ការបង្ហាញអំពីសេចក្តីជំនឿ
យ៉ូសេហ្វីន ស្គែរេ
រដ្ឋផែនសីលវេញ៉ា ស.រ.អា.
ការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ហ្វីឡាឌែលហ្វៀ ផែនសីលវេញ៉ានាឆ្នាំ ២០១៦ បានផ្ដល់ឱកាសឲ្យយ៉ូសេហ្វីនទៅចូលព្រះវិហារបរិសុទ្ធរៀងរាល់សប្ដាហ៍ ។ នៅក្នុងព្រះវិហារបរិសុទ្ធ គាត់បានរកឃើញកម្លាំង និងការដោះស្រាយចំពោះការប្រឈមមុខនឹងការសាកល្បងនៃជីវិត ។
ឡេសលី នីលសុន ជាងថតរូប
ខ្ញុំបានកើតមកជួបនឹងរឿងលំបាកខ្លាំងណាស់ ។ ម្ដាយរបស់ខ្ញុំគឺជាជនអន្តោប្រវេសន៍ម្នាក់មកពីប្រទេសលីបេរីយ៉ា យើងមានជីវភាពក្រខ្សត់ ហើយកាលពីក្មេង ខ្ញុំត្រូវបានគេរំលោភបំពាន ពេលម្ដាយខ្ញុំបានទុកខ្ញុំឲ្យនៅជាមួយនឹងមនុស្សដែល គាត់ទុកចិត្តឲ្យមើលថែខ្ញុំ ។ បទពិសោធន៍នោះពិតជាបានធ្វើឲ្យរឿងខ្លះមានភាពពិបាកនៅក្នុងជីវិតរបស់ខ្ញុំ ។
ពេលការសាកល្បងចាប់ផ្ដើមពីមុនវ័យនៃការទទួលខុសត្រូវ ខ្ញុំគិតថាមានទំនាក់ទំនងដ៏ស៊ីជម្រៅមួយជាមួយនឹងព្រះអង្គសង្គ្រោះដែលអាចកើតមាន ។ ទំនាក់ទំនងនោះគឺជាពរជ័យដ៏ផ្អែមល្ហែមបំផុតចំពោះខ្ញុំ ហើយគ្មានផ្លូវដែលខ្ញុំមិនអាចអើពើបានឡើយ ។
អ្វីដែលធ្វើឲ្យខ្ញុំបន្តតាំងចិត្តរស់នៅតាមដំណឹងល្អគឺការសាកល្បងរបស់ខ្ញុំ ។
វប្បធម៌អាហ្វ្រិកបណ្ដុះសេចក្ដីស្រឡាញ់ចំពោះព្រះអម្ចាស់នៅក្នុងចិត្តអ្នកតាំងពីក្មេងមកម៉្លេះ ។ ខ្ញុំចាំថា ជីដូនរបស់ខ្ញុំបង្រៀនខ្ញុំអំពីការអធិស្ឋានរបស់ព្រះអម្ចាស់ ពេលខ្ញុំមានអាយុបួនឆ្នាំ ។ គាត់បានធ្វើឲ្យខ្ញុំជ្រួតជ្រាបនូវសារៈសំខាន់ក្នុងការមានទំនាក់ទំនងផ្ទាល់ខ្លួនមួយនឹងព្រះអង្គសង្គ្រោះ ។ វាគឺជារឿងពិតមួយសម្រាប់រូបខ្ញុំ ។
ដំណឹងល្អបានចូលមកក្នុងជីវិតរបស់ខ្ញុំនៅគ្រាដ៏រីករាយមួយ ។ ខ្ញុំមានអាយុ ១៤ ឆ្នាំ ។ វាបានកើតឡើងដោយសារអ្នកផ្សព្វផ្សាយសាសនារៀមច្បងមួយគូឈ្មោះ គ្លេន និង ចូអាន ហស៍ ដែលបានរស់នៅតាមគ្រប់ពាក្យសម្ដីដែលពួកគាត់បានបង្រៀនដល់ខ្ញុំ ។ ពួកគាត់បានការពារខ្ញុំ ។
អ្នកម្ដាយរបស់ខ្ញុំបានក្លាយជាសមាជិកនៅក្នុងឆ្នាំ ១៩៩៥ ។ វាគឺនៅអំឡុងសង្គ្រាមស៊ីវិលនៅប្រទេសលីបេរីយ៉ា ។ គាត់បានបាត់បង់សាច់ញាតិមួយចំនួននៅក្នុងសង្គ្រាមនោះ ។ បន្ទាប់មក ឪពុករបស់ប្អូនប្រុសខ្ញុំ ដែលអ្នកម្ដាយរបស់ខ្ញុំបានរួមរស់ជាមួយនៅពេលនោះ ត្រូវបានគេសម្លាប់នៅសហរដ្ឋអាមេរិកនេះ ។ វាគឺជាគ្រាដ៏លំបាកមួយសម្រាប់គាត់ ហើយគាត់បានប្រែក្លាយជាអសកម្ម ។
