ឆ្នាំ​២០១៧
តើ​ជា​កញ្ចប់​បុណ្យ​គ្រីស្ទម៉ាស់​សម្រាប់​ខ្ញុំ​មែន​ទេ ?
December 2017


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

តើ​ជា​កញ្ចប់​បុណ្យ​គ្រីស្ទម៉ាស់​សម្រាប់​ខ្ញុំ​មែន​ទេ ?

Christmas packages

រចនា​រូបភាពដោយ ខារ៉ូលីន វីបប៊ើត

ខ្ញុំ​ធ្លាប់​បម្រើ​នៅ​ក្នុង​បេសកកម្ម​សាក្រាម៉ង់តូ ​កាលីហ្វ័រញ៉ា​អំឡុង​បុណ្យ​គ្រីស្ទម៉ាស់​នា​ឆ្នាំ​២០០៣ ។ ដៃគូ​របស់​ខ្ញុំ និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ស៊ិស្ទើរ​ពីរ​នាក់​ផ្សេង​ទៀត​ដែល​នៅ​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា​បាន​ចាប់ផ្ដើម​ទទួល​អំណោយ និង​សំបុត្រ​មក​ពី​សាច់​ញាតិ និង​មិត្ត​ភក្ដិ​របស់​ពួកគេ ។ ខ្ញុំ​បាន​ដឹង​ថា រឿង​នោះ​ពុំ​កើត​ឡើង​ចំពោះ​ខ្ញុំ​ឡើយ ។

គ្រួសារ​របស់​ខ្ញុំ​នៅ​ប្រទេស​អាហ្សង់ទីន​មាន​ធនធាន​ស្ដួច​ស្ដើង ហើយ​ជា​ធម្មតា​សំបុត្រ​របស់​ពួកគេ​ត្រូវ​បាន​ពន្យារ​ពេល​ពីរ​ទៅ​បី​ខែ ។ ខ្ញុំ​នៅ​ឆ្ងាយ​ពី​គ្រួសារ​របស់​ខ្ញុំ ប៉ុន្តែ​មាន​ចិត្ត​រីករាយ​ដើម្បី​ចំណាយ​ពេល​ក្នុង​បុណ្យ​គ្រីស្ទ​ម៉ាស់​នៅ​ក្នុង​កិច្ចការ​បម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅ​ថ្ងៃ​ឆ្លង​បុណ្យ​គ្រីស្ទ​ម៉ាស់ យើង​បាន​ត្រៀម​ខ្លួន​ចូល​ដេក មាន​ស៊ិស្ទើរ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​ថា មាន​មនុស្ស​ម្នាក់​បាន​ទុក​កញ្ចប់​មួយ​ចំនួន​នៅ​មាត់​ទ្វារ​ដោយ​មាន​ឈ្មោះ​របស់​ខ្ញុំ​នៅ​លើ​កញ្ចប់​ទាំង​នោះ​ដែរ ។

« សម្រាប់​ខ្ញុំ​មែន​ឬ ? វា​មិន​ពិត​ឡើយ ! ខ្ញុំ​ពោល​ទាំង​ភ្ញាក់​ផ្អើល ។

មាន​ប្រអប់​ធំ​ពីរ​ដាក់​ឈ្មោះ​របស់​ខ្ញុំ​នៅ​លើ​នោះ ប៉ុន្តែ​គ្មាន​អាស័យដ្ឋាន​អ្នក​ផ្ញើ​ឡើយ ។ ខ្ញុំ​មាន​ចិត្ត​រំភើប ហើយ​ស៊ិស្ទើរ​ផ្សេង​ទៀត​ក៏​មាន​ចិត្ត​រំភើប​ជំនួស​ខ្ញុំ​ដែរ ។ ខ្ញុំ​បាន​បើក​កញ្ចប់​ទាំងនោះ​ដែល​មាន​សុទ្ធ​តែ​អំណោយ ស្ករគ្រាប់ គំនូរ​ជាច្រើន​ពី​កុមារ និង​សម្ភារ​ផ្សេង​ទៀត ! ខ្ញុំ​ពុំ​អាច​ទប់​ទឹក​ភ្នែក​បាន​ទេ ។

« តើ​នរណា​ទៅ​បាន​ផ្ញើ​កញ្ចប់​ទាំង​នេះ​មក​ឲ្យ​ខ្ញុំ ? » ខ្ញុំ​មាន​ការងឿងឆ្ងល់ ។ យើងទាំង​អស់​គ្នា គ្មាន​នរណា​ម្នាក់​ដឹង​ឡើយ ប៉ុន្តែ​យើង​ទាំងអស់​មាន​ចិត្ត​រីករាយ ដោយសារ​តែ​សេចក្ដី​សប្បុរស​នោះ ។

ក្រោយ​ពី​បុណ្យ​គ្រីស្ទម៉ាស់​បីបួន​ថ្ងៃ​មក ខ្ញុំ​នៅ​តែ​ចង់ដឹង​ថា ​នរណា​ទៅ​ដែល​បាន​ផ្ញើ​កញ្ចប់​ទាំងនោះ​មក ។ ដូច្នេះ​ខ្ញុំ​បាន​ទូរសព្ទ​ទៅ​ការិយាល័យ​បេសកកម្ម ហើយ​សាកសួរ​លេខា ប្រសិន​បើ​គាត់​អាច​ប្រាប់​ខ្ញុំ​ពី​ឈ្មោះអ្នក​ផ្ញើ​ដ៏​អាថ៌កំបាំង​នោះ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា សមាជិក​នៅ​ក្នុង​វួដ​មួយ​ដែល​មិន​ចង់​ឲ្យ​គេ​ស្គាល់​ឈ្មោះ​បាន​សម្រេច​ចិត្ត​ផ្ញើ​កញ្ចប់​មក​ឲ្យ​ខ្ញុំ​សម្រាប់ជា​អំណោយ​ក្នុង​​បុណ្យ​គ្រីស្ទម៉ាស់ ។ ខ្ញុំ​តែង​អរគុណ​ជានិច្ច​ចំពោះ​សេចក្ដី​សប្បុរស​របស់​សមាជិក​វួដ​នោះ ​ដែល​បាន​នាំ​មក​នូវ​សេចក្ដី​ស្រឡាញ់ជា​ខ្លាំង​​នៅ​ថ្ងៃ​ឆ្លង​បុណ្យ​គ្រីស្ទ​ម៉ាស់​នោះ និង​ចំពោះ​ការ​គាំទ្រ​ដែល​ខ្ញុំ​បាន​ទទួល​អំឡុង​បេសកកម្ម​របស់​ខ្ញុំ ។

ខ្ញុំ​បាន​រៀន​ថា សមាជិក​សាសនាចក្រ​គ្រប់​រូប​អាច​ធ្វើ​ឲ្យ​​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ — ទោះ​ជា​នៅ​ឆ្ងាយ​ពី​ផ្ទះ​ក្ដី — ឲ្យ​មាន​អារម្មណ៍​ដូច​ជា​បាន​នៅ​ផ្ទះ​តាមរយៈ​ការ​លើក​ទឹកចិត្ត និង​ការ​បម្រើ​របស់​ពួកគេ ។ វា​គឺ​ជា​បុណ្យ​គ្រីស្ទ​ម៉ាស់​មួយ​ដ៏​ល្អ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​ធ្លាប់​បម្រើ​ព្រះអង្គ​សង្គ្រោះ ហើយ​បាន​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​តាម​រយៈ​សមាជិក​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។