ឆ្នាំ​២០១៧
ការសម្អាត​ព្រះវិហារ និង ការ​បង្រៀន​ដំណឹងល្អ
June 2017


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ការសម្អាត​ព្រះវិហារ និង ការ​បង្រៀន​ដំណឹងល្អ

cleaning the church building

រចនា​រូបភាពដោយ អេលែន ហ្គានស៍

នៅ​រសៀល​ថ្ងៃ​សៅរ៍​មួយ ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជាស្រេច​ទៅ​ឆ្នេរ​សមុទ្រ ជាមួយ​គ្រួសារ​របស់​ខ្ញុំ ។ ពួកគេ​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង អាម៉ាស្សូណាស មក​ទីក្រុង ឡា ហ្គៀរ៉ា ដើម្បី​សម្រាក​លំហែ​ពីរបីថ្ងៃ​ជាមួយ​ខ្ញុំ ។ ព្រះអាទិត្យ​រះ​ចិញ្ចែងចិញ្ចាច ខ្យល់​ជំនោរ​សមុទ្រ​មាន​សភាព​ល្អប្រពៃ ហើយ​ខ្ញុំ​មាន​ចិត្ត​រីករាយ​ដោយ​ឃើញ​ក្តី​រំភើប​របស់​បងប្អូន​ស្រី​របស់​ខ្ញុំ ។

នៅពេល​យើង​ធ្វើ​ដំណើរ​តាមផ្លូវ ខ្ញុំ​បាន​ចាំ​ថា ខ្ញុំ​ទទួល​ខុសត្រូវ​សម្អាត​អគារ​ព្រះវិហារ​នៅ​ថ្ងៃ​នោះ ។ ឥឡូវ​ខ្ញុំ​ត្រូវ​ធ្វើ​ការសម្រេច​ចិត្ត ៖ តើខ្ញុំ​ត្រូវ​បំពេញ​ការទទួល​ខុស​ត្រូវ​របស់​ខ្ញុំ ឬ​ខ្ញុំ​បន្ត​ទៅ​ឆ្នេរ​សមុទ្រ ជាមួយ​គ្រួសារ​របស់​ខ្ញុំ ? ខ្ញុំ​បាន​សម្រេច​ចិត្ត​ពិភាក្សា​រឿង​នោះ​ជាមួយ​ម្តាយ និង បងប្អូន​ស្រី​របស់​ខ្ញុំ ។ ពួកគាត់​ពុំ​ធ្លាប់​ទៅ​ព្រះវិហារ អិល.ឌី.អេស ឡើយ ប៉ុន្តែ​ពួកគេ​មានចិត្ត​ត្រេកអរ​យ៉ាង​ខ្លាំង​ដើម្បី​ជួយ​សម្អាត​ខ្ញុំ ដរាប​ណា​យើង​ទៅ​ឆ្នេរ​សមុទ្រ​ភ្លាម​បន្ទាប់​ពី​យើង​សម្អាត​ព្រះវិហារ​រួច ។

ពេល​យើង​ចូល​ទៅក្នុង​អគារ​ព្រះវិហារ ខ្ញុំ​បាន​ពន្យល់​អំពី​កិច្ចការ​ដែល​ត្រូវ​ធ្វើ និង របៀប​ដែល​ត្រូវ​ធ្វើ​វា ។ អ្វី​ដែល​ពួកយើង​គិត​នោះ​គឺ​ថា​ វា​ជា​ការសម្អាតតែ​មួយ​ភ្លែត​នោះ បាន​ក្លាយ​ទៅ​ជាការ​ចំណាយ​ពេល​បួនម៉ោង ដោយសារ​ពួកគេ​ចាប់​អារម្មណ៍​ជាខ្លាំង ! ខ្ញុំ​បាន​បង្ហាញ​បន្ទប់​នីមួយ​ដល់​គ្រួសារ​ខ្ញុំ បង្ហាញ​រូបគំនូរ និង អាងជ្រមុជ​ទឹក ។ ដួងចិត្ត​របស់​ខ្ញុំ​ពោរពេញ​ដោយ​ក្តីអំណរ​ដ៏​ធំ ។ ខ្ញុំ​ស្ទើរតែ​ពុំជឿ​សោះ​ថា គ្រួសារ​ខ្ញុំ​ជួយ​ខ្ញុំ​ធ្វើកិច្ចការ​ដែល​សំខាន់​បំផុត​សម្រាប់​ខ្ញុំ ។ អំឡុងពេល​ពួកយើង​នៅ​ទីនោះ ថាលីអា និង ហ្គីណេស្កា បងប្អូនស្រី​វ័យ​ជំទង់​របស់​ខ្ញុំ បាន​រៀន​ទំនុកតម្កើង​មួយ​ចំនួន ហើយ​បាន​សួរ​ខ្ញុំ​អំពី​សាសនាចក្រ ។

