តួនាទីសំខាន់ជាសកលរបស់សាសនា
អែលឌើរ អូក ថ្លែងសុន្ទរកថានេះនៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៦ នៅសាកលវិទ្យាល័យ អកហ្វើត ក្នុងប្រទេសអង់គ្លេស អំឡុងសន្និសីទស្តីពីសេរីភាពខាងសាសនា ។
យើងពុំអាចបាត់បង់ឥទ្ធិពលសាសនានៅក្នុងជីវិតជាសាធារណៈរបស់យើង ដែលមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សេរីភាពទាំងអស់របស់យើងឡើយ ។
អស់រយៈពេលជាង ៣០ ឆ្នាំមកហើយខ្ញុំគឺជាសាវកម្នាក់នៃសាវកទាំងដប់ពីរនាក់របស់ព្រះយេស៊ូវគ្រីស្ទ ។ ដូចបានណែនាំដោយគណៈប្រធានទីមួយរបស់យើង យើងគ្រប់គ្រងលើសមាជិកសាសនាចក្រទូទាំងពិភពលោកជិត ១៦ លាននាក់នៅក្នុងក្រុមជំនុំជាង ៣០,០០០ ក្រុមជំនុំ ។ យើងបង្រៀន និង ថ្លែងទីបន្ទាល់អំពីភាពជាព្រះរបស់ព្រះយេស៊ូវគ្រីស្ទ និងបព្វជិតភាពរបស់ទ្រង់ ព្រមទាំងភាពពេញលេញនៃគោលលទ្ធិរបស់ទ្រង់ ។ ភាពពិសេសនៃគោលលទ្ធិរបស់យើងគឺជាចំណេះដឹងដែលថា ព្រះបន្តហៅព្យាការី និង សាវកដើម្បីទទួលវិវរណៈ ហើយបង្រៀនអំពីរបៀបអនុវត្តព្រះបញ្ញត្តិរបស់ទ្រង់ នៅក្នុងស្ថានភាពនានានៃជីវិតរបស់យើង ។
១. សារៈសំខាន់នៃសាសនាជាសកល
សេរីភាពខាងសាសនាគឺជាចំណាប់អារម្មណ៍ដ៏យូរអង្វែងនៃជីវិតខ្ញុំ ។ ការបោះពុម្ពផ្សាយដំបូងរបស់ខ្ញុំ ក្នុងនាមជាសាស្ត្រាចារ្យផ្នែកច្បាប់វ័យក្មេងនៅសាកលវិទ្យាល័យឈីហ្គាហ្គោ កាលពី ៥៤ ឆ្នាំមុន គឺជាសៀវភៅមួយដែលខ្ញុំបានកែសម្រួលស្តីពីទំនាក់ទំនងរវាងសាសនាចក្រ និង រដ្ឋនៅក្នុងសហរដ្ឋ ។១
សព្វថ្ងៃនេះ វាប្រសើរជាងកាលពីខ្ញុំនៅក្មេង ដោយសារបច្ចុប្បន្ននេះគ្មានពួកយើងណាម្នាក់អាចព្រងើយកន្តើយនឹងសារៈសំខាន់នៃសាសនាជាសកលបានឡើយ — ទាំងក្នុងនយោបាយ ដំណោះស្រាយវិវាទ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ជំនួយមនុស្សធម៌ និង អ្វីៗជាច្រើនផ្សេងទៀត ។ ប៉ែតសិបបួនភាគរយនៃប្រជាជនទូទាំងពិភពលោកបង្ហាញគំនិតខ្លួនអំពីសាសនាជាក់លាក់មួយ២ ប៉ុន្តែ ៧៧ ភាគរយនៃប្រជាជនទូទាំងពិភពលោក រស់នៅក្នុងប្រទេសនានាដែលមានការរឹតត្បិតខ្លាំង ឬ យ៉ាងខ្លាំងអំពីសេរីភាពខាងសាសនា ។៣ ការយល់ដឹងអំពីសាសនា និង ទំនាក់ទំនងរបស់សាសនាទៅនឹងកង្វល់ជាសកល និង រដ្ឋាភិបាលគឺជាកត្តាចាំបាច់ក្នុងការស្វែងរក ការកែលម្អពិភពលោកដែលយើងរស់នៅ ។
