ឆ្នាំ​២០១៧
ការស្វែងរក និង ការធ្វើ​ជា​មិត្ត​ដ៏​ពិត
June 2017


ការស្វែងរក និង ការធ្វើ​ជា​មិត្ត​ដ៏​ពិត

យុវវ័យ​មក​ពី​ទីក្រុង អុកហ្វើត ប្រទេស​អង់គ្លេស បានចែកចាយ​យោបល់​ពួកគេ​អំពី​មិត្តភាព​ពិតប្រាកដ ។

teenage friends

រចនារូបភាព​ដោយ អេនឌ្រូ ប៊ូស្លី

ចេញមកពីមិត្តភក្តិល្អបំផុតដែលអ្នកមានតាំងពីអ្នកអាយុ ៥ ឆ្នាំ​រហូត​ដល់​សិស្ស​ថ្មី​ដែល​អ្នក​បាន​ជួបគ្នា​នៅក្នុង​ថ្នាក់​គណិតវិទ្យា នោះវាសំខាន់ដើម្បីមានកល្យាណមិត្ត ។ ហើយ​ដូច​មាន​ចែង​នៅក្នុង​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ៖ « មនុស្ស​គ្រប់​រូប​ត្រូវការ​កល្យាណ​មិត្ត និង​មិត្ត​ល្អ ។ ពួកគេ​នឹង​ក្លាយ​ទៅ​ជា​កម្លាំង​មួយ​ដ៏​រឹងមាំ និង ពរជ័យ​ដល់​អ្នក » ( [ ឆ្នាំ ២០១១ ] ទំព័រ ១៦ ) ។

ប៉ុន្ដែ​តើ​អ្នក​ស្វែងរក ហើយរក្សាកល្យាណមិត្តបានយ៉ាងដូចម្តេច ?

យើង​បាន​សួរ​យុវវ័យ​នៅក្នុង​ប្រទេស​អង់គ្លេស​អំពី​អត្ថន័យ​នៃ​មិត្តភាព​ពិតប្រាកដ​សម្រាប់​ពួកគេ ។ សូម​ពិនិត្យ​មើល​រឿង​មួយ​ចំនួន​របស់​ពួកគេ​អំពី​មិត្ត​ដ៏​ពិត​របស់​ពួកគេ និង​របៀប​ដែល​មិត្តភក្តិ​ទាំង​នោះ​បាន​ពង្រឹង​ពួកគេ ។ អ្នក​អាចរក​ឃើញ​ថា មិត្តភក្ដិ​ផ្ទាល់​របស់​អ្នក​គឺ​ជា​កម្លាំង​ដ៏​អស្ចារ្យ​ដល់​អ្នក​ផងដែរ ។

តើ​មាន​ចំណុច​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ក្លាយ​ជា​កល្យាណ​មិត្ត ?

teens cheering

អើរ៉ុន អិម ៖ ខ្ញុំ​គិត​ថា អ្នក​គួរតែ​រំភើប​ក្នុង​ការជួប​មិត្តភក្តិ​របស់​អ្នក ។ អ្នក​គប្បី​ខ្វល់ខ្វាយ​ពី​ពួកគេ ហើយ​អ្នក​គប្បី​ដឹង​ថា ពួកគេ​ខ្វល់ខ្វាយអំ​ពី​អ្នក ។ អ្នក​អាច​ទទួល​អារម្មណ៍​សុខស្រួល​ពេល​នៅ​ជិត​ពួកគេ ។ អ្នក​នឹង​គ្មាន​អារម្មណ៍​ថា អ្នក​ត្រូវតែ​ធ្វើ​ទង្វើ​ដូច​នរណា​ម្នាក់​ផ្សេង​ទៀត នៅពេល​អ្នក​នៅ​ជាមួយ​ពួកគេ ។

ឡេតុន អេច ៖ មិត្ត​ជា​បុគ្គល​ម្នាក់​ដែល​គាំទ្រ និង លួងលោម​អ្នក ។

ម៉ាឌី អេច ៖ ជា​ម្នាក់​ដែល​អ្នក​ទុកចិត្ត ។

រ៉ាជែល ភី ៖ ខ្ញុំ​គិត​ថា អ្វីៗ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ក្លាយ​ជា​កល្យាណ​មិត្ត​នោះ​គឺ ការ​មាន​នរណា​ម្នាក់​ដែល​ស្មោះស្ម័គ្រ​នឹងអ្នក គាំទ្រ​អ្នក ។

