កម្មវិធីប្រកួតប្រជែងផ្នែកទេពកោសល្យរបស់ម៉ុងហ្គោលី
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ យូថាហ៍ ស.រ.អា និង អ៊ូឡង់បាតា ប្រទេសម៉ុងហ្គោលី ។
បើនិយាយទៅ មានប្រជាជនម៉ុងហ្គោលីតិចតួចណាស់ដែលឮអំពីសាសនាចក្រ ប៉ុន្តែក្រុមចម្រៀងមួយនេះបានជួយផ្លាស់ប្ដូរស្ថានភាពនោះ ។
កាលពីខែធ្នូឆ្នាំមុន មានក្រុមចម្រៀងមួយក្រុមមកពីស្តេកអ៊ូឡង់បាតា ម៉ុងហ្គោលី ស្ដេកខាងកើត និងខាងលិចបានឈានចូលដល់វគ្គពាក់កណ្ដាល់ផ្ដាច់ព័ត្រនៃកម្មវិធីទូរទស្សន៍ថ្នាក់ជាតិដែលហៅថា កម្មវិធីប្រកួតប្រជែងផ្នែកទេពកោសល្យរបស់ម៉ុងហ្គោលី ។ ក្រុមចម្រៀងនេះ — រួមមាននូវសិស្សថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ដែលចំនួនពាក់កណ្ដាលគឺជាអ្នកដែលត្រឡប់មកពីបេសកកម្មវិញ — ពុំធ្លាប់គិតថា ពួកគេនឹងមានឱកាសបែបនេះដើម្បីចែកចាយជំនឿ និងទេពកោសល្យរបស់ពួកគេនោះឡើយ ។
នៅឆ្នាំ ២០១៥ មានពួកចិតសិបនាក់ប្រចាំតំបន់មួយរូបបានមកទស្សនកិច្ចនៅប្រទេសម៉ុងហ្គោលី ហើយបានផ្ដល់ការបំពាក់បំប៉នស្ដីពីការខិតខំប្រឹងប្រែងនៃកិច្ចការសាធារណៈរបស់សាសនាចក្រ ។ អូដហ្គេរេល អូឈើចាវ ជាប្រធានស្តេកអ៊ូឡង់បាទ័រ ម៉ុងហ្គោលីខាងលិច ពុំប្រាកដពីរបៀបចាប់ផ្ដើមកិច្ចការនេះឡើយ ។ បន្ទាប់មកនៅខែ មករា ឆ្នាំ ២០១៦ បងថ្លៃរបស់គាត់បានទូរសព្ទមក ហើយនិយាយថា « បងកំពុងមើល កម្មវិធីប្រកួតប្រជែងផ្នែកទេពកោសល្យរបស់ម៉ុងហ្គោលី ។ … បងមានចំណាប់អារម្មណ៍ដ៏ខ្លាំងមួយថា ក្រុមចម្រៀងសាសនាចក្ររបស់ប្អូនគួរចូលរួមកម្មវិធីនេះដែរ » ។
ប្រធាន អូឈើចាវ បានពិភាក្សាពីគំនិតនេះជាមួយនឹងនាយកក្រុមចម្រៀងគឺបងស្រី អ៊ូនើរចាហ្គាល់ ពូរេវ ។ គាត់ និងសមាជិកក្រុមចម្រៀងមានចិត្តសាទរចំពោះឱកាសនេះ ។ ក្រុមចម្រៀងនេះគេស្គាល់ឈ្មោះថា ជាក្រុមចម្រៀងស៊ីយ៉ូន ឬ « SION » ជាពាក្យកាត់មួយក្នុងភាសាម៉ុងហ្គោលីដែលវាមានន័យថា ស្មារតី សេចក្ដីជំនឿ គំនិត និង សាមគ្គីភាព ។
ជុំទីមួយ
សម្រាប់ជុំទីមួយនៃការប្រកួតនៅខែមីនា ឆ្នាំ ២០១៦ ក្រុមស៊ីយ៉ូនបានសម្ដែងដោយច្រៀងចម្រៀងពីរបទលាយបញ្ចូលគ្នា ។ មានចៅក្រមម្នាក់បាននិយាយថា « ខ្ញុំឃើញទឹកមុខប្អូនៗរីករាយណាស់ ! … យើងត្រូវដាក់វីដេអូរបស់ប្អូននៅលើយូធូបដើម្បីផ្សព្វផ្សាយកម្មវិធីនេះដល់ពិភពលោក » ។
