ការស្វែងរកសេចក្ដីជំនឿរបស់នាងម្ដងទៀត
ផ្លូវត្រឡប់ក្រោយវិញវាពុំងាយស្រួលជានិច្ចនោះទេ ប៉ុន្តែវាតែងតែ នៅទីនោះ ។
ពាក្យ « [ ការធ្លាក់ ] តាមផ្លូវហាមឃាត់ និង [ ការក្លាយជា ] វង្វេងបាត់អស់ទៅ » ( នីហ្វៃទី១ ៨:២៨ ) ប្រហែលភាគច្រើនយើងស្ដាប់ទៅដូចជារឿងអស់សង្ឃឹមណាស់ ពេលយើងអានពាក្យទាំងនេះនៅក្នុងព្រះគម្ពីរមរមន ។ រឿងដែលបានកើតឡើងដល់ខ្ញុំ គឺផ្ទុយគ្នាពីព្រះគម្ពីរមរមន ។ វាងាយស្រួលណាស់ដោយស្រមៃឃើញអំពីលទ្ធផលដ៏ស្រងូតស្រងាត់មួយប្រភេទសម្រាប់មនុស្សមួយក្រុម ដែល ត្រូវបានពិពណ៌នានៅក្នុងការនិមិត្តរបស់លីហៃអំពីដើមឈើជីវិត — ជាមនុស្សមួយក្រុមដែលបានភ្លក់រសជាតិផ្លែនៃដើមឈើនោះ ហើយក្រោយមក បានបោះបង់ចោលទៅនោះ ។
ប៉ុន្តែ តេ អូរ៉ាណូអា អិម អាយុ ១៧ ឆ្នាំ មកពីប្រទេសនូវែលសេឡង់មានការយល់ផ្សេងមួយអំពីរឿងទាំងឡាយ ។ នាងនិយាយថា « អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលអំពីបទគម្ពីរនេះគឺ វាពុំបានចែងថា ពួកគេត្រូវបានវង្វេងបាត់បង់ទៅជារៀងរហូតនោះទេ » ។
ឱជាការវិនិច្ឆ័យដ៏អស្ចារ្យអ្វីម៉្លេះ ! ហើយវាគឺជាការវិនិច្ឆ័យមួយដែលកើតមកពីបទពិសោធន៍ផ្ទាល់ខ្លួន ។ នាងនិយាយថា « ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំបានវង្វេងចេញពីសាសនាចក្រនេះ ប៉ុន្តែខ្ញុំអាចត្រឡប់មកវិញបាន » ។
ការចុះទន់ខ្សោយ
តេ អូរ៉ាណូអា បានធំដឹងក្ដីឡើងនៅក្នុងសាសនាចក្រ ហើយនិយាយអំពីការទទួលបានទីបន្ទាល់របស់នាង ព្រមទាំងការដាក់គោលដៅនានាខាងវិញ្ញាណ ។ នាងនិយាយថា « ប៉ុន្តែ ទីបន្ទាល់នោះបានចុះទន់ខ្សោយ » ។
តាមរបៀបមួយចំនួន នាងបានរកឃើញខ្លួនឯងមានអាកប្បកិរិយាស្រដៀងគ្នានឹងអាមូលេក ជាពិសេសតាមរបៀបដែលគាត់បានពិពណ៌នាអំពីខ្លួនឯងប្រាប់ដល់ប្រជាជនអាំម៉ូណៃហាថា « ខ្ញុំត្រូវបានហៅជាច្រើនដង តែខ្ញុំធ្វើជាមិនឮ ហេតុដូច្នេះហើយ ខ្ញុំបានដឹងអំពីការណ៍ទាំងនេះ តែខ្ញុំធ្វើជាមិនដឹង »( អាលម៉ា ១០:៦ ) ។