អិមម៉ា អេហ្វ ៖ កល្យាណមិត្ត​របស់​ខ្ញុំ​តែងតែ​នៅ​ជាមួយ​ខ្ញុំ ហើយ​ជួយ​ដល់​ខ្ញុំ ។ ពេល​ខ្ញុំ​ចេញ​ពី​វិទ្យាល័យ​ផ្លាស់ទៅ​រៀន​សាលា​នៅ​ផ្ទះ នាង​បាន​ចាប់ផ្តើម​ផ្ញើសារ​មក​ខ្ញុំ ។ នាង​បាន​សួរ​ថា « តើ​ឯង​សុខ​សប្បាយ​ដែរ​ឬ​ទេ ? យើង​គួរតែ​ទៅដើរ​លេងជាមួយគ្នា » ។ ហើយ​ខ្ញុំ​ពិត​ជា​គ្មាន​មិត្តភក្តិ​ច្រើន​ឡើយ​នៅ​គ្រា​នោះ ដូច្នោះ​ហើយ​យើង​បាន​ក្លាយជាកល្យាណមិត្តនឹងគ្នា ។ នាង​តែងតែ​ដឹង​ជានិច្ច នៅពេល​ខ្ញុំ​មាន​អារម្មណ៍​កើត​ទុក្ខ ។ ខ្ញុំ​ពុំ​ដឹង​ថា​ត្រូវ​ដោះស្រាយ​របៀប​ណា​ទេ ប៉ុន្តែ​នាង​ដឹង​ពី​របៀប​ដោះស្រាយ​វា​ជានិច្ច ។

តើ​មិត្តភក្តិ​របស់​អ្នក​គាំទ្រ​អ្នក​តាម​របៀប​ណា​ខ្លះ ?

friends talking

ហានណា ភី ៖ ខ្ញុំ​មាន​មិត្តភក្តិ​ដែល​បាន​មក​មើល​ការសម្តែង​របស់​ខ្ញុំ កាល​ខ្ញុំ​នៅក្នុង​ក្រុម​ចម្រៀង ។

អែនឌ្រូ អេស ៖ មិត្ត​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​ពូកែ​លេង​បាល់​ទាត់ ។

ប៊ែលឡា អេហ្វ ៖ សម្រាប់​ថ្នាក់​រៀន​អំពី​សាសនា យើង​បាន​ធ្វើ​ដំណើរ​ទៅ​សាលាប្រជុំ​របស់​សាសនាចក្រ ហើយ​អ្នកផ្សព្វផ្សាយ​សាសនា​ទាំង​អស់​នៅ​ទីនោះ ។ វា​សប្បាយ​ណាស់ ។ ខ្ញុំ​ក៏​គិត​ផងដែរ​ថា វា​គឺ​ជា​របៀប​ដ៏​ល្អ​មួយ​ដើម្បី​ជ្រើសរើសកល្យាណមិត្ត​របស់​ខ្ញុំ​ថាជាមនុស្ស​ដែលមានចរិក​លក្ខណៈបែបណា ដោយសារ​អ្នក​អាច​ប្រាប់​ថា គាត់​ជាមនុស្ស​ដែល​ពិតជា​គោរព​ដល់​ជំនឿ​របស់​មនុស្ស​ដទៃ ។ ពួកគេ​និយាយ​ពាក្យ​ដូចជា « អូ៎ អញ្ចឹង​ឯង​ពុំ​ជេរ​ទេ​ឬ ? » ហើយ​ពួកគេ​នឹង​និយាយ​ថា « យល់​ព្រម ខ្ញុំ​នឹង​មិន​ជេរ ហើយប្រើ​ពាក្យសម្តី​មិនល្អបែបនេះ ពេល​នៅ​ជិត​ឯង​ទេ » ។ យើង​បាន​ពិភាក្សា​គ្នាអំពី​របៀប​ដែល​យើង​មិន​ផឹក​កាហ្វេ និង​អ្វីៗ​ផ្សេង​ទៀត ហើយ​ពួកគេ​និយាយ​ថា « យល់​ព្រម យើង​ពុំ​ត្រូវ​ទៅ​ហាង​កាហ្វេ​ឡើយ » ។ ពួកគេ​ទាំងអស់​គ្នា​ពិតជា​មាន​ការគោរព​គ្នា​ណាស់ ។

