ឆ្នាំ​២០១៧
កងទ័ព​របស់​ព្រះអម្ចាស់
June 2017


កងទ័ព របស់ ព្រះអម្ចាស់

អ្នក​និពន្ធ​រស់​នៅ​ក្នុង​ទីក្រុង ម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ីកូ

ខ្ញុំ​ត្រូវតែ​ជ្រើសរើស​ថា តើ​ត្រូវ​ដោះស្រាយ​បញ្ហានោះ​ដោយ​ខ្លួនឯង ឬ ទុក​វា​នៅក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ហើយ​ផ្តោតទៅ​លើ​ការបម្រើ​បេសកកម្ម​របស់​ខ្ញុំ ។

soldier for the Lord

រូបភាព​បន្លំ​មក​ពី Getty Images រូបថត​កងទ័ព​ដោយ គ្រីស្តា Rossow/Getty Images

ជាច្រើន​ឆ្នាំកន្លង​មក​ហើយ ខ្ញុំ​បាន​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​នៅក្នុង​បេសកកម្ម ម៉ិកស៊ីកូ ម៉ុនធើរី ភាគខាង​ជើង ។ ខ្ញុំ​មាន​អារម្មណ៍​ថា វា​គឺ​ជា​ឯកសិទ្ធិ​ដើម្បី​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។

នៅពេលខ្ញុំ​ចាប់​ផ្តើម​បេសកកម្ម​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​បន្សល់ទុក្ខ​បញ្ហា​មួយ​ពុំ​ទាន់​បាន​ដោះស្រាយ ។ ខ្ញុំ​ពុំ​ទាន់បាន​ទទួល​លិខិត​ដែលទាក់ទង​នឹង​ការបញ្ឈប់​ខ្ញុំ​ពី​ការបម្រើ​កងទ័ព​ឡើយ ។ ឯកសារ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ។ វា​មាន​ន័យ​ថា យុវជន​ម្នាក់​បាន​បញ្ចប់​កាតព្វកិច្ច​របស់​ខ្លួន​ក្នុងការបម្រើ​កងទ័ព ហើយ​មាន​សិទ្ធិ​ធ្វើការ និង សិក្សា ។ ហើយ​បុគ្គល​នោះ​ត្រូវបាន​ទទួល​ស្គាល់​ថា​ជា​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ម៉ិកស៊ីកូ ។

នៅពេល​កាលបរិច្ឆេទ​នៃ​ការចេញ​ឯកសារ​មក​ដល់ ខ្ញុំ​បាន​ចាប់ផ្តើម​បារម្ភ​ជា​ខ្លាំង ។ ខ្ញុំ​បាន​សរសេរ​សំបុត្រ​ទៅ​ឪពុក​ម្តាយ​ខ្ញុំ ហើយសួរ ប្រសិនបើពួកគាត់អាចទៅយកសៀវភៅបម្រើកងទ័ពរបស់ខ្ញុំ ។ ពេល​ខ្ញុំ​បាន​ទទួល​សំបុត្រ​បន្ទាប់​របស់​ពួកគាត់ ខ្ញុំ​មាន​ក្តី​បារម្ភ​កាន់តែ​ខ្លាំង​ឡើង ។ ពួកគាត់​បាន​ប្រាប់​ខ្ញុំ​ថា គេ​បាន​ប្រាប់​ពួកគាត់​ថា សៀវភៅ​នោះ​អាច​ចេញ​ឲ្យ​តែ​សាម៉ីខ្លួន​ដែល​ជា​ម្ចាស់​សៀវភៅ​នោះ​ប៉ុណ្ណោះ ។

ខ្ញុំ​មាន​អារម្មណ៍​បំផុស​គំនិត​ភ្លាម ដើម្បី​អធិស្ឋាន​ទៅកាន់​ព្រះអម្ចាស់ ហើយ​ទូលសួរ​ទ្រង់​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ។ ចម្លើយ​នោះ​ពុំ​បាន​កើត​ឡើង​ភ្លាមៗ​ទេ តែចម្លើយ​នោះ​គឺ​ថា ខ្ញុំ​គួរ​ពន្យល់​ប្រធាន​បេសកកម្ម​របស់​ខ្ញុំ​អំពី​បញ្ហា​នោះ ។ អំឡុងពេលនៃការ​សុន្ទនា​របស់​ខ្ញុំ​ជាមួយ​គាត់ យើង​បាន​ពិភាក្សា​ចេញ​ជា​ពីរ​ជម្រើស ។ ជម្រើស​ទីមួយ​គឺ​ថា ខ្ញុំ​ត្រូវ « ទុកចិត្ត​លើ​ព្រះអម្ចាស់ » ។ ជម្រើស​ទីពីរ​គឺ​ថា ខ្ញុំ​អាច​ទៅ​យក​សៀវភៅ​នោះ ។ ខ្ញុំ​ត្រូវធ្វើការ​សម្រេច​ចិត្ត​នោះ ។

