ឆ្នាំ​២០១៧
ទីប្រឹក្សា​ជាន់ខ្ពស់​ដ៏​ស្មោះត្រង់
June 2017


ទីប្រឹក្សា​ជាន់ខ្ពស់​ដ៏ ស្មោះត្រង់

ខ្ញុំ​បាន​រៀន​​មេរៀន​ដ៏មាន​តម្លៃ​មួយអំពី « ការលើក​នៅកន្លែង​ដែល​អ្នក​ឈរ » ចេញ​ពី​សង្ឃ​ជាន់ខ្ពស់​ដ៏​ស្មោះត្រង់​ម្នាក់​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ។

men holding up a church

នៅក្នុងខែ​តុលា ឆ្នាំ ២០០៨ នៅពេល​ខ្ញុំ​កំពុង​ស្តាប់​ការចាក់ផ្សាយ​សម័យ​ប្រជុំបព្វជិតភាព​នៃ​​សន្និសីទ​ទូទៅ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ទីប្រឹក្សា​ទីពី​ក្នុង​គណៈប្រធាន​ទីមួយ បាន​ចាប់ផ្តើម​មាន​ប្រសាសន៍​អំពី​ការបម្រើនៅក្នុង​សាសនាចក្រ ។ លោក​បាន​និទាន​ដំណើររឿងអំពី​របៀប​​ដែល​លោក និង​បងប្អូន​ប្រុស​មួយចំនួន​ផ្សេង​ទៀត​បាន​ព្យាយាម​រំកិល​ព្យាណូ​ដ៏​ធ្ងន់​មួយ ។ នៅពេល​ការខិតខំ​នោះពុំ​បាន​សម្រេច មានបុរស​ម្នាក់​បាន​ប្រាប់​ពួកគេ​ឲ្យ​ឈរ​នៅ​ក្បែរ​គ្នា ហើយ « លើក​នៅ​កន្លែង​ដែល​អ្នក​ឈរ » ។​

ប្រធាន អុជដូហ្វ បានបន្ត​មានប្រសាន៍​អំពី​ការបម្រើ​នៅក្នុង​សាសនា ទោះជា​អ្នក​ហៅ​ឲ្យ​បម្រើ​ក្នុង​តួនាទី​ណា​ក្តី ។ មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ថា ពួកគេ​អាច​បម្រើ​បាន​ប្រសើរ​ជាង ប្រសិនបើ​ពួកគេ​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​នានា ដែល​សមស្រប​ទៅនឹង​ទេពកោសល្យពិសេស​របស់​ពួកគេ ។ លោក​បាន​មាន​ប្រសាសន៍​ថា « គ្មាន​ការហៅ​ណា​នៅ​ក្រោមសមត្ថភាព​យើង​ឡើយ ។ គ្រប់ការហៅទាំងអស់​ផ្តល់​ឱកាស​បម្រើ និង​រីកចម្រើន » ។​

ដូច​ប្រធាន អុជដូហ្វ មានប្រសាសន៍​ថា ​ខ្ញុំ​​គិត​អំពី​គ្រា​មួយ​ ដែល​ខ្ញុំ​បាន​ជួបសមាជិកសាសនាចក្រ​ម្នាក់​ដែល​មិន​ចេះ​អួតខ្លួន ដែល​មាន​ឆន្ទៈ​លើក​នៅ​កន្លែង​ណា​ដែល​គាត់​កំពុង​ឈរ ។