ចៅក្រមម្នាក់ទៀតបានសួរក្រុមចម្រៀងនេះថា តើពួកគេនឹងធ្វើអ្វីខ្លះ ប្រសិនបើពួកគេឈ្នះរង្វាន់ធំដែលមានទឹកប្រាក់ចំនួន ៥០,០០០ ដុល្លារនោះ ។ គាត់បានមានចំណាប់អារម្មណ៍ជាខ្លាំង ពេលពួកគេបាននិយាយថា ពួកគេចង់បរិច្ចាគប្រាក់នោះទាំងអស់ទុកជាអំណោយពិសេសមួយសម្រាប់បុណ្យគ្រីស្ទម៉ាស់ទៅដល់មជ្ឈមណ្ឌលកុមារកំព្រាមួយ ។
ជុំទីពីរ
ក្នុងចំណោមអ្នកចូលរួមប្រកួតចំនួន ៤០០ នាក់ ក្រុមស៊ីយ៉ូនស្ថិតនៅក្នុងចំណោមមនុស្សពីររយនាក់ដែលបានឈានទៅជុំទីពីរ ប៉ុន្តែការសម្ដែងរបស់ពួកគេត្រូវនឹងថ្ងៃជាមួយគ្នានឹងថ្ងៃសន្និសីទពហុស្តេកសម្រាប់យុវវ័យ ដែលត្រូវការសមាជិកពាក់កណ្ដាលនៃក្រុមចម្រៀងនេះដែលមានគ្នា ៣៥ នាក់ ។ ក្រុមចម្រៀងនេះបានសម្រេចចិត្តទៅការប្រកួតជុំទីពីរ ដូច្នេះពួកគេបានជួលរថយន្តក្រុងមួយ ហើយបន្ទាប់ពីការសម្ដែងរបស់ពួកគេ ពួកគេបានធ្វើដំណើររយៈពេលប្រាំបីម៉ោងទៅចូលរួមសន្និសីទយុវវ័យនោះ ។
ក្នុងចំណោមការសម្ដែងចំនួន ២០០ ក្រុមស៊ីយ៉ូនគឺស្ថិតនៅក្នុងចំណោម ៣២ ក្រុមដែលឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព័ត្រ ។ ក្រុមចម្រៀងនេះបានចាប់ផ្ដើមមានគេស្គាល់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទាក់ទងនឹង កម្មវិធីប្រកួតប្រជែងផ្នែកទេពកោសល្យរបស់ម៉ុងហ្គោលី ។
វគ្គពាក់កណ្ដាលផ្ដាច់ព័ត្រ
ពួកគេបានហ្វឹកហាត់ពីខែ មិថុនា រហូតដល់ខែ កញ្ញាដើម្បីត្រៀមខ្លួនសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព័ត្រ ។ នៅថ្ងៃនៃការសម្ដែងនោះ ពួកគេបានក្រោកពីដំណេកនៅម៉ោង ៤:០០ព្រឹក ក្នុងសីតុណ្ហភាព -៣៤ អង្សា ។ ប្អូនស្រី ណូមូអូងេរេល អេនខ្ទូវឈីន ជាសមាជិកក្រុមចម្រៀងម្នាក់បាននិយាយថា « សមាជិកក្រុមយើងជាច្រើនមានជំងឺផ្ដាសាយ » ។ ប៉ុន្តែពួកគេមានអារម្មណ៍ប្រសើរឡើង ពេលយើងបានអធិស្ឋានឲ្យពួកគេ » ។
ប្រជាជននៅក្នុងប្រទេសម៉ុងហ្គោលីទាំងមូលបានទស្សនាកម្មវិធីនេះ ហើយផ្ញើសារចូលដើម្បីធ្វើការបោះឆ្នោតរបស់ពួកគេ ។
ប្អូនប្រុស ឈឺជឺ ពូរេវឌ័ជ បាននិយាយថា « ដោយសារតែកម្មវិធីទូរទស្សន៍មួយនេះ មានមនុស្សជាច្រើនកំពុងមានឥរិយាបថវិជ្ជមានចំពោះសាសនាចក្រ » ។
ពរជ័យ
សមាជិកក្រុមចម្រៀងផ្ទាល់ក៏បានទទួលពរជ័យផងដែរ ។ ប្អូនប្រុស អូដហ្គេរេល តូមើរសូក បាននិយាយថា « យើងបានផ្ដោតអារម្មណ៍របស់យើង ហើយបានលះបង់ពេលវេលាពេញមួយឆ្នាំ ខណៈដែលយើងគ្រប់គ្រងការងាររបស់យើង និងធុរៈផ្សេងទៀតនៅក្នុងជីវិតរបស់យើង ។ ទោះជាវាមានភាពលំបាកក្ដី ក៏យើងបានទទួលពរជ័យជាច្រើនដែរ ។ ខ្ញុំបានរៀនគ្រប់គ្រងពេលវេលារបស់ខ្ញុំ ហើយធ្វើការលះបង់ថ្វាយព្រះអម្ចាស់ » ។