ទោះបីជាសេរីភាពខាងសាសនាពុំត្រូវបានគេដឹងឮនៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក ហើយមានការគំរាមកំហែងពីពួកនិយមខាងលោកិយ និង ពួកជ្រុលនិយមនៃពិភពលោកនេះក្តី ខ្ញុំសូមនិយាយអំពីឧត្តមគិតនៃសេរីភាពនានា ដែលសាសនាព្យាយាមការពារគឺជាសេរីភាព ដែលព្រះបានប្រទានមក ហើយមានជាប់ពីកំណើត ប៉ុន្តែត្រូវបានប្រតិបត្តិតាមរយៈទំនាក់ទំនងរួបរួមគ្នាជាមួយនឹង រដ្ឋាភិបាលដែលស្វែងរកសុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់របស់ខ្លួន ។
ហេតុដូច្នេះហើយ រដ្ឋាភិបាលគួរតែការពារសេរីភាពខាងសាសនាដល់ប្រជាពលរដ្ឋរបស់ខ្លួន ។ ដូចបានចែងនៅក្នុងមាត្រាទី ១៨ នៃសេចក្តីប្រកាសអំពីសិទ្ធិមនុស្សជាសកល ដ៏មានឥទ្ធិពលរបស់អង្គការសហប្រជាជាតិថា « មនុស្សគ្រប់រូបមានសិទ្ធិ សេរីភាពក្នុងការគិតក្នុងសតិសម្បជញ្ញៈ និង ក្នុងសាសនា សិទ្ធិទាំងនេះរួមមាន សេរីភាពក្នុងការផ្លាស់ប្តូរសាសនា ឬ ជំនឿរបស់ខ្លួន និង សេរីភាពដើម្បីបង្ហាញអំពីសាសនា ឬ ជំនឿរបស់ខ្លួនតាមរយៈការបង្រៀន ការអនុវត្ត ការថ្វាយបង្គំ ឬ ការប្រតិបត្តិតាម ទោះបីជានៅតែម្នាក់ឯង ឬ នៅក្នុងសហគមន៍ជាមួយអ្នកដទៃទៀត និង នៅក្នុងទីសាធារណៈ ឬ ក្នុងទីសម្ងាត់ក្តី » ។៤
ការទទួលខុសត្រូវរួមរបស់សាសនា គឺដើម្បីប្រតិបត្តិតាមក្រឹត្យវិន័យ និង គោរពវប្បធម៌របស់ប្រទេសដែលការពារសេរីភាពរបស់សាសនា តាមរយៈអ្នកគោរពសាសនានោះ ។ នៅពេលសេរីភាពខាងសាសនាត្រូវបានការពារ ការឆ្លើយតបបែបនោះគឺជាបំណុលនៃការដឹងគុណដ៏រីករាយ ដែលត្រូវបង់ថ្លៃ ។
ប្រសិនបើមានការទទួលយក និង ការអនុវត្តដូចគ្នាទាំងអស់នូវគោលការណ៍ទូទៅទាំងនេះ នោះនឹងគ្មានតម្រូវការឲ្យពិភាក្សាអំពីសេរីភាពខាងសាសនាឡើយ ។ ប៉ុន្តែដូចពួកយើងទាំងអស់គ្នាបានដឹងហើយថា ពិភពលោកយើងនេះពោរពេញទៅដោយជម្លោះអំពីគោលការណ៍ទូទៅទាំងនេះ ។ ឧទាហរណ៍ ឥឡូវនេះសំឡេងនៃមនុស្សល្បីល្បាញនានាកំពុងជជែកតតាំងនឹងគំនិតនៃការការពារដល់សាសនា ។ មានសៀវភៅបែបនោះដែលមានចំណងជើងថា Freedom from Religion ( សេរីភាពមកពីសាសនា ) និង សៀវភៅមួយក្បាលទៀតមានចំណងជើងថា Why Tolerate Religion ? ( ហេតុអ្វីប្រព្រឹត្តតាមសាសនា ? )៥
