ចូរក្លាហាន ហើយចែកចាយ !
គ្រួសាររបស់យើងបានរស់នៅកន្លែងជាច្រើនជុំវិញពិភពលោក ។ យើងបានជួបនឹងមនុស្សជាច្រើនប្រភេទ ហើយមានឱកាសជាច្រើនដើម្បីចែកចាយដំណឹងល្អ ។ កូនៗរបស់យើងបានផ្ដល់ពរជ័យដល់មនុស្សដទៃទៀតតាមរយៈការចែកចាយទីបន្ទាល់របស់ពួកគេ ។
ពេលកូនៗរបស់យើងនៅក្មេង យើងបានរស់នៅប្រទេសកាហ្សាក់ស្ថាន ។ នៅពេលនោះគ្មានពួកអ្នកផ្សព្វផ្សាយសាសនានៅក្នុងប្រទេសនោះទេ ។ ពេលមិត្តភក្ដិ និងអ្នកជិតខាងចង់ស្ដាប់អំពីដំណឹងល្អ នោះ យើង ត្រូវធ្វើជាពួកអ្នកផ្សព្វផ្សាយសាសនា !
កូនស្រីរបស់យើងឈ្មោះ ម៉ាណេ បានចែកចាយដំណឹងល្អនឹងមិត្តរបស់នាងឈ្មោះ អាលីយ៉ូណា ។ អាលីយ៉ូណា បានសម្រេចចិត្តជ្រមុជទឹកដោយមានការអនុញ្ញតពីម្ដាយរបស់នាង ដែលក្រោយមកទៀត គាត់បានជ្រមុជទឹកជាមួយនឹងប្អូនស្រីរបស់អាលីយ៉ូណា ។ ថ្មីៗនេះ អាលីយ៉ូណា បានរៀបការនឹងយុវជនដ៏សុចរិតម្នាក់នៅក្នុងព្រះវិហារបរិសុទ្ធមែនហ៊ែតថិន នូវយ៉ោក ហើយម៉ាណេត្រូវទៅចូលរួមនៅទីនោះ ! នាងមានចិត្តរីករាយជាខ្លាំង ដោយសារនាងបានជួយមិត្តរបស់នាងឲ្យរៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
ពេលយើងរស់នៅរដ្ឋ វើរជីញ៉ា ស.រ.អា. កូនប្រុសរបស់យើងឈ្មោះ គ្រីស ស្ថិតនៅក្នុងថ្នាក់កុមារ ។ មិត្តម្នាក់របស់គ្រីស និងគ្រួសាររបស់គាត់បានចាប់ផ្ដើមជួបនឹងពួកអ្នកផ្សព្វផ្សាយសាសនា ។ គ្រីសបានជួយបង្រៀនគ្រួសារនោះ ។ គាត់បានត្រៀមខ្លួនពីមុនមេរៀននីមួយៗ ហើយបានជួយឆ្លើយសំណួរបស់ពួកគេ ។ គ្រួសារនោះបានសម្រេចចិត្តជ្រមុជទឹក ។ បន្ទាប់ពីនោះមក គ្រីស ពុំដែលបារម្ភថា គាត់ពុំអាចបម្រើបេសកកម្មបានឡើយ ។ គាត់បានដឹងថា គាត់អាចធ្វើកិច្ចការនេះបាន !
នៅគ្រាមួយទៀត មានបុរសម្នាក់បានមកធ្វើការនៅផ្ទះរបស់យើង ។ ភរិយារបស់ខ្ញុំបានអរគុណដល់គាត់ ពេលគាត់បានធ្វើកិច្ចការចប់ ។ នាងបានពោលថា « យើងចង់ឲ្យអំណោយមួយដល់លោក » ។ នាងបានឲ្យព្រះគម្ពីរមរមនមួយក្បាលទៅបុរសនោះ ។
បុរសនោះពុំសប្បាយចិត្តឡើយ ។ គាត់ពុំបានយល់អំពីអ្វីដែលយើងជឿនោះទេ ។ គាត់បានគិតថា យើងពុំជឿលើព្រះយេស៊ូវគ្រីស្ទទេ ។
គ្រីសមានចិត្តក្លាហាន ហើយបានចែកទីបន្ទាល់របស់គាត់ជាមួយនឹងបុរសនោះ ។ គ្រីស បានប្រាប់ថា គាត់គឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ គាត់បាននិយាយថា គាត់ជឿលើព្រះយេស៊ូវ ។
មានកូនចៅជាច្រើនរបស់ព្រះវរបិតាសួគ៌ពុំដឹងអំពីដំណឹងល្អនេះទេ ។ មានមនុស្សខ្លះទៀតពុំដឹងថា យើងជឿលើព្រះយេស៊ូវឡើយ ។ មនុស្សទាំងនេះត្រូវការមនុស្សម្នាក់ដែលមានសណ្ដានចិត្តល្អ ហើយនិយាយនឹងពួកគេ ។ យើងអាចមានភាពក្លាហាន ហើយចែកចាយទីបន្ទាល់របស់យើង ។ យើងអាចជួយមនុស្សដទៃទៀតឲ្យរៀនអំពីព្រះយេស៊ូវគ្រីស្ទបាន !