អំណោយរបស់ខ្ញុំថ្វាយព្រះអង្គសង្គ្រោះ
អ្នកនិពន្ធរស់នៅរដ្ឋ អៃដាហូ ស.រ.អា ។
ខ្ញុំមានអារម្មណ៍ខ្វះសមត្ថភាពក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ។ តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីឈប់ផ្ដោតលើខ្លួនឯង ហើយចាប់ផ្ដើមផ្ដោតលើព្រះអង្គសង្គ្រោះវិញ
នៅប្រទេសរុស្សីគឺមានអាកាសធាតុត្រជាក់ណាស់ និងមេឃងងឹតជារឿយៗនៅរដូវរងា ដែលបានធ្វើឲ្យថ្ងៃនីមួយៗមានភាពអាប់អួរ ហើយកម្សត់បន្តិច ។ វាស្ថិតនៅចុងខែវិច្ឆិកា ហើយលើសពីអាកាសធាតុដ៏អាប់អួរនោះទៀត គឺខ្ញុំបានមានអារម្មណ៍ឯកោ ខ្វះសមត្ថភាព ហើយគ្មានសមត្ថភាពដើម្បីធ្វើជាអ្នកផ្សព្វផ្សាយសាសនាដ៏ល្អម្នាក់ ។ ខ្ញុំទើបតាមត្រូវបានចាត់តាំងឲ្យបំពាក់បំប៉នដល់ដៃគូថ្មីម្នាក់ ហើយកាលស៊ិស្ទើរ ហាត គឺជាមនុស្សដ៏ល្អម្នាក់ នោះសម្ពាធធ្លាក់មកលើខ្ញុំដើម្បីរៀនភាសាឲ្យប្រសើរជាងមុន ធ្វើជាគំរូ ហើយរកមនុស្សម្នាក់ — នរណាក៏បាន — ដើម្បីបង្រៀន ។
យើងទើបទទួលបានដំណឹងថា ប្រធានបេសកកម្មថ្មីរបស់យើងនឹងធ្វើសន្និសីទហ្សូននៅទីក្រុងយេកាធើរិនប៊ែក ដែលមានចម្ងាយធ្វើដំណើរប្រាំម៉ោងពីតំបន់របស់យើងនៅពេម ។ នាព្រឹកព្រលឹមខែធ្នូដ៏ត្រជាក់មួយ ស៊ិស្ទើរ ហាត និងខ្ញុំបានធ្វើដំណើរទៅស្ថានីយរថភ្លើង ។
ពេលយើងបានរង់ចាំ ខ្ញុំបានពិចារណាអំពីអារម្មណ៍ដែលខ្ញុំកំពុងមាន ។ ខ្ញុំបានគិតអំពីថ្ងៃបុណ្យឈប់សម្រាកដែលខិតចូលមកដល់ និងការដែលខ្ញុំចង់នៅក្បែរនឹងគ្រួសាររបស់ខ្ញុំ ។ ចិត្តរំភើបដើម្បីធ្វើបេសកកម្មបានរសាយបាត់ ហើយពេលនេះខ្ញុំមានអារម្មណ៍ដូចជាខ្ញុំពុំបានសម្រេចកិច្ចការច្រើនទេ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ក្នុងរយៈពេលប្រាំបួនខែដែលខ្ញុំបានចេញមកផ្សព្វផ្សាយ ។ នៅទីបំផុតសម្រែកនៃការមកដល់របស់រថភ្លើងបានបន្លឺឡើង ដូច្នេះយើងបានឡើងលើរថភ្លើងនោះ ហើយអង្គុយនៅកៅអី របស់យើង ។ ខ្ញុំបានឃើញថា ខ្ញុំកំពុងគិតអំពីព្រះអង្គសង្គ្រោះ ។ ខ្ញុំបានបិទភ្នែកអធិស្ឋានឲ្យខ្ញុំអាចដឹងអំពីរបៀបដែលលុបបំបាត់អារម្មណ៍ទាំងនេះ ហើយផ្ដោតទៅលើទ្រង់ឲ្យបានប្រសើរជាងមុន ។