មនុស្សផ្សេងទៀតព្យាយាមបោះបង់សាសនា និង អ្នកមានជំនឿ ដូចជាការដាក់កំណត់លើសេរីភាពខាងសាសនាលើការបង្រៀននៅក្នុងព្រះវិហារ សាលាប្រជុំ និង វិហារអ៊ីស្លាម ដោយបដិសេធនូវការអនុវត្តរបស់ជំនឿសាសនានៅក្នុងទីសាធារណៈ ។ ប្រាកដណាស់ ការប៉ុនប៉ងធ្វើបែបនេះ រំលោភបំពានទៅលើកិច្ចសន្យានៃការប្រកាសជាសកលស្តីអំពីសិទ្ធិ ដើម្បីបង្ហាញសាសនា ឬ ជំនឿ « នៅក្នុងទីសាធារណៈ ឬ ក្នុងទីសម្ងាត់ក្តី » ។ ការអនុវត្តដោយសេរីរបស់សាសនា ត្រូវតែអនុវត្តផងដែរ នៅពេលអ្នកជឿធ្វើសកម្មភាពជាសហគមន៍ ដូចជាកិច្ចខិតខំរបស់ពួកគេក្នុងការអប់រំ វេជ្ជសាស្ត្រ និង វប្បធម៌ ។
២. តម្លៃសង្គមរបស់សាសនា
ជំនឿ និង ការអនុវត្តនានារបស់សាសនាក៏ត្រូវបានរិះគន់ថា ជារឿងគ្មានវិចារណញ្ញាណ និង ផ្ទុយពីគោលដៅសំខាន់របស់រដ្ឋាភិបាល និង សង្គម ។ ប្រាកដណាស់ ខ្ញុំជឿថាសាសនាគឺមានតម្លៃយ៉ាងពិសេសសម្រាប់សង្គម ។ ដូចអ្នកបដិសេធព្រះម្នាក់បានសារភាពនៅក្នុងសៀវភៅនាពេលថ្មីៗនេះថា « មនុស្សម្នាក់ពុំចាំបាច់ធ្វើជាអ្នកជឿលើសាសនា ដើម្បីចាប់បានគុណតម្លៃខ្លឹមនៃអរិយធម៌ពួកលោកខាងលិច ដែលផ្តោតទៅលើសាសនា ហើយមានការខ្វល់ខ្វាយថា ការបាត់បង់ការគោរពប្រតិបត្តិតាមសាសនានោះបន្ទាបបន្ថោកដល់គុណតម្លៃទាំងនោះឡើយ » ។៦ « គុណតម្លៃខ្លឹម » មួយនៃគុណតម្លៃទាំងនោះ គឺជាគំនិតស្តីពីភាពថ្លៃថ្នូរ និង តម្លៃរបស់មនុស្សដែលមានតាំងពីកំណើត ។
នេះគឺជាឧទាហរណ៍ប្រាំពីរផ្សេងទៀត អំពីតម្លៃសង្គមរបស់សាសនា ៖
១. ការលូតលាស់ខាងសីលធម៌ដ៏សំខាន់បំផុតជាច្រើន នៅក្នុងអរិយធម៌លោកខាងលិច ត្រូវបានជំរុញចិត្តដោយគោលការណ៍ទាំងឡាយខាងសាសនា ហើយបានទាក់ទាញនូវការទទួលយកជាផ្លូវការដោយការផ្សាយនៅលើវេទិកា ។ ដូច្នេះវារួមមាននូវការលុបចោលនូវការដោះដូរទាសករនៅចក្រភពអង់គ្លេស និង សេចក្ដីប្រកាសផ្ដល់សេរីភាពដល់ទាសករនៅក្នុងសហរដ្ឋ និង ចលនាសិទ្ធិស៊ីវិលកាលពីពាក់កណ្តាលសតវត្សរ៍ចុងក្រោយ ។ ពួកនិយមសីលធម៌ខាងលោកិយពុំជំរុញឲ្យមាន និង ផ្លាស់ប្តូរការរីកចម្រើនទាំងនេះទេ ប៉ុន្តែត្រូវបានជំរុញដោយមនុស្សមានការយល់ដឹងច្បាស់លាស់អំពីសិទ្ធិនៃសីលធម៌ខាងសាសនាវិញ ។
២. នៅសហរដ្ឋ វិស័យឯកជនដ៏ធំសម្បើមនៃកិច្ចការសប្បុរសធម៌របស់យើងដូចជា — ការអប់រំ មន្ទីរពេទ្យ ការមើលថែជនទ័លក្រ និង អង្គការសប្បុរសធម៌ដែលមានគុណតម្លៃមហិមា រាប់មិនអស់ផ្សេងទៀត — បានចាប់កំណើតឡើង និង កំពុងត្រូវបានទទួលការឧបត្ថម្ភយ៉ាងច្រើនពីសំណាក់អង្គការសាសនា និង ការខិតខំរបស់សាសនា ។