បន្ថែមពីលើការបង្កើនសេចក្ដីជំនឿរបស់ពួកគេ សមាជិកក្រុមចម្រៀងនេះបានទទួលនូវទំនុកចិត្តខ្លួន បានអភិវឌ្ឍមិត្តភាព ហើយបានរៀនដើម្បីមានសាមគ្គីភាព ។ ប្អូនប្រុស ហ្គានបាអាតា អូលហ្សីឌូអូរេន បាននិយាយថា « ការច្រៀងនៅក្នុងក្រុមចម្រៀងបានជួយយើងឲ្យរៀនពីរបៀបអភ័យទោស ហើយគាំទ្រគ្នាទៅវិញទៅមក » ។ « យើងមានសាមគ្គីភាពកាន់តែខ្លាំងឡើង » ។ ប្អូនស្រី ប៊ិលហ្គូអូនហ្សាយ៉ា តូង៉ាឡាកតូអូល បានរៀនថា « ខ្ញុំពុំគួរសង្ស័យលើខ្លួនឯង ឬគិតថា ខ្ញុំពុំអាចធ្វើអ្វីមួយបានឡើយ » ។
ប្អូនប្រុស បាយ៉ាតសុគ ឡាក្វាចាវ បាននិយាយថា « ការច្រៀងនៅក្នុងក្រុមចម្រៀងបាននាំយកពរជ័យជាច្រើនដល់គ្រួសាររបស់ខ្ញុំ ហើយវាក៏ជួយខ្ញុំឲ្យទទួលបានចម្លើយដែលខ្ញុំបានស្វែងរកជាយូរមកហើយដែរ ។ ថ្នាក់ដឹកនាំរបស់យើងបានជួយផ្ដល់ដំណោះស្រាយដល់យើង ។ … វាបានបញ្ជាក់ដល់ទីបន្ទាល់របស់ខ្ញុំថា ថ្នាក់ដឹកនាំរបស់យើងត្រូវបានហៅមកពីព្រះ » ។
ប្អូនស្រី អូណុន ដាឡៃឃូអូ បានពន្យល់ថា « ពេលខ្ញុំបានចូលរួមនៅក្នុង កម្មវិធីប្រកួតប្រជែងផ្នែកទេពកោសល្យរបស់ម៉ុងហ្គោលី ខ្ញុំបានរៀនថា ការលើកទឹកចិត្ត និងការគាំទ្រគ្នា [ គឺជា ] គន្លឹះឆ្ពោះទៅរកជោគជ័យ [ របស់យើង ] » ។ ការទទួលខុសត្រូវរបស់ប្អូនស្រី ដាឡៃឃូអូ រួមមានការរៀបចំសមាជិកក្រុម ដែលបានជួយពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំរបស់នាង ។ នាងបានបន្ថែមថា « យើងមានអារម្មណ៍ថា ព្រះអម្ចាស់បានដឹកនាំ ហើយបានមានឥទ្ធិពលមកលើយើង ។ ពួកយើងភាគច្រើនមានជំងឺ រវល់ អស់កម្លាំង ហើយមានការថប់បារម្ភ ។ ប៉ុន្តែ ពេលយើងបានអធិស្ឋានរួមគ្នា យើងហាក់ដូចជារកឃើញនូវថាមពល និងបំណងប្រាថ្នាកាន់តែខ្លាំងឡើងដើម្បីស៊ូទ្រាំ » ។
ទោះបីជាក្រុមចម្រៀងនេះពុំបានទទួលការបោះឆ្នោតឲ្យគ្រប់គ្រាន់ដើម្បីឈានទៅវគ្គផ្ដាច់ព័ត្រក្ដី ក៏ការសម្ដែងរបស់ពួកគេបានផ្ដល់នូវការផ្សព្វផ្សាយយ៉ាងសំខាន់អំពីសាសនាចក្រនៅក្នុងប្រទេសម៉ុងហ្គោលី ។ ប្រធាន អូឈើចាវ ពន្យល់ថា « យើងបានគោរពប្រតិបត្តិចំពោះការចាត់តាំងមួយមកពីថ្នាក់ដឹកនាំបព្វជិតភាពរបស់យើង ហើយព្រះអម្ចាស់បានរៀបចំផ្លូវមួយឲ្យយើង ។ … ឥឡូវនេះទីក្រុង [ អ៊ូឡង់បាទ័រ ] ទាំងមូលនិយាយអំពីការចូលរួមរបស់ក្រុមចម្រៀងមរមននៅក្នុង កម្មវិធីប្រកួតប្រជែងផ្នែកទេពកោសល្យរបស់ម៉ុងហ្គោលី » ។