ឆ្នាំ​២០១៧
មិត្ត​ភក្ដិ​របស់​ខ្ញុំ​និយាយ​ថា នាង​ពុំ​ជឿ​លើ​ព្រះ​ឡើយ ។ តើ​ខ្ញុំ​អាច​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​នាង​យ៉ាង​ដូចម្តេច ?
June 2017


សំណួរ និង ចម្លើយ

« មិត្ត​ភក្ដិ​របស់​ខ្ញុំ​និយាយ​ថា នាង​ពុំ​ជឿ​លើ​ព្រះ​ឡើយ ។ តើ​ខ្ញុំ​អាច​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​នាង​យ៉ាង​ដូចម្តេច ? »

មាន​របៀប​ជាច្រើន ដើម្បី​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​នាង ។ ការចែកចាយ​អំពី​ជីវិត​របស់​អ្នក​ផ្ទាល់​គឺ​ជា​របៀប​មួយ​ដ៏ល្អ​បំផុត ។ អ្នក​គឺ​ជា « គំរូ​ដល់​ពួកអ្នកជឿ » ទាំង​កិរិយាប្រព្រឹត្ត ការស្លៀកពាក់ ការនិយាយ​ស្តី និង​ការប្រព្រឹត្ត​ដាក់​អ្នកដទៃ ( សូមមើល ធីម៉ូថេទី១ ៤:១២ ) ។ សូម​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​យោបល់​ដូច​តទៅ​នេះ ៖

  • ព្យាយាម​ជួយ​មិត្តភក្តិ​របស់​អ្នក​ដោយ​ក្តីស្រឡាញ់ និង​ការគោរព ពុំ​មែន​ដោយ​ការជំរុញ​ទឹក​ចិត្ត ឬ ការរំពឹង​ទុក​ដែល​លាក់លាម​ឡើយ ។

  • ចូរ​មាន​ភាព​ស្មោះត្រង់ និង​បើកទូលាយ​ក្នុង​សកម្មភាព​របស់​អ្នក ។

  • គោរព​សិទ្ធិជ្រើសរើស​របស់​គាត់ ។

របៀប​ដែល​អ្នក​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​នាង គឺ​អាស្រ័យ​លើ​ហេតុផល​ដែល​នាង​ពុំ​ជឿ​លើ​ព្រះ ។ មនុស្ស​មួយ​ចំនួន​មាន​ប្រវត្តិ​គ្មាន​ការអប់រំ​ពី​សាសនា ។ មនុស្ស​ខ្លះ​បើក​ដួងចិត្ត​ជឿ ហើយ​ពួកគេ​នឹង​អភិវឌ្ឍ​សេចក្តីជំនឿ នៅពេល​ពួកគេ​រៀន​អំពី​របៀប​អធិស្ឋាន និង​សិក្សា​ព្រះគម្ពីរ ។ ហើយ​មនុស្ស​ផ្សេង​ទៀត​ធ្លាប់​ជឿ​លើ​ព្រះ​នា​គ្រា​ណា​មួយ​ពីមុន ប៉ុន្តែ​ក្រោយ​មក​មាន​ការសាកល្បង​ក្នុង​ជីវិត​របស់​ពួកគេ ដែល​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​នឹង​ជឿ ។ ព្យាយាម​យល់​អំពី​ស្ថានភាព​របស់​មិត្តភក្តិ​អ្នក ។ អធិស្ឋាន​ដើម្បី​ដឹង​អំពី​របៀប​ជួយ​ដល់​នាង ។

អ្នក​អាច​ទទួល​បាន​នូវ​ការយល់អំពី​ជំនឿ​របស់​នាង តាមរយៈ​ការពិភាក្សា​អំពី​អ្វី​ដែល​បំផុស​គំនិត​នាង និង​អ្វី​ដែល​ពិតជា​សំខាន់​សម្រាប់​នាង ។ សូម​ស្ថាបនា​វា​ដោយ​ចែកចាយ​សេចក្តីជំនឿ​ដូចគ្នា ។ ឧទាហរណ៍ ប្រសិនបើ​នាង​ជឿថា​ការបម្រើ​គឺ​ជា​គំនិត​មួយ​ល្អ អ្នក​អាច​អញ្ជើញ​នាង​ឲ្យ​ទៅ​គម្រោង​បម្រើ​នៅក្នុង​វួដ ។

