ឆ្នាំ​២០១៧
ការបំបែក​ឯកត្តកម្ម​ពេលវេលា
June 2017


គេហដ្ឋាន​របស់​យើង ក្រុម​គ្រួសារ​របស់​យើង

ការបំបែក​ឯកត្តកម្ម​ពេលវេលា

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ កាលីហ្វូញ៉ា ស.រ.អា. នៅពេលជួបបទពិសោធន៍នេះ ។

វា​គឺ​ជា​រឿង​អស្ចារ្យ​ណាស់​ដែល​ខ្ញុំ​អាច​ត្រឡប់​ទៅ​ផ្ទះ ដើម្បី​ចូលរួម​ពិធីបុណ្យ​ជ្រមុជទឹក​របស់​កូនស្រី​ខ្ញុំ ។

air force plane

រូបថត​មក​ពី Getty Images

កូនស្រី​របស់​ខ្ញុំ​ទើប​តែ​មាន​អាយុ​ប្រាំបី​ឆ្នាំ ហើយ​នាង​មាន​ចិត្ត​រំភើប​ចង់​ឲ្យ​ខ្ញុំ​ជ្រមុជទឹក​ឲ្យ​នាង ។ លោកតា​លោក​យាយ​របស់​នាង​ក៏​មក​ចូលរួម​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ​ផងដែរ ដែល​ធ្វើ​ឲ្យ​នាង​កាន់តែ​រំភើបចិត្ត និង រំពឹង​រង់ចាំ​គ្រា​នោះ ។ ប៉ុន្តែ​នៅពេល​ថ្ងៃ​ដ៏​ពិសេស​នោះ​ជិត​ឈាន​ចូល​មក​ដល់ ខ្ញុំ​ហាក់បី​ដូច​ជា​ពុំ​អាច​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​ជ្រមុជ​ទឹក​នោះ​បាន​ឡើយ ។

ការងារ​របស់​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​បើកបរ​យន្តហោះសម្រាប់​ទាហាន​អាកាស និង​ជា​មន្ត្រី​ប្រតិបត្តិការ​ជំនួយ​ដល់​ក្រុម​យន្តហោះ​ដែល​ហោះហើរ​ជាមួយ​គ្នា​កម្រ​នឹង​មាន​ការធុញទ្រាន់​ណាស់ ប៉ុន្តែ​ការធ្វើ​ដំណើរ​នោះ​ប្រែ​កាន់តែ​តានតឹង​ឡើង នៅពេល​មន្ត្រី​ប្រតិបត្តិការ​របស់​ខ្ញុំ​បាន​ចាកចេញ​ទៅ​បំពេញ​ការចាត់តាំង​មួយ​ផ្សេង​ទៀត ។ ខ្ញុំ​កំពុង​បំពេញ​កិច្ចការ​បេសកកម្ម ដែល​មាន​ជា​បន្ត​បន្ទាប់​ ។ ខ្ញុំ​ត្រូវបាន​បង្ខំ​ចិត្ត​លុបចោល​ការបំពាក់បំប៉ន ពន្យារពេល​ក្នុង​កិច្ចការ​មួយ​ចំនួន​នៃ​ក្រុមនាវិក​យន្តហោះ ហើយ​លុបចោល​វិស្សមកាល ដែល​ខ្ញុំ​បាន​គ្រោង​ទុក​អស់​ជា​ច្រើន​ខែ​មក​ហើយ ដើម្បី​បង្កើត​ចំនួន​ហោះហើរ​របស់​ក្រុម ដែល​តម្រូវ​ឲ្យ​ធ្វើ​ឡើង ។

ក្រុម​ទ័ព​អាកាស​ត្រូវ​ចេញ​ដំណើរ​តាម​លំដាប់​នៃ​ការហោះហើរ​ចំនួន ២១ ថ្ងៃ ហើយ​មាន​ឱកាស​តិចតួច​បំផុត​ក្នុងការ​ត្រឡប់​មកផ្ទះ​វិញ​មុន​កំណត់ ។ ហើយ​នៅពេល​មន្ត្រី​ប្រតិបត្តិការ និង មន្ត្រីជំនួយ​ប្រតិបត្តិការ​ម្នាក់​ទៀត​របស់​ខ្ញុំ​បាន​ត្រឡប់​ទៅ​វិញ នោះ​ស្ថានភាព​បាន​ក្លាយ​កាន់តែ​លំបាក ក្នុងការ​ចាកចេញទៅ​ចូលរួម​ព្រឹត្តិការណ៍​គ្រួសារ ។ តើ​ខ្ញុំ​អាច​ដកឃ្លា​ទៅ​បាន​យ៉ា​ង​ដូចម្តេច ខណៈដែលខ្ញុំត្រូវតម្រូវឲ្យលះបង់ជួយអ្នកដទៃ​ជា​ច្រើន​នាក់​ទៀត​នោះ ?