អ្នកម្ដាយរបស់ខ្ញុំពុំដែលប្រាប់យើងថា គាត់ជាសមាជិកសាសនាចក្រទេ ។ ខ្ញុំគ្រាន់តែចាំថា បានឃើញព្រះគម្ពីរបន្ថែមទៀតមួយចំនួននៅលើតុរបស់គាត់ ។ ពេលអែលឌើរ និងស៊ិស្ទើរ ហស៍ បានមកសួរសុខទុក្ខ ហើយបង្រៀនគាត់ ពួកគាត់បាននិយាយថា « តើលោកស្រីមិនចង់ឲ្យកូនស្រីរបស់លោកស្រីដឹងពីរឿងដែលលោកស្រីបានដឹងទេឬ ? » ខ្ញុំបានជ្រមុជទឹកនៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០០០ ។
ជីវិតពិតជាលំបាកណាស់ មិនថាអ្នកជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ឬពុំមែននោះទេ ។ កម្លាំងរបស់ខ្ញុំកើតមានមកពីទំនាក់ទំនងរបស់ខ្ញុំនឹងព្រះអង្គសង្គ្រោះរបស់ខ្ញុំ និងជាមួយនឹងកូនប្រុសរបស់ខ្ញុំឈ្មោះ អេណុក ។ ការរក្សាសេចក្ដីសញ្ញាដែលខ្ញុំបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធក៏ផ្ដល់កម្លាំងដល់ខ្ញុំដែរ ។
ព្រះវិហារបរិសុទ្ធនៅហ្វីឡាឌែលហ្វៀ បានផ្លាស់ប្ដូរមុខមាត់ថ្មីនៃទីក្រុងនេះ ។ ខ្ញុំបាននៅឯព្រះវិហារបរិសុទ្ធស្ទើរតែរាល់ថ្ងៃអំឡុងពេលកម្មវិធីសម្ពោធ ។ មានមនុស្សម្នាជាច្រើនបានឈប់ហើយសម្លឹងមើលព្រះវិហារបរិសុទ្ធនេះ ឡើងភ្លឹក ។ មានយប់មួយ កាលខ្ញុំធ្វើការរក្សាសន្តិសុខ មានស្ត្រីម្នាក់បានសួរខ្ញុំថា « តើអគារនេះគឺជាអគារអ្វីទៅ ? »
ខ្ញុំបានតបទៅគាត់ថា « នេះគឺជាអគារមួយដែលសមាជិកស្មោះត្រង់នៃសាសនាចក្រនៃ ពួកបរិសុទ្ធថ្ងៃចុងក្រោយអាចទៅ ហើយធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះអម្ចាស់ » ។
គាត់បានឱនមុខចុះ ហើយតបថា « ខ្ញុំព្រឺសម្បុរណាស់ » ។
នោះគ្រានោះ វាធ្វើឲ្យខ្ញុំចាប់អារម្មណ៍ ។ ស្ត្រីម្នាក់នេះគឺជាពលរដ្ឋធម្មតានៅហ្វីឡាឌែលហ្វៀ ។ គាត់ពុំបានដឹងថា មានរឿងអ្វីកំពុងកើតឡើងទេ ប៉ុន្តែគាត់អាចទទួលអារម្មណ៍ពីព្រះវិញ្ញាណយ៉ាងខ្លាំង ដោយសារដំណឹងល្អមានពិត ។
សេចក្តីពិតគឺជាសេចក្ដីពិត មិនថាមានរឿងអ្វីនោះទេ ។ អ្នកពុំចាំបាច់ត្រូវជជែកវែកញែកអំពីវានោះទេ ។ អ្នកពុំចាំបាច់ត្រូវបង្ហាញពីវានោះទេ ។ វាគឺជារឿងពិត ។ វាមានពិត ហើយវាមានពិតចំពោះមនុស្សគ្រប់គ្នា ។ វាមានពិតចំពោះមនុស្សដែលរស់នៅទីក្រុងសលត៍ លេក រដ្ឋយូថាហ៍ ហើយវាមានពិតចំពោះមនុស្សដែលរស់នៅតំបន់ក្រីក្រនៃហ្វីឡាឌែលហ្វៀនេះដែរ ។ ខ្ញុំគិតថា រឿងនោះគឺជាអ្វីដែលគួរលើកស្ទួយយើង ។