ឆ្នាំ​២០១៧
សរសើរ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត
December 2017


សរសើរ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត

ដក​ស្រង់​ពី​សុន្ទរកថា​ដែល​ធ្វើ​ឡើង​ទៅ​កាន់​ថ្នាក់​គ្រប់​គ្រង ​ប៊ី.វ៉ាយ.យូ–នៅ​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ស.រ.អា. នៅ​ថ្ងៃ​ទី ​១៣ ខែ ​ធ្នូ ឆ្នាំ​ ២០១៦ ។

ពេលណា​យើង​ធ្វើ​ការរួម​នឹង​ព្រះអម្ចាស់ — ធ្វើ​អ្វីដែល​ទ្រង់បញ្ជា ហើយ​បំផុស​គំនិត​ដល់​មនុស្ស​ជុំវិញ​យើង — យើង​កំពុងធ្វើ​ជា​សាក្សី​ថា ទ្រង់​មាន​ព្រះជន្មរស់ ហើយ​ថា​ទ្រង់ស្រឡាញ់​យើង ។

The Nativity

ព្រះប្រសូតិកម្ម ដោយ អិន ស៊ី វេធ

ប្រាំពីរ​រយ​ឆ្នាំ​មុន​ការ​ប្រសូត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា នោះ​ព្យាការី​អេសាយ​បាន​ប្រកាស​ថា « មើល នាងព្រហ្មចារី​នឹងមាន​គភ៌​ប្រសូត​បាន​បុត្រា​មួយ ហើយ​នឹង​ឲ្យ​ព្រះនាម​ថា អេម៉ាញូអែល » ( អេសាយ ៧:១៤ ) ។

នៅ ​១២៥ ​ឆ្នាំ​មុន​ការ​ប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​ នោះ​ស្តេច​បេនយ៉ាមីន​បាន​ព្យាករ​ថា « ទ្រង់​នឹង​ត្រូវ​បាន​ហៅ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ ព្រះរាជបុត្រា​នៃព្រះ ព្រះវរបិតា​នៃ​ស្ថានសួគ៌ និង​ផែនដី ព្រះ​ដែល​​បង្កើត​វត្ថុ​សព្វសារពើ​ចាប់​តាំង​ពី​ដំបូង​មក ហើយ​មាតា​របស់​ព្រះអង្គ​នឹង​ត្រូវ​បាន​ហៅ​ថា ម៉ារា » ​( ម៉ូសាយ ៣:៨ ) ។

នៅ​មួយ​ថ្ងៃ​មុន​ការ​ប្រសូត​របស់​ព្រះឱរស​យេស៊ូវ នីហ្វៃ ជា​កូន​ប្រុស​របស់​នីហ្វៃ បានស្ដាប់​ឮ​សំឡេង​មួយ​បន្លឺ​ឡើង​ថា « ថ្ងៃស្អែក​ឡើង យើង​នឹង​ចុះ​មក​ឯ​លោកិយ » ​( នីហ្វៃទី ៣ ១:១៣ ) ។

លុះ​ស្អែក​ឡើង នៅ​ជ្រុង​ម្ខាង​ទៀត​នៃ​ពិភពលោក ព្រះគ្រីស្ទ​បាន​ប្រសូត ។ វា​ច្បាស់​ណាស់​ថា មាតា​ទ្រង់ ម៉ារា​បាន​សម្លឹង​មើល​ទៅ​បុត្រ​ខ្លួន​ដែល​ទើប​ប្រសូត ដែល​ជា​បុត្រា​បង្កើត​តែ​មួយ​គត់​របស់​ព្រះវរបិតា​​ខាង​សាច់ឈាម ដោយ​សេចក្ដី​អស្ចារ្យ ។

នៅ​លើ​ភ្នំ​យូដា​ជុំវិញ​ភូមិ​បេថ្លេហិម លូកា​ប្រាប់​យើង​ថា ពួក​អ្នក​គង្វាល​បាន​នៅ​ទី​វាល​ ( សូម​មើលលូកា ២:៨ ) ។ ពួក​អ្នក​គង្វាល​ទាំងនេះ​គឺជា​ « មនុស្ស​សុចវិត ហើយ​បរិសុទ្ធ » ​( សូម​មើលអាលម៉ា ១៣:២៦ )​ ដែល​បាន​ធ្វើ​ជាសាក្សី​ដល់​ព្រះគ្រីស្ទ ។

