ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ជម្រក និងការការពារមួយ
អ្នកនិពន្ធរស់នៅ ទីក្រុង កឺរីទីបា ប្រទេសប្រេស៊ីល ។
ការបង្រៀននៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញាអាចការពារយើងពីការលំបាកដែលយើងនឹងជួបប្រទះ កាលយើងរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។
ព្រះអម្ចាស់សព្វព្រះទ័យចង់ការពាររាស្ត្ររបស់ទ្រង់ ។ អំឡុងគ្រានៃការបៀតបៀនដ៏ធំមួយនៅក្នុងសាសនាចក្រ ទ្រង់បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការប្រមូលផ្ដុំទៅកាន់ក្រុងស៊ីយ៉ូន « ជា ទីការពារ និងជា ទីជម្រក ពីព្យុះសង្ឃរា » ( គ. និង ស. ១១៥:៦ ការគូសបញ្ជាក់បានបន្ថែម ) ។
ទីជម្រក និងការការពារនេះកើត មានតាមរយៈការរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ពេលយើង « ពិចារណាមើលព្រះបញ្ញត្តិទាំងនេះ » ( គ. និង ស. ១:៣៧ ) ។ ហេតុដូច្នេះហើយ ចូរយើងត្រួតពិនិត្យអំពីគោលការណ៍មួយចំនួនដែលមាននៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ដរាបណាយើងយល់ ហើយអនុវត្តតាម វានឹងនាំមកឲ្យយើងនូវការការពារ ហើយវានឹងក្លាយជាទីជម្រកមួយពីការល្បួង អំពើអាក្រក់ និងគ្រោះថ្នាក់ផ្សេងទៀតដែលយើងជួបប្រទះសព្វថ្ងៃនេះ ។
យើងត្រូវបានការពារ ពេលយើងស្វែងរកព្រះវិញ្ញាណបរិសុទ្ធ
ការមានព្រះវិញ្ញាណបរិសុទ្ធគង់ជាមួយយើងអាចក្លាយជាទីជម្រក និងការការពារមួយពីលោកិយនេះ ។ ព្រះអម្ចាស់បានសន្យាថា ប្រសិនបើ អូលីវើរ ខៅឌើរី « អនុវត្ត » តាមអំណោយទាននៃវិវរណៈនោះ « អំណោយទាននេះនឹងដោះលែងអ្នកឲ្យរួចផុតពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់អ្នក ម្ល៉ោះហើយ បើសិនជាពុំនោះសោតទេ ពួកគេនឹងប្រហារអ្នកបង់ ហើយនាំព្រលឹងរបស់អ្នកទៅរកសេចក្ដីបំផ្លិចបំផ្លាញ » ( គ. និង ស ៨:៤ ) ។ តាមរយៈការស្ដាប់តាមព្រះសូរសៀងនៃព្រះវិញ្ញាណ នោះអូលីវើរ ខៅឌើរី អាចត្រូវបានការពារពីសេចក្ដីស្លាប់ និងអំពើបាប ។
