ឆ្នាំ​២០១៧
ភ្ញៀវ​នៅ​ថ្ងៃ​ឆ្លង​បុណ្យ​គ្រីស្ទម៉ាស់
December 2017


ភ្ញៀវ​នៅ​ថ្ងៃ​ឆ្លង​បុណ្យ​គ្រីស្ទម៉ាស់

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ អៃដាហូ ស.រ.អា ។

វា​តែង​តែ​ជា​រាត្រី​ដ៏​ល្អ​បំផុត​​ក្នុង​មួយឆ្នាំ ។ ឥឡូវ​នេះ​ វា​បំផ្លាញ​អស់​ហើយ !

« ច្រៀង​ចម្រៀង​អំពី​ព្រះរាជ​កុមារ​ព្រះគ្រីស្ទ ៖ ចូរ​ឲ្យ​អ្នក​ជិត​ខាង​របស់​អ្នក​ដឹង​ថា​អ្នក​ខ្វល់​ខ្វាយ » ( Children’s Songbook, ល.រ. ៥១ ) ។

The Christmas Eve Guest

គ្លែរ៉ា​ ចូល​ចិត្ត​ទំនៀម​ទម្លាប់​ថ្ងៃ​ឆ្លង​បុណ្យ​គ្រីស្ទ​ម៉ាស់​របស់​គ្រួសារ​នាង​ណាស់ ។ ដំបូង​ពួកគេ​បាន​បរិភោគ​ត្រីដុត​សម្រាប់​អាហារ​ពេល​ល្ងាច និង​នំ​ឃុក​ឃី​បុណ្យ​គ្រីស្ទម៉ាស់​ជា​បង្អែម ។ បន្ទាប់​មក ពួកគេ​បានទៅ​ដើរ​​លេងនៅ​​ផ្សារ​​បុណ្យ​គ្រីស្ទម៉ាស់ ។ ពេល​ពួកគេ​បាន​មក​ដល់​ផ្ទះ ពួកគេ​បាន​អាន​ដំណើរ​រឿង​អំពី​បុណ្យ​គ្រីស្ទម៉ាស់​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប​រួម​គ្នា ។ ហើយ​ពី​មុន​ពេល​​ចូល​ដេក ពួកគេ​បំភ្លឺ​ដើម​គ្រីស្ទម៉ាស់​ជា​លើក​ដំបូង ហើយ​បើក​អំណោយ​ម្ដង​មួយៗ ។ វា​គឺ​ជា​រាត្រី​ដែល​គ្លែរ៉ា​ចូល​ចិត្ត​បំផុត​​ក្នុង​មួយ​ឆ្នាំ ។ នាង​ស្ទើរ​តែ​ពុំ​អាច​រង់ចាំ​វា​បាន​ទេ !

រហូត​ដល់​អ្នក​ម៉ាក់​បាន​ធ្វើ​ការ​ប្រកាស​មួយ​ឡើង ។

« នៅ​ឆ្នាំ​នេះ យើង​នឹង​មាន​ភ្ញៀវ​ពិសេស​ម្នាក់​សម្រាប់​ថ្ងៃ​ឆ្លង​បុណ្យ​គ្រីស្ទម៉ាស់ ។ តើ​នៅ​ចាំ​លោក​ស្រី រេនណើរ បាន​ទេ ? »

គ្លែរ៉ា​បាន​ថ្ងូរ ។ « តើ​គាត់​ជា​​អ្នក​ជិតខាង​ ដែល​លោក​ប៉ា​បាន​អញ្ជើញ​ទៅ​ព្រះវិហារ​កាល​ពី​សប្ដាហ៍​មុន​មែន​ទេ ? »

« ត្រឹមត្រូវ​ហើយ ។ ឥឡូវ​នេះ លោក​ប៉ា​កំពុង​តែ​ទៅ​ទទួល​គាត់ » ។

គ្លែរ៉ា​បាន​ទម្លាក់​ខ្លួន​អង្គុយ​ចុះ​លើ​កៅអី ។ តើ​នាង​អាច​បន្ធូរ​ចិត្ត ហើយ​រីករាយ​ ពេល​​មាន​មនុស្ស​ប្លែក​មុខ​ម្នាក់​បាន​យ៉ាង​ដូច​ម្ដេច ? ថ្ងៃ​ឆ្លង​បុណ្យ​គ្រីស្ទ​ម៉ាស់​ពិត​ជា​​​ត្រូវ​បំផ្លាញ​អស់​ហើយ ! មែនហើយ លោក​ស្រី រ៉េណើរ ​ពុំ​បាន​ទៅ​ព្រះវិហារ​ទេ ពេល​ប៉ា​បាន​អញ្ជើញ​គាត់​នោះ ។ ​ប្រហែល​ជា​គាត់​ក៏​ពុំ​មក​ពេលនេះ​ដែរ​ក៏​ថា​បាន ។

