​ទន់ខ្សោយ ពុំ​មែន​ពង្រឹង​ដល់​អ្នក​ឡើយ » ។

អំឡុងពេល​យើង​រីករាយ​នឹង​ការរៀនសូត្រ ហើយ​ទទួល​ការបំផុសគំនិត​នៅ​ព្រះវិហារ នោះ​យើង​ពុំ​អាច​ពឹង​ផ្អែក​តែខ្លួនយើង​លើរឿង​នោះ​ សម្រាប់​ការចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ​របស់​យើងឡើយ ។ ប្រធាន ចច អ័លប៊ើត ស៊្មីធ ( ឆ្នាំ ១៨៧០–១៩៥១ ) បាន​ពន្យល់​ថា « ខ្ញុំ​ខ្លាច​ថា ក្នុងនាម​ជា​សមាជិក​សាសនាចក្រ​ យើង​ពឹងផ្អែក​ខ្លាំង​ពេក​លើ​អង្គការជំនួយ​ និង​លើដំបូន្មាន និង​ការប្រឹក្សា​ពី​អស់​អ្នក​ដែល​ពុំ​មែន​ជា​សមាជិកគ្រួសារ​យើង​ផ្ទាល់ ។ យើង​ធ្លាប់​បានឮ​ពរជ័យ​ជាច្រើន​ថា ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​នៅក្នុង​បញ្ជី​ពិសិដ្ឋ​ ដែល​បាន​រក្សា​ទុក​រហូត​ដល់ជំនាន់​របស់​យើង​នេះ ហើយ​វា​មាន​នូវ​ដំបូន្មាន និង​ការប្រឹក្សាមក​ពីព្រះវរបិតា​ដែល​ជ្រាបដឹង​ពី​អ្វីៗ​ទាំងអស់ ។ វា​ហាក់បី​ដូច​ជាចម្លែក​ដែល​សមាជិកជា​ច្រើន​របស់​យើង … ខ្វះ​នូវការយល់ដឹង​អំពី​មាតិកា​នៃ​បញ្ជីពិសិដ្ឋ​ទាំង​នេះ » ។​

ខ្ញុំ​រីករាយ​នឹង​ការរៀនសូត្រ​ដំណឹង​ល្អ​នៅ​ព្រះវិហារ ប៉ុន្តែ​ខ្ញុំ​កាន់តែ​មាន​ចិត្ត​រំភើប​អំពី​ដំណឹង​ល្អ នៅពេល​ខ្ញុំ​ឃើញ​ការយល់ដឹង​ដែល​បាន​បំផុស​គំនិត​ខ្ញុំ ក្នុងអំឡុង​ពេល​ការសិក្សា​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ។ គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ចិត្ត ជាង​ការស្វែងរក​រតនៈសម្បត្តិ​តូច​មួយ​នៃសេចក្តីពិត នៅក្នុង​ព្រះគម្ពីរ​ដែល​បំភ្លឺការយល់​ដឹង​របស់​ខ្ញុំ ហើយ​ផ្តល់​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ដល់​ខ្ញុំ​ឡើយ ។

រៀន​ពី​របៀប​ដើម្បី​រៀនសូត្រ

young adult man studing scriptures

នៅពេលខ្ញុំ​ត្រឡប់មកពីបេសកកម្មវិញ ខ្ញុំបាន​ឃើញ​ថា វា​សំខាន់​ណាស់​ដែល​ខ្ញុំ​ត្រូវ​ចូលរួម​ការប្រជុំ​ពិសេស និង ការប្រជុំធម្មនិដ្ឋាន​ស្ទើរតែ​រៀងរាល់​សប្តាហ៍ ដើម្បី​រក្សា​ជីវភាព​ខាង​វិញ្ញាណ​របស់​ខ្ញុំ ។ អ្នកឡើង​និយាយ​បាន​ផ្តល់​ការយល់ដឹង​អំពី​ដំណឹង​ល្អរបស់​ពួកគេ​ដល់​ខ្ញុំ ហើយ​ខ្ញុំ​មាន​អំណរគុណអំពី​របៀប​ដែល​​​ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ការយល់​ដឹង​ទាំងនោះ ។ ខ្ញុំ​បាន​សិក្សា និង បង្រៀន​ដំណឹងល្អ​រយៈពេល​ពីរ​ឆ្នាំ ប៉ុន្តែ​ខ្ញុំ​ហាក់បីដូចជា​គ្មាន​ជំនាញ​ចាំបាច់​ណា ដើម្បីចម្អែត​វិញ្ញាណ​ខ្ញុំ​តាម​របៀប​សិក្សា​ធម្មតា​នោះ​ឡើយ​ ។ ​ខ្ញុំគ្រាន់តែ​អាន​ព្រះគម្ពីរ ហើយ​​ពុំ​សូវ​ស្រាវជ្រាវ​ខគម្ពីរ​នោះ​ដោយ​ឧស្សាហ៍​ព្យាយាម​ឡើយ ។

