សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ពរជ័យសម្រាប់អ្នកដទៃ
ជាច្រើនឆ្នាំបន្ទាប់ពីគ្រួសារខ្ញុំ និង ខ្ញុំបានចូលរួមសាសនាចក្រ ខ្ញុំបានទទួលការហៅបម្រើនៅក្នុងបេសកកម្ម នីហ្សេរីយ៉ា ផត ហាខួត ។ នៅថ្ងៃដ៏ស្រស់ត្រកាលមួយ បន្ទាប់ពីខ្ញុំបានទៅដល់តំបន់ដំបូងរបស់ខ្ញុំ ដៃគូខ្ញុំ និង ខ្ញុំបានចាកចេញទៅផ្សព្វផ្សាយ និងទាក់ទងមនុស្សដូចសព្វមួយដង ។
នៅពេលយើងបានឆ្លងកាត់ផ្លូវដ៏មមាញឹកមួយ យើងបានស្តាប់ឮសំឡេងខ្សេវៗ ស្រែកហៅយើងពីបរិវេណដែលមានរបងទាបនោះ ។ យើងបានអើតមើលលើរបង ហើយឃើញបុរសវ័យកណ្តាលម្នាក់កំពុងដេកផ្កាប់មុខនៅជិតច្រកចូល ។
គាត់ប្រាប់ឲ្យពួកយើងចូលទៅក្នុង ប៉ុន្តែគ្មានផ្លូវដែលយើងអាចចូលទៅក្នុងបរិវេណនោះបានឡើយ ។ ទ្វាររបងនោះបានចាក់សោ ហើយយើងគិតថាការឡើងកាត់របងនោះគឺជារឿងពុំត្រឹមត្រូវទេ ។ ខ្ញុំបានទទួលការបំផុសគំនិតឲ្យពិនិត្យមើលសោនៅលើទ្វាររបងនោះម្តងទៀត ។ ពីរបីនាទីក្រោយមក យើងបានរៀបចំដកសោនោះចេញមកក្រៅ ហើយបើកទ្វាររបង ។ យើងអាចឃើញថាបុរសនោះមានជំងឺ និងគ្មានអ្នកមើលថែរក្សាឡើយ ។ គាត់បានពន្យល់ថា គាត់បានមានជំងឺ ហើយមានការឈឺចាប់យ៉ាងខ្លាំង ដែលមិនអាចឲ្យគាត់ក្រោកឈរបាន ។
បន្ទាប់ពីនិយាយជាមួយគាត់មក យើងបានដើរតាមគាត់ដោយគ្រាគាត់ចូលផ្ទះវិញ ។ គាត់បានសូមឲ្យពួកយើងអធិស្ឋានឲ្យគាត់ ហើយឲ្យពួកយើងផ្តល់ការប្រសិទ្ធពរដល់គាត់ ។ ពេលយើងដាក់ដៃយើងលើក្បាលគាត់ ខ្ញុំមានអារម្មណ៍ថាមានអ្វីមួយនៅទើរត្រឹមបំពង់កខ្ញុំ ហើយពុំអាចនិយាយបានឡើយ ។ ខ្ញុំមានការភ័យខ្លាច ខ្ញុំបានចាប់ផ្តើមញ័រ ហើយបែកញើស ហើយយំថែមទៀតផង ។ ខ្ញុំពិបាកនឹងអធិស្ឋានឮៗ ដូច្នេះខ្ញុំបានចាប់ផ្តើមអធិស្ឋានក្នុងចិត្តខ្ញុំថា ឱ ព្រះវរបិតាសួគ៌អើយ សូមស្រាយអណ្តាតទូលបង្គំស្របតាមព្រះទ័យទ្រង់ចុះ ។
រំពេចនោះ អណ្តាតខ្ញុំអាចក្រឡាស់និយាយវិញបាន ។ ខ្ញុំដឹងថាខ្ញុំកំពុងនិយាយ ប៉ុន្តែខ្ញុំពុំអាចគ្រប់គ្រងពាក្យពេចន៍របស់ខ្ញុំបានឡើយ ។ ខ្ញុំគ្រាន់តែឮសំឡេងរបស់ខ្ញុំ ទូលសូមព្រះវរបិតាសួគ៌ ឲ្យព្យាបាលដល់បុរសដែលរងទុក្ខនេះ ។ ពីមុនយើងនិយាយពាក្យថា អាម៉ែន បុរសនោះបានដេកលក់ ។ យើងបានចាកចេញពីគាត់ទៅ ហើយទៅជួបអ្នកផ្សេងទៀតដែលយើងបានណាត់ ប៉ុន្តែបានគ្រោងថាពេលត្រឡប់មកផ្ទះរបស់យើងវិញ នោះយើងនឹងឆ្លៀតចូលមើលគាត់បន្តិច ។
យើងបានត្រឡប់ទៅវិញ ហើយដោយការភ្ញាក់ផ្អើល បុរសនោះបានរត់មករកយើង ដោយស្រែកថា « វាស័ក្តិសិទ្ធណាស់ ! វាស័ក្តិសិទ្ធណាស់ ! យើងមានអំណរជាខ្លាំងពន់ពេក ដែលខ្ញុំអត់ទ្រាំនឹងយំពុំបាន ។
នៅក្នុងការប្រជុំសាក្រាម៉ង់នៅថ្ងៃអាទិត្យបន្ទាប់នោះ ប៊ីស្សពបានឈប់មួយសន្ទុះនៅលើវេទិកា ហើយបានសម្លឹងមើលចំទៅក្លោងទ្វារនៃសាលាជំនុំ ។ យើងបានមើលទៅខាងក្រោយ ហើយបានឃើញបុរសដែលយើងបានប្រសិទ្ធពរនោះ ។ ប៊ីស្សពស្គាល់គាត់ ហើយប៊ីស្សពភ្ញាក់ផ្អើលដោយឃើញគាត់ចូលមកក្នុងព្រះវិហារ ។ ចាប់តាំងពីពេលនោះមក បុរសនោះបានចូលរួមការប្រជុំសាក្រាម៉ង់ និង ថ្នាក់រៀនផ្សេងៗទៀតជាទៀងទាត់ ។ ទីបំផុតខ្ញុំត្រូវបានប្តូរចេញពីតំបន់នោះ ។
វាគួរឲ្យអស្ចារ្យអ្វីម៉្លេះសម្រាប់រូបខ្ញុំ ដែលព្រះបានប្រទានអព្ភូតហេតុនៅថ្ងៃនោះ ហើយខ្ញុំមានចិត្តរាបសាថា ព្រះវរបិតាសួគ៌ទតឃើញថាខ្ញុំមានភាពសក្តិសម ។ ខ្ញុំដឹងថាយើងគឺជាឧបករណ៍ក្នុងព្រះហស្ដរបស់ព្រះ ។ ពរជ័យនៃការព្យាបាលបានមានដល់បុរសម្នាក់នោះ ប៉ុន្តែពរជ័យនៃទីបន្ទាល់ និង អំណរគឺមានដល់ខ្ញុំ ។