ខ្ញុំ​មាន​អារម្មណ៍​ថា​ចិត្ត​ខ្ញុំ​ស្ទើរតែ​ប្រេះ​បែក​ជា​ពីរ ។ ខ្ញុំ​តែងតែ​ព្យាយាម​ដាក់​គ្រួសារ​ខ្ញុំ​ជា​អាទិភាព​លើ​ការងារ​របស់​ខ្ញុំ​ជានិច្ច ប៉ុន្តែ​កាលៈទេសៈ​ទាំង​នេះ​ពុំ​មែន​ជា​រឿង​សាមញ្ញ​ឡើយ ហើយ​ខ្ញុំ​ក៏​មាន​ករណីកិច្ច​បម្រើ​ប្រទេសជាតិ​របស់​ខ្ញុំ​ផងដែរ ។ មន្ត្រី​ប្រតិបត្តិការ​របស់​ខ្ញុំ​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​ទេ ប៉ុន្តែ​បាន​យល់​អំពី​សារៈសំខាន់​នៃ​ព្រឹត្តិការ​ណ៍​នេះ​ចំពោះ​គ្រួសារ​ខ្ញុំ ហើយ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​សម្រេចចិត្ត​ដោយ​ខ្លួន​ឯង ។ បន្ទាប់​ពី​ការអធិស្ឋាន និង ការពិភាក្សា​ជាមួយ​គ្រួសារ​យ៉ាង​ច្រើន​មក ខ្ញុំ​បាន​ធ្វើ​នូវ​រឿង​ដែល​ខ្ញុំ​ទទួល​អារម្មណ៍​ថា​ត្រឹមត្រូវ ហើយ​បាន​ដាក់​កាលវិភាគ​ខ្លួន​ឯង​ថា ត្រូវ​ចេញ​ទៅ​បំពេញ​បេសកកម្ម​បន្ទាប់​នោះ ។

នៅពេល​ក្រុម​អាកាសយានិករបស់​ខ្ញុំ​ត្រូវបាន​បញ្ជា​ប្រាប់​អំពី​បេសកកម្ម ដែល​ត្រូវ​ចាប់ផ្តើម​នៅព្រឹក​ថ្ងៃ​ចន្ទ វា​ហាក់បី​ដូច​ជា​ខ្ញុំ​គ្មាន​ឱកាស​នឹង​ត្រឡប់​មក​វិញ ចូលរួម​ពិធីបុណ្យ​ជ្រមុជទឹក​កូនស្រី​របស់​ខ្ញុំ​នៅ​ថ្ងៃ​សៅរ៍​វិញ​ឡើយ ។ យើង​បាន​ជិះ​យន្តហោះ​ដឹកជញ្ជូន​ទៅ​កន្លែង​យក​សម្ភារៈ ក្រោយ​មក​ទៅ​បន្ទាយសម្រាក ជា​កន្លែង​ដែល​យើង​តម្រូវឲ្យ​សម្រាក​ពីមុន​បន្ត​ការហោះហើរ​ម្តង​ទៀត ។ ក្រោយ​មក​ទៀត យើង​បាន​បន្ត​ជិះ​យន្តហោះ​ទៅកាន់​ទីតាំង​មួយ​ផ្សេង​ទៀត ហើយ​សម្រាក បន្ទាប់​មក​ដឹក​សម្ភារៈទៅ​កាន់​ទីតាំង​ឆ្ងាយៗ នៅពេល​ជិះ​យន្តហោះ​ត្រឡប់​មក​វិញ យើង​ឈប់​ដើម្បី​ឲ្យ​ក្រុម​អាកាសយានិក​សម្រាក​ម្តង​ទៀត រួច​ត្រឡប់​ទៅ​កន្លែង​វិញ ដើម្បី​ប្រមូល​សម្ភារៈ​បន្ថែម​ទៀត ហើយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ទីកន្លែង​វិញ ។ ជាធម្មតា​វា​ចំណាយពេល​យ៉ាង​ហោច​ណាស់ ប្រាំពីរ​ថ្ងៃ​ដើម្បី​បញ្ចប់​ការធ្វើដំណើរទាំងទៅ​ទាំងមក​សម្រាប់​ការធ្វើ​ដំណើរ​ម្តង ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា គ្រួសារ​ខ្ញុំ​បាន​អធិស្ឋាន​ទូល​សុំ​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ។ សេចក្តីជំនឿ និង ការអធិស្ឋាន​របស់​ពួកគេ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​សេចក្តីជំនឿ ហើយ​វា​ប្រែ​យ៉ាង​លឿន ឲ្យ​ឃើញ​ច្បាស់​ថា នេះ​ពុំមែន​ជា​បេសកកម្ម​សាមញ្ញ​មួយ​ឡើយ ។