៣. សង្គមពួកលោកខាងលិច មិនត្រូវបានទ្រទ្រង់ជាចម្បងដោយការអនុវត្តច្បាប់ទាំងស្រុងដោយមិនបានការនោះទេ ប៉ុន្តែសំខាន់បំផុតគឺត្រូវបានទ្រទ្រង់ដោយប្រជាពលរដ្ឋដែលស្ម័គ្រចិត្តគោរពតាមអ្វីដែលមិនបង្ខិតបង្ខំ ព្រោះតែបទដ្ឋាននៃឥរិយាបថត្រឹមត្រូវដែលមាននៅខាងក្នុងខ្លួនរបស់ពួកគេ ។ សម្រាប់មនុស្សជាច្រើន ជំនឿសាសនាគឺជាការជឿលើភាពត្រឹមត្រូវ និង ការខុសឆ្គង និង ការទទួលខុសត្រូវទុកជាមុន ដល់អំណាចដែលខ្ពស់ជាងខ្លួន ដែលបង្កើតឲ្យមាននូវការគ្រប់គ្រងខ្លួនឯងដោយស្ម័គ្រចិត្ត ។ ប្រាកដណាស់ គុណតម្លៃសាសនា និង ភាពជាក់ស្តែងនៃនយោបាយមានទំនាក់ទំនងគ្នាទៅវិញទៅមកយ៉ាងរឹងមាំទៅនឹងប្រភព និង និរន្តកម្មនៃប្រជាជាតិពួកលោកខាងលិច ដែលយើងពុំអាចបាត់បង់ឥទ្ធិពលសាសនានៅក្នុងជីវិតជាសាធារណៈរបស់យើង ដោយមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សេរីភាពទាំងអស់របស់យើងឡើយ ។
៤. ជាមួយនឹងដៃគូឯកជនស្មើភាពគ្នា អង្គការសាសនានានាធ្វើជាស្ថាប័នសម្របសម្រួម ដើម្បីជះឥទ្ធិពល និង កំណត់អំណាចបៀតបៀនរបស់រដ្ឋាភិបាល ទៅលើបុគ្គល និង អង្គការឯកជននានា ។
៥. សាសនាបំផុសគំនិតអ្នកជឿជាច្រើន ឲ្យផ្តល់ការបម្រើដល់មនុស្សដទៃ សរុបមកវាផ្តល់អត្ថប្រយោជន៍ដ៏ធំធេងដល់សហគមន៍ និង ប្រទេសជាតិ ។
៦. សាសនាពង្រឹងលក្ខខណ្ឌនានារបស់សង្គម ។ ដូច រ៉ាប៊ី ចនណាថាន់ សាក បានបង្រៀន ៖ « [ សាសនា ] បន្តធ្វើជាអ្នកស្ថាបនាសហគមន៍ដ៏មានឥទ្ធិពលខ្លាំងបំផុត ដែលពិភពលោកធ្លាប់ស្គាល់ ។ … សាសនាគឺជាថ្នាំបន្សាបដ៏ស័ក្តិសិទ្ធបំផុតសម្រាប់ពួកបុគ្គលនិយមនាសម័យនេះ ។ គំនិតដែលថា សង្គមអាចធ្វើអ្វីផ្សេងៗដោយគ្មានសាសនានោះ វាផ្ទុយទៅនឹងអ្វីដែលបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រ » ។៧
៧. ចុងក្រោយបំផុត ក្លេតុន អិម គ្រីស្ទស្ទីនសិន ជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានចាត់ទុកថាជា « មេគំនិត » ទូទាំងពិភពលោក ស្តីពីការគ្រប់គ្រងពាណិជ្ជកម្ម និង ការបង្កើតថ្មី៨ បានសរសេរថា « សាសនាគឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និង ភាពចម្រុងចម្រើន » ។៩ មានភាពវិជ្ជមានជាច្រើនទៀត ដែលអាចនិយាយបានអំពីតួនាទីរបស់សាសនានៅក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ។