ក្នុង​ឆ្នាំ ១៩៨៥ ខ្ញុំ​បាន​នៅ​ស្ថានីយមួយ​ក្នុង​នាម​ជាមន្ត្រីទាហាន​កងទ័ព​អាមេរិក​នៅក្នុង​ទីក្រុង​តូច​មួយ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ។ ខ្ញុំ​បាន​បម្រើ​បេសកកម្ម​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​កាល​ពី ១០ ឆ្នាំ​មុន ។ នៅពេលទៅដល់ទីនោះក្នុង​ឆ្នាំ ១៩៨៣ ក្នុងនាម​ជា​នាយ​ទាហាន​មួយ​រូប ជាមួយ​ភរិយា​របស់​ខ្ញុំ ដេប្រា និង កូនស្រី​ពីរនាក់ទៀត​របស់ខ្ញុំ នោះយើង​បាន​ចាប់ផ្តើម​ចូល​រួម​សាខា​មួយ​សម្រាប់ពួកទាហាន ដែលមានសមាជិក​រឹងមាំ​ប្រហែល​ជា​ ១០០ នាក់ ។ ពីរឆ្នាំ​ក្រោយ​មក យើង​បាន​សម្រេច​ចិត្ត​ដាក់កាយ​ដាក់​ចិត្ត​របស់​យើង​ទៅក្នុង​វប្បធម៌​របស់​ពួកអាល្លឺម៉ង់ ហើយបាន​ចាប់ផ្តើម​ចូលរួម​នៅក្នុង​សាខា​តូច​មួយ​ឈ្មោះ ប៊ែត គ្រើណាឆ ដែល​មាន​សមាជិក ១២ នាក់ ។

បន្ទាប់​ពី​យើង​បាន​ចាប់ផ្តើម​ចូលរួម​នៅ​ទីនោះ​បាន​ប្រហែល​ពីរសប្តាហ៍មក យើង​បាន​កត់សម្គាល់​ឃើញ​បុរស​ចំណូល​ថ្មី​ម្នាក់​នៅ​ទីនោះ ។ គាត់​មាន​អាយុ​ប្រហែល ៤០ ឆ្នាំ​ជាង ហើយ​យើង​ដឹង​ថា​គាត់​គឺ​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បានចាត់​មក​សាខា​របស់​យើង ។ គាត់​ពុំ​បាន​មក​ទីនោះ​ដើម្បី​ដឹកនាំ​កិច្ចការ​ស្តេក​ឡើយ គឺ​គ្រាន់តែ​មក​ទស្សនា ។ យើង​បាន​និយាយគ្នា​ខ្លះៗ​ដែរ​បន្ទាប់​ពី​ព្រះវិហារ​ចប់ ហើយ​យើង​បាន​លា​គ្នា ខ្ញុំ​ស្មាន​ថា​យើង​នឹង​ជួប​គាត់​ម្តង​ទៀត​នៅ​ប្រាំមួយ​ខែ​ក្រោយ ។

សប្តាហ៍​បន្ទាប់​មក​ ទីប្រឹក្សាជាន់ខ្ពស់​នោះ​បាន​មក​សាខា​នោះ​ម្តង​ទៀត ។ ខ្ញុំ​បានដឹង​ថា គាត់​រស់នៅឆ្ងាយ​ពី​ទីក្រុង​តូច​របស់​យើង​នេះ​ដោយត្រូវធ្វើ​ដំណើរ​ប្រហែល​ជាមួយ​ម៉ោង ។ អំឡុង​ពេលនៃការហៅបម្រើ​របស់​គាត់​ក្នុងនាម​ជា​ទីប្រឹក្សា​ជាន់ខ្ពស់ នោះ​គាត់​បាន​មក​សាខា​របស់​យើង​ពីរ ឬ បី​ដង​ក្នុង​មួយ​ខែ ។ គាត់​ជា​មនុស្ស​រួសរាយ មិន​អួតអាង ហើយ​លើក​ទឹកចិត្ត​គេ ។​ គាត់​តែងតែ​និយាយ​ជាមួយ​សមាជិក​គ្រប់គ្នា​នៅក្នុង​សាខានោះ ។ ហើយ​ដោយសារ​វា​ជា​សាខា​តូចមួយ នោះ​គាត់​ត្រូវបាន​ស្នើសុំ​ឲ្យ​និយាយ​លើ​វេទិកាជា​ញឹកញាប់ ។ ដោយ​មាន​ការកោតសរសើរ​ពី​ការបូជា​របស់​គាត់ នោះ​ខ្ញុំ​បាន​ដាក់​ឈ្មោះ​គាត់​ក្នុង​ចិត្ត​ថា « ទីប្រឹក្សា​ជាន់ខ្ពស់​ដ៏​ស្មោះត្រង់ » ។