ចំពោះតេ អូរ៉ាណូអា បទគម្ពីរនោះមានន័យខ្លាំងណាស់ចំពោះនាង ។ « ដូចជាអាមូលេកដែរ ខ្ញុំបានដឹងអំពីរឿងខាងវិញ្ញាណទាំងអស់នេះ ហើយព្រះវិញ្ញាណបានប្រាប់ខ្ញុំឲ្យធ្វើនូវរឿងជាក់លាក់មួយចំនួន ប៉ុន្តែដោយសារតែខ្ញុំចចេស ហើយមានអំនួតបន្តិច ខ្ញុំពុំបានធ្វើរឿងទាំងនោះឡើយ ។ ក្រោយមកទៀត ទីបន្ទាល់របស់ខ្ញុំហាក់ដូចជាចុះខ្សោយ » ។
នៅទីបំផុត ដំណើររឿងរបស់អាមូលេកនឹងមានន័យកាន់តែជ្រាលជ្រៅលើសពីការគ្រាន់តែមានភាពស្រដៀងគ្នានឹងដំណើររឿងរបស់ តេ អូរ៉ាណូអា ទៅទៀត ។ វាក៏ក្លាយជាគ្រាផ្លាស់ប្ដូរដ៏សំខាន់មួយដែលបានដឹកនាំនាងឲ្យត្រឡប់មកកាន់សាសនាចក្រវិញ ។
ការស្វែងរកអនុស្សាវរីយមួយដ៏កក់ក្ដៅ
សូម្បីតែនៅអំឡុងគ្រាដែលសេចក្ដីជំនឿរបស់នាងបានចុះទន់ខ្សោយក្ដី ក៏នាងនៅតែចងចាំពីបទពិសោធន៍ដ៏ផ្អែមល្ហែមនានាពីមុនដែរ ។ តេ អូរ៉ាណូអា ពុំដែលភ្លេចពីអារម្មណ៍របស់នាងឡើយ ពេលចូលទៅក្នុងព្រះវិហារបរិសុទ្ធជាមួយនឹងក្រុមយុវ័យរបស់នាង ឬការទៅសន្និសីទសម្រាប់យុវវ័យ ។
នាងនិយាយថា « មានគន្លងមួយ » ។ « ខ្ញុំមានអារម្មណ៍ល្អណាស់ ពេលខ្ញុំបានមកព្រះវិហារ ប៉ុន្តែខ្ញុំមានអារម្មណ៍មិនល្អសោះ ពេលខ្ញុំពុំបានទៅព្រះវិហារ » ។
នៅទីបំផុតថ្ងៃមួយក៏បានមកដល់ ជាពេលដែលតេ អូរ៉ាណូអា បានសម្រេចចិត្តសាកល្បងថាតើនាងអាចភ្ជាប់ទៅនឹងអារម្មណ៍ល្អទាំងនោះម្ដងទៀតបានដែរឬទេ ។ រឿងដំបូងដែលនាងបានធ្វើគឺអានសុន្ទរកថាសន្និសីទថ្មីៗ ។
សុន្ទរកថាមួយក្នុងសន្និសីទទូទៅឆ្នាំ ២០១៦ដែលមានចំណងជើងថា « ចូររៀនអំពីអាលម៉ា និងអាមូលេក » ដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយ បានដាស់អារម្មណ៍នៅក្នុងព្រលឹងរបស់តេ អូរ៉ាណូអា ។ នាងបានទទួលស្គាល់ច្រើនអំពីជីវិត និងអារម្មណ៍របស់នាងផ្ទាល់ ពេលប្រធាន អុជដូហ្វ បានពិពណ៌នាអំពីរបៀបដែលសេចក្ដីជំនឿរបស់អាមូលេកបានចុះទន់ខ្សោយ ។ នាងក៏បានចាំយ៉ាងច្រើនអំពីសុភមង្គលដែលនាងធ្លាប់មានពីមុន ពេលសេចក្ដីជំនឿរបស់នាងមានភាពរឹងមាំ ។ ភ្លាមៗនោះ នាងបានចង់ធ្វើការផ្លាស់ប្ដូររឿងមួយចំនួន ។