ខ្ញុំ​ពុំ​ដឹង​ប្រាកដ​ថា ត្រូវ​ធ្វើ​អ្វី​នោះទេ ។ ខ្ញុំ​បាន​ប្រាប់​ដៃគូ​ខ្ញុំ​អំពី​កង្វល់​នេះ ពួកយើងត្រូវបានពង្រឹង​នៅពេល​យើង​អាន​ខគម្ពីរ​នេះ ៖ « តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ ? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ទ្រង់​មាន​អស់​ទាំង​ព្រះ​ចេស្ដា ហើយ​នៅ​ក្រោម​បញ្ជា​ដ៏​មហិមា​របស់​ទ្រង់ ផែនដី​នឹង​ត្រូវ​មូរ​ចូល​គ្នា​ជា​រមូរ​ក្រដាស​មួយ ? » ( មរមន ៥:២៣ ) ។ ខគម្ពីរ​នេះ​បាន​រំសាយ​ភាពច្របូកច្របល់​របស់​ខ្ញុំ​បាត់​អស់ ។ តាំង​ពី​គ្រា​ដែល​ខ្ញុំ​បាន​អាន​វា​មក ខ្ញុំ​បាន​ដឹង​ថា វា​គឺ​ជា​ករណីកិច្ច​របស់​ខ្ញុំ ដើម្បី​បំពេញ​កិច្ចការ​ក្នុង​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ បញ្ហា​របស់​ខ្ញុំ​គឺ​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ។

មួយ​រយៈ​ក្រោយ​មក ខ្ញុំ​បាន​ទទួល​លិខិត​មួយ​ទៀត​ពី​ឪពុក​ម្តាយ​របស់​ខ្ញុំ ។ ឪពុក​ខ្ញុំ បាន​សរសេរ​សំបុត្រមក​ខ្ញុំ​ដូច​នេះ​ថា ៖

« កូនប្រុស ប៉ា​បាន​ត្រឡប់​ទៅ​ការិយាល័យ​ការពារ​ជាតិ​ជា​ថ្មី​ម្តង​ទៀត ដោយ​ព្យាយាម​ស្វែងរក​មនុស្ស​ម្នាក់​ដែល​អាច​ជួយ​ពួកយើង ដោះស្រាយ​បញ្ហា​របស់​កូន ។ បន្ទាប់​ពី​និយាយ​ជាមួយ​មនុស្ស​សំខាន់ៗ​ជា​ច្រើន​នាក់​មក គេ​បាន​ណែនាំ​ប៉ា​ឲ្យ​ទៅកន្លែង​ពិសេស​មួយ ។ ប៉ា​មាន​អារម្មណ៍​ថា​ខកចិត្ត និង អស់​សង្ឃឹម ។ អ្វី​មួយ​ដែល​ប៉ា​បាន​មើល​ឃើញ​ដំបូង​នោះ​គឺ​ទ្វារ​ធំ​មួយ ដែល​បើក​ចំហ​យ៉ាង​ធំ ហើយ​មាន​ទាហាន​ពីរ​នាក់​ឈរ​​ត្រង់​ភ្លឹង ។ ប៉ា​បាន​ប្រមូល​អារម្មណ៍​ឲ្យ​មាន​ចិត្ត​ក្លាហាន ហើយ​បាន​ដើរ​កាត់​ទីនោះ ឆ្ពោះទៅ​​ការិយាល័យ​ដែល​គេ​បាន​ណែនាំ​ឲ្យ​ទៅ​នោះ ។ ពេល​ប៉ា​បាន​គោះ​ទ្វារ ប៉ា​មាន​អារម្មណ៍​ថា​ភិតភ័យ ប៉ុន្តែ​ប៉ា​ក៏​មាន​អារម្មណ៍​ថា​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។

« ពេល​ប៉ា​បាន​ដើរ​ចូល​ទៅ​ខាង​ក្នុង ប៉ា​បាន​ឃើញ​មន្ត្រី​ទាហាន​ម្នាក់​កំពុង​អង្គុយ​នៅ​ពី​ក្រោយ​តុ ។ នៅលើ​ទ្រូង​របស់​គាត់​មាន​មេដាយ​ជា​ច្រើន ហើយ​នៅលើ​ជញ្ជាំង​ក្នុង​ការិយាល័យ​របស់​គាត់​បានតុបតែងលម្អទៅ​ដោយ​សញ្ញាបត្រ​ចម្រុះពណ៌ ។ គាត់​បាន​ចាប់ដៃ​ប៉ា​យ៉ាង​រឹងប៉ឹង និង ម៉ឹងម៉ាត់ ហើយ​បាន​សួរ​ថា ‹ តើ​លោក​មក​ទីនេះ​មាន​កិច្ចការ​អ្វី ? › »