អិមម៉ា ប៊ី ៖ មិត្តភក្ដិ​របស់​ខ្ញុំ​បាន​និយាយ​ដោយ​បើក​ចំហ​អំពី​សាសនា​របស់​ខ្ញុំ ហើយ​និយាយ​ពាក្យ​ដូច​ជា « ឯង​ដឹង​ទេ ខ្ញុំ​ពុំ​ចាំបាច់​ជឿ​ដូច​ជា​ឯង​ជឿ​ឡើយ ប៉ុន្តែ​ខ្ញុំ​មាន​ចិត្ត​ទូលាយ​មិន​ប្រកែប្រកាន់​ទេ ដូច្នេះ​ខ្ញុំ​អាច​ដឹង​អ្វី​ដែល​ឯង​ដឹង និង​អ្វី​ដែល​ឯង​ជឿ ដូច្នេះ​ខ្ញុំ​អាច​ជួយ​ឯង​ឲ្យ​បន្ត​រឹងមាំ » ។

ខាកវីន ប៊ី ៖ តាំង​ពី​ខ្ញុំ​ប្តូរ​ទីលំនៅ​មក ខ្ញុំ​ពុំ​សូវ​ស្គាល់​នរណា​ម្នាក់​នៅ​សាលា​រៀន​ឡើយ ។ ដូច្នេះ​មនុស្ស​ទាំងអស់​ដែល​ខ្ញុំ​ស្គាល់​គឺ​នៅ​ព្រះវិហារ ។ ពេល​យើង​ទាំងអស់​នៅក្នុង​សកម្មភាព​យុវវ័យ ពួកគេ​មាន​ចិត្ត​ល្អ​នឹង​ខ្ញុំ​ណាស់ ។

អិមម៉ា អេហ្វ ៖ ពេល​ខ្ញុំ​ប្តូរ​មក​រស់នៅ​ទីនេះ​ដំបូង ខ្ញុំ​គ្មាន​មិត្តភក្តិ​ជា​ពួក​អិល. ឌី. អេស. ច្រើន​ឡើយ ដោយសារ​នៅក្នុង​វួដ​របស់​យើង​ពុំ​សូវ​មាន​យុវនារី​ច្រើន​ទេ ។ ខ្ញុំ​បាន​រាប់អាន​មិត្ត​ម្នាក់​នៅ​ក្នុង​ការប្រជុំ​យុវវ័យ​ពួក​អិល. ឌី. អេស. ហើយ​ការណ៍​នោះ​បាន​ផ្លាស់ប្តូរ​ខ្ញុំ​ទាំងស្រុង​សម្រាប់​សកម្មភាព​នានា នា​ពេល​ខាង​មុខ​ទៀត ។ ហើយ​នាង​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​មិត្តភក្តិ​របស់​នាង ទីបំផុត​ខ្ញុំ​មាន​មិត្តភក្តិ​ជា​ពួក អិល.ឌី.អេស. ដែល​យកចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ ។

តើ​អ្នក​បង្កើត​មិត្តភាព​ដោយ​របៀប​ណា ?

soccer friends

វីល្លាម អេស ៖ ពេល​មាន​មនុស្ស​ម្នាក់​និយាយ​ថា សួស្តី ហើយ​អ្នក​នឹងចាប់​ផ្តើម​និយាយ​ជាមួយ​គ្នាពេលនោះ​អ្នក​ក្លាយ​ជា​មិត្តភក្តិ​នឹង​គ្នា​ហើយ ។

ជេម ភី ៖ សម្រាប់​ខ្ញុំ ខ្ញុំ​មាន​មិត្តភក្តិ​រាប់អាន​តាមរយៈ​សកម្មភាព​នានា ។ ដូច​ជា​ពេល ខ្ញុំ​បាន​ទៅ​ប្រទេស​អាមេរិក​នៅ​វិស្សមកាល​មួយ ខ្ញុំ​បាន​ទៅ​ជំរំ​លេង​បាល់​ទាត់​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ហើយ​ខ្ញុំ​ពុំ​ស្គាល់​នរណា​ម្នាក់​នៅ​ទីនោះ​ឡើយ ។ ហើយ​នៅ​ពេល​ចុង​បញ្ចប់​នា​ថ្ងៃ​ដំបូង​នោះ ពួកគេ​គ្រប់​គ្នា​បាន​ស្គាល់​ឈ្មោះ​ខ្ញុំ​រួច​ទៅ​ហើយ ។ ដូច្នេះ​ខ្ញុំ​គ្រាន់តែ​ធ្វើ​សកម្មភាព ហើយ​ទៅ​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ឬ ជួយ​គ្នា​ទៅវិញ​ទៅ​មក ។