ការទទួលបានសេចក្ដីពិតតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធក៏នឹងការពារយើងពីគំនិតរបស់មនុស្ស ព្រមទាំងការកុហក និងការបោកបញ្ឆោតនានារបស់សាតាំងផងដែរ ។ ព្រះអម្ចាស់បានសន្យាថា « ដ្បិតពួកអ្នកណាដែលមានប្រាជ្ញា ហើយបានទទួលសេចក្ដីពិត ហើយបានទទួលយកព្រះវិញ្ញាណបរិសុទ្ធទុកជាអ្នកណែនាំរបស់ខ្លួន ហើយដែលពុំត្រូវបានគេបញ្ឆោត យើងប្រាប់អ្នកជាប្រាកដថា ពួកគេនឹងពុំត្រូវកាប់បោះចោលទៅក្នុងភ្លើងឡើយ ប៉ុន្តែនឹងធន់នៅថ្ងៃនោះ »( គ. និង ស. ៤៥:៥៧ ការគូសបញ្ជាក់បានបន្ថែម ) ។ ព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធសរសេរសេចក្ដីពិតក្នុងដួងចិត្តរបស់យើង ហើយការពារយើងពីការបោកបញ្ឆោត ។
ប៉ុន្តែការស្ដាប់តាមការបំផុសគំនិតពីព្រះវិញ្ញាណពុំមែនមានន័យថា យើងនឹងត្រូវបានការពារពីរាល់ការសាកល្បងនោះឡើយ ។ កណ្ឌ ១២២ ក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា បង្ហាញថា សូម្បីតែនៅពេលយើងមានភាពសក្ដិសមក្ដី ក៏យើងអាចជួបប្រទះនឹងទុក្ខសោក និងឧបសគ្គដែរ ។ នៅក្នុងព្រះតំរិះ និងព្រះប្រាជ្ញាញាណរបស់ព្រះដែលទ្រង់ « ជ្រាបសព្វគ្រប់ » ( គ. និង ស. ១២៧:២ ) « គ្រប់ការណ៍ទាំងនេះ នឹងផ្ដល់ការពិសោធន៍ដល់ [ យើង ] ហើយនឹងទៅជាការល្អដល់ [ យើង ] ទៅវិញ » ( គ. និង ស. ១២២:៧ ) ។
យើងត្រូវបានការពារ ពេលយើងធ្វើតាមពួកព្យាការីនៅរស់
នៅថ្ងៃដែលសាសនាចក្រត្រូវបានរៀបចំឡើង ព្រះអម្ចាស់បានបង្គាប់ពួកបរិសុទ្ធរបស់ទ្រង់ឲ្យស្ដាប់តាមព្យាការី ៖
« អ្នកត្រូវស្តាប់តាមគ្រប់អស់ទាំងពាក្យសម្ដី និងបញ្ញត្តិទាំងឡាយរបស់លោក ដែលលោកនឹងឲ្យដល់អ្នក នៅពេលលោកបានទទួលពាក្យទាំងនោះ ដើរដោយបរិសុទ្ធនៅចំពោះមុខយើង ។
« ដ្បិតពាក្យសម្ដីរបស់ [ ប្រធានសាសនាចក្រ ] នោះហើយ អ្នកនឹងបានទទួល ហាក់ដូចជាបានមកពីព្រះឱស្ឋរបស់យើងផ្ទាល់ ដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿគ្រប់យ៉ាង ។
« ដ្បិតដោយសារការធ្វើការទាំងនេះហើយ ទ្វារស្ថាននរកនឹងពុំដែលឈ្នះអ្នកឡើយ មែនហើយ ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងកម្ចាត់អំណាចនៃសេចក្ដីងងឹតចេញពីអ្នកទៅ ហើយនឹងបណ្ដាលឲ្យផ្ទៃមេឃញាប់ញ័រ ដើម្បីសេចក្ដីល្អដល់អ្នក និងសិរីល្អដល់ព្រះនាមរបស់ទ្រង់ » ( គ. និង ស. ២១:៤–៦ ) ។
ព្រះអម្ចាស់ប្រាប់យើងនៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញាថា ជនដែល « លែងឮសំឡេងនៃព្រះអម្ចាស់ ឬសំឡេងនៃពួកអ្នកបម្រើរបស់ទ្រង់ ឬមិនស្ដាប់តាម ពាក្យសម្ដីនៃពួកព្យាការី និង ពួកសាវក នោះនឹងត្រូវកាត់ចេញពីចំណោមប្រជាជន » ( គ. និង ស. ១:១៤; ការគូសបញ្ជាក់បានបន្ថែម ) ។