ប៉ា​បាន​តប​ថា « ‹ ខ្ញុំ​មាន​កូន​ម្នាក់​ដែល​កំពុង​បម្រើ​បេសកកម្ម › ។ ‹​ ដោយហេតុនេះហើយ គាត់​ពុំ​អាច​មក​យក​សៀវភៅ​បម្រើ​កងទ័រ​របស់​គាត់​បាន​ឡើយ ។ ខ្ញុំ​មក​ទី​នេះ ដើម្បី​ចង់​ដឹង​ថា តើ​ខ្ញុំ​អាច​យក​វា​ជំនួស​គាត់​បាន​ដែរ​ឬ​ទេ ។ ›

« ‹ មន្ត្រី​រូប​នោះ​បាន​ថ្លែង​ថា ទេ លោក​ពុំ​អាច​យក​វាបាន​ទេ ។ វា​អាច​ចេញ​ឲ្យ​តែ​សាម៉ី​ខ្លួន​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​តែ​ប៉ុណ្ណោះ › ។

« នៅគ្រា​នោះ ព្រះអម្ចាស់​បាន​បំភ្លឺ​គំនិត​ប៉ា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ប៉ា​បាន​និយាយ​ថា ‹ លោក លោក​មាន​កងទ័ព​ជាច្រើន​នៅក្រោម​ការទទួល​ខុសត្រូវ​របស់​លោក សម្រាប់​ការបំពេញ​ករណីយកិច្ច​របស់​ពួកគេ ។ តាម​របៀប​ដូច​គ្នា​នេះ កូនប្រុស​របស់​ខ្ញុំ​កំពុង​បំពេញ​ករណីយកិច្ច​របស់​ខ្លួន ក្នុងការ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះអម្ចាស់​នៅជំនាន់​នេះ ។ ក្នុង​ពេល​នេះ គាត់​គឺ​ជា​កងទ័ព​របស់​ព្រះអម្ចាស់ › ។

« គ្រា​នោះ មន្ត្រី​រូបនោះ​បាន​ក្រោក​ចេញ​ពី​កៅអី​របស់​គាត់ ហើយ​និយាយ​ថា ‹ តើ​លោក​មាន​លិខិត​សម្គាល់​ខ្លួន​អ្វី​ទេ ? តើ​កូនប្រុស​របស់​លោក​ឈ្មោះ​អ្វី ? ›

« បន្ទាប់​ពី ប៉ា​បាន​ឆ្លើយ​សំណួរ​គាត់​ហើយ គាត់​បាន​ហៅ​លេខា​គាត់ ហើយ​និយាយ​ថា ‹ សូម​យក​ឯកសារ​សម្រាប់​អ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​នេះ​ឲ្យ​ខ្ញុំ ។ ›

« គាត់​បាន​ចុះហត្ថលេខា​លើ​ឯកសារ​នោះ បិទ​វា​ទុក​ក្នុង​សំបុត្រ ហើយ​ហុច​វា​មក​ឲ្យ​ប៉ា ។ ដោយពុំ​ចាំបាច់​តម្រូវ​ឲ្យ​ធ្វើ​អ្វី​ទៀត​ឡើយ ។ ប៉ា​បាន​ចាប់ដៃ​គាត់​យ៉ាង​ណែន និង​ដោយ​មាន​អំណរគុណ ។ កូនប្រុស​របស់​ប៉ា ឥឡូវ​នេះ​ឯកសារ​របស់​កូន​បាន​យក​មក​ទុកដាក់​ត្រឹមត្រូវ​ហើយ ហើយ​កូន​ត្រូវ​បង្ហាញ​អំណរគុណ​របស់​ខ្លួន ថ្វាយ​ចំពោះ​ព្រះអម្ចាស់ ដោយ​ការបម្រើ​ទ្រង់​ក្នុងនាម​ជា​កងទ័ព​ដ៏​ពិត​ប្រាកដ » ។

បន្ទាប់​ពី​ទទួល​បាន​សំបុត្រ​នេះ​ហើយ ខ្ញុំ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ព្រះ​អម្ចាស់ ក្នុងការ​ប្រើប្រាស់​ព្រះចេស្តា​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដើម្បី​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ជំនួស​ខ្ញុំ ថ្លែង​អំណរគុណ​ចំពោះ​ចម្លើយ​ដែល​ទ្រង់​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្ញុំ និង​អរគុណ​ដល់​ការបំភ្លឺ​គំនិត​របស់​ឪពុក​ខ្ញុំ ។ ខ្ញុំ​អធិស្ឋាន​ថា យើង​ទាំងអស់​អាច​ដាក់​ទី​ទុកចិត្ត​យើង​ទាំងស្រុង​លើ​ព្រះអម្ចាស់ ហើយ​កុំ​បំភ្លេច​ការសន្យា​របស់​ទ្រង់ ៖ « ចូរ​សូម​នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក​នោះ​តែង​នឹង​ឃើញ ចូរ​គោះ​នោះ​តែង​នឹង​បើក​ឲ្យ​អ្នក ។ ដ្បិត​អស់​អ្នក​ដែល​សូម​នោះ​រមែង​បាន អ្នក​ណា​ដែល​រក​នោះ​រមែង​ឃើញ​ក៏​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ » ( នីហ្វៃទី ៣ ១៤:៧–៨ ) ។