ទោះបីជា​មិត្ត​របស់​អ្នក​ពុំ​ជឿ​ក្នុង​ពេល​នេះ​ក្តី នាង​នៅតែ​ជា​មនុស្ស​ល្អ ។ ដរាប​ណា​នាង​គឺជា​ឥទ្ធិពល​ល្អ​សម្រាប់​អ្នក សូម​បន្ត​ធ្វើ​ជា​មិត្ត​របស់​នាង ។ នៅពេល​អ្នក​ធ្វើ​តាម​ព្រះវិញ្ញាណ សូម​បន្ត​អញ្ជើញ​នាង​ឲ្យ​ទៅ​ព្រះវិហារ ហើយ​រៀន​បន្ថែម​ទៀត​អំពី​មូលហេតុ​ដែល​ព្រះ​មាន​សារៈ​សំខាន់​ក្នុង​ជីវិត​របស់​អ្នក ដោយសារ​ថ្ងៃ​ណា​មួយ​នាង​នឹង​បើក​ដួង​ចិត្ត​ជឿ ។

អធិស្ឋាន​ឲ្យ​មិត្ត​របស់​អ្នក

អំឡុង​ពេល​នៃ​ការរៀបចំ​ទៅ​បេសកកម្ម​របស់​ខ្ញុំ នោះ​ខ្ញុំ​មាន​មិត្តភក្តិ​ជា​ច្រើន​និយាយ​ថា ពួកគេ​ពុំ​ជឿ​លើ​ព្រះ​ឡើយ ។ ពេល​ខ្ញុំ​ឮ​ពួកគេ​និយាយ​ដូច្នេះ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​ពួកគេ ។ ពួកគេ​អាច​ពុំជឿ​លើ​ព្រះ ខណៈ​ដែល​យើង​អធិស្ឋាន​ប៉ុន្តែ​ប្រសិនបើ​យើង​ពិតជា​ជឿ​លើ​ព្រះ​មែន នោះ​សេចក្តីស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ នឹង​បង្ហាញ​ឡើង​ដល់​អ្នក​ដទៃ​ទៀត ។ គំរូ​របស់​យើង​ជួយ​អ្នកដទៃ ឲ្យ​យល់​ថា​ព្រះ​ពិតជា​ប្រទាន​ពរ​ដល់​យើង ថា​ទ្រង់​មាន​ពិតប្រាកដ ហើយ​ថា​ទ្រង់​ស្រឡាញ់​ពួកយើង ។

អែម៉ាញូអែល អិល អាយុ ១៨ ឆ្នាំ រដ្ឋម៉ិកស៊ិក ប្រទេស​ម៉ិកស៊ីកូ

ធ្វើ​ជា​គំរូ

កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ជឿ​ថា​របៀប​តែ​មួយ​គត់​ដើម្បី​បង្រៀន​ដំណឹង​ល្អ​នោះ​គឺ ការមាន​ចិត្ត​ចង់​ផ្សព្វផ្សាយ​វា​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​យល់​ខុស​ទាំងស្រុង ដោយសារ​មាន​របៀប​រាប់​មិន​អស់​ដើម្បី​ចែកចាយ​ដំណឹង​ល្អ ។ ប៉ុន្តែ​តាមរយៈ​បទពិសោធន៍​នេះ ខ្ញុំ​បាន​ឃើញ​ថា ប្រសិនបើ​អ្នក​គ្រាន់តែ​ធ្វើ​ជា​គំរូ​អំពី​ព្រះគ្រីស្ទ​នៅក្នុង គ្រប់កិច្ចការ​ដែល​អ្នក​ធ្វើ នោះ​អ្នក​នឹង​មាន​ការភ្ញាក់ផ្អើល​ដោយ​មាន​មនុស្ស​ជាច្រើន​នឹង​កោតសរសើរ​អ្នក ហើយ​ជឿ​ដល់​អ្នក ។ ក្នុង​កាលៈទេសៈជា​ច្រើន ទង្វើរបស់យើងមានឥទ្ធិពលខ្លាំង​ជាង​ពាក្យ​សម្តី​របស់​យើង ។ សូម​ដឹកនាំ និង​បង្រៀន​តាមរយៈ​ការ​ធ្វើ​ជា​គំរូ ។

អាំម៉ូន ដបុលយូ អាយុ ១៨ ឆ្នាំ រដ្ឋ​អារីហ្សូណា ស.រ.អា.