ខ្ញុំជឿថាការបង្រៀនរបស់សាសនា និង សកម្មភាពជំរុញខាងសាសនារបស់ពួកអ្នកជឿ មានភាពចាំបាច់ក្នុងការធ្វើឲ្យសង្គមមានសេរីភាព និង រីកចម្រើន ព្រមទាំងបន្តទទួលបានការការពារផ្នែកច្បាប់យ៉ាងពិសេស ។
៣. ការទទួលខុសត្រូវរួមរបស់សាសនា
មកដល់ត្រឹមនេះ ខ្ញុំគ្រាន់តែបាននិយាយអំពីការទទួលខុសត្រូវរបស់រដ្ឋាភិបាលដល់អ្នកមានជំនឿ និង អង្គការសាសនាប៉ុណ្ណោះ ។ ឥឡូវនេះខ្ញុំត្រឡប់ទៅនិយាយអំពីការទទួលខុសត្រូវរួមគ្នាដែលសាសនា និង អ្នកជឿជំពាក់ដល់រដ្ឋាភិបាលរបស់ពួកគេវិញ ។
ជាក់ស្តែងរដ្ឋាភិបាលមានសិទ្ធិរំពឹងចង់បានការគោរពប្រតិបត្តិច្បាប់ និង គោរពវប្បធម៌ពីអស់អ្នកដែលរីករាយដល់ការការពារពួកគេ ។ រដ្ឋាភិបាលមានចំណាប់អារម្មណ៍សំខាន់មួយក្នុងការថែរក្សាសុខសុវត្ថិភាពដល់ព្រំដែននៃប្រទេសជាតិខ្លួន និង ការការពារដល់សុខភាព និង សុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួន ។ ប្រាកដណាស់ រដ្ឋាភិបាលមានសិទ្ធិទទូចឲ្យអង្គការទាំងអស់ រួមទាំងសាសនានានា បញ្ឈប់ការបង្រៀនអំពីការស្អប់ខ្ពើមគ្នា និង បញ្ឈប់ពីសកម្មភាពនានា ដែលអាចនាំឲ្យកើតមានអំពើហិង្សា ឬ បទឧក្រិដ្ឋផ្សេងទៀតដល់អ្នកដទៃ ។ គ្មានប្រទេសណាមួយគួរតែផ្តល់ទីបរិសុទ្ធ ដល់អង្គការនានា ដែលជំរុញឲ្យមានអំពើភាវរកម្មឡើយ ។ សេរីភាពខាងសាសនាពុំមែនជារនាំងដល់អំណាចរបស់រដ្ឋាភិបាល នៅក្នុងកាលៈទេសៈណាមួយឡើយ ។
សព្វថ្ងៃនេះមុខងាររួមរបស់សាសនា និង រដ្ឋាភិបាលកំពុងត្រូវបានប្រឈមមុខយ៉ាងខ្លាំងនៅក្នុងទ្វីបអើរ៉ុប ។ ការកើនឡើងយ៉ាងខ្លាំងនៃចំនួនជនភៀសខ្លួន ដែលភាគច្រើនជាសាសនា និង វប្បធម៌អ៊ីស្លាម ទៅក្នុងប្រទេសនានា ដែលមានវប្បធម៌ផ្សេងគ្នា ព្រមទាំងសាសនាផ្សេងគ្នា ជាក់ស្តែងបង្កើតឲ្យមានបញ្ហាធ្ងន់ធ្ងរខាងនយោបាយ វប្បធម៌ សង្គម ហិរញ្ញវត្ថុ និង សាសនា ។