ប៉ុន្តែ​ពេល​លោក​ប៉ា​ចូល​មក​ក្នុង​ផ្ទះ « ភ្ញៀវ​ពិសេស » ​រូប​នោះ​បាន​មក​ជាមួយ​នឹង​គាត់ ។ លោក​ស្រី ​រ៉េណើរ ទំនង​ជា​នឿយ​ហត់ ហើយ​ពុំ​សប្បាយ​ចិត្ត​ទេ ។ គ្លែរ៉ា​បាន​និយាយ​ពាក្យ​សួស្ដី ។ ប៉ុន្តែ​នាង​ពុំ​ចង់​និយាយ​អ្វី​ផ្សេង​ទៀត​ទេ ។ ដល់​ពេល​​អាហារ​ពេល​ល្ងាច នាង​ផ្ដោត​តែ​លើ​ចានអាហារ​របស់​នាង ខណៈ​ដែល​​ម៉ាក់ និង​ប៉ា​ជជែក​ជាមួយ​នឹង​លោក​ស្រី ​រ៉េណើរ ។

មាន​សំឡេង​ដ៏​ស្រទន់​មួយ​បាន​សួរ​ឡើង​ថា ​« តើ​ក្មួយ​ធ្លាប់​ចូល​រៀន​ថ្នាក់​របាំ​ទេ ? » ។ គ្លែរ៉ា​បាន​សង្កេតឃើញ​ថា លោក​ស្រី ​រ៉េណើរ​កំពុង​រង់ចាំ​ចម្លើយ​របស់​នាង ។ នាង​បាន​ងក់​ក្បាល ហើយ​មើល​ទៅ​ចាន​អាហារ​របស់​នាង​វិញ ។

លោក​ស្រី​ រ៉េណើរ​ បាន​ខ្សឹបៗ​ថា « អ៊ំ​ក៏​ធ្លាប់​រៀន​ដែរ » ។ « តើ​របៀប​រាំ​អ្វី​ទៅ​ដែល​ក្មួយ​ចូល​ចិត្ត​ជាង​គេ ? »

គ្លែរ៉ា​បាន​ញាក់​ស្មា ហើយ​រុញ​បន្លែ​លេង​ក្នុង​ចាន​របស់​នាង ។

លោក​ស្រី រ៉េណើរ​ បាន​តប​ថា « អ៊ំ​ចូល​ចិត្ត​របាំ​បាឡេ » ។ « កាល​ពី​នៅ​រៀន​សាកលវិទ្យាល័យ អ៊ំ​នៅ​ក្នុង​ក្រុម​របាំ​មួយ ។ មាន​ឆ្នាំ​មួយ ​យើង​បាន​ធ្វើ​ដំណើរ​ជុំវិញ​ទ្វីប​អឺរ៉ុប ។ វា​អស្ចារ្យ​ណាស់ » ។

គ្លែរ៉ា​បាន​ងើប​មុខ​ឡើង ។ រឿង​នោះ​ពិត​ជា​អស្ចារ្យ​មែន ។

គ្លែរ៉ា​បាន​សួរ​ថា « តើ​អ៊ំ​ចូល​ចិត្ត​អ្វី​ផ្សេង​ទៀត​ដែរ​ទេ ? »

លោក​ស្រី​រ៉េណើរ​បាន​ញញឹម​បន្តិច ។ « ​លេង​ព្យាណូ ។ និង ​គណិត​វិទ្យា » ។

គ្លែរ៉ា​បាន​បើក​ភ្នែក​ធំៗ ។ « ពិតមែន​ឬ ? គណិត​វិទ្យា​គឺជា​មុខវិជ្ជា​ដែល​ខ្ញុំ​ចូល​ចិត្ត ! »

សម្រាប់​ពេលវេលា​ដែល​នៅ​សល់​អំឡុង​អាហារ​ពេល​ល្ងាច នោះ​គ្លែរ៉ា​បាន​និយាយ​នឹង​លោក​ស្រី​ រ៉េណើរ រហូត ។ នាង​បាន​ដឹង​ថា លោក​ស្រី រ៉េណើរ​ មាន​សញ្ញាបត្រ​ផ្នែក​គណិតវិទ្យា​ពី​មហាវិទ្យាល័យ ហើយ​បាន​សិក្សា​ដើម្បី​ក្លាយ​ជា​សាស្ត្រាចារ្យ​ផ្នែក​គណិត​វិទ្យា ពេល​គាត់​បាន​ជួប​នឹង​ស្វាមី​របស់​គាត់ ។ ស្វាមី​របស់​គាត់​បាន​ធ្វើ​ការ​ជ្រើស​រើស​មិន​ល្អ​មួយ​ចំនួន ហើយ​ឥឡូវ​នេះ​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង ។