ការស្ដាប់ និងការអនុវត្តតាមការបង្រៀនរបស់ពួកព្យាការីនៅរស់នឹងនាំមកនូវការការពារ និងសន្តិសុខ ពីព្រោះពួកលោកថ្លែងអំពីបញ្ហានាពេលបច្ចុប្បន្នរបស់យើង ហើយប្រាប់យើងអំពីអ្វីដែលយើងត្រូវធ្វើដើម្បីយកឈ្នះលើឧបសគ្គទាំងនេះ ។ ឱ ជាពរជ័យមួយដ៏អស្ចារ្យអ្វីម្ល៉េះ ដែលយើងមានថ្នាក់ដឹកនាំបច្ចុប្បន្នរបស់ព្រះអម្ចាស់ ។
នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:៤៣–៦២ ព្រះអម្ចាស់ប្រើរឿងប្រៀបប្រដូចមួយអំពីចម្ការដើមអូលីវមួយដើម្បីបង្ហាញអំពីសារៈសំខាន់នៃការស្ដាប់តាមព្យាការីមួយរូបនាពេលបច្ចុប្បន្ន ។ រឿង ប្រៀបប្រដូចនោះប្រៀបធៀបព្យាការីទៅនឹងអ្នកយាមនៅលើប៉មម្នាក់ ។ កាលពីបុរាណ មនុស្សសង់ប៉មទុកជាកន្លែងដែលអ្នកយាមម្នាក់អាចមើលឃើញហួសពីទីក្រុង ហើយព្រមានប្រជាជន ពេលមានសត្រូវសំដៅចូលមក ។
រឿងប្រៀបប្រដូចនេះចាប់ផ្ដើមថា ៖ « សង់ប៉មមួយ ប្រយោជន៍ឲ្យនរណាមួយអាចសម្លឹងមើលជុំវិញដែនដី ដើម្បីឲ្យធ្វើជា អ្នកយាមនៅលើប៉ម ប្រយោជន៍កុំឲ្យដើមអូលីវទាំងឡាយរបស់យើងត្រូវបាក់ចុះក្នុងកាលខ្មាំងសត្រូវមកបង្ខូច ហើយបេះយកដល់ខ្លួន នូវផ្លែនៃចម្ការរបស់យើងឡើយ » ( ខទី ៤៥; ការគូសបញ្ជាក់បានបន្ថែម ) ។
អែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីការការពារ និងពរជ័យដែលកើតចេញពីការធ្វើតាមពាក្យទូន្មានរបស់ព្យាការីបច្ចុប្បន្ន ៖ « បងប្អូនប្រុសស្រីរបស់ខ្ញុំអើយវាពុំមែនជារឿងតូចតាចទេ ដើម្បីមានព្យាការីម្នាក់របស់ព្រះ ក្នុងចំណោមពួកយើងនោះ ។ នៅពេលយើងស្ដាប់តាមការទូន្មានរបស់ព្រះអម្ចាស់ ដែលបង្ហាញតាមរយៈពាក្យសម្ដីរបស់ប្រធាននៃសាសនាចក្រ នោះការឆ្លើយតបរបស់យើងគួរតែវិជ្ជមាន និងទៀងទាត់ ។ ប្រវត្តិសាស្ត្របានបង្ហាញថា មានសុវត្ថិភាព សន្ដិភាព ភាពរុងរឿង និងសុភមង្គល នៅក្នុងការធ្វើតាមដំបូន្មានរបស់ព្យាការី » ។១
អ្វីដែលសំខាន់ជាងការការពារខាងរូបកាយដែលចេញមកពីការស្ដាប់តាមពួកព្យាការីគឺការការពារខាងវិញ្ញាណ ។ វាគឺជារឿងដ៏ចាំបាច់ពីព្រោះ « អារក្សសាតាំងក៏បានព្យាយាមបោកបញ្ឆោតអ្នក ដើម្បីវាអាចបានឈ្នះលើអ្នកដែរ » ( គ. និង ស. ៥០:៣ ) ។ ការស្ដាប់តាមពួកព្យាការីការពារយើងពីទស្សនលោកិយ និង « ឧបាយកលដ៏ប្រសប់នៃមនុស្ស ម្ល៉ោះហើយ ទើបពួកគេពួនចាំបញ្ឆោត » ( គ. និង ស. ១២៣:១២ ) ។