តើសាសនា និង អង្គការសាសនានានា អាចចូលរួមចំណែកបែបណាខ្លះ ដើម្បីជួយជនភៀសខ្លួន និង ប្រទេសដែលបានទទួលពួកគេ — ក្នុងរយៈពេលខ្លី និង រយៈពេលវែង ? យើងដឹងថា អ្នកមានវិជ្ជាជីវៈមួយចំនួនពុំជឿអំពីតួនាទីរបស់ អង្គការសាសនានៅក្នុងបញ្ហាទាំងនេះទេ អ្នកខ្លះថែមទាំងគិតថា សាសនាគឺជាឥទ្ធិពលដែលអុកឡុករំខានទៅវិញ ។ ខ្ញុំនឹងព្យាយាម មិនបញ្ចេញយោបល់ផ្ទុយដោយផ្អែកទៅលើការពិត ដែលខ្ញុំពុំដឹងនោះឡើយ ។ ខ្ញុំនឹងចែកចាយតែគោលនយោបាយ និង បទពិសោធន៍នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលខ្ញុំជឿ នឹងបង្ហាញអំពីឥទ្ធិពលវិជ្ជមានថា អង្គការសាសនាអាច ហើយគួរតែមានការរួមចំណែក ក្នុងរយៈពេលខ្លី និង រយៈពេលវែង ។
ពួកយើងដែលគេស្គាល់ថាជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ឬ ពួកមរមន ធ្វើតាមការបង្រៀនរបស់ព្រះគ្រីស្ទថា យើងគប្បីផ្តល់អាហារដល់អ្នកស្រេកឃ្លាន និង ផ្តល់ជម្រកដល់អ្នកដទៃ ( សូមមើល ម៉ាថាយ ២៥:៣៥ ) ។ ពួកយើងត្រូវបានដឹកនាំដោយវិវរណៈសម័យទំនើបនេះ ចេញពីប្រភពដូចគ្នាឲ្យ « ចូរនឹកចាំក្នុងគ្រប់ការណ៍ទាំងអស់ពីមនុស្សទ័លក្រ និងមនុស្សកម្សត់ទុរគត និងពីមនុស្សឈឺ និងមនុស្សមានទុក្ខវេទនា ដ្បិតអ្នកណាដែលមិនធ្វើការទាំងនេះទេ អ្នកនោះឈ្មោះថាមិនមែនជាសិស្សរបស់យើងឡើយ » ( គ. និង ស. ៥២:៤០ ) ។
ការខ្វាយខ្វល់ដល់ជនក្រីក្រ និង អ្នកខ្វះខាតពុំមែនជារឿងជម្រើស ឬ ជាកិច្ចការបន្ទាប់បន្សំនៅក្នុងសាសនាចក្ររបស់យើងទេ ។ យើងធ្វើកិច្ចការនេះទូទាំងពិភពលោក ។ ឧទាហរណ៍កាលពីឆ្នាំ ២០១៥ យើងបានឆ្លើយតបទៅនឹងគម្រោងអាសន្នចំនួន ១៧៧ នៅក្នុង ៥៦ ប្រទេស ។ ក្រៅពីនោះ យើងមានគម្រោងរាប់រយទៀត ដែលបានជួយមនុស្សជាងមួយលាននាក់ នៅក្នុងការផ្តល់ជំនួយចំនួនប្រាំពីរផ្នែកផ្សេងៗគ្នា ដូចជាការផ្តល់ទឹកស្អាត ការចាក់ថ្នាំបង្ការ និង ការព្យាបាលជំងឺភ្នែក ។ ជាង ៣០ ឆ្នាំមកហើយ ការចំណាយដ៏ច្រើនលើកិច្ចការទាំងនេះ មានជាមធ្យមប្រហែលជា ៤០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ។
យើងចៀសវាងពីការប្រឆាំងមួយ ដល់អង្គការដែលផ្តោតទៅលើសេចក្តីជំនឿ ដោយការញែកការបម្រើផ្នែកមនុស្សធម៌របស់យើងដាច់ចេញពី កិច្ចការផ្សព្វផ្សាយសាសនារបស់យើងទូទាំងពិភពលោក ។ ជំនួយសប្បុរសធម៌របស់យើងត្រូវបានផ្តល់ឲ្យគេ ដោយមិនគិតពីទំនាក់ទំនងសាសនាឡើយ ដោយសារយើងចង់ឲ្យកិច្ចការផ្សព្វផ្សាយសាសនា ត្រូវបានទទួល និងចាត់ទុកថា វាគ្មានជះឥទ្ធិពលមកពីការបង្ខំ ឬ មកពីអាហារ ឬ សំណូកសូកប៉ាន់ផ្សេងៗទៀតឡើយ ។
៤. តើព្រះវិហារសាសនាអាចធ្វើអ្វីខ្លះ ?