បន្ទាប់​ពី​អាហារ​ពេល​ល្ងាច​រួច គ្លែរ៉ា​បាន​នៅ​ក្បែរ​លោក​ស្រី ​រ៉េណើរ កាល​ពួកគេ​ដើរ​មើល​ផ្សារ​លក់​របស់​របរបុណ្យ​គ្រីស្ទម៉ាស់ ។ ហើយ​ពេល​ពួកគេ​បាន​អាន​ដំណើរ​រឿង​អំពី​បុណ្យ​គ្រីស្ទម៉ាស់ នាង​បាន​ចែកព្រះគម្ពីរ​ជាមួយ​នឹង​លោក​ស្រី​ រ៉េណើរ ដើម្បី​គាត់​អាច​មើល​តាម ។

មិន​យូរ​ប៉ុន្មាន ពេលវេលា​​បើក​អំណោយ​ក៏​មក​ដល់ ។ គ្លែរ៉ា​ទទួល​បាន​សម្លៀក​បំពាក់​ដេក​យប់​ដ៏​កក់ក្ដៅ​ពណ៌​ស្វាយ​មួយ​ចំនួន ។ នាង​​អន្ទះសារ​ចង់​ពាក់​វា ! ប៉ុន្តែ​នាង​​មាន​អារម្មណ៍​អាណិត​ដល់​លោក​ស្រី ​រ៉េណើរ ដោយ​សារ​គាត់​គ្មាន​បាន​អំណោយ​អ្វី​សោះ ។

រំពេច​នោះ ម៉ាក់បាន​ហុច​អំណោយ​មួយ​ទៅ​លោក​ស្រី ​រ៉េណើរ ។ លោក​ស្រី រ៉េណើរ បាន​ញញឹម​ទាំង​អៀន​ខ្មាស់ ហើយ​បើក​បាន​ស្រោម​ជើង​ពណ៌​ខៀវ​​មួយ​គូ ។ គាត់​បាន​ងើយ​មើល​មុខ​អ្នក​ម៉ាក់​ទាំង​ទឹក​ភ្នែក​រលីង​រលោង ។ « សូម​អរគុណ ។ លោក​ស្រី​ពុំ​ចាំ​បាច់​​ឲ្យអ្វី​មក​ខ្ញុំ​នោះ​ទេ » ។

គ្លែរ៉ា​បាន​ទៅ​បន្ទប់​ដេក​របស់​នាង ហើយ​ពាក់​ខោអាវ​ដេក​យប់​ថ្មី​របស់​នាង ។ នាង​ពុំ​អាច​ឈប់​គិត​ពី​លោក​ស្រី​ រ៉េណើរ​ បាន​ឡើយ ។ គាត់​ទំនង​ជា​មាន​អំណរ​គុណ​ខ្លាំង​ណាស់ ដែល​ទទួល​បាន​ស្រោម​ជើង​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់ !

ពេល​នាង​ពាក់​ស្រោម​ជើង​របស់​នាង នាង​បាន​ឮ​តន្ត្រី​ដ៏​ពីរោះ​ចាប់​ផ្ដើ​ម​លេង ។ នាង​បាន​រត់​ចុះ​ទៅ​ក្រោម​ផ្ទះ​ឃើញ​អ្នក​ម៉ាក់ និង​លោក​ប៉ា​ច្រៀង​ចម្រៀង​បុណ្យ​គ្រីស្ទ​ម៉ាស់ កាល​លោក​ស្រី ​រ៉េណើរ​ លេង​ព្យាណូ ។ គ្លែរ៉ា​បាន​ចូល​រួម ។ ពេល​នាង​បាន​ច្រៀង អារម្មណ៍​ដ៏​កក់​ក្ដៅ​មួយ​បាន​ផុស​ឡើង​នៅ​ក្នុង​ដួង​ចិត្ត​របស់​នាង ។ នាង​បាន​គិត​ថា « ខ្ញុំ​គិត​ថា វា​មិន​អាក្រក់​ទេ ដែល​មាន​ភ្ញៀវ​នៅ​ថ្ងៃ​ឆ្លង​បុណ្យ​គ្រីស្ទម៉ាស់ » ។

នៅ​ថ្ងៃ​អាទិត្យ លោក​ស្រី​រ៉េណើរ​បាន​មក​ព្រះវិហារ ហើយ​អង្គុយ​ជាមួយ​គ្រួសារ​របស់​គ្លែរ៉ា​អំឡុង​ការ​ប្រជុំ​សាក្រាម៉ង់ ។ គាត់​មើល​ទៅ​ដូចជា​រីករាយ​ណាស់ ។ គ្លែរ៉ា​បាន​ញញឹម ពេល​នាង​បាន​ចែក​សៀវភៅ​ទំនុក​តម្កើង​មើល​ជាមួយ​នឹង​លោកស្រី ​រ៉េណើរ ។ ប្រហែល​វា​ដល់​ពេល​ដើម្បី​បន្ថែម​ទំនៀម​ទម្លាប់​ថ្មី​មួយ​នៅ​ថ្ងៃ​ឆ្លង​បុណ្យ​គ្រីស្ទម៉ាស់​ហើយ ។