ឆ្នាំ​២០១៧
ការចែកចាយ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​បុណ្យ​គ្រីស្ទម៉ាស់
December 2017


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ការចែកចាយ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​បុណ្យ​គ្រីស្ទម៉ាស់

walking past homeless woman

រចនា​រូបភាព​ដោយ ជូលី រ៉ូជើរស៍

ខ្ញុំ​មាន​ចិត្ត​រំភើប​ដើម្បី​ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​បុណ្យ​គ្រីស្ទ​ម៉ាស់​ឆ្នាំ​២០១៦ របស់​សាសនាចក្រ​ស្ដី ពី « បំភ្លឺពិភពលោក » ។ ខ្ញុំ​បាន​ទន្ទឹង​រង់ចាំ​ដើម្បី​បំពេញ​សំណូមពរ ប្រចាំ​ថ្ងៃ​ទាំងនោះ ជាពិសេស​សម្រាប់​ថ្ងៃ​ទី​ប្រាំ ៖ « ព្រះយេស៊ូវ​បាន​ជួយ​ដល់​អ្នក​ឈឺ ហើយ​អ្នក​ក៏​អាច​ធ្វើ​ដូច​គ្នា​ដែរ » ។

នៅ​ថ្ងៃ​នោះ​ខ្ញុំ​បាន​ចេញ​ទៅ​ធ្វើ​ការ ហើយ​បាន​ដើរ​កាត់ផ្លូវ​ក្នុង​ក្រុង​ជាច្រើន ​ដោយ​មាន​គម្រោង​ទៅ​លេង​នឹង​លោក​យាយ​លោក​តា​របស់​ខ្ញុំ ។ ខ្ញុំ​បាន​មាន​ចិត្ត​រីករាយ​ណាស់ ។ វា​ជា​រដូវ​បុណ្យ​គ្រីស្ទម៉ាស់ ហើយពិភពលោក​នេះ​មាន​ភាព​ស្រស់​ស្អាត ។ សំឡេង​កណ្ដឹង​នៃ​សេចក្ដី​សប្បុរស​បាន​រោទិ៍​ឡើង​នៅ​ផ្ទៃ​វេហា ។ ពេល​ខ្ញុំ​បាន​ចូលទៅជិត​នឹង​ចំណត​រថយន្ត​ក្រុង សំឡេង​កណ្ដឹង​​ស្ទើរ​តែ​ស្ដាប់​ពុំ​ឮ​ឡើយ ដោយ​សារ​មាន​ស្ត្រី​គ្មាន​ទី​ជម្រក​ម្នាក់​បាន​ស្រែក​ឲ្យ​អ្នក​រោទិ៍​កណ្ដឹង​នោះ ។

គាត់​បាន​ស្រែក​ថា « អ្នក​ឯង​ជា​មនុស្ស​មាន​ពុត ! » « ខ្ញុំ​ស្រេក​ឃ្លាន ខ្ញុំ​រងារ ប៉ុន្តែ​អ្នក​ឯង​គិត​តែ​ពី​ខ្លួន​ឯង ! អ្នក​ឯង​ជា​មនុស្ស​មាន​ពុត ! »

មនុស្ស​ភាគ​ច្រើន​ពុំ​បាន​អើពើ​នឹង​គាត់​ទេ ហើយ​អ្នក​រោទិ៍​កណ្ដឹង​នោះ​បាន​បន្ត​រោទិ៍​កណ្ដឹង​របស់​គាត់​បន្ត​ទៀត ។ ខ្ញុំ​បាន​យក​កាស​មក​ស្ដាប់ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ឮ​ស្ត្រី​នោះ​ស្រែក​ឡើង​ថា « អ្នក​ឯង​ជា​មនុស្ស​មាន​ពុត ! ខ្ញុំ​ឃ្លាន​ ។ ខ្ញុំរងារ » ។