ការសិក្សា​ដំណឹង​ល្អ​គឺ​ស្រដៀងគ្នាទៅ​នឹង​ការៀន​ផាត់ពណ៌​រូបភាពដែរ ។ វា​ពុំ​អាច​កើត​ឡើង​ដោយ​ឯកឯង ឬ ជា​ទម្លាប់​សាមញ្ញ​សម្រាប់​មនុស្ស​គ្រប់រូប​ឡើយ ។ យើង​ពុំ​មែន​គិត​អំពី​ការផ្តល់​ក្តារ​លាបពណ៌​មួយ​ដល់​នរណា​ម្នាក់ ហើយ​រំពឹង​ថា​បុគ្គល​នោះ​អាច​ប្រែក្លាយ​ជា​វិចិត្រករ​ភ្លាម​នោះ​ឡើយ ។ ការក្លាយ​ជា​អ្នក​រៀនសូត្រ​ដំណឹងល្អដែល​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​គឺដូច​គ្នា ។ យើង​ពុំ​អាច​រំពឹង​ថា មើលឃើញ​ការយល់​ដឹង​អស្ចារ្យ​តាម​របៀប​សិក្សា​ធម្មតា​នោះ​ឡើយ ប្រសិនបើ​យើង​មិន​រៀន​ជំនាញ​សិក្សា​ដំណឹងល្អ​គ្រឹះ​មួយ​ចំនួន​នោះ ។ ប្រធាន ផាកកឺ បានពន្យល់​ថា​ព្រះគម្ពីរ « មាននូវ​ភាពពោរពេញ​នៃ​ដំណឹងល្អដ៏​អស់កល្ប​ជានិច្ច ជា​ចំណេះដឹង​អស់កល្ប ។ ប៉ុន្តែ​មនុស្ស​ត្រូវ​រៀន​ប្រើខគម្ពីរ​ទាំងនោះ ឬ ការស្រាវជ្រាវនោះ​នឹង​អាច​បំបាក់ទឹកចិត្ត​ពួកគេ » ។

នោះជារបៀប​ដែល​វា​បាន​កើត​ឡើង​ដល់​ខ្ញុំ — ការបាក់ទឹកចិត្ត — នា​គ្រា​ដំបូង​ដែល​ខ្ញុំ​ព្យាយាម​ស្វែងយល់​អំពី​អត្ថន័យ និង​ការណែនាំ​មក​ពី​ការសិក្សា​ព្រះគម្ពីរ ។ ដូច្នេះ​ខ្ញុំ​បាន​ចាប់ផ្តើម​វិភាគ​ពី​របៀប​ដែល​អ្នក​ឡើង​និយាយ​ទទួលបាន​ការយល់ដឹង​របស់​ពួកគេ ។ វា​ត្រូវការ​ពេល​ច្រើន ប៉ុន្តែ​ទីបំផុត​ខ្ញុំ​បាន​ឃើញ​អំពី​របៀប​ដែល​ពួកគេ បាន​ដកស្រង់​សេចក្តីថ្លែង​ការណ៍​ជាក់លាក់​នៃ​គោលលទ្ធិ​មក​ពីព្រះគម្ពីរ របៀប​ដែល​ពួកគេ​រកឃើញ​ការបង្រៀន​ប្រកប​ដោយ​អត្ថន័យ​អំពី​ព្រះអង្គសង្គ្រោះចេញ​មក​ពី​ខគម្ពីរ របៀប​ដែល​ពួកគេបង្ហាញ​អំពី​គោលការណ៍​ដឹកនាំជីវិត​ចេញ​មក​ពី​ឃ្លា​ក្នុង​ព្រះគម្ពីរ របៀប​ដែល​ពួកគេ​បកស្រាយ​អំពី​និមិត្តសញ្ញា និង របៀប​ដែល​ពួកគេ​ផ្សារភ្ជាប់​ការបង្រៀន​របស់​ព្យាការី និងសាវក​ទៅ​នឹង​ខគម្ពីរ​ជាក់លាក់​មួយ​ចំនួន ។