«​ នោះ​មើល មាន​ទេវតា​នៃ​ព្រះអម្ចាស់​មក​ឈរ​ជិត​គេ ឯ​សិរី​ល្អ​របស់​ទ្រង់​ក៏​ភ្លឺ​ឆ្វាត់ជុំវិញ ហើយ​គេ​មាន​សេចក្តី​ភ័យ​ខ្លាច​ជា​ខ្លាំង ។

« ​តែ​ទេវតា​ប្រាប់​ថា កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពីសេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សម្រាប់​បណ្តាជន​ទាំង​អស់​គ្នា ។

« ដ្បិត​នៅ​ថ្ងៃនេះ​ មាន​ព្រះអង្គសង្គ្រោះ ១ អង្គ​ប្រសូត​​ដល់​អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ​គឺជា​ព្រះគ្រីស្ទ​ដ៏ជា​ព្រះអម្ចាស់ ។ …

«​ នោះ​ស្រាប់តែ​មាន​ពួក​ពល​បរិវារកកកុញ​ស្ថានសួគ៌មក​នៅ​ជាមួយ​នឹង​ទេវតា​នោះ ក៏​ពោលសរសើរ​ដល់​ព្រះថា

« សួស្ដីដល់ព្រះ​នៅ​ស្ថានដ៏ខ្ពស់បំផុត ហើយ​សេចក្ដីសុខសាន្ត​នៅ​ផែនដី​ នៅ​កណ្ដាល​មនុស្ស ដែល​ជាទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់ » ( លូកា ២:៩–១១, ១៣–១៤ ) ។

សូម​ស្រមៃ​គិតអំពីទិដ្ឋភាព​នៅ​ក្នុង​ស្រុក​យូដា — ផ្ទៃ​មេឃ​ដ៏​ភ្លឺ​ចែង​ចាំង​ដោយ​ពន្លឺ​នៃ​ផ្កាយ​មួយ​ដ៏​ភ្លឺ​ត្រចះ​ត្រចង់ ហើយ​ក្រុម​ចម្រៀង​ពី​ស្ថាន​សួគ៌​បាន​អបអរ​ដល់​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​នេះ ។ រួច​ពួក​អ្នក​គង្វាល​បាន​ទៅ​« ជាប្រញាប់ » ( លូកា ២:១៦ ) ដើម្បី​មើល​ព្រះឱរស​ផ្ដេក​នៅ​ក្នុង​ស្នូក ។ ក្រោយ​មក ពួកគេ ​« បាន​រ៉ាយរ៉ាប់ » ( លូកា ២:១៧ ) អំពីអ្វី​ដែល​គេ​បាន​ឃើញ ។

នៅ​បុណ្យ​គ្រីស្ទ​ម៉ាស់​រៀង​រាល់​ឆ្នាំ យើងធ្វើ​ជាសាក្សី​បន្ថែម​ទៀត​ថា ព្រះយេស៊ូវគ្រីស្ទ ជាបុត្រា​ពិតប្រាកដនៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ទ្រង់​បាន​យាង​មក​កាន់​ផ្នែក​មួយ​នៃ​ផែនដី​ ដែល​យើង​​ហៅ​ថា ដែនដី​បរិសុទ្ធ ។

ពួក​អ្នកគង្វាល​បាន​ដើរ​ចូល​ទៅ​ដោយ​គារវភាព ដើម្បី​ថ្វាយ​បង្គំ​ដល់​ស្ដេច​នៃអស់ទាំងស្ដេច ។ តើ​យើង​នឹង​ថ្វាយ​បង្គំ​ទ្រង់​បែបណាដែរ​ក្នុង​រដូវកាលនេះ ? ជា​ពេល​​ដើរ​ទិញ​ទំនិញរបស់​មិនចេះ​ចប់​នោះ​មែនទេ ? តើ​យើង​នឹង​ថ្វាយ​បង្គំ​ទ្រង់​តាម​រយៈ​ការ​ប្រញាប់​ប្រញាល់​តុបតែង​ផ្ទះ​របស់​យើង និង​ខ្ចប់​អំណោយ​របស់​យើង​មែន​ទេ ? តើ​ហ្នឹង​ជា​របៀប​ដែល​យើង​ថ្វាយ​បង្គំទ្រង់ឬ ? ឬ​ថា យើង​នឹង​នាំ​យក​សន្តិភាពមក​កាន់​ដួងចិត្ត​ដែល​សោកសៅ ធ្វើ​ល្អ​ដល់​ជន​ដែល​ត្រូវការ​ព្រះចេស្ដាទ្រង់ សរសើរ​ដល់​ព្រះ​ដោយ​ព្រម​​ធ្វើ​អ្វី​ដែល​ទ្រង់​សុំ​ឲ្យ​យើង​ធ្វើ​​វិញ ?