និយាយ​អំពី​ធម្មជាតិ​នានា

ប្រសិនបើ​មិត្ត​របស់​អ្នក​ពុំ​ជឿ​លើ​ព្រះ​ទេ​នោះ អ្នក​អាច​និយាយ​អំពី​ធម្មជាតិ​នានា ដោយសារ​អ្វីៗ​គ្រប់យ៉ាង​ធ្វើ​ជា​បន្ទាល់​ថា មាន​ព្រះ​មួយ​អង្គ ( សូមមើល អាលម៉ា ៣០:៤៤ ) ។ អ្នក​ក៏​អាច​អធិស្ឋាន​ឲ្យ​នាង ហើយ​សិក្សា​ព្រះគម្ពីរ​ជាមួយ​នាង​ផងដែរ — ឧទាហរណ៍ ទំនុកតម្កើង ១៩:១ ។ ខ្ញុំ​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​នាង​ឲ្យ​ទទួល​ទីបន្ទាល់​អំពី​ព្រះវរបិតាសួគ៌​របស់​យើង ។

សូហ្វី ខេ អាយុ ១៧ ឆ្នាំ គីនស្ហាសា សាធារណរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ​

ចាប់ផ្ដើម​ការសន្ទនា​អំពី​ដំណឹងល្អ

យើង​អាច​ចែកចាយ​ដំណឹងល្អ​តាម​របៀប​ច្រើន​យ៉ាង ។ ដំបូង អធិស្ឋាន ហើយ​តមអាហារ​សម្រាប់​ពួកគេ ដើម្បី​ឲ្យ​ដួងចិត្ត​របស់​ពួកគេ​អាច​បើក​ទទួល​យក​ដំណឹង​ល្អ ។ បន្ទាប់​មក នៅពេល​អ្នក​ជួប​ពួកគេ​លើក​ក្រោយ​ទៀត សូម​ពិភាក្សា​ប្រធាន​បទ និង គោលបំណង​នាំ​ទៅ​រក​ការសន្ទនា​អំពី​ដំណឹង​ល្អ ។ សូម​ប្រាកដ​ថា អញ្ជើញ​ពួកគេ​ឲ្យ​ទៅ​ព្រះវិហារ ឬ សកម្មភាព​ផ្សេងៗ ហើយ​ក្រៅ​ពី​អ្វី​ទាំង​នោះ ត្រូវ​រួសរាយ​រាក់ទាក់ ។ តើ​មាន​អ្នក​ណា​ដឹង — ប្រហែល​ជា​ថ្ងៃ​ណា​មួយ ពួកគេ​នឹង​ទទួល​បុណ្យ​ជ្រមុជទឹក​ជាមួយ​គ្រួសារ​របស់​ពួកគេ​ផងដែរ ។

វ៉ាលើរី ខេ អាយុ ១៤ ឆ្នាំ រដ្ឋនីវ៉ាដា ស. រ. អា.

ហេតុអ្វី​ចែកចាយ​វា ?

