ឆ្នាំ​២០១៧
ការអធិស្ឋាន​ជាមួយ​ស្សារ៉ា
June 2017


ការអធិស្ឋាន​ជាមួយ​ស្សារ៉ា

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ ឃ្វីនស៍ឡិន ប្រទេស អូស្ត្រាលី ។

praying with Zara

នា​ថ្ងៃមួយ​ក្នុង​រដូវ​ក្តៅ រី​សី និង ឆេយ៉េនី បាន​អញ្ជើញ ស្សារ៉ា​មក​លេង​ជាមួយ​គ្នា ។ ម៉ាក់​បាន​ធ្វើ​​អាហារ​សម្រន់ ។ ក្មេងស្រីៗ​អង្គុយញ៉ាំ​អាហារ​នៅ​ឯតុ​បាយ ។

ម៉ាក់​បាន​ចិតស្វាយជា​ចំណិតៗ​ដែល​បាន​បេះមក​ពី​ដើម​ស្វាយ​របស់​ពួកគេ ។ គាត់​បាន​ដាក់​ចំណិត​ផ្លែប៉ោម និង​ទំពាំងបាយ​ជូរ​លើ​ចាន ។ រីសី បាន​មើល​ទៅ​ផ្លែឈើ​ដ៏​ឆ្ងុយឆ្ងាញ់​ទាំងនោះ ។ នាងបាន​ចាំ​ថា​ត្រូវ​អធិស្ឋាន​ពីមុន​ញ៉ាំ​អាហារសម្រន់​របស់​នាង ។ នាង​បាន​សួរស្សារ៉ាថា « តើឯង​​អធិស្ឋាន​នៅ​ផ្ទះ​របស់​ឯង​ដែរ​ឬ​ទេ ? »

« តើ​ការអធិស្ឋាន​ជា​អ្វី​ទៅ ​? » ស្សារ៉ា​បាន​សួរ ។

ឆេយ៉េនី បាន​និយាយ​ថា « គេ​ធ្វើ​ដូចនេះ » ។ នាង​បាន​ឱប​ដៃ ហើយ​ឱន​ក្បាល ។ នាង​បាន​អធិស្ឋាន​ប្រសិទ្ធពរ​អាហារ ។ ពេល​នាង​អធិស្ឋាន​ចប់ នាង​បាន​និយាយ​ថា « យល់​ហើយ​ឬ​នៅ ? គេធ្វើ​បែប​ហ្នឹង ។ ងាយស្រួល​ណាស់ ! »

ស្សារ៉ា​បាន​និយាយ​ថា « យើង​ពុំធ្វើ​បែប​នេះ​នៅ​ផ្ទះ​​របស់​យើង​ឡើយ ។ យើង​​ញ៉ាំវា​តែ​ម្តង » ។

រីសី ពុំធ្លាប់​គិត​អំពីការ មិន​ អធិស្ឋាន​ឡើយ ។ នាង​បាន​និយាយ​ថា « ម៉ាក់ តើ​យើង​អាច​ឈប់​អធិស្ឋាន​បានទេ ? »

ម៉ាក់​បាន​ញញឹម នៅពេល​គាត់​កាន់​កែវ​ទឹកកក​មក​កាន់តុ​បាយ ។ « យើងចូលចិត្ត​ថ្លែង​អំណរគុណ​ចំពោះ​ព្រះវរបិតាសួគ៌​សម្រាប់​​អ្វីៗ​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង ។ យើង​នឹងបន្ត​អធិស្ឋាន​ទៀត ។ ប៉ុន្តែ​វា​មិន​ជា​បញ្ហា​នោះ​ទេ ប្រសិនបើ​មនុស្ស​ផ្សេង​ទៀត​មិន​អធិស្ឋាន​នោះ » ។

រីសី​បាន​ដឹង​ថា ម៉ាក់​និយាយ​ត្រូវ​ ។ នាង មាន ក្តីរីករាយ​ពេល​គ្រួសារ​របស់​នាង​អធិស្ឋាន ។ ប្រហែល​ជា​ការអធិស្ឋាន​ធ្វើ​ឲ្យ​ស្សារ៉ា​រីករាយ​ផងដែរ ។ នាង​បាន​និយា​យ​ទៅ​ស្សារ៉ា​ថា « ឯង​អាច​សាកល្បង​អធិស្ឋាន​បាន » ។ « ការអធិស្ឋាន​ជារឿង​ល្អ​ណាស់ » ។

ឆេយ៉េនី បាន​និយាយ​ថា « ខ្ញុំ​ចូលចិត្ត​ពេល​យើង​អធិស្ឋាន » ។« វាធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍ថា មានស្នាម​ញញឹម​មួយគ្របដណ្តប់​លើពេញ​រូបកាយ​ខ្ញុំ » ។

ស្សារ៉ា​បានញញឹម ។ នាង​បាន​និយាយ ដោយ​​ញ៉ាំស្វាយ​មួយ​ចំណិត​ផងដែរ​ថា « ខ្ញុំ​ប្រហែល​ជា​សាកល្បង​ធ្វើ​វា » ។

រី​សី និង ឆេយ៉េនី សប្បាយ​ចិត្ត​ ដោយសារ​ពួកគេ​អាច​ប្រាប់​មិត្តភក្តិ​របស់​ខ្លួន​អំពី​ការអធិស្ឋាន ។ ពួកគេ​ទាំងអស់​គ្នា​បាន​ញ៉ាំ​អាហារ​សម្រន់​ទាំងអស់ ហើយ​រត់ទៅ​លេង​ធ្លា​ខាង​ក្រោយ​ផ្ទះ ។