ព្រះយេស៊ូវ​បាន​បន្ទូល​ដោយ​សាមញ្ញ​ថា « ចូរ​មក​តាម​ខ្ញុំ​ចុះ » ​( លូកា ១៨:២២ ) ។

ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ស្ដារ​ឡើង​វិញ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ បាន​ជះឥទ្ធិពល​ដល់​ពួកអ្នក​ជឿ​ជុំវិញ​ពិភពលោក ។ ខ្ញុំ​បាន​ឃើញ​ផ្ទាល់ភ្នែកនូវការ​លះបង់នៃ​ជន​ដែល​បាន​ទទួល​យក​បន្ទូល​ដ៏​ពិសិដ្ឋ​របស់​ទ្រង់ ចាប់​តាំង​ពី​កោះ​ទាំងឡាយ​រហូត​ដល់​ប្រជាជាតិ​ដ៏ធំ​ក្នុង​ប្រទេស​រុស្សី ។

សារលិខិត​នៃ​បុណ្យ​គ្រីស្ទម៉ាស់

នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​កាល​ពី​ដើម​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​ទៅ​ទីក្រុង​ស៊ីយ៉ូន​គឺ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ហាន់ណា ឡាស ខ័រណាបាយ ដែល​បាន​តាំង​លំនៅ​ក្នុង​ក្រុង​​ស្ពេនីស ហ្វ័ក រដ្ឋ​យូថាហ៍ ស.រ.អា. ។ នៅ​គ្រា​ដ៏​លំបាក​នៃ​ការ​ចាប់ផ្ដើម​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​នោះ ពេល​ខ្លះ​បុណ្យគ្រីស្ទម៉ាស់​គឺ​មាន​តែផែ្លក្រូច ឬ​តុក្កតា​ធ្វើពីឈើ ឬជា​កូនក្រមុំ​ធ្វើ​ពីក្រណាត់ — តែ​ពុំ​មែន​ជានិច្ចកាល​នោះទេ ។ ហាន់ណា បាន​សរសេរ​ពី​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៨៥៦ ថា

« យប់​មុន​បុណ្យគ្រីស្ទម៉ាស់​បាន​ចូល​មក​ដល់ តាម​ជំនឿ​របស់​ក្មេង​តូច​ៗ​ កូនៗ​ខ្ញុំ​បាន​ព្យួរ​ស្រោម​ជើង​វែង​របស់​ពួកគេ​ដោយ​ជំនឿ ទាំង​ងឿង​ឆ្ងល់​ថា​តើ​ [ វា ] ​នឹង ​[ មាន ] ​របស់​នៅ​ក្នុង​នោះ​ដែរទេ ។ ខ្ញុំ​បាន​ប្រាប់​គេ​ថា គេ​នឹង​បាន​អ្វី​ដែល​គេ​ចង់​បាន ដោយ​ខំ​លាក់​បាំង​នូវ​ភាព​សោកសៅ​ដែល​ខ្ញុំ​មាន​ក្នុង​ចិត្ត ហើយ​គេ​បាន​ដេក​លក់ ដោយ​ការ​ទន្ទឹង​រង់ចាំ​នៅ​ថ្ងៃ​ស្អែក​ដោយ​ភាព​រីករាយ ។

« ដោយ​គ្មាន​ចំណី​ចំណុក​មាន​ជាតិ​ស្ករ ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​នោះទេ ។ ប៉ុន្តែ​គេ​មិន​ត្រូវ​ទទួល​ការ​ខក​ចិត្ត​ឡើយ ។ រួច​ខ្ញុំ​បាន​គិត​អំពីផ្លែ​ឃ្លោក​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ​ ដោយ​ខ្ញុំ​បាន​​ស្ងោរ រួច​ចម្រាញ់​ទឹកចេញ រំងាស់​ទុក​ពីរ​បី​ម៉ោង វា​នឹង​ក្លាយ​ជាទឹកស្ករ ។ ដោយ​មាន​ទឹក​ស្ក​នេះ និង​គ្រឿង​ទេស​តិចតួច ខ្ញុំ​បាន​ធ្វើ​ជា​ម្សៅ​នំប៉័ង ដោយ​កាត់​វា​ជា​រាង​ផ្សេងៗ ហើយ​ដុត​វា​លើ​ខ្ទះ​ ( ខ្ញុំ​គ្មាន​ជើង​ក្រាន​ដុត​នំ​ទេ ) រួច​ខ្ញុំ​ដាក់​នំ​ទាំង​នោះ​ពេញ​ស្រោម​ជើង​វែង​របស់​ពួកគេ ជា​នំ​ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​រីករាយ » ។