ថ្ងៃ​អាទិត្យ​មួយ​គាត់​បាន​មក​ការប្រជុំ​នៅ​សាខា​នោះពេល​ព្រឹក ហើយ​បាន​ត្រឡប់​មក​វិញ​ដើម្បី​ចូលរួម​ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ម៉ោង​ ៦ ល្ងាច ។ នៅចន្លោះ​ម៉ោង​នោះ គាត់​បាន​ទៅ​ចូលរួម​នៅ​សាខា​មួយ​ផ្សេង​ទៀត ។ ខ្ញុំ​ត្រូវតែ​សារភាពថា​ខ្ញុំ​បាន​គិតក្នុងចិត្តថា « តើ​មាន​អ្វី​ដែល​គាត់​បាន​ធ្វើ​ឲ្យប្រធាន​ស្តេក​អន់ចិត្ត​ទៅ ? ហេតុអ្វី​គាត់​ត្រូវបាន​ចាត់ ឲ្យ​មក​សាខា​ដ៏​តូច​បំផុត និង ឆ្ងាយ​បំផុត​នៅក្នុង​ស្តេក​នេះ ? » ប្រហែល​ជា​គាត់​ពុំ​មែន​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា បន្ទាបខ្លួន និង​ជា​មនុស្ស​រួសរាយ​ដែល​ខ្ញុំ​បាន​គិត​នោះ​ទេ​មើល​ទៅ ។ ប្រហែល​ជា​គាត់​ពុំ​ចូលចិត្តវួដ​កំណើត​របស់​គាត់ ហើយ​យក​ការចាត់តាំង​នេះ​ដើម្បីមិនចូលរួម​វួដ​គាត់ ។ ខ្ញុំគិតមិនយល់ ដូច្នេះខ្ញុំ​គ្រាន់​តែ​ទទួល​យក​គំនិតនោះទៅ ។

បួនប្រាំ​សប្តាហ៍​បន្ទាប់ពី​ពិធីបុណ្យ​ជ្រមុជទឹក​នោះ​មក ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ នៅរំលង​អាធ្រាតឈាន​ចូល​ដល់​ព្រឹក​ថ្ងៃ​អាទិត្យ ។ ខ្ញុំ​ទទួល​ការបំពាក់បំប៉ន​នៅ​ក្បែរ​ព្រំដែន​អាល្លឺម៉ង់​ខាង​កើត និង ខាងលិច ហើយ​ខ្ញុំ​ត្រូវ​ចំណាយ​ពេលបីម៉ោង​កន្លះ​ដើម្បី​ជិះ​មក​ដល់​ផ្ទះ​វិញ ។ ខ្ញុំ​អស់កម្លាំង​ល្ហិតល្ហៃ ពេល​ខ្ញុំ​ដើរ​ចូល​មក​ក្នុង​ផ្ទះ ។ ដេប្រា ភរិយា​របស់​ខ្ញុំ​ពុំ​ទាន់​សម្រាក​នៅ​ឡើយ ។ នាង​បានប្រាប់ខ្ញុំ​ថា « ទីប្រឹក្សា​ជាន់ខ្ពស់​ដ៏​ស្មោះត្រង់ » បាន​ទូរសព្ទ​មក ។ គាត់​ចង់​ជួបខ្ញុំ ។ ខ្ញុំ​បាន​សួរ​ថា « ពីមុន​ចាប់ផ្តើម ឬ បន្ទាប់​ពី​ព្រះវិហារ​ចប់ ? » ព្រះវិហារ​​ចាប់​ផ្ដើម​នៅ​ម៉ោង ១០:០០ ព្រឹក ។ ខ្ញុំ​រំពឹង​ថា ការណាត់ជួប​នោះ​គួរតែ​បន្ទាប់​ពី​ព្រះវិហារ​ចប់ ដូច្នោះ​ខ្ញុំ​អាច​ដេក​ដល់​ម៉ោង ៨:៣០ ។

នាងបាន​​និយាយ​ថា « មុន​ព្រះវិហារ​ចាប់ផ្តើម » ។

« ៩:៣០ » មែនទេ ?