ដំបូង ជំនួស​ឲ្យ​ការឈប់​មួយ ឬ ពីរ​ថ្ងៃ បេសកកម្ម​របស់​យើង​ត្រូវបាន​ចាត់​ឲ្យ​ទៅ​ចាក់សាំង​យន្តហោះ​លើ​អាកាស ហើយ​បន្ត​ហោះហើរពុំ​ឈប់​ឡើយ​ទៅកាន់​ទីតាំង​អន្តរជាតិ​ដំបូង​របស់​យើង ។ បន្ទាប់​ពី​ការសម្រាក​មួយ​រយៈ​តាម​ច្បាប់​របស់​អាកាសយានិក​មក យើង​ត្រូវបាន​បញ្ជា​ឲ្យ​ហោះហើរ​ទៅ​បេសកកម្ម​មួយ​ផ្សេង​ទៀត ដោយ​ត្រូវ​ទៅ​កាន់​ទីតាំង​ចែកចាយ​សម្ភារៈ​នៅ​ឆ្ងាយៗ ទាំង​ទៅ​ទាំង​មក ។ ការដាក់​សម្ភារៈចុះ​ពី​យន្តហោះ និង​ការ​ចាក់សាំង​នៅ​គោលដៅ​របស់​យើង​បាន​ដំណើរការ​ទៅ​យ៉ាង​រលូន ហើយ​បន្ទាប់​ពី​ការសម្រាក​មួយ​រយៈ​របស់​ក្រុមអាកាសយានិក​យើង​ម្តង​ទៀត​មក យើង​ត្រូវបាន​បញ្ជា​ឲ្យ​ត្រឡប់​ទៅកាន់​បន្ទាយ​របស់​យើង​វិញ ។ យើង​អាច​ទៅផ្ទះ​បាន​រយៈពេល​មួយ​ថ្ងៃ ឬពីរ​ថ្ងៃ​ដែរ !

ខ្ញុំ​មាន​ចិត្ត​រីករាយ​ប្រាប់​គ្រួសារ​របស់​ខ្ញុំ​ថា ខ្ញុំ​ជិត​បាន​ទៅ​ផ្ទះ​ហើយ ។ ប៉ុន្តែ​ក្រោយ​មក​ភរិយា​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ពិធីបុណជ្រមុជទឹក​បាន​ប្តូរ​ពី​ម៉ោង ៥ ល្ងាច ទៅ​ម៉ោង ២ រសៀ​ល​វិញ ដើម្បី​កុំ​ឲ្យ​ជាន់​នឹង​សកម្មភាព​យុវវ័យ​ស្តេក ។ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​អ្នកគ្រប់គ្រង​ខាង​ការដឹកជញ្ជូន​តាម​យន្តហោះ​របស់​យើង ហើយ​បាន​ពន្យល់​ប្រាប់​គាត់​អំពី​ស្ថានភាព​នោះ ។ បន្ទាប់​ពី​ឈប់​មួយ​សន្ទុះ គាត់​បាន​តប​ថា យើង​មាន​ក្រុម​អាកាសយានិក​គ្រប់គ្រាន់​ល្មម ដើម្បី​ពន្យារពេល​ការធ្វើ​ដំណើរបន្ទាប់​ទៀត​របស់​យើង​រហូត​ដល់​ម៉ោង ៥ ល្ងាច​ថ្ងៃ​សៅរ៍ — គឺ​ចំ​ម៉ោង​នៃ​ពិធីបុណ្យជ្រមុជ​ទឹក ដែល​យើង​បាន​ដាក់​កាលវិភាគ​កាលពី​មុន​ថា​ចាប់ផ្តើម​នៅ​ម៉ោង​នោះ ។

ពេល​ជិះយន្ត​ហោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​យើង​បើក​យន្តហោះ​ផុតជួរ​ភ្នំ​ក្បែរ​ផ្ទះ​ខ្ញុំ ខ្ញុំ​បាន​ឃើញ​ថា មាន​ការសាកល្បង​សេចក្តីជំនឿ​មួយ​បន្ថែម​ទៀត ៖ ពន្លឺ​ភ្លើង​នៅ​ទីក្រុង​នេះ​បាន​គ្របដណ្តប់​ដោយ​អ័ព្ទ ។ វា​ជា​សភាព​មួយ​ដែល​ពិបាក​មើល​ខ្លាំង​បំផុត ដែល​ខ្ញុំ​មិនដែលធ្លាប់បើក​យន្តហោះ​ចុះចត​ក្នុង​សភាព​បែប​នេះ​ទេ ។ ដោយ​បាន​បំពេញ​បញ្ជី​ការងារ​របស់​យើង រំពេច​នោះ​យើង​បាន​រៀបចំ​ផែនការ ដើម្បី​បង្វែរ​ទិសដៅ​ចុះចត​នៅ​អាកាសយាន្តដ្ឋាន​មួយ​ផ្សេង​ទៀត​ប្រសិនបើ​ចាំបាច់ ហើយ​យើង​បាន​បើក​យន្តហោះ​ចុះ​ទៅក្រោម​ដើម្បី​មើល​ស្ថានភាព ។