នៅពេល​ខ្ញុំ​បន្ត​សិក្សា​​ព្រះគម្ពីរ​របស់​ខ្ញុំ ព្រមទាំង​ការបង្រៀន​របស់​ព្យាការី និង ពួកសាវក នោះ​ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​មាន​សំណួរ​ដូចជា ៖

  • តើ​មានគោលលទ្ធិ​អ្វី​ដែល​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ហើយ​ខ្ញុំ​បាន​រៀន​អ្វី​ខ្លះ​អំពី​គោលលទ្ធិ​នោះ ?

  • តើ​នៅទីណា និង​កន្លែង​ណា​ដែល​ខ្ញុំ​បាន​ឃើញ​ថា​គោលការណ៍​នៃ​ដំណឹង​ល្អ​នេះ ត្រូវបានយកមកអនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​នោះ ?

  • តើ​ខ្ញុំ​រៀន​អ្វី​ខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់ទ្រង់​សម្រាប់​សុភមង្គល​របស់​ខ្ញុំ ?

  • តើ​ខ្ញុំ​រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ?

  • តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​ខ្ញុំរៀន​អ្វី​ខ្លះ​​ពី​ខគម្ពីរ​នេះ ?

  • តើ​ការ​បំផុសគំនិត និង​អារម្មណ៍​បែប​ណា​ខ្លះ​ដែល​ខ្ញុំ​កំពុងតែ​ទទួល នៅពេល​ខ្ញុំ​បាន​អាន​ខគម្ពីរ​នេះ ?

  • តើ​មាន​អ្វី​នៅក្នុង​ខគម្ពីរ​នេះ​ដែល​ជួយ​ខ្ញុំ​ដោះស្រាយ​បញ្ហា​ក្នុងជីវិតខ្ញុំ​នាពេល​បច្ចុប្បន្ន​នេះ ?

  • តើ​ខ្ញុំ​រៀន​បានអ្វី​ខ្លះ ដែល​នឹង​ជួយ​ខ្ញុំ​ឲ្យ​រស់នៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ?

គ្រូបង្រៀន​ដ៏​មានឥទ្ធិពល និង​មាន​ការបញ្ចុះបញ្ចូល

នៅពេល​ខ្ញុំ​ប្តូររបៀប​សិក្សា​ព្រះគម្ពីរ​របស់​ខ្ញុំ នោះ​ការបង្រៀន​របស់​ខ្ញុំ​ក៏​ផ្លាស់ប្តូរ​ដែរ ។ ខ្ញុំ​ប្រែកាន់តែ​មាន​ចំណាប់អារម្មណ៍ខ្លាំង​ឡើង ក្នុងការជួយ​មនុស្សឲ្យ​ស្វែងរក​សេចក្តីពិត​នៃ​ដំណឹង​ល្អ ដែល​នឹង​ដឹកនាំ​ពួកគេ ជាង​ខ្ញុំ​ឈរ​នៅ​ទីនោះ​ប្រាប់​ពួកគេ​អំពី​អត្ថន័យ​នៃ​ខគម្ពីរ​ទាំង​នោះ​មាន​ន័យ​យ៉ាងណាចំពោះ​ខ្ញុំ ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​ក្តុកក្តួល​ក្នុង​ចិត្ត​ក្នុងការ​ឃើញ​អំណរ​ដែល​មនុស្ស​ដទៃ​មាន ពេល​ពួកគេ​រកឃើញ​អ្វី​មួយ​ថ្មី ។ វាគឺជាបទពិសោធន៍​ដ៏​ស្កប់​ចិត្ត​បំផុតនៃ​បទពិសោធន៍ក្នុងការបង្រៀន​របស់​ខ្ញុំ ។

