ការគិតពិចារណា
បានមើលថែទាំដោយព្រះវរបិតាសួគ៌របស់យើង
ពីមុនឪពុកខ្ញុំឈឺជំងឺបាត់ការចងចាំ គាត់តែងតែមានរឿង ឬ បទចម្រៀងសម្រាប់កូនៗរបស់គាត់ជានិច្ច ។ ខ្ញុំអាចនៅចាំ ពេលគាត់អង្គុយនៅលើកៅអីធំរបស់គាត់ បីប្អូនប្រុសខ្ញុំនៅលើភ្លៅ ខណៈដែលគាត់និយាយរឿងរ៉ាវពីយុវវ័យរបស់គាត់ ដោយសំឡេងស្រទន់ឮពេញបន្ទប់ — គឺជារឿងគ្រប់យ៉ាងអំពីការឃ្វាលគោ ដោយមានសត្វឆ្មាអង្គុយលើស្មាគាត់ រំកិលខ្លួនចុះពីលើថ្មពណ៌ក្រហមនៅទីក្រុង អ៊ីស្កាឡែនតេ រដ្ឋយូថាហ៍ ស.រ.អា. ។ ក្រោយមកនៅពេលប្អូនប្រុសរបស់ខ្ញុំងក់ គាត់បានឈប់និយាយរឿង ហើយគាត់ចាប់ផ្តើមច្រៀងបទក្មេងឃ្វាលគោដដែលៗបំពេរម្តង ៖
បិទភ្នែកគេងទៅ កូនតូចមាសឪពុកអើយ
ព្រះវរបិតាសួគ៌កូនកំពុងមើលថែកូនហើយ ។
កូនដឹងទេ នេះគឺជាពេលត្រូវចូលគេងហើយ ថ្ងៃនេះកន្លងផុតហើយណាកូន ។
ដូច្នេះគេងទៅ កូនតូចមាសឪពុកអើយ ។១
ឥឡូវនេះប្អូនប្រុសរបស់ខ្ញុំក្លាយជាឪពុកគេហើយ ហើយឪពុករបស់ខ្ញុំសម្រាកនៅមន្ទីរពេទ្យទីក្រុង សាន់ឌីអាហ្គូ កាលីហ្វូញ៉ា ស.រ.អា. ។ ទោះបីគាត់ឃើញដើមត្នោតក្តី គាត់គិតថា គាត់គឺជាក្មេងបើកប្រព័ន្ធទឹកស្រោចដំណាំចូលទៅក្នុងថ្នាលពោត ប៉េងបោះ និង សណ្តែកបារាំង ។ ប៉ុន្តែគាត់ពុំមែនជាក្មេងនោះដដែលទេ ។ គាត់កំពុងឈានទៅរកសេចក្តីស្លាប់ហើយ ។
ពីមួយថ្ងៃទៅមួយថ្ងៃ ម្តាយ និង បងប្អូនប្រុសស្រីរបស់ខ្ញុំបានប្រមូលគ្នានៅជុំវិញគ្រែរបស់គាត់ ។ ម្តាយខ្ញុំបានទូរសព្ទមកផ្ទះខ្ញុំនៅតំបន់ភ្នំរដ្ឋយូថាហ៍ ស.រ.អា ។ គាត់ប្រាប់ខ្ញុំថា នៅពេលគាត់បង្ហាញរូបថតចាស់ៗរបស់គ្រួសារដល់ឪពុកខ្ញុំ នោះឪពុកខ្ញុំបានញញឹមទាំងទឹកមុខជ្រីវជ្រួញរបស់គាត់ ។ ជួនកាលឪពុករបស់ខ្ញុំរវើរវាយអំពី ពួកបងប្អូនប្រុសរបស់គាត់ ដែលបានចែកឋានជាយូរណាស់មកហើយ ។ ម្តាយរបស់ខ្ញុំព្យាយាមបញ្ចុកអាហារគាត់ ប៉ុន្តែគាត់បដិសេធមិនបរិភោគឡើយ ។ គាត់ប្រាប់ម្តាយខ្ញុំថា បងប្អូនប្រុសរបស់គាត់ចាប់បានត្រីមួយចំនួន ហើយគាត់ត្រូវទៅមើលថែសេះពីមុនអាហារពេលល្ងាច ។
ដោយសន្សឹមៗ យើងបានស្រុះស្រួលចំពោះចំណេះដឹងដែលថា នៅពេលគាត់ចាកចេញពីជីវិតរមែងស្លាប់នេះទៅ ឪពុករបស់យើងនឹង « បានត្រឡប់ទៅផ្ទះវិញ គឺទៅជួបនឹងព្រះដែលទ្រង់បានប្រទានជីវិតដល់ [ យើង ] … ជាកន្លែងដែល [ គាត់នឹង ] បានសម្រាកពីអស់ទាំងកង្វល់ ពីអស់ទាំងការបារម្ភ និងពីទុក្ខព្រួយ [ របស់គាត់ ] » ( អាលម៉ា ៤០:១១–១២ ) ។
ខ្ញុំបានទូរសព្ទទៅម្តាយរបស់ខ្ញុំ ហើយគាត់បានហុចទូរសព្ទទៅឲ្យឪពុកខ្ញុំ ។ ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ ដោយសារគាត់បានចាប់ផ្តើមច្រៀងបំពេរខ្ញុំ ៖ « បិទភ្នែកគេងទៅ កូនតូចមាសឪពុកអើយ ព្រះវរបិតាសួគ៌កូនកំពុងមើលថែកូនហើយ » ។
ខ្ញុំឆ្ងល់ណាស់ថា តើឪពុកខ្ញុំពិតជាដឹងថាខ្ញុំកំពុងនិយាយជាមួយគាត់ឬទេ ។ គាត់ប្រហែលជាពុំដឹងឡើយ ប៉ុន្តែចម្រៀងនេះក្លាយជាអំណោយមួយដែលរំជួលអារម្មណ៍ខ្ញុំយ៉ាងខ្លាំង ។ ខ្ញុំបានយំដោយអំណរគុណ ដល់សេចក្តីមេត្តាករុណាដ៏ទន់ភ្លន់នេះរបស់ព្រះវរបិតាសួគ៌ និង ដល់ផែនការនៃសេចក្តីសង្គ្រោះរបស់ទ្រង់ ។ មិនយូរប៉ុន្មាន បទចម្រៀងបំពេរនោះបានចប់ ហើយខ្ញុំស្រមៃថា ភ្នែករបស់ឪពុកខ្ញុំបានចាប់ផ្តើមបិទដែរ ។ ឱកាសនោះបានកន្លងផុតទៅ ប៉ុន្តែខ្ញុំរកឃើញសេចក្តីសង្ឃឹមនៅក្នុងការដឹងថា សេចក្តីស្លាប់គឺជាផែនការរបស់ព្រះ ដើម្បីនាំពួកយើងត្រឡប់ទៅផ្ទះទៅរកទ្រង់វិញ ។ ខ្ញុំជឿលើផែនការរបស់ព្រះ និង សេចក្តីស្រឡាញ់របស់ទ្រង់ដល់ពួកយើង កាលយើងចាកចេញពីជីវិតនេះ ។ ខ្ញុំបានខ្សឹបថា « រាត្រីសួស្តី លោកពុក ។ សូមសម្រានចុះ ។ ព្រះវរបិតាសួគ៌របស់យើងកំពុងមើលថែលោកពុកហើយ » ។