យើងត្រូវបានការពារ ពេលយើងស្មោះត្រង់នៅក្នុងអាពាហ៍ពិពាហ៍
ព្រះអម្ចាស់សន្យាយើងថា សេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចនៃអាពាហ៍ពិពាហ៍អាចមានភាពអស់កល្បជានិច្ច ( សូមមើល គ. និង ស. ១៣២:១៩ ) ។ គោលលទ្ធិនៃភាពតម្កើងឡើងនេះគឺជាទីជម្រកមួយពីទំនាក់ទំនងខុសឆ្គងដែលបំផ្លាញពិភពលោករបស់យើង ។ ទោះជាមានសំឡេងខាងលោកិយជាច្រើនប្រកាសអះអាងថា អាពាហ៍ពិពាហ៍គឺជារឿងហួសសម័យ មិនស្រួល ឬពុំចាំបាច់ក្ដី ក៏សំឡេងរបស់ព្រះអម្ចាស់បានប្រកាសថា « អស់អ្នកណាដែលហាមប្រាមមិនឲ្យរៀបការ នោះពុំមែនបានតែងតាំងពីព្រះទេ ដ្បិតអាពាហ៍ពិពាហ៍ត្រូវបានតែងតាំងមកពីព្រះដល់មនុស្ស » ( គ. និង ស. ៤៩:១៥ ) ។
ព្រះអម្ចាស់បង្រៀនយើងអំពីរបៀបការពារអាពាហ៍ពិពាហ៍របស់យើង ៖ « ត្រូវស្រឡាញ់ប្រពន្ធខ្លួនឲ្យអស់ពីចិត្ត ហើយត្រូវនៅជាប់នឹងនាង ហើយគ្មាននរណាទៀតឡើយ » ( គ. និង ស. ៤២:២២ ) ។
ប្រធានស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ១៨៩៥–១៩៨៥ ) បានពន្យល់អំពីលក្ខណៈយ៉ាងពេញលេញទាំងអស់នៃបទបញ្ញត្តិនេះ ៖
« ពេលព្រះអម្ចាស់មានបន្ទូលថា អស់ពី ដួងចិត្តរបស់អ្នក វាគ្មានការចែករំលែក ឬបែងចែក ឬក៏ការដកហូតឡើយ ។ ហើយចំពោះស្ត្រី វាត្រូវបានថ្លែងប្រយោគថា ‹ ត្រូវស្រឡាញ់ប្ដីខ្លួនឲ្យ អស់ពី ចិត្ត ហើយត្រូវនៅជាប់នឹងគាត់ ហើយគ្មាននរណាទៀតឡើយ › ។
« ពាក្យថាគ្មាននរណាទៀតឡើយគឺ ដកយកមនុស្សគ្រប់គ្នា និងអ្វីៗគ្រប់យ៉ាង ។ បន្ទាប់មកស្វាមី និងភរិយាក្លាយជាទៅអាទិភាពនៅក្នុងជីវិតរបស់ស្វាមី ឬភរិយា ហើយមិនថាជាជីវិតសង្គម ឬជីវិតការងារ ឬជីវិតនយោបាយ ឬចំណាប់អារម្មណ៍ណាមួយផ្សេងទៀត ឬបុគ្គល ឬវត្ថុឡើយ វាពុំត្រូវមានអាទិភាពជាងគូស្វាមីភរិយាឡើយ » ។២
អ្វីដែលយើងមើលឃើញជះឥទ្ធិពលយ៉ាងខ្លាំងមកលើយើងសម្រាប់សេចក្ដីល្អ ឬ សេចក្ដីអាក្រក់ ។ ខ្ញុំគិតថា នោះជាហេតុផលដែលព្រះអម្ចាស់ព្រមានយើងនៅក្នុងខគម្ពីរដូចតទៅនេះថា « អ្នកណាដែល ក្រឡេកឃើញ ស្ត្រី ហើយមានតម្រេកសម្រើបចង់បាន នោះនឹងបោះបង់ចោលសេចក្ដីជំនឿ ហើយនឹងមិនត្រូវមានព្រះវិញ្ញាណឡើយ ហើយបើសិនជាអ្នកនោះមិនប្រែចិត្តទេ នោះនឹងត្រូវបណ្ដេញចេញ » ( គ. និង ស. ៤២:២៣; ការគូសបញ្ជាក់បានបន្ថែម ) ។