ខ្ញុំ​ក៏​បាន​ឃើញ​ផងដែរ​ថា ពេល​ខ្ញុំ​ជួយ​អស់​អ្នក​ដែល​ខ្ញុំ​បាន​បង្រៀន​ ដោយប្រើប្រាស់​ជំនាញ និង​សំណួរ​ខាង​លើ​ដោយ​ខ្ជាប់ខ្ជួន នោះសមត្ថភាព​របស់ពួកគេ​ក្នុងការក្លាយជា​អ្នក​រៀនសូត្រ​ដំណឹងល្អដែល​មាន​ភាពខ្លួន​ទីពឹង​ខ្លួន បាន​រីកចម្រើន​ខ្លាំង​ឡើង ។ ពួកគេ​ពុំ​ចាំបាច់​ត្រូវ​ឆ្លងកាត់​ដំណើរ​ការវែងឆ្ងាយ​ដូច​ខ្ញុំ​បានធ្វើ​ឡើយ ។

ការរៀនសូត្រ​កើត​ឡើង​មុន​ការបង្រៀន ហើយ​អ្នក​រៀនសូត្រ​ល្អក្លាយ​ជា​គ្រូបង្រៀន ដែល​បំផុសគំនិត​ខាង​វិញ្ញាណ​កាន់តែ​ខ្លាំង ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ចូរ​កុំ​ខំ​ប្រកាស​ព្រះបន្ទូល​របស់​យើង​ឡើយ ប៉ុន្តែ​ចូរ​ខំ​ព្យាយាម ដើម្បី​ឲ្យ​បាន​ព្រះបន្ទូល​របស់​យើង​ជា​មុន​សិន​ចុះ ហើយ​ខណៈនោះ អណ្តាត​របស់​អ្នក​នឹង​បាន​ធូរ ពេល​នោះ បើសិន​ជា​អ្នក​មាន​ប្រាថ្នា នោះ​អ្នក​នឹង​បាន​ព្រះវិញ្ញាណ​របស់​យើង និង ព្រះបន្ទូលរបស់​យើង មែន​ហើយ គឺជា​ព្រះចេស្តា​នៃ​ព្រះ ដើម្បី​បញ្ចុះ​បញ្ចូល​មនុស្ស​លោក » ( គ. និង ស. ១១:២១ ) ។ តើ​មាន​នរណា​ដែល​ពុំ​ចង់​បាន​ពរជ័យ​ដ៏មហស្ចារ្យ​នោះ !

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​​គូស​បញ្ជាក់​អំពី​តម្រូវការ​​ ដើម្បី​រីកចម្រើន​សម្រាប់​ពួកយើង​ដើម្បី​ក្លាយ​ជា​អ្នក​រៀនសូត្រ​ដំណឹងល្អដែល​មាន​ភាពខ្លួន​ទីពឹង​ខ្លួន ៖

« ខ្ញុំសង្ស័យ​ថា យើង​សង្កត់ធ្ងន់ និង​ដឹង​ច្រើន​អំពី​របៀប​បង្រៀន​របស់​គ្រូតាម​រយៈព្រះវិញ្ញាណ​បរិសុទ្ធ ជាង​យើងសង្កត់ធ្ងន់​ទៅលើ​របៀប​ដែល​អ្នករៀន​ ត្រូវរៀន​ដោយ​សេចក្តីជំនឿ ។ ប្រាកដ​ណាស់ គោលការណ៍ និង​ដំណើរការ​ទាំងការបង្រៀន និងការរៀនសូត្រ​គឺជាភាពចាំបាច់​នៃ​​វិញ្ញាណ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​យើង​រៀបចំ​ខ្លួន​សម្រាប់ពេល​អនាគត ហើយ​រំពឹងគិត​ទុកជា​មុន​អំពីពិភពលោក​នេះដែល​យើង​នឹង​រស់នៅ​ថា តើ​វា​កាន់តែ​ស្មុគស្មាញ និងការច្របូកច្របល់​ខ្លាំង​ប៉ុណ្ណា នោះ​ខ្ញុំ​ជឿ​ថា វា​នឹង​ចាំបាច់​សម្រាប់​ពួកយើង​ទាំងអស់​គ្នា​ឲ្យ​បង្កើន​សមត្ថភាព​របស់​យើង ក្នុងការ​ស្វែងរក​ការរៀនសូត្រ​ដោយ​សេចក្តីជំនឿ ។ …

