ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
ការលើកកម្ពស់ដល់ការពិភាក្សានៅក្នុងគ្រួសាររបស់យើង
សព្វថ្ងៃនេះ អ្នកនិពន្ធកំពុងបម្រើជាប្រធានបេសសកកម្មនៅកឺរីទីបា ប្រទេសប្រេស៊ីល ។
តើយើងអាចជួយកូនចៅរបស់យើងឲ្យក្លាយជាអ្នករៀនសូត្រកាន់តែសកម្មបានយ៉ាងដូចម្ដេច ?
កាលពីពេលកន្លងទៅ ភរិយារបស់ខ្ញុំ និងខ្ញុំបានខ្វល់ខ្វាយអំពីរបៀបនៃការអភិវឌ្ឍឥរិយាបថមួយនៅក្នុងខ្លួនកូនៗពេញជំទង់មួយចំនួនរបស់យើង អំឡុងការសិក្សាព្រះគម្ពីរជាគ្រួសារ រាត្រីជួបជុំក្រុមគ្រួសារ ព្រមទាំងនៅក្នុងការសន្ទនាមួយទល់នឹងមួយអំពីដំណឹងល្អដែលឥតបម្រុងទុករបស់យើងផងដែរ ។ ពួកគេមានលក្ខណៈសម្បត្តិត្រូវតាមបទដ្ឋានរៀនសូត្រដ៏តូចបំផុត — រួមមានវត្តមាន ការផ្ដោតអារម្មណ៍ម្ដងម្កាល និងចម្លើយប្រើពាក្យតែមួយម៉ាត់ — ប៉ុន្តែពួកគេពុំបានប្រឡូកយ៉ាងសកម្មនៅក្នុងការរៀនសូត្រឡើយ ។
យើងបានដឹងថា ដើម្បីឲ្យពួកគេទទួលបានទីបន្ទាល់ដ៏រឹងមាំ ហើយមានបទពិសោធន៍ពីការប្រែចិត្តជឿដ៏ស៊ីជម្រៅផ្ទាល់ខ្លួនមួយ តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះពួកគេត្រូវធ្វើរឿងច្រើនទៀត ។ ព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យពួកសិស្សរបស់ទ្រង់ពុំគ្រាន់តែស្ដាប់បន្ទូលរបស់ទ្រង់ប៉ុណ្ណោះទេ — ទ្រង់សព្វព្រះទ័យឲ្យពួកគេធ្វើតាមការបង្រៀនរបស់ទ្រង់ដោយសេចក្ដីជំនឿផងដែរ ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអម្ចាស់ [ ឆ្នាំ ២០១៦ ] ទំព័រ ៣០ ) ។
មានយប់មួយ យើងបាននិយាយនឹងពួកគេអំពីអារម្មណ៍របស់យើង ។ គោលបំណងរបស់យើងគឺដើម្បីប្រឹក្សានឹងពួកគេនៅក្នុងការពិភាក្សាមួយដែលដឹកនាំដោយព្រះវិញ្ញាណ ។ ប៉ុន្តែរំពេចនោះ ការពិភាក្សារបស់យើងក្លាយទៅជាការនិទានឃោសនាតែឯកឯងវិញ ។ ពួកកូនប្រុសរបស់យើងបានឮសាររបស់យើង ប៉ុន្តែវាពុំបានប៉ះពាល់ដល់គំនិត និងដួងចិត្តរបស់ពួកគេឡើយ ។
បទពិសោធន៍នោះបានធ្វើឲ្យយើងខ្វល់ខ្វាយ ដូច្នេះភរិយារបស់ខ្ញុំ និងខ្ញុំបានចាប់ផ្ដើមពិចារណាអំពីរបៀបដែលយើងអាចជួយកូនរបស់យើងឲ្យកាន់តែសកម្មក្នុងការរៀនសូត្រដំណឹងល្អ ដោយបំផុសពួកគេឲ្យធ្វើសកម្មភាពជំនួសឲ្យការរង់ចាំយើងនិយាយ និងបង្រៀន ។ សំណួររបស់យើងបានដឹកនាំយើងទៅរកការបង្កើតផែនការមួយ ដោយផ្អែកលើអ្វីដែលយើងបានរៀនមកពីការសិក្សាបទគម្ពីរ ប្រសាសន៍របស់ពួកព្យាការីថ្ងៃចុងក្រោយ និងធនធានផ្សេងទៀតរបស់សាសនាចក្រដែលទាក់ទងនឹងការបង្រៀន និងការរៀនសូត្រ ។ ផែនការរបស់យើងចែងថា