« មិនមែន​ទេ ។ គាត់​ត្រូវ​ទៅ​កន្លែង​ផ្សេង​ទៀត​ដើម្បី​ធ្វើ​កិច្ចការ​ស្តេក ។ គាត់​ចង់​ឲ្យ​បង​ទៅ​​ជួប​គាត់ នៅ​ការិយាល័យ​របស់​គាត់​នៅ ហ្វ្រែងហ្វើត ។ គាត់​បាន​និយាយ​ថា សូម​ទៅ​ច្រកទ្វារ​ទី ៥ » ។

« ម៉ោង​ប៉ុន្មាន ? » ខ្ញុំ​បាន​សួរ ។

នាង​បាន​ឆ្លើយ​ថា « ម៉ោងប្រាំមួយ » ។

ឥឡូវ​នេះ ខ្ញុំ​បាន​អន់ចិត្ត​បន្តិច ។ វា​ម៉ោង ១២:៣០ យប់​ទៅហើយ ។ ដើម្បី​ទៅទាន់​ការណាត់ជួប​ម៉ោង ៦:០០ ​នោះ ខ្ញុំ​ត្រូវក្រោក​ម៉ោង ៤:៣០ ។ នោះ​មាន​ន័យ​ថា​មាន​ពេល​តិចជាង​បួន​ម៉ោង​ដើម្បី​ដេក ។ តើ​ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ណា​ទៅ ? ខ្ញុំថែមទាំងគ្មាន​លេខ​ទូរសព្ទ​របស់​គាត់ ដើម្បី​ទូរសព្ទ​ទៅ​គាត់​នាព្រឹកបន្ទាប់​នោះ​ ដើម្បី​ប្រាប់​គាត់​ថា ខ្ញុំ​ពុំ​អាចជួបគាត់​បានទេ ។ ខ្ញុំ​បាន​ទម្លាក់​សម្លៀកបំពាក់របស់​ខ្ញុំ​នៅ​ក្បែរ​គ្រែ ហើយ​ទម្លាក់ខ្លួន​ដេក​ដោយ​ពុំ​បាន​កំណត់នាឡិកា​រោទិ៍​ឡើយ ។ នៅពេល​ខ្ញុំ​ទម្រេត​ខ្លួន​ដេក​នោះ គំនិត​ទាំង​នេះ​បានផុសឡើង​ក្នុង​ចិត្ត​ខ្ញុំ ៖

ប្រសិនបើ​ខ្ញុំ​ពុំ​បាន​ជួប « ទីប្រឹក្សា​ជាន់ខ្ពស់​ដ៏​ស្មោះត្រង់ » នេះ​ទេ តើ​នឹង​មាន​អ្វី​កើត​ឡើង ? ប្រសិនបើ​ខ្ញុំ​មិន​បង្ហាញមុខខ្ញុំ​នៅ​ការិយាល័យ​គាត់​ទេ ខ្ញុំប្រាកដ​ក្នុង​ចិត្ត​ថា គាត់​នឹង​ប្រើប្រាស់ពេលវេលា​របស់​គាត់ដោយ​មាន​ប្រសិទ្ធភាព ។ នៅពេលក្រោយ បើ​​ខ្ញុំបាន​និយាយ​ជាមួយ​គាត់ ខ្ញុំនឹង​ពន្យល់​អំពី​មូលហេតុ​ដែល​ខ្ញុំ​ពុំ​បាន​ជួប​គាត់ នោះ​គាត់​នឹង​ឆ្លើយ​តប​មកវិញ​ថា « ប្រាកដ​ណាស់​ អ្នក​បាន​ធ្វើការសម្រេច​ចិត្ត​ត្រឹមត្រូវ​ហើយ ។ ខ្ញុំ​នឹង​ពុំសូម​ឲ្យ​អ្នក​មក​ជួប​ខ្ញុំ​ឡើយ ប្រសិនបើ​ខ្ញុំ​ដឹង​ថា​អ្នក​មក​ដល់​ផ្ទះ​យប់​អាធ្រាត​ទៅ​ហើយ​នោះ ។ យើង​អាច​បំពេញ​កិច្ចការ​នោះ​បាន​ហើយពេលនេះ » ។ ហើយ​ម្យ៉ាង​វិញ​ទៀត ខ្ញុំ​ពុំ​មែន​ជា​សមាជិក ពិតប្រាកដ នៅក្នុង​សាខា​នោះ​ទេ ។ ប្រាកដ​ណាស់ កំណត់ត្រា​របស់​យើង​នៅ​ទីនោះ ហើយ​យើង​បាន​ចូលរួម​រៀង​រាល់​សប្តាហ៍ ប៉ុន្តែ​ពួកយើង​គឺ​ជាជនបរទេស ពុំ​អាច​និយាយ​ភាសាអាល្លឺម៉ង់​បាន​ល្អ​ឡើយ ហើយយើងគ្រាន់តែ​ផ្លាស់មក​តែប្រាំ ឬ ប្រាំមួយ​ខែ​តែ​ប៉ុណ្ណោះ ។