ដើម្បីទទួលបានការការពារពីការវាយប្រហារពីសំណាក់មារសត្រូវ ភ្នែក និងដួងចិត្តរបស់យើងគួរងាកតែទៅរកស្វាមីភរិយារបស់យើង និងព្រះអម្ចាស់ប៉ុណ្ណោះ ។ យើងមិនត្រូវអនុញ្ញាតឲ្យភ្នែករបស់យើងវង្វេង ឬចង់បានមនុស្សម្នាក់ទៀតក្រៅពីស្វាមីភរិយារបស់យើងឡើយ ។ យើងត្រូវបិទដួងចិត្ត និងគំនិតរបស់យើងដើម្បីទទួលបានការការពារពីការល្បួងនោះ ។ នេះគឺជារូបមន្តរបស់ព្រះអម្ចាស់សម្រាប់ភាពជោគជ័យនៅក្នុងអាពាហ៍ពិពាហ៍ ។
យើងត្រូវបានការពារ ពេលយើងបម្រើបេសកកម្ម
យើងមានឱកាសជាច្រើនដើម្បីបម្រើនៅក្នុងសាសនាចក្រ ហើយព្រះអម្ចាស់ « សព្វព្រះហឫទ័យនឹងឲ្យកិត្តិយសដល់អស់អ្នកណាដែលបម្រើ [ ទ្រង់ ] » ( គ. និង ស. ៧៦:៥ ) ។ គោលការណ៍ដ៏អស្ចារ្យទាំងឡាយអំពីការបម្រើបេសកកម្មត្រូវបានបង្រៀននៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ។
ព្រះអម្ចាស់សន្យាថា « មនុស្សណាមួយដែលនឹងទៅ ហើយផ្សាយដំណឹងល្អនេះពីនគរ ហើយមិនខកខាន ដើម្បីមានចិត្តស្មោះត្រង់រហូតតទៅក្នុងគ្រប់ទាំងអស់ នោះនឹងពុំមានភាពទន់ខ្សោយខាងគំនិត ឬក៏ងងឹតដែរ ឬខាងរូបកាយ ខាងដៃជើង ឬខាងសន្លាក់ឆ្អឹងដែរ ហើយសក់ក្បាលមួយសរសៃរបស់អ្នកនោះ ក៏នឹងមិនជ្រុះទៅដល់ដីដោយមិនដឹងនោះឡើយ ។ ហើយពួកគេនឹងពុំឃ្លាន ឬស្រេកឡើយ » ( គ. និង ស. ៨៤:៨០ ) ។ សូមកត់ចំណាំថា ព្រះអម្ចាស់ពុំបានលើកលែងឲ្យផុតពីភាពលំបាកនោះទេ ប៉ុន្តែសន្យាថា យើងនឹងស្ថិតនៅក្នុងការថែទាំរបស់ទ្រង់ ។
ទ្រង់បានបន្ថែមថា « យើងនឹងនៅខាងស្ដាំដៃអ្នក ហើយខាងឆ្វេងដៃអ្នក ហើយព្រះវិញ្ញាណរបស់យើងនឹងសណ្ឋិតនៅក្នុងដួងចិត្តរបស់អ្នក ហើយពួកទេវតារបស់យើងនៅព័ទ្ធជុំវិញអ្នក ដើម្បីទ្រអ្នកឡើង » ( គ. និង ស. ៨៤:៨៨ ) ។ ប្រសិនបើយើងបម្រើទ្រង់ « ហេតុការណ៍នឹងកើតឡើងថា អំណាចនឹងស្ថិតនៅលើអ្នក អ្នកនឹងត្រូវមានសេចក្ដីជំនឿដ៏ធំ ហើយយើងនឹងនៅជាមួយអ្នក ហើយទៅពីមុខអ្នក » ( គ. និង ស. ៣៩:១២ ) ។ អស់អ្នកដែលបម្រើបេសកកម្មដោយអស់ពីដួងចិត្តរបស់ពួកគេមាននូវការសន្យាថា ពួកគេ « នឹងបានពរទាំងខាងវិញ្ញាណ និងខាងសាច់ឈាម » ( គ. និង ស. ១៤:១១ ) ។
ព្រះអម្ចាស់ក៏ពង្រីកការការពារដល់ក្រុមគ្រួសាររបស់អស់អ្នកដែលបម្រើដែរ ៖ « យើងជាព្រះអម្ចាស់ ប្រទានដល់ពួកគេនូវសេចក្ដីសន្យាមួយថា យើងនឹងផ្គត់ផ្គង់ដល់ក្រុមគ្រួសារ របស់ពួកគេ ហើយទ្វារដ៏មានផលប្រយោជន៍នឹងត្រូវបានបើកចំហដល់ពួកគេ ចាប់ពីពេលនេះតទៅ » ( គ. និង ស. ១១៨:៣ ) ។
