សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
អំណោយជាគ្រួសារមួយសម្រាប់ថ្វាយព្រះអង្គសង្គ្រោះ
កាលខែធ្នូបានជិតឈានចូលមកដល់ ខ្ញុំបានរវល់រៀបចំសម្រាប់កិច្ចការដ៏មមាញឹកនារដូវបុណ្យគ្រីស្ទម៉ាស់ ។ បុណ្យគ្រីស្ទម៉ាស់បានធ្វើឡើងនៅក្នុងផ្ទះរបស់យើងអស់រយៈពេលបួនឆ្នាំហើយ ប៉ុន្តែឆ្នាំនេះ ខ្ញុំមានការបារម្ភច្រើន ។ ពេលខ្ញុំបានពិភាក្សានឹងស្វាមីរបស់ខ្ញុំអំពីអ្វីៗគ្រប់យ៉ាងដែលយើងត្រូវធ្វើ — ដូចជាទិញអំណោយ រៀបចំអាហារ និងធ្វើរឿងជាច្រើនផ្សេងទៀត — យើងបានសម្រេចចិត្តលុបចោលពិធីជប់លៀងបុណ្យគ្រីស្ទម៉ាស់ ហើយធ្វើរឿងមួយផ្សេងនៅបុណ្យគ្រីស្ទម៉ាស់នេះ ។ យើងចង់ធ្វើអ្វីមួយដែលយើងអាចថ្វាយជាអំណោយមួយ ជូនដល់ព្រះអង្គសង្គ្រោះ ។
មួយខែ ធ្នូពេញ យើងបានធ្វើរាត្រីជួបជុំក្រុមគ្រួសារអំពីព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ បានទៅព្រះវិហារបរិសុទ្ធ ហើយបានដាក់ផែនការធ្វើគម្រោងបម្រើជាគ្រួសារ ។ ស្វាមីរបស់ខ្ញុំគឺជាប៊ីស្សពនៅពេលនោះ ហើយយើងបានសម្រេចចិត្តថា នៅថ្ងៃបុណ្យគ្រីស្ទម៉ាស់ យើងនឹងច្រៀងទៅកាន់ស្ត្រីមេម៉ាយទាំងអស់នៅក្នុងវួដ ។ យើងបានចាប់ផ្ដើមហាត់ច្រៀងទំនុកតម្កើងមួយចំនួនដែលយើងនឹងច្រៀងជាគ្រួសារ ។ កូនៗរបស់ខ្ញុំចូលចិត្តច្រៀងបទ « ផ្ទុំនៅក្នុងស្នូកទីឆ្ងាយ » ( ទំនុកតម្កើង ល.រ. ១២៧ ) ។
នៅថ្ងៃឆ្លងបុណ្យគ្រីស្ទម៉ាស់ យើងបានធ្វើប័ណ្ណដោយមានដាក់នូវសារលិខិតពិសេសអំពីបុណ្យគ្រីស្ទម៉ាស់ ហើយបានរៀបចំនំចំណីយកទៅជាមួយនឹងយើង ។ យើងមានចិត្តរីករាយដោយឃើញគ្រួសាររបស់យើងមានសាមគ្គីភាពជាខ្លាំង ហើយរីករាយដើម្បីបម្រើដោយសេចក្ដីស្រឡាញ់បែបនេះដល់មនុស្សដទៃ ។ ខ្ញុំអាចទទួលអារម្មណ៍ពីអត្ថន័យនៃបុណ្យគ្រីស្ទម៉ាស់ ។
នៅថ្ងៃបុណ្យគ្រីស្ទម៉ាស់ កូនៗរបស់យើងបានមានចិត្តរីករាយចង់ទៅធ្វើការសួរសុខទុក្ខទាំងនោះណាស់ ។ នៅផ្ទះនីមួយៗដែលយើងបានទៅសួរសុខទុក្ខ យើងមានចិត្តរីករាយ ហើយវាហាក់ដូចជា ទំនុកតម្កើងទាំងនោះឮកាន់តែពីរោះរណ្ដំឡើង រាល់ពេលដែលយើងច្រៀងវា ។ ពេលយើងបានមកដល់ផ្ទះចុងក្រោយ វាទំនងដូចជាគ្មានមនុស្សនៅទេ ។ យើងបានរង់ចាំពីរបីនាទី ហើយកូនៗរបស់យើងបានចាប់ផ្ដើមអន្ទះសារ ។ នៅទីបំផុត មានស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់បានចេញមកជួបយើងដោយស្លៀកពាក់សម្លៀកបំពាក់ថ្ងៃអាទិត្យរបស់គាត់ ហើយគាត់បានសឹតសក់យ៉ាងស្អាត ។ ពេលគាត់បានឃើញយើង គាត់បានសម្រក់ទឹកភ្នែក ។ ខ្ញុំបានចាប់ផ្ដើមក្ដុកក្ដួលក្នុងចិត្តដូចគ្នា ហើយច្រៀងស្ទើរតែពុំរួច ។
ពេលយើងត្រឡប់មកផ្ទះវិញ កូនស្រីរបស់យើងអាយុប្រាំឆ្នាំបានប្រាប់យើងថា នាងពុំចង់ទៅផ្ទះទេ ប៉ុន្តែនាងចង់បន្តច្រៀងទៀត ។ ពីមុនខ្ញុំតប ស្រាប់តែកូនរបស់ខ្ញុំអាយុប្រាំបួនឆ្នាំបាននិយាយថា « មិនអីទេ ចាំធ្វើវាម្ដងទៀតនៅឆ្នាំក្រោយ ! »
ចំពោះគ្រួសាររបស់យើង នេះគឺជាបុណ្យគ្រីស្ទម៉ាស់ដែលពុំអាចបំភ្លេចបាន ដោយសារយើងបានលើកស្ទួយដល់មនុស្សដទៃ ហើយបានបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេស៊ូវគ្រីស្ទ ។ ពេលខ្ញុំត្រិះរិះអំពីព្រឹត្តិការណ៍នៅថ្ងៃនោះ ខ្ញុំទទួលបានសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ ហើយបានចងចាំអំពីបន្ទូលរបស់ទ្រង់ថា « ដែលអ្នករាល់គ្នាបានធ្វើការទាំងនេះដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថាបានធ្វើដល់យើងដែរ » ( ម៉ាថាយ ២៥:៤០ ) ។