ការដឹកនាំកូនចៅរបស់យើងឲ្យស្វែងរកព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការពិភាក្សាជាគ្រួសារ
បណ្ដុះសេចក្ដីស្រឡាញ់ និង ការគោរព ។ សេចក្ដីស្រឡាញ់បន្ទន់ដួងចិត្ត ។ ការបង្ហាញសេចក្ដីស្រឡាញ់នឹងជួយរៀបចំកូនៗរបស់យើងសម្រាប់ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ វាក៏នឹងបំពាក់បំប៉នបំណងប្រាថ្នា និងឆន្ទៈរបស់ពួកគេដើម្បីចូលរួមក្នុងការរៀនសូត្រខាងវិញ្ញាណយ៉ាងសកម្មផងដែរ ។ ការគោរពដល់កូនៗរបស់យើងដោយការស្ដាប់ និងគោរពទស្សនៈ និងអារម្មណ៍របស់ពួកគេនឹងជួយពួកគេឲ្យមានអារម្មណ៍សុវត្ថិភាព ហើយកាន់តែយល់ព្រមដើម្បីចែកចាយអារម្មណ៍ដែលពួកគេមាន ។
បង្រៀនដោយព្រះវិញ្ញាណ ។ ការសង្កេតមើល និងស្ដាប់ដោយប្រុងប្រយ័ត្នដល់កូនៗរបស់យើង នឹងរៀបចំយើងឲ្យចេះអាកាត់តាមរយៈព្រះវិញ្ញាណ នូវពាក្យសម្ដីដែលត្រូវនិយាយបន្ទាប់ទៀត សំណួរដែលត្រូវសួរ ឬការអញ្ជើញត្រូវធ្វើដែលនឹងដឹកនាំពួកគេឲ្យស្វែងរកព្រះចេស្ដានៃព្រះវិញ្ញាណនៅក្នុងការរៀនសូត្ររបស់ពួកគេ ។
ពង្រឹងរាល់ការពិភាក្សានៅក្នុងបន្ទូលរបស់ព្រះ ។ កាលការចែកចាយគំនិត និងទស្សនៈផ្ទាល់ខ្លួនរបស់យើងអំពីដំណឹងល្អរួមគ្នាអាចជួយ ជារឿយៗ បទគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនឹងផ្ដល់នូវការតភ្ជាប់ទៅនឹងព្រះវិញ្ញាណឲ្យកាន់តែមានឥទ្ធិពល ហើយស៊ីជម្រៅ ( សូមមើល គ. និង ស. ៨៤:៤៥ ) ។
ធ្វើឲ្យព្រះអង្គសង្គ្រោះក្លាយជាមូលដ្ឋានគ្រឹះនៃការពិភាក្សាអំពីដំណឹងល្អ ។ ខ្លឹមសារ និងអនុភាពនឹងកើតមានដល់ការពិភាក្សារបស់យើង ពេលកូនចៅរបស់យើងមើលឃើញនូវអ្វីដែលយើងកំពុងពិភាក្សានោះ ទាក់ទងនឹងព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ដែលជា « ឫសគល់នៃគោលលទ្ធិជាគ្រិស្តសាសនិក » ( ប៊យដ៍ ឃេ ផាកកឺ « The Mediator » Ensign, ខែ ឧសភា ឆ្នាំ ១៩៧៧ ទំព័រ ៥៦ ) ។