សេត អេច ៖ ចំណាប់​អារម្មណ៍​ដូច​គ្នា — អ្នក​ចាប់​អារម្មណ៍​លើ​រឿង​ដូច​គ្នា​ដូច​នរណា​ម្នាក់​ទៀត ។ អំឡុង​ពេល​អនុវត្ត​កិច្ចការ​ទាំង​នោះ​ជាមួយ​គ្នា នោះ​គឺ​ជា​របៀប​ដែល​អ្នក​ចាប់ផ្តើម​កសាង​មិត្តភាព​ហើយ ។

តើ​មាន​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​​មិត្តភាព​ពិត​ប្រាកដ ខុស​ពី​ប្រជា​ប្រិយភាព ?

សេត អេច ៖ មិត្តភាព​គឺ​ជា​រឿងឯកជន ចំណែក​ឯ​ប្រជា​ប្រិយភាព​វិញមិនមែន​ជារឿងឯកជនទេ​ ។ នៅសាលារៀន​របស់​យើង យើង​ចូលចិត្ត​បែងចែក​មនុស្ស​ជា​ក្រុម « មនុស្ស​មានប្រជា​ប្រិយភាព » ដោយ​ផ្អែក​ទៅលើ​សមត្ថភាព​លេង​កីឡា​របស់​ពួកគេ ឬ ប្រហែល​ជា​សម្រាប់​ប្រុសៗ​វិញ ផ្អែក​ទៅ​លើ​ថា តើ​គេ​មាន​មិត្ត​ស្រី​ច្រើន​ប៉ុណ្ណា ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា អ្នក​អាច​មាន​មិត្តភាព​ល្អៗ​ជា​ច្រើន ។ ដូច្នេះ​ប្រសិនបើ​អ្នក​មាន​សណ្តាន​ចិត្ត​ល្អ នោះ​អ្នក​ប្រហែល​ជាមានប្រជា​ប្រិយភាព​ផងដែរ ។ ខ្ញុំ​គិត​ថា អ្នក​ដែល​បន្តមាន​ប្រជា​ប្រិយភាព​យូរអង្វែង​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​ធ្វើ​ជា​កល្យាណ​មិត្ត ។

អិមម៉ា ប៊ី ៖ ខ្ញុំ​គិត​ថា វា​គឺ​ជា​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ទៀត ព្រោះថាខ្ញុំ​ស្គាល់​មនុស្សមានប្រជា​ប្រិយភាព​ជា​ច្រើន​ដែល​ពិត​ជា​មាន​ឫកពា​ក្រអើតក្រទោម ហើយ​ពួកគេ​ពុំធ្វើជាមិត្តល្អ​នឹង​មនុស្ស​ជា​ច្រើនឡើយ ។ ប៉ុន្តែ​ខ្ញុំ​ក៏​ស្គាល់​មនុស្ស​មានប្រជា​ប្រិយភាព​ជាច្រើន​ដែល​មាន​ចិត្ត​ល្អ​ដល់​មនុស្ស​គ្រប់​គ្នា ។ ខ្ញុំ​គិត​ថា​នោះ​ជា​ចរិតលក្ខណៈមួយ​ខុស​គ្នា​យ៉ាង​ខ្លាំង ។ ខ្ញុំ​គិត​ថា វា​គឺ​ជា​អាកប្បកិរិយា​ដែល​អ្នក​មាន​វិញ​ទេ​តើ ។ អ្នក​ពុំ​អាច​គិត​ថា​មនុស្ស​ផ្សេង​ទៀត​អន់​ជាង​អ្នក​ឡើយ — ដោយសារ​ពួកគេ​ពុំ​មែន​ជាមនុស្ស​អន់​ឡើយ ។