ខ្ញុំ​នៅមាន​ស្មារតី​ដឹងខ្លួន​នៅ​ឡើយ​ ។ ពីរបី​នាទីក្រោយ​មក ខ្ញុំ​ចាប់ផ្តើម​ងងុយ​ដេក ។ បន្ទាប់​មក​​ខ្ញុំ​បាន​ចងចាំ​ពី​ឈ្មោះ​ដែល​ខ្ញុំ​បាន​ដាក់ឲ្យគាត់​ថា « ទីប្រឹក្សា​ជាន់ខ្ពស់​ដ៏​ស្មោះត្រង់ » ​ខ្ញុំ​បាន​ដាក់ឈ្មោះ​នេះ​ឲ្យគាត់ចាប់តាំងពីពេលដែល​ពួកយើង​មកចូលរួមសាខានេះ​ម៉្លេះ ។ គាត់​បាន​មកចូលរួម​ពិធីបុណ្យជ្រមុជ​ទឹក​នាពេល​ល្ងាច​បន្តិច​ទៅហើយ នា​យប់​ថ្ងៃ​អាទិត្យ​នោះ ។ គាត់​បាន​មក​សកម្មភាពសាខា​នៅក្នុង​ថ្ងៃ​នៃ​សប្តាហ៍ ។ គាត់​តែងតែ​និយាយ​ទៅកាន់​សមាជិក​ទាំងអស់ ហើយ​លើកទឹកចិត្ត​ពួកគេ និង បំផុសគំនិត​ពួកគេ ។ គាត់ហាក់ដូចជា​គ្មាន​ការរិះគន់ ឬ ព្រងើយ​កន្តើយ​ឡើយ ។ ប្រធានសាខា​គោរពគាត់ និងកិច្ចការ​ដែល​គាត់​ធ្វើ ។ ប្រសិនបើ​គាត់​ខកចិត្ត​ ដែល​ត្រូវបា​នចាត់​ឲ្យ​មក​សាខា​តូច​នេះ នោះ​គាត់​ប្រាកដ​ជាមិន​បង្ហាញ​​វា​ឡើយ ។

ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​ដើរទៅ​កាន់ទូដាក់​ខោអាវ ជា​កន្លែង​ដែល​ខ្ញុំ​បាន​ដាក់​កំណត់​នាឡិការោទិ៍ ។ ខ្ញុំ​បាន​កំណត់​នាឡិការោទិ៍​នៅ​ម៉ោង ៤:៣០ ព្រឹក ។ ក្នុងការសម្រេចចិត្ត​ជួប « ទីប្រឹក្សា​ជាន់ខ្ពស់​ដ៏​ស្មោះត្រង់ » នោះ​ខ្ញុំ​គ្មាន​បារម្ភអំពី​អ្វី​ដែល​គាត់​នឹង​និយាយ ឬ គិត​ឡើយ ប្រសិនបើ​ខ្ញុំ​មិន​ទៅ ។ លើសពីនោះ​ទៀត ខ្ញុំ​ប្រហែល​ជានឹងមិន​ឃើញ ឬ ស្តាប់​ឮពីគាត់​​ទៀត​ឡើយ បន្ទាប់​ពី​យើង​ប្តូរទីលំនៅនោះ ។ ខ្ញុំ​បាន​សម្រេចចិត្ត​ក្រោក​ឡើង​ទោះជា​ខ្ញុំ​ដេក​តិច​ជាង​បួន​ម៉ោង​ក្តី ហើយ​បើក​ឡានចម្ងាយ ៨០ គីឡូម៉ែត្រ ទៅការិយាល័យ​របស់​គាត់ ដោយសារ​ខ្ញុំ​ពិតជា​គោរព​គាត់​ក្នុង​នាម​គាត់​ជា « ទីប្រឹក្សា​ជាន់ខ្ពស់​ដ៏​ស្មោះត្រង់ » ។ តើ​ខ្ញុំនឹងពុំ​ធ្វើ​តាមគាត់​ម្តេច​នឹង​បានទៅ ?