លុះស្អែកឡើង នៅឯសន្និសីទហ្សូន សុន្ទរកថារបស់ប្រធាន រ៉ាស់ មានខ្លឹមសារល្អណាស់ ។ ពេលស៊ិស្ទើរ រ៉ាស់ ឡើងនិយាយ គាត់បានចែកចាយដំណើររឿងសាមញ្ញមួយអំពីរបៀបដែលព្រះអង្គសង្គ្រោះគឺជាអ្នកគង្វាលដែលនឹងទៅរកចៀមមួយដែលវង្វេងផ្លូវ ហើយនាំចៀមនោះត្រឡប់មកក្រោលវិញ ។ គាត់បាននិយាយអំពីពលិកម្មដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើង ហើយនៅទីបំផុតគាត់បានថ្លែងទីបន្ទាល់ដ៏មានអនុភាពមួយអំពីឱកាសដែលយើងជាអ្នកផ្សព្វផ្សាយសាសនាមានដើម្បីបម្រើទ្រង់ ដោយការនាំចៀមវង្វេងរបស់ទ្រង់មកកាន់ហ្វូងវិញ ។ ស៊ិស្ទើររ៉ាស់បានសំណូមពរឲ្យយើងគិតថា តើអំណោយអ្វីទៅដែលយើងអាចថ្វាយដល់ព្រះអង្គសង្គ្រោះសម្រាប់បុណ្យគ្រីស្ទម៉ាស់ ។
ពេលគាត់បានសំណូមពរបែបនោះ ខ្ញុំមានអារម្មណ៍បំផុសគំនិតយ៉ាងខ្លាំងបំផុតថា អំណោយដែលខ្ញុំត្រូវថ្វាយព្រះអង្គសង្គ្រោះគឺគ្រាន់តែនិយាយនឹងមនុស្សឲ្យបានច្រើន ។ រហូតមកដល់ចំណុចនោះ ខ្ញុំបានភ័យខ្លាចដើម្បីចាប់ផ្ដើមសន្ទនានឹងមនុស្សចម្លែក — ជាពិសេសនៅក្នុងប្រទេសរុស្សី ! ខ្ញុំពុំចង់ឲ្យពួកគេគិតថា ខ្ញុំគឺជាមនុស្សល្ងង់ខ្លៅចំពោះការមិនយល់អំពីពួកគេ ដូច្នេះអ្វីដែលល្អគឺមិនត្រូវនិយាយអ្វីទាំងអស់ ។ ប៉ុន្តែនៅគ្រានោះ ខ្ញុំបានដឹងយ៉ាងប្រាកដនូវអ្វីដែលខ្ញុំត្រូវធ្វើ ។ ខ្ញុំត្រូវឈប់គិតអំពីខ្លួនឯង ហើយចាប់ផ្ដើមគិតអំពីបងប្អូនប្រុសស្រីរបស់ខ្ញុំវិញ ។ ខ្ញុំបានដាក់គោលដៅមួយដើម្បីនិយាយអំពីដំណឹងល្អនឹងមនុស្សគ្រប់រូបរៀងរាល់ពេលយើងជិះក្នុងរថយន្ត រហូតដល់ចុងខែ ហើយខិតខំធ្វើកិច្ចការនោះទុកជាអំណោយបុណ្យគ្រីស្ទម៉ាស់ថ្វាយព្រះអង្គ សង្គ្រោះ ។
ពេលស៊ិស្ទើរ ហាត និងខ្ញុំបានឡើងជិះរថភ្លើងមួយទៀតត្រឡប់មកទីក្រុងពារេម វិញនៅព្រឹកស្អែក ខ្ញុំបានចាប់ផ្ដើមគោលដៅរបស់ខ្ញុំដោយនិយាយនឹងមនុស្សដែលខ្ញុំអង្គុយក្បែរ ។ ពួកគេពុំមានចំណាប់អារម្មណ៍នឹងអ្វីដែលខ្ញុំបានចែកចាយឡើយ ប៉ុន្តែយ៉ាងហោចណាស់ខ្ញុំក៏បានព្យាយាមដែរ !
