គ្រាដំបូងរបស់ខ្ញុំ នៅ ព្រះវិហារបរិសុទ្ធ
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ ខូដូប៉ា ប្រទេស អាហ្សង់ទីន ។
ខ្ញុំចង់ចូលរួមព្រះវិហារបរិសុទ្ធដោយខ្លួនឯងផ្ទាល់ ដោយពុំគ្រាន់តែស្តាប់អំពីបទពិសោធន៍នេះមកពីមនុស្សដទៃឡើយ ។
កាលខ្ញុំអាយុ ១៦ ឆ្នាំ គណៈប្រធានស្តេកបានប្រកាសថា ស្តេករបស់យើងនឹងទៅទស្សនាព្រះវិហារបរិសុទ្ធនៅ ប៊ុយណូហ្សែ ហើយខ្ញុំត្រូវបានអញ្ជើញឲ្យចូលរួម ។ ខ្ញុំបានសន្សំប្រាក់ ហើយខំធ្វើការយ៉ាងខ្លាំងដើម្បីមានភាពសក្តិសមទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
បន្ទាប់ពីខ្ញុំទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធមក ការល្បួងបានវាយប្រហារខ្ញុំគ្រប់ច្រកល្ហក ដោយព្យាយាមទាញខ្ញុំឲ្យបាត់បង់ភាពសក្តិសមនោះ ។ ប៉ុន្តែខ្ញុំមានបំណងដើម្បីចូលព្រះវិហារបរិសុទ្ធ ។ ខ្ញុំពុំគ្រាន់តែចង់ស្តាប់អំពីបទពិសោធន៍ និង ទីបន្ទាល់អំពីវាពីមនុស្សដទៃឡើយ ខ្ញុំចង់មានបទពិសោធន៍ និង ទីបន្ទាល់នោះដោយផ្ទាល់ខ្លួន ។
យប់ថ្ងៃធ្វើដំណើរបានមកដល់ ។ ពីមុនឡើងជិះឡាន ខ្ញុំបានគិតថាមិនចង់ទៅឡើយ ប៉ុន្តែខ្ញុំពុំទោរទន់តាមអារម្មណ៍នោះឡើយ ។ អំឡុងពេលជិះឡានរយៈពេល ១០ ម៉ោងនោះ ខ្ញុំអង្គុយក្បែរសមាជិកសាសនាចក្រម្នាក់ដែលរួសរាយនឹងខ្ញុំណាស់ ។ គាត់មានអាយុខ្ទង់ ៦០ ឆ្នាំ ។ គាត់បានប្រាប់ខ្ញុំអំពីជីវិតរបស់គាត់ ហើយថាគាត់សប្បាយចិត្តខ្លាំងណាស់ ដែលគាត់បានហែលឆ្លងកាត់ការសាកល្បងនានាដែលគាត់បានជួប ។
ខ្ញុំបានចាប់ផ្តើមប្រាប់គាត់អំពីជីវិតរបស់ខ្ញុំ និងរបៀបដែលខ្ញុំមានអារម្មណ៍ឯកោ ព្រោះមនុស្សជាច្រើនបានដកខ្លួនចេញពីខ្ញុំ ដោយសារខ្ញុំបានធ្វើតាមព្រះ ។ គាត់បានប្រាប់ខ្ញុំថា « ព្រះនឹងប្រទានមិត្តភក្តិដ៏ល្អដល់ក្មួយ ហើយមិត្តនោះនឹងគាំទ្រក្មួយជានិច្ច ។ ចូរកុំភ្លេចរឿងនេះឲ្យសោះ » ។ ពេលគាត់និយាយពាក្យទាំងនេះហើយ ខ្ញុំមានអារម្មណ៍ថាស្ងប់ចិត្ត និងមានភាពសុខសាន្ត ដោយសារខ្ញុំមានអារម្មណ៍ថា អ្វីដែលគាត់បានប្រាប់ខ្ញុំគឺជាការពិត ។
ពេលខ្ញុំចូលទៅព្រះវិហារបរិសុទ្ធ ក្តីកង្វល់ដ៏ធំដែលខ្ញុំមាននោះបានរសាយបាត់អស់ទៅ ។ ខ្ញុំទទួលអារម្មណ៍ថា ដូចជាមានការឱបក្រសោបខាងវិញ្ញាណប្រាប់ខ្ញុំថា « ស្វាគមន៍បុត្រាយើងអើយ ។ យើងបានទន្ទឹងរង់ចាំបុត្រ » ។
ខ្ញុំមានអារម្មណ៍ថា ព្រះវិហារបរិសុទ្ធគឺពិតជាដំណាក់របស់ព្រះ ពុំមែនគ្រាន់តែជាអគារដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ។ បន្ទាប់ពីបានធ្វើពិធីបុណ្យជ្រមុជទឹក និង ពីធីបញ្ជាក់មួយចំនួនមក ខ្ញុំបានចេញមកខាងក្រៅព្រះវិហារបរិសុទ្ធវិញ ។ ខ្ញុំទទួលអារម្មណ៍ថា បន្ទុកដែលខ្ញុំមាននោះបានត្រឡប់មករកខ្ញុំវិញ ប៉ុន្តែឥឡូវនេះខ្ញុំមានអារម្មណ៍ថា ខ្ញុំមានកម្លាំងដើម្បីយកឈ្នះលើវា ។
ខ្ញុំដឹងថា ការរៀបចំខ្លួនរបស់យើង ហើយទុកឲ្យអ្វីៗគ្រប់យ៉ាងនៅក្នុងព្រះហស្តរបស់ព្រះ និងការខិតខំឲ្យអស់ពីសមត្ថភាពរបស់យើង ដើម្បីចូលព្រះវិហារបរិសុទ្ធគឺជាអ្វីដែលព្រះរំពឹងចង់បានពីយើង ។ ក្រោយមកព្រះប្រទានពរដល់យើងយ៉ាងបរិបូរ ។