ហើយពួកអ្នកផ្សព្វផ្សាយសាសនាដ៏ស្មោះត្រង់ត្រូវបានសន្យាថា « បាបទាំងឡាយរបស់អ្នក ត្រូវបានអត់ទោសឲ្យហើយ ហើយអ្នកនឹងបានផ្ទុកកណ្ដាប់ស្រូវពីលើខ្នងរបស់អ្នក » ( គ. និង ស. ៣១:៥ ) ។ ពរជ័យនេះគឺជាទីជម្រកមួយសម្រាប់ព្រលឹងរបស់យើង ។
យើងត្រូវបានការពារ ពេលយើងគោរពតាមច្បាប់ដង្វាយមួយភាគក្នុងដប់
នៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញាយើងរកឃើញការបង្រៀនដូចតទៅនេះ ទាក់ទងនឹងដង្វាយមួយភាគក្នុងដប់ ៖ « មើលចុះ ឥឡូវត្រូវបានហៅថាថ្ងៃនេះរហូតដល់ការយាងមកនៃកូនមនុស្ស ហើយប្រាកដមែន គឺជាថ្ងៃនៃការបូជា និងជាថ្ងៃសម្រាប់ដង្វាយ ១ ភាគ ១០ នៃរាស្ត្ររបស់យើង » ( គ. និង ស. ៦៤:២៣ ) ។
ខ្ញុំចង់និយាយថា ច្បាប់ដង្វាយមួយភាគក្នុងដប់គឺផ្ទុយពីគណិតវិទ្យា ដោយសារ ៩០ នឹងធំជាង ១០០ ។ ពេលយើងថ្វាយព្រះអម្ចាស់ ១០ ភាគរយនៃប្រាក់ចំណូលរបស់យើង ទ្រង់សន្យានឹង « បើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ » ( ម៉ាឡាគី ៣:១០, សូមមើលផងដែរនីហ្វៃទី ៣ ២៤:១០ ) ។
ដើម្បីវាយតម្លៃថាតើសេចក្ដីជំនឿរបស់យើងខ្លាំងដល់កម្រិតណា យើងអាចក្រឡេកមើលទៅឥរិយាបថរបស់យើងចំពោះច្បាប់ដង្វាយមួយភាគក្នុងដប់ ។ ការបង់ដង្វាយមួយភាគក្នុងដប់គឺពុំមែនជាបញ្ហាខាងប្រាក់កាសនោះទេ វាគឺជាបញ្ហានៃសេចក្ដីជំនឿ ។
ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ បង្រៀនយើងថា « តាមរយៈការសម្រេចចិត្តរបស់យើងនៅពេលនេះដើម្បីធ្វើជាអ្នកបង់ដង្វាយមួយភាគក្នុងដប់ពេញលេញ និងការខិតខំដ៏ខ្ជាប់ខ្ជួនរបស់យើងដើម្បីគោរពតាម នោះយើងនឹងទទួលបានការពង្រឹងនៅក្នុងសេចក្ដីជំនឿរបស់យើង ហើយនៅពេលនោះដែរ ដួងចិត្តរបស់យើងនឹងមានភាពទន់ភ្លន់ ។ វាគឺជាការផ្លាស់ប្ដូរដួងចិត្តរបស់យើងតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ គឺលើសពីការថ្វាយប្រាក់ ឬសម្ភាររបស់យើងទៅទៀត ដែលអាចធ្វើឲ្យព្រះអម្ចាស់សន្យាដល់ពួកអ្នកបង់ដង្វាយមួយភាគក្នុងដប់ពេញលេញនូវការការពារនៅថ្ងៃចុងក្រោយនោះ [ សូមមើល គ. និង ស. ៦៤:២៣ ] ។ យើងអាចមានទំនុកចិ្តថា យើងនឹងមានគុណសម្បត្តិគ្រប់គ្រាន់ទទួលបានពរជ័យនៃការការពារនោះ ប្រសិនបើយើងតាំងចិត្តនៅពេលនេះដើម្បីបង់ដង្វាយមួយភាគក្នុងដប់ពេញលេញ ហើយខ្ជាប់ខ្ជួនក្នុងការគោរពតាមវា » ។៣