gingerbread cookies

រចនា​រូបភាព​ដោយ ដាក់ ហ្វេកខេល

អត្ថន័យ​ពិត​នៃ​រឿង​នេះ គឺ​ជា​រឿង​ដំណាល​អំពីម្ដាយ​ម្នាក់​ដែល​បាន​ធ្វើ​ការ​ពេញ​មួយ​យប់​ទាំង​គ្មាន​ជើង​ក្រាន​ទៀត​ផង ។ ប៉ុន្តែ​គាត់​បាន​តាំង​ចិត្ត​ធ្វើ​ឲ្យ​កូនៗ​របស់​គាត់​រីករាយ ដើម្បី​ពង្រឹង​ជំនឿ​របស់​ពួកគេ ដើម្បី​បញ្ជាក់​ថា ក្នុង​ផ្ទះ​របស់​ពួកគេ « មាន​ភាព​រីករាយ ! និង​ក្ដី​សុខ ! »​ តើ​រឿង​នោះ​ពុំ​មែន​ជា​សារលិខិត​នៃ​បុណ្យ​គ្រីស្ទ​ម៉ាស់​ទេ​ឬ​អី ?

ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀន​ថា « ឱកាស​នានា​របស់​យើង​ដើម្បី​លះបង់​ខ្លួន​គឺ​គ្មាន​ទី​បញ្ចប់​ឡើយ ប៉ុន្តែ​ក៏​ពុំ​មាន​ជានិច្ច​ដែរ ។ យើង​គួរ​ជួយ​អ្នកដទៃ​ឲ្យ​មាន​អារម្មណ៍រីករាយ ។ មាន​ពាក្យ​សម្តី​ល្អៗ​ជា​ច្រើន​ដើម្បី​និយាយ ។ មាន​អំណោយ​ជា​ច្រើន​ដើម្បី​ផ្តល់ » ។

ពេលណា​យើង​ធ្វើ​ការរួម​នឹង​ព្រះអម្ចាស់ — ធ្វើ​អ្វី​ដែល​ទ្រង់​បញ្ជា ហើយ​លើក​ស្ទួយ​ដល់​មនុស្ស​ជុំវិញ​យើង — ​យើង​កំពុងធ្វើ​ជា​សាក្សី​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ថា​ទ្រង់​ស្រឡាញ់​យើង មិន​ថា​យើង​មាន​ការលំបាក​បែបណា​នៅ​ក្នុង​ជីវិត​នេះទេ ។

បន្ទាប់​ពី​អ្នក​ប្រែចិត្តជឿ​ជនជាតិ​ស្កុតឡង់​ឈ្មោះ ចន មេនហ្សីស ម៉ាកហ្វាឡែន​បាន​ចូល​ក្នុង​សាសនាចក្រ​ជាមួយ​នឹង​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ និង​ប្អូន​ប្រុស​របស់​ខ្លួន នោះ​ពួកគេ​ទាំង​បីនាក់​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ក្នុង​ឆ្នាំ​ ១៨៥២ ។ គាត់​មាន​អាយុ ១៨ ឆ្នាំ ។ នៅ​ក្នុង​ជីវិត​គាត់ គាត់​បាន​ក្លាយ​ជា​អ្នកស្ទង់​វាស់ដី អ្នក​សង់​អគារ ថែមទាំង​ជា​ចៅ​ក្រម​ស្រុក តែ​មនុស្ស​ទូទៅ​ស្គាល់​គាត់​ដោយសារ​តន្ត្រី​របស់​គាត់ ។

គាត់​បាន​រៀបចំ​ក្រុម​ចម្រៀង​ដំបូង​របស់​គាត់​នៅ​ក្រុង សេដា រដ្ឋ​យូថាហ៍ ហើយ​នាំ​ក្រុម​ចម្រៀង​របស់​គាត់​ទៅ​ច្រៀង​ពេញ​ភាគ​ខាង​ត្បូង​រដ្ឋ​​យូថាហ៍ ។ បន្ទាប់​ពី​ការ​សម្ដែង​នៅ​សេន ចច អែលឌើរ អេរ៉ាស្តាស់ ស្នូ ( ១៨១៨–៨៨ ) ជា​សាវក និង​ជា​អ្នកដឹកនាំ​ជន​ភៀស​ខ្លួន បាន​លើក​ទឺកចិត្ត​ចន​ឲ្យ​ផ្លាស់​ទៅ សេន ចច ហើយ​នាំ​យក​គ្រួសារ និងតន្ត្រី​របស់​គាត់​ទៅ​ជាមួយ​ផង ។