hand reaching for alarm clock

ខ្ញុំ​បាន​បើកឡាន​ខ្ញុំ​ទៅដល់ច្រកទ្វារ​ទី ៥ នៅម៉ោង ៦:០០ ព្រឹកនា​ថ្ងៃ​អាទិត្យ​នោះ ដោយ​មាន​អ្នកយាម​ចាំ​ស្វាគមន៍ ដោយ​ពួកគេ​មានកាន់កាំភ្លើង ។ គាត់​បាន​មើលស្លាកលេខ​ឡានដែល​ជា​ស្លាកលេខរបស់​កងទ័ពប្រដាប់អាវុធ​អាមេរិក ។ គាត់ប្រហែលជា​ឆ្ងល់​ថា ខ្ញុំ​វង្វេងផ្លូវ​ហើយ ។ តើ « ទីប្រឹក្សា​ជាន់ខ្ពស់​ដ៏​ស្មោះត្រង់ » នោះមិនចេញ​មក​ទេឬ ? ប្រហែលជាមិនដល់ពីរនាទីផង គាត់​បាន​បើកឡានមក​ពីក្រោយ​ឡាន​ខ្ញុំ ។ គាត់​បាន​ពោល​ថា « អរុណសួស្តី ដន ។ តោះសូម​ចូល​ទៅ​ការិយាល័យ​របស់​ខ្ញុំ » ។ អ្នក​យាម​បាន​បើក​ទ្វាររបង ហើយ​អនុញ្ញាត​ឲ្យ​យើង​ចូល ។

បន្ទាប់​ពី​បាន​និយាយ​គ្នា​ខ្លះៗ ហើយ​គាត់​បាន​បង្ហាញ​បរិវេណ​ជុំវិញ​អគារ​ការិយាល័យ​របស់​គាត់​មក គាត់​បាន​និយាយ​អំពី​គោលបំណង​នៃ​ការប្រជុំ ។ គាត់​បាន​និយាយ​ថា គាត់​ហៅខ្ញុំ​បម្រើ​ជា​ទីប្រឹក្សា​របស់ប្រធានសាខា ។ ពុំមែន​ជា​ទីប្រឹក្សា​ទីមួយ ឬ ទីពីរ​ឡើយ — គឺ​គ្រាន់តែ​ជា​ទីប្រឹក្សា​តែប៉ុណ្ណោះ ។ ពីមុន​ខ្ញុំ​មកដល់​ទីនេះ មាន​អ្នក​កាន់បព្វជិតភាព​តែ​ពីរនាក់​ប៉ុណ្ណោះ​នៅក្នុង​សាខា ហើយ​ពួកគេ​ត្រូវ​ផ្លាស់ប្តូរ​គ្នា​រៀងរាល់​ពីរបី​ឆ្នាំ​ម្តង ដើម្បី​ធ្វើ​ជា​ប្រធាន​សាខា និង ប្រធាន​កូរ៉ុមអែលឌើរ ។

ខ្ញុំ​បាន​ទទួលយក​ការហៅបម្រើនោះ ហើយ​បម្រើ​រហូតដល់​ពេល​ខ្ញុំ​ចាកចេញ​ពី​សាខា​នោះ​រយៈពេល​បីខែក្រោយមក ដើម្បី​ចូលរួម​ការបំពាក់បំប៉ន​រយៈពេលពីរខែ​នៅសហរដ្ឋ ។