យើងត្រូវបានការពារ ពេលយើងគោរពតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ
យើងរស់នៅក្នុងគ្រាមួយដែលសុខភាពរបស់យើងអាចត្រូវបានគម្រាមកំហែងដោយសារធាតុគ្រោះថ្នាក់ជាច្រើន ។ ដោយត្រាស់ដឹងអំពីអ្វីដែលយើងជួបប្រទះ ព្រះអម្ចាស់បានបង្រៀនដល់ព្យាការី យ៉ូសែប ស៊្មីធ នៅឆ្នាំ ១៨៣៣ ថា « ពីព្រោះតែអំពើអាក្រក់ទាំងឡាយ និងផែនការទាំងឡាយដែលមាន ហើយនឹងមាននៅក្នុងដួងចិត្តមនុស្ស ដែលរួមគំនិតប្រព្រឹត្តអំពើទុច្ចរិតនៅថ្ងៃចុងក្រោយបង្អស់ ទើបយើងបានព្រមានដល់អ្នក ហើយហាមអ្នកទុកជាមុន ដោយប្រទានដល់អ្នកនូវពាក្យសម្ដីនៃប្រាជ្ញាវាងវៃនេះ » ( គ. និង ស. ៨៩:៤ ) ។
ជនដែលគោរពតាមច្បាប់សុខភាពរបស់ព្រះអម្ចាស់មាននូវការសន្យាថា ពួកគេ « នឹងបានទទួលសេចក្ដីសុខស្រួលដល់ផ្ចិតពួកគេ ហើយជាខួរដល់ឆ្អឹងពួកគេ [ សុខភាពខាងរូបកាយ ] ហើយនឹងរកឃើញប្រាជ្ញា និងផលថ្លៃវិសេសនៃចំណេះវិជ្ជា គឺជាសម្បត្តិដែលលាក់ទុក [ ពរជ័យខាងប្រាជ្ញា និងខាងវិញ្ញាណ ] ហើយនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ [ សុខភាពខាងរូបកាយ ] » ។
ហើយព្រះអម្ចាស់សន្យានូវសុវត្ថិភាពដល់អស់អ្នកណាដែលគោរពតាមច្បាប់នេះ ៖ « ហើយយើងជាព្រះអម្ចាស់ប្រទានដល់ពួកគេនូវសេចក្ដីសន្យាមួយថា ទេវតាដែលបំផ្លាញនឹងបង្ហួសពួកគេ ដូចជាកូនចៅអ៊ីស្រាអែលដែរ ហើយមិនប្រហារពួកគេឡើយ » ( គ. និង ស. ៨៩:១៨–២១ ) ។
ការសន្យានេះពុំមែនមានន័យថា យើងនឹងពុំស្លាប់នោះទេ ដោយសារសេចក្ដីស្លាប់គឺជាផ្នែកមួយនៃផែនការដ៏នៅអស់កល្បជានិច្ច ។ ប៉ុន្តែ « ទេវតាបំផ្លិចបំផ្លាញ ដែលវាមកដើម្បីដាក់ទោសដល់មនុស្សទុច្ចរិតសម្រាប់អំពើបាបរបស់ពួកគេ ពេលដូចដែលវាបានធ្វើកាលពីបុរាណដល់ពួកសាសន៍អេស៊ីព្ទដែលពួករលួយនៅក្នុងសេចក្ដីទុច្ចរិតរបស់ពួកគេ [ សូមមើលនិក្ខមនំ ១២:២៣, ២៩ ] នឹងដើរកាត់ពួកបរិសុទ្ធ » ។៤
យើងត្រូវបានការពារ ពេលយើងឈរនៅក្នុងទីបរិសុទ្ធ
ព្រះអម្ចាស់បង្គាប់យើងជាថ្មីម្ដងទៀតឲ្យ « នៅក្នុងទីបរិសុទ្ធ » ( សូមមើល គ. និង ស. ៤៥:៣២, ៨៧:៨, ១០១:២២ ) ។ ពិតណាស់ ព្រះវិហារបរិសុទ្ធរបស់យើងគឺជាទីបរិសុទ្ធ ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ( ១៨៧៦–១៩៧២ ) បានបង្រៀន ៖