សួរសំណួរបំផុសគំនិតទំាងឡាយ ។ សំណួរដែលមានប្រសិទ្ធភាពនឹងដឹកនាំកូនចៅរបស់យើងឆ្ពោះទៅកាន់សេចក្ដីពិត ហើយយល់ដោយផ្ទាល់មកពីបទគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីដោយមានជំនួយពីព្រះវិញ្ញាណ ។ អ្វីដែលពួកគេរៀនតាមរបៀបនោះនឹងមានន័យច្រើនចំពោះពួកគេជាងការពន្យល់ដ៏ច្បាស់បំផុតរបស់យើងស្ដីពីឯកសារដូចគ្នានោះទៅទៀត ។
លើកទឹកចិត្តសមាជិកគ្រួសារឲ្យនិយាយ ។ ពេលកូនចៅរបស់យើងប្រើពាក្យសម្ដីរបស់ពួកគេផ្ទាល់ដើម្បីបង្ហាញនូវអ្វីដែលពួកគេកំពុងមើលឃើញ គិត ឬ មានអារម្មណ៍ នោះពួកគេអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយពួកគេដឹងអំពីអ្វីដែលត្រូវនិយាយ និងរបៀបដើម្បីប្រើវា ។ ដំណើរការនោះ នឹងជួយពួកគេឲ្យមើលឃើញ ហើយយល់កាន់តែច្បាស់អំពីអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យពួកគេរៀនសូត្រ ហើយទទួលអារម្មណ៍ ។
ចូរអត់ធ្មត់ ! ព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការជាមួយនឹងកូនចៅរបស់យើង ពេលពួកគេស្វែងយល់ពីសេចក្ដីពិតនៅក្នុងគំនិត និងដួងចិត្តរបស់ពួកគេ ។ យើងត្រូវតទល់នឹងការល្បួងដើម្បីបង្អាក់ដល់ការស្វែងរករបស់ពួកគេ ដោយការចូលទៅបង្អាក់ភ្លាមជាមួយនឹងទស្សនៈផ្ទាល់ខ្លួន និងដំណោះស្រាយដោយខ្លួនឯង ។
ដឹកនាំដោយគំរូ ។ ការខិតខំរៀនសូត្រ ហើយរស់នៅតាមដំណឹងល្អតាមរបៀបដូចគ្នាដែលយើងសុំឲ្យកូនចៅរបស់យើងធ្វើនឹងជួយយើងឲ្យមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានការគាំទ្រ និងការដឹកនាំពីព្រះវិញ្ញាណនៅក្នុងការពិភាក្សារបស់យើង ។
ពេលយើងបានព្យាយាមអនុវត្តផែនការរបស់យើង យើងកំពុងរៀនថា ការអញ្ជើញព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធឲ្យចូលមកក្នុងការពិភាក្សាជាគ្រួសាររបស់យើងនឹងត្រូវការការហ្វឹកហាត់ និងពេលវេលា ។ ប៉ុន្តែ យើងពុំបាក់ទឹកចិត្ត ឬបោះបង់ចោលឡើយ ។ ដូចជាកាលពីយប់មុន កូនស្រីរបស់យើងអាយុ ១០ ឆ្នាំ បានបំផុសគំនិតដោយបទគម្ពីរមួយនៅក្នុងព្រះគម្ពីរមរមនដែលយើងបានអានជាគ្រួសារ បានសួរសំណួរដោយភាពស្មោះត្រង់ផ្អែមល្អែមថា « តើប៉ាម៉ាក់រៀនដោយព្រះវិញ្ញាណបរិសុទ្ធតាមរបៀបណា ? » ខ្ញុំបានញញឹម ។ ខ្ញុំបានដឹងថា យើងកំពុងមកដល់ផ្លូវផ្សេងហើយ !