ចូរ​ចាំ​ពី​មូលហេតុ​ដែល​អ្នក​ចង់​ឲ្យ​នាង​ជឿ​លើ​ព្រះ ។ យើង​ពុំ​គ្រាន់តែ​ចែកចាយ​វា​ជាមួយ​មនុស្ស ដោយ​សារ​យើង​ចង់​ឲ្យ​ពួកគេ​ធ្វើ​ជា​សមាជិក​សាសនាចក្រ​នោះ​ឡើយ ។ យើង​ធ្វើបែប​នោះ ដោយសារ​ពួកគេ​គឺ​ជា​បងប្អូន​ប្រុស​ស្រី​របស់​យើង ។ ហេតុអ្វី​អ្នក​ចង់​ឲ្យ​មិត្ត​របស់​អ្នក​ជឿ​លើ​ព្រះ ? សូមចាំ​សំណួរ​នោះ​ក្នុង​ចិត្ត អធិស្ឋាន​សូម​កម្លាំង និង​ភាពច្បាស់លាស់ ចូរ​មាន​ចិត្ត​ស្មោះ ហើយ​ប្រសិនបើ​ពួកគេ​នៅតែ​បដិសេធ​ទៀត នោះ​ត្រូវ​មាន​ឆន្ទៈ​គោរព​សិទ្ធិជ្រើសរើស​របស់​ពួកគេ ។ ជួនកាល​ពួកគេ​ពុំ​ទាន់​ត្រៀម​ខ្លួន​រួចរាល់​នៅ​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​សន្យា​នឹង​អ្នក​ថា ប្រសិនបើ​អ្នក​ចង់​ឲ្យ​ពួកគេ​ស្គាល់​ព្រះ​ដោយ​ចិត្ត​ស្មោះ នោះ​ពួកគេ​នឹង​ស្តាប់​ដោយសារ​អ្នក​គឺ​ជា​មិត្តរបស់​ពួកគេ ។ បន្ទាប់​ពី​នោះ​មក ចូរ​ទុក​ឲ្យ​ពួកគេ​ជ្រើសរើស ហើយ​យើង​ពុំ​វិនិច្ឆ័យ​ពួកគេ​អំពី​ជម្រើស​ដែល​ពួកគេ​បាន​ជ្រើសរើស​យក​ឡើយ ។

អែលឌើរ អ៊ីលុត អាយុ ២០ ឆ្នាំ បេសកកម្ម សាបប៉ូរ៉ូ ប្រទេស​ជប៉ុន

ចែកចាយ​ទីបន្ទាល់​របស់​អ្នក

ដំណឹង​ល្អ​ផ្លាស់ប្តូរ​ជីវិត​មនុស្ស ។ របៀប​មួយ​ដែល​អ្នក​អាច​ចែកចាយ​វា​ជាមួយ​មិត្តភក្តិ​របស់​អ្នក​នោះ​គឺ តាមរយៈ​ការនិយាយ​អំពី​អារម្មណ៍​ដែល​អ្នក​ដឹង​ថា​មាន​ព្រះ ឧទាហរណ៍ គឺ​តាមរយៈ​អព្ភូតហេតុ​ដែល​អ្នក​ធ្លាប់​មាន​បទពិសោធន៍ ហើយ​ថា​ឥឡូវ​នេះ​អ្នក​មាន​បទពិសោធន៍​តាមរយៈ​ព្រឹត្តិការណ៏​សាមញ្ញៗ​ដែល​កើត​មាន​ឡើង​រាល់ថ្ងៃ ។ គំរូ​របស់​អ្នក​ដល់​នាង នឹង​ក្លាយ​ជា​ទីបន្ទាល់​ដ៏​អស្ចារ្យ​អំពី​សុភមង្គល​របស់​អ្នក ក្នុងការ​ដឹង​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះ និង​ការរស់នៅ​តាម​ដំណឹង​ល្អ ។

វ៉ិចតូរៀ អេស. អាយុ ១៨ ឆ្នាំ ទីក្រុង ពីអាវ ប្រទេស ប្រេស៊ីល

ចែកចាយ​ពន្លឺ​របស់​អ្នក

ចូរ​ធ្វើ​ជា​គំរូ​ដល់​នាង ។ ជួយ​នាង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ​តាមរយៈ​បទពិសោធន៍ និង​ទីបន្ទាល់​របស់​អ្នក ។ ចូរ​ធ្វើ​ជា​ទេវតា​ដែល​នាង​កំពុង​ស្វែងរក តាមរយៈ​ពន្លឺ និង​ឥទ្ធិពល​ដែល​អ្នក​មាន ។ ជួយ​នាង​ឲ្យ​ឃើញ​ពី​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​យើង ដែល​មាន​សម្រាប់​នាង ប៉ុន្តែ​កុំ​បង្ខំ​នាង​អំពី​រឿង​នោះ​ឡើយ ។

ម៉ាសុន អ៊ី អាយុ ១៦ ឆ្នាំ រដ្ឋ ​អារីហ្សូណា ស.រ.អា.