រៀងរាល់ថ្ងៃ តែងតែមានឧបសគ្គ ពេលខ្ញុំបានខិតខំថ្វាយអំណោយរបស់ខ្ញុំចំពោះព្រះអង្គសង្គ្រោះ ប៉ុន្តែបន្តិចម្ដងៗ ខ្ញុំបានឃើញថា ខ្ញុំមានអារម្មណ៍រីករាយ ហើយមានទំនុកចិត្តជាងមុន — ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានបំពញកាន់តែប្រសើរចំពោះការហៅរបស់ខ្ញុំឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ។ បុណ្យគ្រីស្ទម៉ាស់បានមកដល់ ហើយក៏កន្លងផុតទៅ ប៉ុន្តែខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងបន្តនិយាយនឹងមនុស្សដទៃទៀត ។ ខ្ញុំបានចាប់ផ្ដើមនិយាយនឹងពួកគេពុំមែនតែនៅពេលដែលយើងនៅលើមធ្យោបាយធ្វើដំណើរសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើវានៅតាមផ្លូវ នៅក្នុងផ្សារ នៅឯបណ្ណាល័យ និងនៅ គ្រប់ទីកន្លែងផ្សេងទៀតដែលយើងទៅផងដែរ ។
យើងពុំបានរកឃើញមនុស្សណាម្នាក់ដើម្បីបង្រៀនឡើយតាមរយៈការនិយាយរបស់ខ្ញុំនឹងមនុស្សជាច្រើន ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំបានបណ្ដុះគ្រាប់ពូជនៃដំណឹងល្អ ។ យើងបានបង្កើតមិត្តភាពនឹងពួកអ្នកបើករថយន្តក្រុង មនុស្សនៅហាងលក់គ្រឿងទេសក្នុងមូលដ្ឋាន និងមនុស្សផ្សេងទៀត ។ រឿងដែលល្អបំផុតគឺថា ពេលយើងឃើញនរណាម្នាក់ម្ដងទៀត ជារឿយៗយើងឃើញពួកគេញញឹម ហើយពួកគេតែងនិយាយពាក្យសួស្ដីមកពួកយើងមុន ។ ខ្ញុំមានជំនឿថា គ្រាប់ពូជទាំងនោះដែលយើងបានដាំនឹងចេញជាផ្កានៅថ្ងៃណាមួយ ពេលឱកាសថ្មីបានមកដល់សម្រាប់មនុស្សទាំងនោះដើម្បីរៀនអំពីដំណឹងល្អ ។ ព្រះវរបិតាសួគ៌ធ្វើការតាមរបៀបតូច ហើយសាមញ្ញ ហើយពេលខ្លះវាចាប់ផ្ដើមជាមួយនឹងពាក្យដ៏សាមញ្ញមួយម៉ាត់ថា « សួស្ដី » ។
ឥឡូវនេះពេលនឹកគិតឡើងវិញអំពីគ្រានោះនៅលើរថភ្លើងទៅកាន់ទីក្រុងយេកាធើរិនប៊ែក ខ្ញុំដឹងថា ព្រះវរបិតាសួគ៌បានឆ្លើយតបដល់ការអធិស្ឋានរបស់ខ្ញុំ ។ ទ្រង់បានជួយខ្ញុំឲ្យមើលឃើញថា កិច្ចការផ្សព្វផ្សាយសាសនាពុំមែនតែអំពីខ្លួនខ្ញុំនោះទេ — ប៉ុន្តែអំពីមនុស្សដទៃ ហើយពេលយើងគិតដល់មនុស្សដទៃច្រើនជាងខ្លួនឯង ព្រមទាំងកង្វល់ និងភាពសោកសៅរបស់យើង នោះយើងរកឃើញសុភមង្គលដែលយើងកំពុងស្វែងរក ។ ខ្ញុំមានចិត្តស្ងប់ស្ងែងចំពោះព្រះហឫទ័យដ៏សប្បុរសគ្មានព្រំដែនរបស់ព្រះអង្គសង្គ្រោះ ទោះជាពេលយើងខិតខំថ្វាយអ្វីៗគ្រប់យ៉ាងចំពោះទ្រង់តាមដែលយើងអាចធ្វើបាន ក៏ទ្រង់ប្រទានពរយ៉ាងច្រើនលើសលុបដល់យើងវិញដែរ ។