ក្នុង​ឆ្នាំ ១៨៦៩ ជាគ្រាមួយ​ដ៏​លំបាក ហើយ អែលឌើរ ស្នូ បាន​សុំ​បងប្រុស ម៉ាកហ្វាឡែន ឲ្យ​សម្ដែង​កម្មវិធី​បុណ្យគ្រីស្ទម៉ាស់​ដើម្បី​ជួយ​មនុស្ស​ទូទៅ​ឲ្យ​មាន​ចិត្ត​រីករាយ ។ បងប្រុស ម៉ាកហ្វាឡែន ​បាន​ចង់​និពន្ធ​បទ​ចម្រៀង​ថ្មី​សម្រាប់​កម្មវិធី​នោះ ។ ប៉ុន្តែ​ទោះ​ជា​គាត់​ខំ​និពន្ធ​យ៉ាង​ណា​ក្ដី ក៏​គាត់​នៅតែ​គ្មាន​គំនិត​អ្វី​សោះ ។ គាត់​បាន​អធិស្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត​សូម​ការ​បំផុស​គំនិត ។

នា​យប់​មួយ គាត់​បាន​ដាស់​ភរិយា​គាត់ ហើយ​ស្រែក​ឡើង​ថា « បង​នឹក​ឃើញ​អំពីទំនុក​ច្រៀង​មួយ​ហើយ ហើយ​បង​គិត​ថា បង​ក៏​នឹក​ឃើញ​អំពីទំនុក​ភ្លេង​ដែរ ! » គាត់​បាន​ប្រញាប់​ប្រញាល់​ទៅ​ព្យាណូ​ខ្យល់​តូច​របស់​គាត់ ហើយ​លេង​បទ​នោះ ព្រម​ទាំង​និពន្ធ​នូវ​ទំនុកច្រៀង​ ខណៈដែល​ភរិយា​របស់​គាត់​កាន់​ចង្កៀង​ដុត​ប្រើ​ខ្លាញ់​បំភ្លឺ​ឲ្យ​គាត់ ។ នេះ​ជាទំនុកច្រៀង​នៃ​បទចម្រៀង​ដែល​គាត់​បាន​នឹកឃើញ ៖

ឆ្ងាយ ឆ្ងាយ នៅ​លើ​ទីវាលទំនាប​យូដា ។

ពួក​គង្វាល​ចៀម​ច្រៀង​បទ​ដ៏​ពិរោះ​អស្ចារ្យ

សរសើរ​ដល់​ព្រះ

សរសើរ​ដល់​ព្រះ

សរសើរ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ។

សូម​ក្ដី​សុខ​មាន​ដល់​មនុស្ស​លោក !

សូម​ក្ដី​សុខ​មាន​ដល់​មនុស្ស​លោក !

បងប្រុស ម៉ាកហ្វាឡែន មិន​ដែល​ទៅ​ស្រុក​យូដា ហើយ​ឃើញ​ទី​វាល​ទំនាប ដែល​ស្រដៀង​គ្នា​នឹង​ជាយ​ភ្នំ​ពាស​ពេញ​ដោយ​ថ្ម​ឡើយ ប៉ុន្តែ​សារលិខិត​ដែល​បំផុស​គំនិត​ក្នុង​ចម្រៀង​របស់​គាត់​នោះ​បាន​ផុស​ចេញ​ពី​ដួង​ចិត្ត​របស់​គាត់ ទុក​ជា​សាក្សី​មួយ​អំពីការ​ប្រសូត​របស់​ព្រះគ្រីស្ទ​នៅ​ភូមិ​បេថ្លេហិម ជា​ការ​ចាប់ផ្ដើម​មួយ​ដែល​បាន​ផ្លាស់ប្ដូរ​ពិភពលោក​នេះ​ជារៀង​រហូត ។​

ចន មេនហ្សីស ម៉ាកហ្វាឡែន បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​តាម​រយៈ​​តន្ត្រី​របស់​គាត់ ហើយ​ហាន់ណា ឡាស ខ័រណាបាយ បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​តាមរយៈ​ការ​បម្រើ​ដល់​កូនៗ​របស់​គាត់ ។ យើង​ក៏​ដូចគ្នា​ដែរ យើង​អាច​បម្រើ​ព្រះអម្ចាស់ ហើយ​ថ្លែង​ជា​សាក្សី​អំពី​ទ្រង់​តាមរយៈ​ទង្វើ​ដ៏​សាមញ្ញ​នៃ​សេចក្ដី​សប្បុរស​នានា ។ យើង​ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរនៅ​ក្នុង​ក្រុម​គ្រួសារ វួដ កន្លែង​ធ្វើ​ការ និង​ផ្នែក​ផ្សេង​ទៀត​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ផង​ដែរ ។