« ទីបំផុត ការទទួល​ខុសត្រូវ​ដើម្បី​រៀន​សូត្រ​ដោយ​សេចក្ដី​ជំនឿ ហើយ​អនុវត្ត​សេចក្តីពិត​ខាង​វិញ្ញាណ​ធ្លាក់​មក​លើ​យើង​ម្នាក់ៗ ។ នេះ​គឺ​ជា​ការកើនឡើង​នៃ​ការទទួលខុសត្រូវ​ដ៏​ខ្លាំង និង​ចាំបាច់​នៅក្នុង​ពិភពលោក​ដែល​យើង​កំពុង​រស់នៅ និង​បន្ត​រស់នៅនេះ ។ អ្វី​ដែល​យើង​រៀន របៀបដែល​យើងរៀន និង​ពេលវេលា​ដែល​យើង​រៀន​ត្រូវបាន​គាំទ្រ​ដោយ​ គ្រូបង្វឹក វិធីសាស្ត្រ​នៃ​ការបង្ហាញ​មេរៀន​ ឬ ទម្រង់​នៃ​ប្រធានបទ ឬ មេរៀន​ជាក់លាក់​ណាមួយ — ប៉ុន្តែ​ពុំ​មែន​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​អ្វី​ទាំង​នេះសុទ្ធសាធ​នោះទេ » ។

ពរជ័យ​នៃការរៀនសូត្រដែល​មានភាព​ខ្លួនទីពឹង​ខ្លួន

young adult woman studying scriptures

ប្រាកដណាស់ យើង​មាន​ពរ​ដោយ​បាន​ទទួលការបង្រៀន​ដ៏​បំផុស​គំនិត​ពីឪពុកម្តាយ និង គ្រូបង្រៀន​នៅ​សាសនាចក្រ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​សំខាន់​នោះ​គឺ​ការរៀនសូត្រ​ដើម្បី​បំផុសគំនិត​​ដល់​ខ្លួន​យើង ។ ពេល​យើង​ក្លាយ​ជា​អ្នក​រៀនសូត្រ​ដំណឹងល្អដែល​មាន​ភាពខ្លួន​ទីពឹង​ខ្លួន នោះ​យើងអាចនាំ​ឲ្យ​ខ្លួន​យើង​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង ។ ​អ្នក​រៀនសូត្រ​ដំណឹងល្អដែល​មាន​ភាពខ្លួន​ទីពឹង​ខ្លួន ពុំ​ចាំបាច់ត្រូវលើក​ទឹកចិត្ត​ឲ្យសិក្សា​ជា​ទៀងទាត់ ដែល​ហួស​ពី​ការដឹង​ថា ពេល​ពួកគេ​សិក្សា​នៅ​ពេល​ក្រោយ​ទៀត​នោះ​ពួកគេ​ត្រូវបាន​ស្អាង​ឡើង​ជាង​ការធុញទ្រាន់​ឡើយ ។ អ្នក​រៀនសូត្រ​ដំណឹងល្អដែល​មាន​ភាពខ្លួន​ទីពឹង​ខ្លួន ក៏​ប្រដាប់​នូវ​ឧបករណ៍​ដើម្បី​គេចផុត​ពី​ការវាយ​ប្រយុទ្ធ​ដ៏​កាចសាហាវ​នៃ​គំនិត​ខុសឆ្គង ដែល​ជាទូទៅ​ត្រូវបាន​ទទួល​យក​ដោយ​សង្គម​របស់​យើង​ក្នុង​សតវត្សរ៍​ទី ២១ នេះ ។