នៅពេល​យើង​បន្ទាប​យន្តហោះទៅលើផ្លូវចុះចត​​​នៅរយៈកម្ពស់ ៦០ ម៉ែត្រពី​ដី នោះ​អ័ព្ទ​បាន​ហ៊ុម​ព័ទ្ធយន្តហោះ​យើង​ទាំងស្រុង ។ រំពេច​នោះ មាន​ពន្លឺ​ភ្លើង​មួយ​ចាំង​ចេញ​មក​ពី​ផ្លូវ​យន្តហោះ​នៅ​ពីមុខ​យើង នៅ​រយៈកម្ពស់ ៣៧ ម៉ែត្រ មួយ​សន្ទុះ​ក្រោយ​មក ពួកយើង​បាន​ចុះចត​ដោយ​សុវត្ថិភាព ។ យើង​គ្រប់​គ្នា​បាន​ដក​ដង្ហើម​ដោយ​ធូរ​ក្នុង​ចិត្ត ។

Brother Bairett and daughter at baptism

រូបថត​ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​គ្រួសារ​ ប៊ែរ៉ែត

រឿង​កើត​ឡើងជាបន្តបន្ទាប់ ហាក់បីដូច​ជា​គាប់ជួន​គ្នា​ដែល​មិន​ធ្លាប់​កើត​មាន​ពីមុន​នោះ បាន​ធ្វើ​ឲ្យ​ក្រុមអាកាសយានិក​របស់​ខ្ញុំ​អាច​ធ្វើ​ដំណើរ​ជា​ច្រើន​ជើង​ទៅ​កាន់​ជ្រុង​ម្ខាង​ទៀត​នៃ​ពិភព​លោក​នេះ ហើយ​ត្រឡប់​មក​វិញ​បាន​យ៉ាង​លឿន ហើយ​ខ្ញុំ​អាច​ទៅ​ផ្ទះ​មួយ​រយៈ​ពេល​ខ្លី ដែល​ចំ​នឹង​ពិធីបុណ្យ​ជ្រមុជទឹក​របស់​កូនស្រី​ខ្ញុំ ។ ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ ខ្ញុំ​អាច​បំពេញ​ករណីកិច្ច​ខ្ញុំ ដើម្បី​បម្រើ​ប្រទេស​ខ្ញុំ ក្រុម​អ្នក​បើក​យន្តហោះ​របស់​ខ្ញុំ ហើយ​សំខាន់​បំផុត​ចំពោះ​ក្រុមគ្រួសារ​របស់​ខ្ញុំ ។ ខណៈ​ដែល​ព្រឹត្តិការណ៍​នៃ​ជីវិត​អាច​ដំណើរការ​ទៅ​មុខ ប្រសិនបើ​យើង​ត្រូវ​ប្តូរ​កាលវិភាគ​បុណ្យជ្រមុជទឹក​របស់​កូនស្រី​យើង នោះ​ព្រះវរបិតាសួគ៌​អនុញ្ញាត​ឲ្យ​យើង​ដឹង​ថា ទ្រង់​ស្រឡាញ់​ពួកយើង ហើយព្រះសណ្តាប់ការអធិស្ឋានរបស់យើង ។ ទ្រង់​បាន​ប្រទាន​ការចងចាំ​អំពី​អព្ភូតហេតុ​ទាំងនោះ​ដល់​កូនស្រី​របស់​ខ្ញុំ ដែល​វា​ជា​សាក្សី​ថា ទ្រង់​ស្រឡាញ់​នាង ហើយ​ទាំងភរិយា​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ទទួល​សាក្សី​កាន់តែ​រឹងមាំ​ថា « សូម្បី​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​សុំ​ព្រះ​វរបិតា​ដោយ​នូវ​នាម​យើង ដែល​ត្រឹម​ត្រូវ និង​ដោយ​ជឿ​ថា អ្នក​នឹង​បាន​ទទួល មើល​ចុះ នឹង​បាន​ប្រទាន​ដល់​អ្នក » ( នីហ្វៃទី ៣ ១៨:២០ ) ។