ធ្វើ​ឲ្យ​មាន​ភាពខុស​ប្លែក

របៀប​ដ៏​សាមញ្ញ​មួយ​ដែល​យើង​អាច​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​មួយ​គឺ​ការ​ចូល​ប្រឡូក​នៅ​ក្នុង​យុទ្ធនាការ​ស្ដីអំពីបុណ្យ​គ្រីស្ទម៉ាស់​ប្រចាំ​ឆ្នាំ​របស់​សាសនាចក្រ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ យុទ្ធនាការ​នោះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​ដល់​ពួក​បរិសុទ្ធ — និង​កូនចៅ​របស់​ព្រះ​ទូទាំង​ពិភពលោក — ឲ្យ​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ ។ នៅ​ឆ្នាំ​នេះ ​សាសនាចក្រ​កំពុង​ចាប់ផ្ដើម​ការ​ខិតខំ​ជា​សាកល​មួយ​ទៀត​ដើម្បី​សាទរ​ចំពោះ​ការ​ប្រសូត​របស់​ព្រះគ្រីស្ទ ហើយ​លើក​ទឹក​ចិត្ត​មនុស្ស​ទូទៅ​ឲ្យ​ធ្វើ​តាម​ទ្រង់​តាមរយៈ​ការ​បម្រើ​មនុស្ស​ដទៃ​នៅ​អំឡូង​រដូវ​កាល​បុណ្យ​គ្រីស្ទ​ម៉ាស់ ។

សាសនាចក្រ​នឹង​ប្រើ​ប្រធាន​បទ​របស់​ខ្លួន​ដែល​ទទួល​បាន​ជោគ​ជ័យ​កាល​ពី​ឆ្នាំ​មុន​គឺ ៖ « ពន្លឺ​លោកីយ៍ » ( សូមមើល Mormon.org ) ។ ប្រធាន​បទ​នេះ​ដក​ស្រង់​ចេញ​ពី​ យ៉ូហាន ៨:១២ ​ដែល​ចែង​ថា « ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ។

យុទ្ធនាការ​នេះ​រួម​មាន​ប្រតិទិន​មួយ និង​បទគម្ពីរ​ដែល​ទាក់​ទង​ដែល​ផ្ដល់​ជា​គំនិត​សម្រាប់​មនុស្ស​ទូទៅ​ដើម្បី​បម្រើ ហើយ​ចែក​ចាយ​ពន្លឺ​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ។

ប្រធាន ​ម៉នសុន ​បាន​មា​នប្រសាសន៍​ថា​ « យើង​ម្នាក់ៗ​មកកាន់​ផែនដី​នេះ ដោយ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​ពន្លឺ​ព្រះគ្រីស្ទ ។ « នៅ​ពេល​យើង​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​រស់​នៅ​ដូច​ដែល​ទ្រង់​បាន​ធ្វើ និង​ដូច​ដែល​ទ្រង់​បាន​បង្រៀន ពន្លឺ​នោះ​នឹង​បំភ្លឺ​ក្នុង​ខ្លួន​យើង ហើយ​នឹង​បំភ្លឺ​ផ្លូវ​របស់​មនុស្ស​ដទៃ​ទៀត » ។

យើង​ស្គាល់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការ​ធ្វើ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ។ នៅ​ពេល​យើង​បម្រើ​មនុស្ស​ដទៃ យើង​នាំ​ពួកគេ​ — ព្រមទាំង​ខ្លួន​យើង​ដែរ — ខិត​ទៅ​ជិត​ទ្រង់ ។

« ព្រះនាម​លើ​នាម​ទាំងអស់ »

អំឡុង​បុណ្យ​គ្រីស្ទម៉ាស់ ខ្ញុំ​នឹក​ដល់​ចៅ​តូច​របស់​យើង​ឈ្មោះ ផាកស្តុន ​ជា​ពិសេស ។ ដោយ​កើត​មាន​ជំងឺ​តាម​ពូជ​ហ្សែន​ដ៏​កម្រ ផាកស្តុន​បាន​ទទួល​បញ្ហា​សុខភាព​ជាច្រើន ។ ព្រះវរបិតាសួគ៌​បាន​បង្រៀន​គ្រួសារ​របស់​យើង​នូវ​មេរៀន​ដ៏​ពិសេស​ជាច្រើន​អំឡុង​ពេល​បីឆ្នាំ​ដែល​ផាកស្តុន​បាន​នាំ​យក​ពរជ័យ​មក​ឲ្យ​យើង ។

