ចម្លើយមកពីថ្នាក់ដឹកនាំសាសនាចក្រ
របៀប ទទួលអារម្មណ៍ពីអត្ថន័យពិតនៃបុណ្យគ្រីស្ទម៉ាស់
ដកស្រង់ចេញពីការប្រជុំធម្មនិដ្ឋានបុណ្យគ្រីស្ទម៉ាស់របស់គណៈប្រធានទីមួយឆ្នាំ ២០១៣ ។
បុណ្យគ្រីស្ទម៉ាស់ជារដូវកាលមួយដ៏រុងរឿង ។ វាក៏ជាពេលមួយដ៏មមាញឹកសម្រាប់យើងផងដែរ ។ ខ្ញុំសង្ឃឹម ហើយអធិស្ឋានថា យើងនឹងមិនវក់វីនឹងភាពមមាញឹកនៃរដូវកាលនេះ រហូតធ្វើឲ្យយើងផ្ដោតទៅលើរឿងដែលមិនសំខាន់ ហើយខកខានមិនបានទទួលក្ដីអំណរដ៏សាមញ្ញនៃការចងចាំដល់ការប្រសូតនៃព្រះដ៏បរិសុទ្ធនៅភូមិបេថ្លេហិមនោះឡើយ ។
ការស្វែងរកអំណរពិតនៃបុណ្យគ្រីស្ទម៉ាស់ពុំមែនកើតចេញពីការប្រញ៉ាប់ប្រញ៉ាល់ធ្វើកិច្ចការឲ្យបានច្រើននោះទេ ។ យើងរកឃើញក្ដីអំណរពិតនៃបុណ្យគ្រីស្ទម៉ាស់ ពេលយើង ផ្ដោតដួងចិត្តយើងទៅលើព្រះអង្គសង្គ្រោះ ។
ការអបអររបស់យើងចំពោះបុណ្យគ្រីស្ទម៉ាស់ គប្បីជាការឆ្លុះបញ្ចាំងមួយពីសេចក្ដីស្រឡាញ់ និងសេចក្ដីសប្បុរសដែលព្រះអម្ចាស់បានបង្រៀន ។ ការផ្ដល់អំណោយ ឥតសំណង នាំឲ្យបុណ្យគ្រីស្ទម៉ាស់កាន់តែមានភាពរីករាយ ។ យើង មានចិត្តសប្បុរស ចំពោះគ្នាច្រើនជាងមុន ។ យើងឈោងដៃទៅជួយជនដែលទាល់ខ្វះខាត ។ ចិត្ត របស់យើងមានភាពទន់ភ្លន់ ។ យើងអត់ទោសឲ្យសត្រូវ យើងនឹកចាំពីមិត្តភក្ដិ ហើយគោរពតាមព្រះ ។ វិញ្ញាណបុណ្យគ្រីស្ទម៉ាស់បំភ្លឺឲ្យយើងឃើញយ៉ាងច្បាស់ទៅកាន់ដួងព្រលឹង ហើយពេលយើងមើលទៅជីវិតដ៏មមាញឹកក្នុងពិភពលោកនេះ យើងកាន់តែមានការចាប់អារម្មណ៍ទៅលើមនុស្ស ច្រើនជាងរបស់របរទាំងឡាយ ។ ដើម្បីយល់ពីអត្ថន័យពិតនៃគ្រីស្ទម៉ាស់ យើងត្រូវ ស្វែងរកតែព្រះវិញ្ញាណនៃព្រះគ្រីស្ទ ប៉ុណ្ណោះ ។
សូមឲ្យយើងផ្ដល់ដូចជាព្រះគ្រីស្ទបានប្រទាន ។ ការលះបង់ខ្លួនឯងជាអំណោយមួយដ៏បរិសុទ្ធ ។ យើងផ្ដល់អំណោយទុកជាការចងចាំមួយនូវអ្វីៗទាំងអស់់ដែលព្រះគ្រីស្ទបានប្រទាន ។ សូមឲ្យយើងផ្ដល់អំណោយដែលមានតម្លៃដ៏អស់កល្បរួមនឹងអំណោយដែលអាចបាក់បែក ឬបំភ្លេចចោលបាននៅថ្ងៃណាមួយផងដែរ ។ តើពិភពលោកនេះនឹងប្រសើរឡើងខ្លាំងប៉ុណ្ណាទៅ បើយើងផ្ដល់អំណោយនៃការយល់ចិត្ត និងក្ដីមេត្តា នៃការបម្រើ និងមិត្តភាព នៃក្ដីសប្បុរស និងភាពទន់ភ្លន់នោះ ។
ខណៈដែលបុណ្យគ្រីស្ទម៉ាស់នេះរុំព័ទ្ធដោយសិរីរបស់ខ្លួន សូមឲ្យយើងស្វែងរកពន្លឺផ្កាយមួយ ដើម្បីដឹកនាំយើងក្នុងការអបអរដល់ការប្រសូតរបស់ព្រះអម្ចាស់ ដូចជាពួកហោរាដែរ ។ សូមឲ្យយើងធ្វើដំណើរទៅភូមិបេថ្លេហិមដោយវិញ្ញាណ ដោយយកជាប់នឹងខ្លួនយើងនូវចិត្តទន់ទាប ហើយខ្វល់ខ្វាយ ជាអំណោយថ្វាយដល់ព្រះគ្រីស្ទ ។