តើអង្គការក្នុងព្រះវិហារអាចធ្វើអ្វីខ្លះ បន្ថែមទៅលើអ្វីដែលអង្គការសហប្រជាជាតិ ឬ ប្រទេសនីមួយៗអាចធ្វើបាននោះ ? ជាថ្មីម្តងទៀត ខ្ញុំនិយាយអំពីបទពិសោធន៍ផ្ទាល់របស់សាសនាចក្រយើង ។ ដោយសារសមាជិកភាពរបស់យើងមាន — ពាក់កណ្ដាលនៅក្នុងសហរដ្ឋ និង ពាក់កណ្ដាលទៀតនៅកន្លែងផ្សេងទៀត — វាហាក់បីដូចជាចំនួនតិចតួចក្នុងការជួយ ប៉ុន្តែយើងមានគុណសម្បត្តិអស្ចារ្យចំនួនបីដែលពង្រីកឥទ្ធិពលរបស់យើង ។
ទីមួយ ការបម្រើដែលជាប្រពៃណីរបស់សមាជិកភាពរបស់យើង ផ្តល់ជាធនធាននៃអ្នកស្ម័គ្រចិត្ត ដែលមានការតាំងចិត្ត និង បទពិសោធន៍ដល់យើង ។ ដើម្បីបកស្រាយវាទៅជាចំនួនលេខ នោះកាលឆ្នាំ ២០១៥ អ្នកស្ម័គ្រចិត្តរបស់យើង បានបរិច្ចាគអស់ជាង ២៥ លានម៉ោងក្នុងកិច្ចការសុខុមាលភាព មនុស្សធម៌ និង គម្រោងផ្សេងទៀតដែលឧបត្ថម្ភដោយសាសនាចក្រ១០ នេះមិនរាប់បញ្ចូលទាំងអ្វីដែលសមាជិកយើងបានធ្វើរៀងៗខ្លួនផង ។
ទីពីរ តាមរយៈការបរិច្ចាគហិរញ្ញវត្ថុរបស់សមាជិកយើងដល់បុព្វហេតុនៃមនុស្សធម៌ នោះយើងអាចផ្តល់មូលនិធិផ្ទាល់ខ្លួនរបស់យើង ។ ដោយសារយើងមានសមត្ថភាពដើម្បី ដំណើរការឯករាជ្យលើរចនាសម្ព័ន្ធការិយាល័យ និង ប្រាក់បម្រុងទុក នោះ យើងក៏ខ្នះខ្នែងសម្របសម្រួលកិច្ចខិតខំរបស់យើងផងដែរ ជាមួយរដ្ឋាភិបាលនីមួយៗ និងជាមួយភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីឲ្យមានឥទ្ធិពលល្អបំផុត ។ យើងអំពាវនាវដល់ពួកគេ ឲ្យមើលឲ្យបានច្រើនដល់ឥទ្ធិពលនៃអង្គការសាសនាទាំងឡាយ ។
ទីបី យើងមានអង្គការរបស់ប្រជាជនសាមញ្ញៗទូទាំងពិភពលោក ដែលអាចចល័តបានយ៉ាងលឿន ។ ឧទាហរណ៍ ស្តីពីបញ្ហាជនភៀសខ្លួនទូទាំងពិភពលោក នៅក្នុងខែ មីនា ឆ្នាំ ២០១៦ នេះ គណៈប្រធានទីមួយរបស់យើង និង ប្រធានសមាគមសង្គ្រោះ ប្រធានយុវនារី ប្រធានអង្គការបឋមសិក្សាទូទៅរបស់យើង បានផ្ញើសារលិខិតទៅកាន់សមាជិកទូទាំងពិភពលោក ដោយរំឭកពួកគេអំពីគោលការណ៍គ្រឹះរបស់គ្រិស្តសាសនិក ក្នុងការជួយដល់ជនទ័លក្រ និង « អ្នកដទៃ » នៅក្នុងចំណោមពួកយើង ( ម៉ាថាយ ២៥:៣៥ ) ។ ពួកគេអញ្ជើញយុវនារី និង ស្រ្តីគ្រប់វ័យឲ្យចូលរួមជួយដល់ជនភៀសខ្លួន នៅក្នុងសហគមន៍ក្នុងមូលដ្ឋានរបស់ពួកគេ ។១១
ក្នុងនាមជាអ្នកតំណាងឲ្យគំរូនៃការឆ្លើយតបរបស់សមាជិកយើងនៅក្នុងទ្វីបអើរ៉ុប នាល្ងាចមួយនៅក្នុងខែមេសា ឆ្នាំ ២០១៦ មានក្រុមជំនុំពួកមរមនជាង ២០០ នាក់ និង មិត្តភក្ដិរបស់ពួកគេនៅក្នុងប្រទេសអាល្លឺម៉ង់ បានស្ម័គ្រចិត្តខ្ចប់ « កញ្ចប់ស្វាគមន៍ » ចំនួន ១,០៦១ កញ្ចប់សម្រាប់ក្មេងៗដែលរស់នៅក្នុងមជ្ឈមណ្ឌលជនភៀសខ្លួនចំនួនប្រាំមួយនៅក្នុងប្រទេសអាល្លឺម៉ង់ នៅក្នុងរដ្ឋហេសិន និង រដ្ឋរៀនឡែន ហ្វាល ។ កញ្ចប់នោះមានសម្លៀកបំពាក់ថ្មីៗ សម្ភារអនាម័យ ភួយ និង សម្ភារគំនូរ ។ ស្ត្រីម្នាក់ដែលដឹកនាំការធ្វើកិច្ចការនេះបាននិយាយថា « ដោយសារខ្ញុំពុំអាចផ្លាស់ប្តូរស្ថានភាពដ៏សោកនាកម្មនេះ ដែលធ្វើឲ្យ [ ជនភៀសខ្លួន ] បានភៀសខ្លួនចេញពីផ្ទះសំបែងរបស់ពួកគេ ខ្ញុំអាចធ្វើឲ្យមានការផ្លាស់ប្តូរក្នុងបរិស្ថាន [ របស់ពួកគេ ] ហើយចូលរួមយ៉ាងសកម្មនៅក្នុងជីវិត [ របស់ពួកគេ ] » ។
នេះគឺជាគំរូពីរអំពីកិច្ចការមនុស្សធម៌របស់យើងនៅទូទាំងពិភពលោក ដែលបានរៀបចំឡើងជាផ្លូវការ ។ ក្នុងឆ្នាំ ២០១៥ ដោយមានអង្គការ អាម៉ា ដែលមានទីតាំងនៅប្រទេសអង់គ្លេសជាដៃគូពេញលេញរបស់យើង នោះអង្គការសប្បុរសធម៌ អិល.ឌី.អេស បានសាងសង់មណ្ឌលសុខភាពបង្អែកនានា សម្រាប់ប្រជាជនភាគតិច យេស្ស៊ីឌី នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង ដែលជាក្រុមទទួលរងការធ្វើបាបយ៉ាងសាហាវពីពួកអាយស៊ីស ។ មណ្ឌលសុខភាពទាំងនេះ — ត្រូវបានដំឡើងឲ្យមាននូវឧបករណ៍ដូចជា បន្ទប់ពិសោធន៍ ការសង្គ្រោះបន្ទាន់ ឱសថស្ថាន និង ម៉ាស៊ីនអេកូ — ផ្តល់ការសង្គ្រោះដល់ប្រជាជនមួយក្រុមនោះ ដែលរងការឈឺចាប់ទាំងខាងសាច់ឈាម និង ខាងវិញ្ញាណ ។ ពួកគេបានជួលអ្នកមានវិជ្ជាជីវៈខាងវេជ្ជសាស្ត្រយេស្ស៊ីឌី និង អ្នកស្ម័គ្រចិត្តដែលជួយប្រជាជនផ្ទាល់របស់ពួកគេក្នុងរបៀបមួយដ៏អស្ចារ្យ ។
ក្នុងឆ្នាំ ២០០៤ ការបំផ្លិចបំផ្លាញដោយការរំញ្ជួយដី និង រលកយក្សស៊ូណាមីនៅតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី ២៦ ខែធ្នូ បានសម្លាប់មនុស្ស ២៣០,០០០ នៅក្នុង ១៤ ប្រទេស ។ អង្គការសប្បុរសធម៌ អិល.ឌី.អេស របស់យើងបានទៅដល់កន្លែងកើតហេតុនោះមួយថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍នោះកើតឡើង ហើយបានធ្វើការយ៉ាងសកម្មអស់រយៈពេលប្រាំឆ្នាំ ។ នៅក្នុងតំបន់ បានដា អាឆេ តែឯងដែលទទួលរងការប៉ះទង្គិចយ៉ាងដំណំ នោះអង្គការសប្បុរសធម៌របស់យើង បានសាងសង់ផ្ទះអចិន្ត្រៃន៍ចំនួន ៩០០ ខ្នង ប្រព័ន្ធទឹកក្នុង ២៤ ភូមិ សាលាបឋមសិក្សាចំនួន ១៥ ខ្នង មណ្ឌលវេជ្ជសាស្ត្រ ៣ កន្លែង និង មជ្ឈមណ្ឌលសមាគមន៍ចំនួន ៣ កន្លែងដែលស្រដៀងនឹងវិហារអ៊ីស្លាម ។ ក្រៅពីនោះទៀត យើងបានផ្តល់គម្ពីរកូរ៉ានបរិសុទ្ធ និង ព្រំអធិស្ឋាន ដើម្បីជួយសហគមន៍ទាំងនោះក្នុងការថ្វាយបង្គំរបស់ពួកគេ ។
ទាំងនេះគ្រាន់តែជាការបង្ហាញមួយចំនួនតែប៉ុណ្ណោះ អំពីគុណតម្លៃនៃសាសនានៅក្នុងវប្បធម៌ ដែលយើងនៅក្នុងសហគមន៍សាសនា គឺពុំគ្រាន់តែដើម្បីជួយសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីទាមទារនូវសេរីភាពខាងសាសនាផងដែរ ដែលយើងចាត់ទុកថា ជាសេរីភាពដំបូងគេ ។