បងស្រី​របស់​ខ្ញុំ​ឈ្មោះ ណាន​ស៊ី ស្កីនលើរ បាន​ធ្វើ​ភួយ​សំឡី​មួយ​ដើម្បី​ជា​កោត​គោរព​ដល់​ផាកស្តុន ។ គាត់​បាន​ឈ្មោះ​ភួយ​នោះ​ថា « ព្រះនាម​លើ​នាម​ទាំងអស់ » ។ ភួយ​នោះ​មាន​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ចំនួន ​២៦ — ព្រះនាម​ទាំង​នោះ​ចាប់ផ្ដើម​ដោយ​អក្សរ​ អេ រហូត​ដល់​អក្សរ​ហ្ស៊ី ។ ភួយ​នោះ​រំឭក​ខ្ញុំ​អំពី​ការ​ជួប​ជុំ​ជា​គ្រួសារ​ដ៏​រុង​រឿង​នា​ពេល​អនាគត​ជាមួយ​នឹង​ផាកស្តុន​អាច​កើត​មាន​ឡើង​តាមរយៈ​ការ​រង​ទុក្ខ ពលិកម្ម និង​ការ​មាន​​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ។

quilt

ភួយ​នោះ​បាន​បំផុស​គំនិត​របស់​ខ្ញុំ​ឲ្យ​ចាប់​ផ្ដើម​ការ​សិក្សា​មួយ​អំពី​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដូច​ដែល​បាន​បើក​សម្ដែង​នៅ​ក្នុង​បទគម្ពីរ ។ ការ​ស្រាវជ្រាវ​ព្រះនាម​របស់​ទ្រង់​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ។ មក​ដល់​ពេល​នេះ ខ្ញុំ​បាន​រកឃើញ​រះនាម​របស់​ព្រះអង្គ​សង្គ្រោះ​ចំនួន ១០០ ។

ការ​ទទួល​ខុស​ត្រូវ​មួយ​របស់​ខ្ញុំ​ក្នុង​នាម​ជា​សមាជិក​មួយ​រូប​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ ហើយ​ដូច​ដែល​បាន​ថ្លែង​នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា គឺ​ដើម្បី​ថ្លែង​ជា​សាក្សី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ គោលលទ្ធិ និង សេចក្តីសញ្ញា​ថ្លែង​ថា « ពួក​អ្នក​ប្រឹក្សា​ ១២ ​នាក់​ដែល​ធ្វើ​ដំណើរ ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​ពួក​សាវក ​១២ នាក់ ឬ ជា​ពួក​សាក្សី​ពិសេស​អំពី​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ នៅ​ពេញ​សព្វ​ក្នុង​ពិភពលោក » ( គ. និង ស. ១០៧:២៣, ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

ថ្មីៗ​នេះ ខ្ញុំ​ត្រូវ​សូម​ឲ្យ​និយាយ​នៅ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់​មួយ​នៅ​ឯ​មន្ទីរ​ពេទ្យ​កុមារ​នៅ​ទីក្រុង​ សលត៍ លេក ។ ខ្ញុំ​បាន​បំផុស​គំនិត​ឲ្យ​និយាយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះនាម​របស់​ទ្រង់ ។ ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ​ថា​ជា​ « ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង »​ ( វិវរណៈ ២២:១៦ ) « សំដេច​សង្ឃ ខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក » ​( ហេព្រើរ ៩:១១ ) « ព្រះ​នៃអព្ភូតហេតុ​ទាំង​ឡាយ » ​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ « ដោយ​អំណាច​ប្រោស​ឲ្យ​ជា​នៅ​ក្នុង​ចំអេង​ស្លាប​ទ្រង់ » ( នីហ្វៃទី ២ ២៧:២៣, ២៥:១៣ ) « ម្ចាស់​នៃ​មេត្រីភាព »​( អេសាយ ៩:៦, នីហ្វៃទី ២ ១៩:៦ ) និង ​« សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត » ​( យ៉ូហាន ១១:២៥ ) ។

