លុះត្រាជួបទៀត
បព្វជិតភាពនៅលើផែនដីសព្វថ្ងៃនេះ
ដកស្រង់ចេញពីសុន្ទរកថានៅក្នុងសន្និសីទទូទៅខែ តុលា ឆ្នាំ ១៩៩៥ ។
ឱ ពិភពលោកនេះនឹងមានភាពអន្ធការប៉ុណ្ណាទៅ ប្រសិនបើគ្មានពរជ័យនៃបព្វជិតភាពសម្រាប់អ្នក និងរូបខ្ញុំនោះ ។
តើអ្នកអាចស្រមៃឃើញទេថា ជីវិតរមែងស្លាប់នេះនឹងមានភាពខ្មៅងងឹត ហើយឥតន័យខ្លាំងប៉ុណ្ណា ប្រសិនបើគ្មានបព្វជិតភាពនោះ ? ប្រសិនបើគ្មានអំណាចបព្វជិតភាពនៅលើផែនដីនេះទេ នោះមារសត្រូវនឹងមានសេរីភាពដើម្បីរាតត្បាត ហើយគ្រងរាជ្យដោយគ្មានការរឹតបណ្ដឹង ។ វានឹងគ្មានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹកនាំ ហើយបំភ្លឺយើង គ្មានពួកព្យាការីដើម្បីថ្លែងនៅក្នុងព្រះនាមនៃព្រះអម្ចាស់ គ្មានព្រះវិហារបរិសុទ្ធដែលយើងអាចធ្វើសេចក្ដីសញ្ញាអស់កល្បជានិច្ចដ៏ពិសិដ្ឋ គ្មានសិទ្ធិអំណាចដើម្បីប្រសិទ្ធពរ ឬជ្រមុជទឹក ព្យាបាល ឬ លួងលោមឡើយ ។ ប្រសិនបើគ្មានអំណាចបព្វជិតភាពទេនោះ « ផែនដីទាំងមូលនឹងត្រូវកម្ទេចចោលសូន្យឈឹង » ( សូមមើល គ. និង ស. ២:១–៣ ) ។ វានឹងគ្មានពន្លឺ គ្មានសេចក្ដីសង្ឃឹម — គឺមានតែភាពអន្ធការប៉ុណ្ណោះ ។ …
… [ ទោះជាយ៉ាងណាក៏ដោយ ] បព្វជិតភាពរបស់ព្រះផ្តល់ពន្លឺដល់កូនចៅ [ របស់ព្រះវរបិតាសួគ៌ ] នៅក្នុងពិភពលោកអាប់អួរ និងច្របូកច្របល់នេះ ។ តាមរយៈអំណាចបព្វជិតភាព យើងអាចទទួលបានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ដែលដឹកនាំយើងទៅរកសេចក្តីពិត ទីបន្ទាល់ និងវិវរណៈ ។ អំណោយទាននេះមានស្មើគ្នាដល់បុរស ស្ត្រី និងកូនក្មេង ។ …
… បព្វជិតភាពដ៏រុងរឿងរបស់ព្រះ រួមទាំងពរជ័យដ៏ពោរពេញនៃបព្វជិតភាព ត្រូវបានស្តារឡើងវិញមកកាន់ផែនដី នៅក្នុងជំនាន់របស់យើងនេះ ។ ការស្តារឡើងវិញនៃបព្វជិតភាព និងពរជ័យនៃបព្វជិតភាពបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៨២០ ពេលដែល យ៉ូសែប ស៊្មីធ ជាព្យាការីវ័យក្មេង បានឃើញ ហើយនិយាយជាមួយព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រៃពិសិដ្ឋ ។
ក្រោយមក សារទូតស្ថានសួគ៌បន្ថែមទៀតគឺ — យ៉ូហាន បាទីស្ទ, ពេត្រុស, យ៉ាកុប, និង យ៉ូហាន, ម៉ូសេ, អេលីយ៉ា និង អេលីយ៉ាស និងសារទូតដទៃផ្សេងទៀត — បានផ្តល់អំណាច សិទ្ធិអំណាច និងកូនសោចាំបាច់នានាសម្រាប់សេចក្តីសង្គ្រោះ និងភាពតម្កើងឡើងរបស់មនុស្សលោក ដល់ព្យាការី យ៉ូសែប ស៊្មីធ ។ … សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានស្ដារឡើងវិញ នៅលើផែនដី ដោយមានបព្វជិតភាពអើរ៉ុន និង មិលគីស្សាដែកពីជំនាន់ដើមមកវិញទាំងស្រុង ។ ឥឡូវនេះបុគ្គលម្នាក់ៗ និងគ្រួសារនៅលើផែនដីនេះអាចមានពរ ដូចព្រះបានធ្វើសេចក្តីសញ្ញាជាមួយអ័ប្រាហាំ ដែរ ។
បងប្អូនប្រុសស្រី សូមគិតអំពីរឿងនេះ — បព្វជិតភាពត្រូវបានស្តារឡើងវិញហើយ ។ អំណាចនេះមាននៅលើផែនដីសព្វថ្ងៃនេះ ។ … នៅក្រោមការដឹកនាំរបស់ … ព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ដែលកាន់កូនសោនៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ អ្នកកាន់បព្វជិតភាពនៅក្នុងសាសនាចក្រសព្វថ្ងៃនេះ មានសិទ្ធិត្រឹមត្រូវ ដើម្បីសម្តែងកិច្ចការនានានៅក្នុងព្រះនាមព្រះ ។ …
… ពរជ័យដ៏ប្រសើរក្រៃលែងទាំងអស់នេះ គឺពរជ័យដ៏អស់កល្បនានាដែលព្រះប្រទានឲ្យដល់បុរស និងស្ត្រី ព្រមទាំងក្រុមគ្រួសារនៅលើផែនដីនេះ អាចក្លាយជាពរជ័យរបស់យើងតាមរយៈអំណាចបព្វជិតភាពនេះ ។