នាងពន្យល់ថា « ខ្ញុំសង្ឃឹមថា នឹងរកឃើញអ្វីមួយដែលធ្វើឲ្យទីបន្ទាល់របស់ខ្ញុំឆេះឆួលឡើងវិញ ដូច្នេះខ្ញុំក៏អានសុន្ទរកថារបស់ប្រធាន អុជដូហ្វ ហើយពិតណាស់ ខ្ញុំបានមានអារម្មណ៍ឆេះឆួល ! »
ការសង្ឃឹមចំពោះភាពអស់កល្បជានិច្ច
ផ្លូវត្រឡប់ទៅរកសេចក្ដីជំនឿវិញរបស់តេ អូរ៉ាណូអា វាពុំងាយស្រួលជានិច្ចនោះទេ ប៉ុន្តែមានពន្លឺពិសេសមួយនៅឯចុងនៃផ្លូវក្រោមដីដែលរារាំងដំណើររបស់នាង ៖ គឺជាសេចក្ដីសង្ឃឹមនៃគ្រួសារអស់កល្បជានិច្ចមួយ ។
នាងនិយាយថា « ក្រុមគ្រួសារអាចរស់នៅជានិរន្ដរ » ។ « នោះគឺជាក្ដីស្រមៃដ៏ធំបំផុតរបស់ខ្ញុំ វាគឺជាក្ដីសង្ឃឹមដ៏ធំបំផុតរបស់ខ្ញុំនៅក្នុងជីវិតនេះ ។ ពេលណាខ្ញុំចង់រៀនអំពីរឿងមួយ ឬខ្ញុំឃើញថា គោលលទ្ធិមួយដែលពិបាកយល់ ខ្ញុំប្រឹងប្រែងអនុវត្តតាមវា ហើយបង្វែរវាទៅរកក្រុមគ្រួសារអស់កល្បជានិច្ចវិញ ។ ឧទាហរណ៍ ហេតុអ្វីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ចំពោះខ្ញុំ ? ចំណុចមួយគឺខ្ញុំត្រូវការដង្វាយធួនរបស់ទ្រង់នៅក្នុងជីវិតរបស់ខ្ញុំ ដើម្បីខ្ញុំអាចមានភាពសក្ដិសមចូលទៅក្នុងព្រះវិហារបរិសុទ្ធ ហើយបានផ្សារភ្ជាប់នឹងគ្រួសាររបស់ខ្ញុំសម្រាប់ភាពអស់កល្បជានិច្ច » ។
ការងាកមករកព្រះ
ប្រហែលជាវាមានតម្លៃដើម្បីចងចាំថា មនុស្សនៅក្នុងការនិមិត្តរបស់លីហៃដែលបានវង្វេង បន្ទាប់ពីភ្លក់រសជាតិផ្លែឈើនោះ ពិតណាស់ពួកគេនៅតែ ភ្លក់ វា ។ ពួកគេប្រហែលជាបានដឹងអំពីសេចក្ដីល្អរបស់វា សូម្បីតែមួយភ្លែតក្ដី ។ ហើយពួកគេអាចរកឃើញវាម្ដងទៀត ។ នោះគឺជាសេចក្ដីសង្ឃឹមដែលតេ អូរ៉ាណូអាតោងខ្ជាប់សម្រាប់ខ្លួននាង និងសម្រាប់មនុស្សដទៃទៀត ។
នាងនិយាយថា « អ្នកពុំចាំបាច់បន្តដើរនៅលើផ្លូវហាមឃាត់ទាំងនោះពេញមួយជីវិតឡើយ » ។ « អ្នកអាចត្រឡប់មករកព្រះអម្ចាស់វិញ នៅពេលណាដែលអ្នកចង់មកវិញ » ។