នៅ​បុណ្យ​គ្រីស្ទម៉ាស់ ខ្ញុំ​ចង់​សូត្រ​ព្រះនាម​ខុសៗ​គ្នា​របស់​ព្រះអង្គ​សង្គ្រោះ ពេល​ខ្ញុំ​ដើរ​ទៅវិញ​ទៅមក​​ការិយាល័យ​របស់​ខ្ញុំ​កាត់​ភ្លើង​បុណ្យ​គ្រីស្ទម៉ាស់​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​ចាប់​ផ្ដើម​ជាមួយ​នឹង ​« អាល់ផា និង​អូមេកា » ( វិវរណៈ ១:៨ ) ព្រះឱរស​ « នៃ​ភូមិ​បេថ្លេហិម » ( លូកា ២:១២, ១៦ ) « ព្រះ​ដ៏​ជួយ​គំនិត » ( អេសាយ ៩:៦ សូម​មើល នីហ្វៃទី ២ ១៩:៦ ) « ព្រះ​ដ៏​ប្រោស​ឲ្យ​រួច » ( រ៉ូម ១១:២៦ ) អង្គ​ដែល​បាន « តាំង​ឡើង » ( ទំនុកដំកើង ៨៩:១៩ ) « ម្ចាស់​នៃ​សេចក្ដី​សុខសាន្ត » ( ម៉ូសាយ ១៥:១៨ ) ។ ល ។

ពេញ​រដូវ​កាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ ខ្ញុំ​ទន្ទឹង​រង់ចាំ​ដើម្បី​ទន្ទេញ​ចាំ​ព្រះនាម​របស់​ទ្រង់​ឲ្យ​បាន​ច្រើន ហើយ​រក​មើល​ឱកាស​ដើម្បី​គោរព​ថ្វាយ​ព្រះនាម​របស់​ទ្រង់ ។ ពេល​បងប្អូន​ខិតខំ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​មួយ​នៅ​ក្នុង​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ ខ្ញុំ​សង្ឃឹម​ថា បងប្អូន​នឹង​ធ្វើ​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ក្លាយ​ជា​អង្គ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​បងប្អូន ហើយ​ថា​បងប្អូន​នឹង​នាំ​យក​សិរី​ល្អ​ថ្វាយ​ទ្រង់ ពេល​បងប្អូន​បម្រើ​ដល់​មនុស្ស​ដទៃ​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ។

ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ខ្ញុំ​ថា ព្រះវរបិតា​យើង​មាន​ព្រះជន្មរស់ ។ ផែនការ​សុភមង្គល​របស់ទ្រង់បាន​ប្រទាន​ពរ​យ៉ាង​ធំធេង​ដល់​ជីវិតកូនចៅទ្រង់​ម្នាក់ៗ​នៅ​គ្រប់ជំនាន់ ។ ខ្ញុំ​ដឹង​ថា ព្រះរាជបុត្រាទ្រង់ ព្រះ​យេស៊ូវគ្រីស្ទ ជាព្រះឱរស​ប្រសូត​នៅ​ភូមិ​បេថ្លេហិម គឺជា​ព្រះអង្គសង្គ្រោះ និង​ជាព្រះប្រោសលោះ​នៃ​ពិភពលោក​នេះ ។

ពាក្យ​សរសើរ​តម្កើង​ទាំងនេះ​ថ្លែង​ការ​ពិត​ដល់​ខ្ញុំ​ថា « សរសើរ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត សូម​ក្ដី​សុខ​មាន​ដល់​មនុស្ស​លោក » ។

កំណត់​ចំណាំ

  1. ហាន់ណា ខ័រណាបាយ Autobiography and Poems ( ឆ្នាំ​ ១៨៨១ ) ទំព័រ ៤៥–៤៦ ។

  2. « មក​មក​ពួកបរិសុទ្ធ » ទំនុកតម្កើង, លេខ ១៨ ។

  3. ថូម៉ាស អេស ម៉នសុន « May We So Live » Liahona, ខែ ​តុលា ឆ្នាំ​ ២០០៨ ទំព័រ​ ៥ ។

  4. « ឆ្ងាយ ឆ្ងាយ នៅ​លើ​ទីវាលទំនាប​យូដា » ទំនុកតម្កើង, ល.រ. ១៣២ ។

  5. សូម​មើល ខារេន លីន ដេវីដសុន Our Latter-day Hymns: The Stories and the Messages ( ឆ្នាំ ​១៩៨៨ ) ទំព័រ ២២៣–២៤ ។

  6. ថូម៉ាស អេស ម៉នសុន « Be an Example and a Light » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៨៦ ។

  7. ទំនុកតម្កើង, ល.រ. ១៣២ ។