អំឡុងពេល​ខ្ញុំ​អវត្តមាន ទាំងភរិយា​របស់​ខ្ញុំ​ និងកូនប្រុស​ខ្ញុំបាន​ឈឺ ។ ជំងឺ​របស់​គាត់​​តម្រូវ​ឲ្យ​គាត់​ទៅ​មន្ទីរពេទ្យ​ដែល​នៅឆ្ងាយ​ពីបន្ទាយ​របស់​យើងចម្ងាយ ៩៧ គីឡូម៉ែត្រ ។ ជាភរិយា​ទាហាន​ដ៏​រឹងប៉ឹង ដេប្រា​ពុំ​បាន​រអ៊ូរទាំ ឬ សូម​ខ្ញុំ​ឲ្យ​ត្រឡប់​មក​ប្រទេស​អាល្លឺម៉ង់​វិញ​ឡើយ ។ ប្រាកដណាស់ ខ្ញុំ​ពុំ​បាន​ដឹង​អំពី​លក្ខណៈ​នៃជំងឺ របស់​នាង ឡើយ​រហូត​ដល់​ពេល​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ បន្ទាប់ពី​បាន​ទៅ​ជួបវេជ្ជបណ្ឌិតនៅគ្លីនិក​នៅក្នុង​មូលដ្ឋាន​ម្តង​មក វេជ្ជបណ្ឌិត​បាន​បើកឡាន​ជូននាង​ទៅ​ផ្ទះវិញ ដោយសារ​គាត់គិត​ថា នាង​ពុំ​អាចមានកម្លាំង​បើកឡាន​ទៅផ្ទះវិញ​ដោយ​ខ្លួនឯង​បាន​ឡើយ ។ ទាំងប្រធានសាខា និង ប្រធាន​សមាគម​សង្គ្រោះ​​​បាន​សូម​ជួយ​ ប៉ុន្តែ​នាង​បាន​បដិសេធការជួយ​នោះ​ដោយ​រម្យទម ។ ក្រៅពីមាន​ការលំបាក​និយាយភាសា និងការលំបាក​នៃ​វប្បធម៌​នោះ ដេប្រា ពុំ​ចង់​ដាក់​បន្ទុក​ទៅ​លើ​នរណា​ម្នាក់​ឡើយ ។

ថ្ងៃមួយ « ទីប្រឹក្សា​ជាន់ខ្ពស់​ដ៏​ស្មោះត្រង់ » នោះ​បាន​ទូរសព្ទ​មក​នាង ។ ថ្មី​ៗនេះ​គាត់​ទើបតែ​ត្រូវ​បាន​ហៅ​ជាប្រធាន​ស្ដេក ។ គាត់​បាន​សួរ​ដោយរាបសាអំពី​សុខភាព​របស់​នាង ហើយ​បាន​បដិសេធ​មិនយល់ស្រប​នឹងចម្លើយ​ដែល​នាង​ឆ្លើយ​ថា « ខ្ញុំ​សុខ​ទុក្ខ​ធម្មតាទេ » ។ គ្រប់ការអះអាង​មក​ពី ដេប្រា បាន​បញ្ឈប់​ដោយការសាកសួរ​ដ៏​រាបសា និង​មានប្រសិទ្ធភាព​ ដើម្បី​ដឹង​អំពី​ស្ថានភាព​នៅក្នុង​គ្រួសារ ។ ទីបំផុត​គាត់​បាន​ពន្យល់​ថា « ដេប្រា ប្អូន​ត្រូវ​ឲ្យសមាជិក​សាខា​ជួយ​ដល់​ប្អូន ។ ពួកគេពិតជា​ចង់​ជួយ ហើយ​វា​នឹង​ធ្វើ​ឲ្យ​សមាជិក​សាខា​កាន់តែ​មាន​ទំនាក់ទំនងជិតស្និទ្ធនឹង​គ្នា​ដើម្បី​ជួយប្អូន » ។ នាង​បាន​ទទួល​យក​ការជួយ​ពីពួកគេ​ដោយ​អំណរគុណ ។

ពេលខ្ញុំ​ត្រឡប់​មក​ពី​អាមេរិក​វិញ ពួកយើង​បាន​នៅ​ក្នុង​សាខា​នោះ​រយៈពេល​ពីរ​ខែទៀត ពីមុន​យើង​ផ្លាស់ប្តូរលំនៅជាលើកចុងក្រោយ​ទៅ​កាន់​ទីក្រុង​ធំ ។