យ៉ាងហោច​ណាស់ មាន​ការសន្យា​មួយ​របស់​ព្រះអម្ចាស់​ហាក់បីដូចជា​មាន​អត្ថន័យ​ធំធេង​សម្រាប់ អ្នក​រៀនសូត្រ​ដំណឹងល្អដែល​មាន​ភាពខ្លួន​ទីពឹង​ខ្លួន ៖ « ​អស់​អ្នក​ណា​ដែល​រក្សា​ពាក្យ​ខ្ញុំ​ទុក នោះ​នឹង​មិន​ត្រូវ​បញ្ឆោត​ឡើយ » ( យ៉ូសែប ស៊្មីធ — ម៉ាថាយ ១:៣៧ ) ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​សន្យា​ថា « ប្រសិន​បើ​អ្នក​សិក្សា​ព្រះគម្ពីរ ដោយ​ចិត្ត​ឧស្សាហ៍​ព្យាយាម នោះ​អំណាច​របស់​អ្នក​ដើម្បី​ជៀសវាង​ពី​ការ​ល្បួង និង ដើម្បី​ទទួល​ការ​ដឹកនាំ​ពីព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​កិច្ចការ​ដែល​អ្នក​ធ្វើ​នឹង​មាន​ការ​កើន​ឡើង » ។

​អ្នក​រៀនសូត្រ​ដំណឹងល្អដែល​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​ ទទួល​បទពិសោធន៍​នៃការសន្យា​របស់​ព្រះអង្គសង្គ្រោះ ៖

« បើ​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ ហើយ​ផឹក​ចុះ ។

អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​មាន​ទន្លេ​ទឹក​រស់​ហូរ​ចេញ​ពី​ពោះ​ខ្លួន​មក ដូច​ជា​គម្ពីរ​សម្តែង​ហើយ » ( យ៉ូហាន ៧:៣៧–៣៨ ) ។

មានគោលការណ៍ជាច្រើនទៀត ដែលខ្ញុំមិនទាន់​យល់នៅឡើយ ប៉ុន្តែ​ការក្លាយជា​​អ្នក​រៀនសូត្រ​ដំណឹងល្អដែល​មាន​ភាពខ្លួន​ទីពឹង​ខ្លួន គឺ​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​មួយ​ដែលខ្ញុំ​បាន​ធ្វើ ។ វា​បាន​ផ្តល់ពរដល់គ្រប់​ទិដ្ឋភាព​ទាំង​អស់​នៃ​ជីវិត​របស់​ខ្ញុំ ។

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ២៦៨ ។

  2. សូមមើល « Fable of the Gullible Gull » Reader’s Digest ខែ តុលា ឆ្នាំ ១៩៥០ ទំព័រ ៣២ ។

  3. ម៉ារ៉ុន ជី រ៉មនី « The Celestial Nature of Self-reliance » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៨២ ទំព័រ ៩១ ។

  4. ប៊យ ខេ. ផាកកឺ « Self-Reliance » Ensign, ខែ សីហា ឆ្នាំ ១៩៧៥ ទំព័រ ៨៧ ។

  5. ចច អ័លប៊ើត ស៊្មីធ នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩២៩ ទំព័រ ៣០ សូមមើល​ផងដែរ The Teachings of George Albert Smith, eds ។ Robert and Susan McIntosh ( ឆ្នាំ ១៩៩៦ ) ទំព័រ ៥៣ ។

  6. ប៊យ ខេ. ផាកកឺ « Agency and Control » Ensign, ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ៦៧ ។

  7. ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត ( ឆ្នាំ ១៨៥៦-១៩៤៥ ) បាន​បង្រៀន​ថា « គោលបំណង​សាសនាចក្រ​គឺ​ជួយ​មនុស្ស​ឲ្យ​ជួយ​ខ្លួន​ឯង » ( នៅក្នុង Conference Report ខែ តុលា ឆ្នាំ ១៩៣៦ ទំព័រ ៣ ) ។

  8. ដេវីឌ អេ បែដណា « Seek Learning by Faith » Liahona, ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ១៧, ២១ ។

  9. ថូម៉ាស អេស ម៉នសុន « Be Your Best Self » Liahona, ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៦៨ ។