ថ្ងៃអាទិត្យ​មួយ​គ្រួសារ​ខ្ញុំ​បាន​ចូលរួម​ព្រះវិហារ​ជា​លើក​ដំបូង ។ ពួកគាត់​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅក្នុង​វួដ ។ យុវនារី​បាន​ស្វាគមន៍​បងប្អូនស្រី​របស់​ខ្ញុំ ។ ស៊ិស្ទើរ អ្នកផ្សព្វផ្សាយសាសនា បាន​ជួប​ពួកគេ ហើយ​ណាត់​ជួប​ពួកគេ​នៅ​ថ្ងៃ​បន្ទាប់ ។ យើង​បាន​ធ្វើ​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ហើយ​ខ្ញុំ​បាន​បង្រៀន​ពួកគេ​អំពី​របៀប​អធិស្ឋាន ។ យើង​អធិស្ឋាន​ជាមួយ​គ្នា​ជា​ញឹកញាប់ ។ យើង​ក៏​បាន​ស្តាប់​ទំនុកតម្កើង ហើយ​មើល​វីដេអូ​របស់​សាសនាចក្រ ។

ពីមុនពេល​គ្រួសារ​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះវិញ ខ្ញុំ​បាន​យក​បងប្អូន​ស្រី​របស់​ខ្ញុំ​ទៅ ខារ៉ាខាស ដើម្បី​មើល​ព្រះវិហារ​បរិសុទ្ធ និង បរិវេណ​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​ខ្ញុំ​អំពី​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​សាសនាចក្រ ពេល​ពួកគេ​ត្រឡប់​ទៅ​ទីក្រុង អាម៉ាស្សូណាស់​វិញ ។

ពេល​ពួកគេ​ចាកចេញ​ទៅ​ផ្ទះ​វិញ ខ្ញុំ​បាន​ទាក់ទង​ទៅ​អ្នកផ្សព្វផ្សាយ​សាសនា​នៅក្នុង​តំបន់​របស់​ពួកគេ ។ អ្នកផ្សព្វផ្សាយសាសនា និង សមាជិក​នៃ​ក្រុមប្រឹក្សា​វួដ បាន​ជួប​គ្រួសារ​របស់​ខ្ញុំ ហើយ​ជួយ​ពួកគេ​ឆ្ពោះទៅ​រកការប្រែចិត្ត​ជឿ ។ បងប្អូនស្រី​របស់​ខ្ញុំ​បាន​អធិស្ឋាន​ជាញឹកញាប់ សូម​ឲ្យ​ឪពុក​របស់​ពួកយើង​អនុញ្ញាត​ឲ្យ​ពួកគេ​ជ្រមុជទឹក ។

ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង អាម៉ាស្សូណាស់ ដោយ​អំណរគុណ និង ក្តីរីករាយដ៏មហិមា ដើម្បី​ជ្រមុជទឹក ថាលីអានិង ហ្គីណេស្កា ។ ពន្លឺ​នៅក្នុង​កែវភ្នែក​របស់​ពួកគេ​បាន​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តីសង្ឃឹម និង អំណរគុណ​ពួកគេ​ចំពោះ​ព្រះវរបិតាសួគ៌ ក្នុងការដឹកនាំ​ពួកគេ​មក​កាន់​ដំណឹង​ល្អ ។ តាមរយៈ​ការបំពេញ​ការចាត់តាំង​ឲ្យ​សម្អាត​ព្រះវិហារ នោះ​គ្រួសារ​របស់ខ្ញុំ​បាន​ជិតស្និទ្ធ​នឹង​គ្នា​ខ្លាំង​ឡើង និង​ត្រូវបាន​ពង្រឹង ។ ខ្ញុំ​នឹង​ពុំភ្លេច​បទពិសោធន៍​នេះ​ឡើយ ហើយ​ខ្ញុំ​ដឹង​ថា​បងប្អូន​ស្រី​របស់​ខ្ញុំ​ក៏​ដូច​គ្នា​ផងដែរ ។