ខ្ញុំ​បាន​ចាំ​ថា ខ្ញុំ​មាន​ក្រដាស​ប្រាក់ ២០ ដុល្លារ​នៅ​ក្នុង​ហោប៉ៅ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ពិចារណា​​ឲ្យ វា ទៅ​ស្ត្រី​នោះ ។ ខ្ញុំ​បាន​គិត​ថា « ទេ » ។ « ប្រសិន​បើ​ខ្ញុំ​ចង់​ឲ្យ​ប្រាក់​នេះ​ទៅ​នរណា​ម្នាក់ ខ្ញុំ​គួរ ឲ្យ​ទៅ​មនុស្ស​ម្នាក់​ដែល​មាន​សណ្ដាន​ចិត្ត​ល្អ » ។ បន្ទាប់​មក ព្រះវិញ្ញាណ​បាន​រំឭក​ខ្ញុំ​ពី​សំណូម​ពរ​នោះ និង​តួអង្គ​ដែល​ខ្ញុំ​កំពុង​ព្យាយាម​ធ្វើ ខ្លួន​ឲ្យ​ដូច ។ ព្រះយេស៊ូវ​គឺ​ជា​ស្ដេច​នៃ​អស់​ទាំង​ស្ដេច ប៉ុន្តែ​ទ្រង់​បាន​បម្រើ​ដល់​មនុស្ស​ដ៏​ទន់ទាប​បំផុត ។ ខ្ញុំ​បាន​ដឹង​នូវ​អ្វី​ដែល​ខ្ញុំ​គប្បី​នឹង​ធ្វើ ។

ខ្ញុំ​បាន​ដើរ​ទៅ​រក​ស្ត្រី​នោះ ។ ឥឡូវ​នេះ​គាត់​បាន​ឈប់​ស្រែក​ទៀត​ហើយ ប៉ុន្តែ​គាត់​បាន​បិទភ្នែក ហើយ​បាន​សម្រក់​ទឹក​ភ្នែក ។ ខ្ញុំ​បាន​យក​ប្រាក់ ២០ ដុល្លារ​នោះ​ចេញ​ពី​ហោប៉ៅ​មក រួច​ក៏​ហុច​ទៅ​ឲ្យ​គាត់ ។

ខ្ញុំ​បាន​សួរ​ថា « ពិបាក​ចិត្ត​មែន​ទេ ? »

គាត់​បាន​មើល​មុខ​ខ្ញុំ ។ ​គាត់​បាន​តប​ថា « មែន​ហើយ » ។

​ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​សុំ​ទោស » ។ ខ្ញុំ​បាន​ឱប​គាត់ ហើយ​គាត់​បាន​ផ្ដេក​ក្បាល​លើ​ស្មា​របស់​ខ្ញុំ​ទាំង​សម្រក់​ទឹក​ភ្នែក​រហូត​ដល់​រថយន្ត​ក្រុង​បាន​មក​ដល់ ។

ពេល​យើង​និយាយ​លា​គ្នា ស្ត្រី​នោះ​បាន​និយាយ​ថា « អរគុណ » ។ « ហើយ​ពុំ​មែន​សម្រាប់​តែ​ប្រាក់​នេះ​ទេ ។ ប៉ុន្តែ​អរគុណដែល​បាន​មក​ឱប​ខ្ញុំ ។ ខ្ញុំ​ត្រូវការ​ការ​ឱប​​លួង​លោម​ចិត្ត​មួយ » ។

ការ​ឱប​មនុស្សមិន​ដែល​ស្គាល់​គ្នា​ម្នាក់​នៅ​តាម​ដង​ផ្លូវ​ពុំ​មែន​ជា​អ្វី​មួយ​ដែល​ខ្ញុំ​មាន​គម្រោង​នឹង​ធ្វើ​ឡើយ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា វា​គឺជា​អ្វី​មួយ​ដែល​ព្រះយេស៊ូវ​នឹង​ធ្វើ​ដូច​គ្នា ។ ខ្ញុំ​មាន​អំណរ​គុណ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឱកាស​នេះ​ឲ្យ​ខ្ញុំ ដើម្បី​បាន​​បម្រើ​ដូចជា​ទ្រង់ ។ ព្រះយេស៊ូវ​បាន​ជួយដល់​អ្នក​ឈឺ ជន​ក្រី​ក្រ និង​ជន​ខ្វះខាត ។ ដូច្នេះ​ខ្ញុំ​ក៏​អាច​ធ្វើ​បាន​ដែរ ។