អ៊ីសាក ភី ៖ ខ្ញុំ​គិត​ថា ប្រសិនបើ​អ្នក​មាន​កល្យាណ​មិត្ត នោះ​ពួកគេ​នឹង​ធ្វើ​ជាមិត្ត​អ្នក ទោះបី​មនុស្ស​ផ្សេង​ទៀត​គិត​បែប​ណា​អំពី​អ្នក​ក្តី ។ នោះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នៅពេល​អ្នក​ក្លាយ​ជា​មិត្ត​នឹង​គ្នា ។

ហ្គ្រេ អេស ៖ មិត្តភក្តិ​គឺ​ស្មោះត្រង់​នឹង​គ្នា ហើយ​ទុកចិត្ត​គ្នា ។

តើ​មាន​អ្វី​ខ្លះ ដែល​អ្នក​បាន​រៀន​ពី​កល្យាណ​មិត្ត ?

comforting a friend

អើរ៉ុន អិម ៖ ចូរ​ស្មោះត្រង់​នឹង​ខ្លួន​ឯង ។ អ្នក​ពុំ​អាច​មាន​មិត្តដ៏​ពិត​ឡើយ ពេល​អ្នក​ពុំ​ស្មោះត្រង់​ចំពោះ​ខ្លួន​ឯង​នោះ ។ ប្រសិនបើ​ពួកគេ​ពុំ​ចូលចិត្ត​បទដ្ឋាន​របស់​អ្នក នោះ​ពួកគេ​ពុំ​មែន​ជា​មិត្ត​របស់​អ្នក ហើយ​ពុំ​ជួយ​អ្នក​ឡើយ ។

អ៊ីសាក ភី ៖ សូម​ស្ដាប់​អ្វី​ដែល​ពួកគេ​និយាយ ។ ប្រសិនបើ​ពួកគេ​និយាយ សូម​កុំ​ព្រងើយ​កន្តើយ​នឹង​អ្វី​ដែល​ពួកគេ​និយាយ​ឡើយ ។ សូម​ផ្តោត​ចិត្ត​ទុកដាក់​លើ​ពួកគេ ហើយ​គាំទ្រ​ពួកគេ ។

អិមម៉ា ប៊ី ៖ អ្វី​មួយ​ដែល​កល្យាណ​មិត្ត​ធ្វើ​នោះ​គឺ​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​អ្វី​មួយ ។ សូម្បី​តែ​ការសួរ​សុខទុក្ខ​គ្នា ។ ការសួរ​សំណួរ​អំពី​រឿង​តិចតួច​ផងដែរ ។ រឿង​តិចតួច​មួយ​ចំនួន​គឺ​ជា​រឿង​សំខាន់​ណាស់ ។

ជេម ភី ៖ អ្នក​ក៏​អាច​ធ្វើ​ជា​មនុស្ស​ម្នាក់​ដែល​បើក​ដួងចិត្ត អញ្ជើញ​មនុស្ស​ឲ្យ​ចូល​ក្នុង​ក្រុម​មិត្ត​របស់​អ្នក ហើយ​ជួប​មិត្តភក្តិ​ផ្សេងៗ​ទៀត ។ អ្នក​នៅ​តែ​ធ្វើ​ជា​កល្យាណ​មិត្ត​ដដែល ។

មិត្ត​ដ៏​ពិត …

ហ្គ្រេ អេស ៖ មិត្ត​ដ៏​ពិត​គឺ​ជា​មនុស្ស​ម្នាក់​ដែល​យល់​ពី​អ្នក ។

អែនឌ្រូ អេស ៖ មិត្ត​ដ៏​ពិត​គឺ​ជា​មនុស្ស​ម្នាក់​ដែល​អ្នក​អាច​ពឹងពាក់​បាន​ជានិច្ច ។

ជេម ភី ៖ ខ្ញុំ​គិត​ថា ពួកគេ​ជាមនុស្ស​ដែល​មាន​ការយល់​ចិត្ត​គ្នា ។

ឡេតុន អេច ៖ អ្នក​អាច​មាន​ទំនុកចិត្ត​ក្នុង​ខ្លួន​អ្នក​ពេល​នៅ​ជិត​ពួកគេ ។

ខាលវីន ប៊ី ៖ មិត្ត​ដ៏​ពិត​ចេះគាំទ្រគ្នា ។