« បើយើងដឹងអំពីអ្វីដែលយើងកំពុងធ្វើ នោះអំណោយទានដ៏ពិសិដ្ឋនឹងក្លាយទៅជាការការពារដល់យើងអស់មួយជីវិតយើង — ជាការការពារដែលមនុស្សម្នាក់ដែលមិនបានទៅព្រះវិហារបរិសុទ្ធពុំមាន ។
« ខ្ញុំធ្លាប់បានឮឪពុករបស់ខ្ញុំ [ ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ ] មានប្រសាសន៍ថា នៅក្នុងគ្រានៃការសាកល្បង នៅក្នុងគ្រានៃការល្បួង លោកនឹងគិតអំពីសេចក្ដីសន្យា សេចក្ដីសញ្ញាដែលលោកបានធ្វើនៅក្នុងព្រះដំណាក់នៃព្រះអម្ចាស់ ហើយវាជាការការពារមួយដល់លោក » ។៥
រួមជាមួយនឹងព្រះវិហារបរិសុទ្ធ រោងថ្វាយបង្គំ និងថ្នាក់រៀននៅក្នុងសាលាប្រជុំរបស់សាសនាចក្រ និងផ្ទះរបស់យើងត្រូវបានឧទ្ទិសឆ្លងជាទីបរិសុទ្ធ ។ កន្លែងទាំងនេះបរិសុទ្ធ ប្រសិនបើមនុស្សដែលនៅក្នុងនោះមានចិត្តបរិសុទ្ធ ហើយរស់នៅតាមបទបញ្ញត្តិរបស់ព្រះ ។ ពេលយើងគោរពបទបញ្ញត្តិ យើងរីករាយនឹងភាពជាដៃគូ ការដឹកនាំ និងការលួងលោមចិត្តមកពីព្រះវិញ្ញាណបរិសុទ្ធ ។ ប្រសិនបើទ្រង់អាចក្លាយជាដៃគូដ៏ខ្ជាប់ខ្ជួន នោះ យើងពិតជានឹងឈរនៅក្នុងទីបរិសុទ្ធ ។
សេចក្ដីបញ្ចប់
យើងធ្លាប់ឃើញនៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញានូវទម្រង់ខុសៗគ្នានៃការការពារដែលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទប្រទានឲ្យយើង ពេលយើងខិតខំរៀនសូត្រ ហើយរស់នៅតាមគោលការណ៍ទាំងនេះ ។ យើងអាចនឹងសួរថាតើត្រូវរកការការពារនេះនៅឯណា ។
ដោយបង្ហាញសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ដល់ពួកបរិសុទ្ធ ព្រះអម្ចាស់បានសន្យាថា ទ្រង់នឹងគង់ជាមួយយើង ៖ « ចូរសង្ឃឹមឡើង កូនក្មេងតូចអើយ ត្បិតយើងនៅកណ្ដាលពួកអ្នក ហើយយើងពុំបានបោះបង់ចោលអ្នកឡើយ » ( គ. និង ស. ៦១:៣៦ ) ។ « ចូរប្រុងស្ដាប់ … ព្រះអម្ចាស់ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ គឺជាព្រះគ្រីស្ទ ជាព្រះគាំទ្ររបស់អ្នក ដែលជ្រាបនូវសេចក្ដីកម្សោយនៃមនុស្ស និងចេះជួយពួកគេដែលត្រូវល្បួង » ( គ. និង ស. ៦២:១ ) ។
ពេលយើងអនុវត្តដង្វាយធួន និងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់យើង នោះយើងអាចទទួលការការពារ និងទីជម្រកដែលផ្ដល់កម្លាំងដល់យើងដើម្បីសម្រាលបន្ទុករបស់យើង យកឈ្នះលើអំពើបាប និងការលំបាកទាំងឡាយរបស់យើង ហើយធ្វើឲ្យយើងក្លាយជាពួកបរិសុទ្ធ ។