អនុស្សាវរីយ៍​របស់​ខ្ញុំ​អំពីគ្រា​នោះ​នៅក្នុងជីវិត​ខ្ញុំ​បាន​រសាយបាត់​ទៅ នៅពេល​ខ្ញុំ​អង្គុយលើកៅអី​ខ្ញុំ​ទោរ​ខ្លួន​ទៅមុខ យក​ចិត្ត​ទុកដាក់​ស្តាប់​សំឡេង​របស់​ប្រធាន អុជដូហ្វ ឮ​ចេញ​មក​ពី​ប្រព័ន្ធសំឡេង ។ ខ្ញុំ​មាន​ការស្ងើចសរសើរ​ដល់​សារលិខិតដ៏​មាន​ឥទ្ធិពល​របស់​លោក ។ មិនដូច​គ្រា​ផ្សេងៗ​ទៀត​ឡើយ នៅពេល​ខ្ញុំ​ឆ្ងល់​អំពី​ទំនាក់ទំនង​រវាង​ពាក្យ​សម្តី​របស់​អ្នក​និយាយ និង ទង្វើ​ផ្ទាល់ខ្លួន​របស់​អ្នក​និយាយ ( ក្នុងអាជីវកម្ម ក្នុង​ជួរកងទ័ព មែនហើយ សូម្បី​តែ​ការឡើង​និយាយ​នានា​ដែល​ខ្ញុំ​ធ្លាប់​ស្តាប់​នៅ​ព្រះវិហារ​ក្តី ) នោះ​ខ្ញុំ​គ្មាន​ចម្ងល់​ឡើយ​អំពី​សារលិខិត​របស់​ប្រធាន អុជដូហ្វ ។ ការសង្កត់​សំឡេង​ក្នុង​ពាក្យសម្តីរបស់​ប្រធាន អុជដូហ្វ ពុំមែនគ្រាន់តែ​រំឭក​ខ្ញុំ​អំពី​ប្រទេស​អាល្លឺម៉ង់ និងបទពិសោធន៍​ខ្ញុំ​ជាមួយ « ទីប្រឹក្សា​ជាន់ខ្ពស់​ដ៏​ស្មោះត្រង់ » នោះ​ប៉ុណ្ណោះ​ទេ ។ សេចក្តីពិត​នោះ​គឺថា​ប្រធាន អុជដូហ្វ គឺជា « ទីប្រឹក្សា​ជាន់ខ្ពស់​ដ៏​ស្មោះត្រង់ » នោះ ។ អគារឧស្សាហកម្ម​​ដែល​យើង​បាន​ជួប​នា​ព្រឹកព្រលឹម​ថ្ងៃ​អាទិត្យ​នោះ គឺជាអាកាសយាន្តដ្ឋាន​អន្តរជាតិ ហ្វ្រែងហ្វើត ជា​កន្លែង​ដែល​លោក​ជា ប្រធាន​អ្នក​បើកយន្តហោះ​ឲ្យ​អាកាសចរអាល្លឺម៉ង់លូថានសា ។

ខ្ញុំ​អាច​និយាយ​ដោយ​ស្មោះត្រង់​ថា ខ្ញុំ​ពុំ​ធ្លាប់​ស្គាល់​មនុស្ស​ណា​ម្នាក់​ដែល​បន្ទាបខ្លួន ហើយ​ស្មោះត្រង់​យ៉ាង​ខ្លាំង​ក្នុងការអនុវត្ត​នូវ​អ្វី​ដែល​លោក​បាន​ផ្សាយ​ឡើយ ។ ខ្ញុំ​មាន​អំណរគុណ​ដែល​បាន​រៀន​មេរៀន​ដ៏​មាន​តម្លៃអំពី​អត្ថន័យ​ដែល​ថា « លើក​នៅ​កន្លែង​ដែល​អ្នក​ឈរ » ។​

កំណត់​ចំណាំ

  1. ឌៀថើរ អេហ្វ អុជដូហ្វ « Lift Where You Stand » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៥៣ ។

  2. ឌៀថើរ អេហ្វ អុជដូហ្វ « Lift Where You Stand » ទំព័រ ៥៦ ។