ឆ្នាំ​២០១៧
ការ​ស្វែង​រក​ព្រះគ្រីស្ទ​នៅ​បុណ្យ​គ្រីស្ទម៉ាស់
December 2017


សារលិខិត​គណៈប្រធាន​ទី​មួយ

ការ​ស្វែង​រក​ព្រះគ្រីស្ទ​នៅ​បុណ្យ​គ្រីស្ទម៉ាស់

Nativity scene

ថ្ងៃ​នៃ​អំណរ និង​សេចក្តី​មេត្តា​ករុណាបាន​បង្កើត​ដោយ សារ៉ា វ៉ាដដូបស៍ ម័រហ្គិន ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។

ជូន​ចំពោះ​អស់​អ្នក​ដែល​ប្រាថ្នា​ចង់​យល់​អំពី​អត្តសញ្ញាណ​របស់​យើងក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ខ្ញុំ​ចង់​ផ្ដល់​ចំណុច​ចាប់ផ្ដើម​មួយ​ដែល​កំណត់​ពាក្យ​បី​ម៉ាត់​នេះ​ ៖ យើង​ស្វែង​រក​ព្រះគ្រីស្ទ ។

យើងព្យាយាមដើម្បី​រៀន​អំពី​ទ្រង់ ។ ដើម្បី​ធ្វើ​តាម​ទ្រង់ ។ ដើម្បី​ប្រែក្លាយ​កាន់តែ​ដូច​ជា​ទ្រង់ ។

រៀង​រាល់​ថ្ងៃ​ពេញ​មួយ​ឆ្នាំ យើង​ស្វែង​រក​ទ្រង់ ។ ប៉ុន្តែ​ជា​ពិសេស​នៅ​គ្រា​នេះ — ជា​បុណ្យ​គ្រីស្ទម៉ាស់ ពេល​យើង​សាទរ​ដល់​ការ​ប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​ជា​ទី​ស្រឡាញ់​របស់​យើង — កាន់តែ​បង្វែរ​ដួង​ចិត្ត​របស់​យើង​​ទៅ​រក​ទ្រង់​កាន់​តែ​ខ្លាំង ។

ជា​ផ្នែក​មួយ​នៃ​ការ​រៀបចំ​ខ្លួន​របស់​យើង​សម្រាប់​ការ​សាទរ​ដល់​បុណ្យ​គ្រីស្ទម៉ាស់ ចូរ​យើង​ពិចារណា​អំពី​របៀប​ដែល​មនុស្ស​​កាល​ពី​ពីរ​ពាន់​ឆ្នាំ​មុន​បាន​ត្រៀម​ខ្លួន​ស្វាគមន៍​ដល់​ការ​យាង​មក​របស់​ព្រះអង្គ​សង្គ្រោះ ។

ពួកអ្នកគង្វាល

យើង​ពុំ​បាន​ដឹង​ច្រើន​អំពី​ពួក​អ្នក​គង្វាល​នោះ​ទេ អ្វី​ដែល​យើង​បាន​ដឹង​គឺថា ពួកគេ​កំពុង​ « ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន នៅ​ឯ​វាល ក្នុង​វេលា​យប់ » ។ ពួក​អ្នក​គង្វាល​គឺ​ទំនង​ជា​ប្រជាជន​សាមញ្ញច្រើន​ជាង ដូច​គ្នា​នឹង​មនុស្ស​ដែល​គួរ​ឲ្យ​សរសើរ​ជាច្រើន​ដែល​បាន​ចេញ​ទៅ​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​ជីវិត ។

ពួកគេ​អាច​តំណាង​ឲ្យ​មនុស្ស​ដែល​គ្រា​មួយ​នោះ ពុំ​បាន​ស្វែង​រក​ព្រះគ្រីស្ទ​យ៉ាង​សកម្មទេ ប៉ុន្តែ​ដួង​ចិត្ត​របស់​ពួកគេ​បាន​ផ្លាស់​ប្ដូរ ពេល​ស្ថានសួគ៌​បាន​បើក​ឡើង ហើយ​បាន​ប្រកាស​ដល់​ពួកគេ​អំពី​ព្រះគ្រីស្ទ ។

បន្ទាប់​ពី​បាន​ស្ដាប់​ឮ​សំឡេង​របស់​ពួក​ទេវតា គឺ​ពួក​គេ​ទាំង​នេះ​ហើយ​ដែល​បាន​ទៅ​ភូមិ​បេថ្លេហិម​ភ្លាម​ដោយ​ចង់​ឃើញ​អំពី​ព្រឹត្តិការណ៍​នោះ ។

ពួកហោរា

ពួក​ហោរា​គឺជា​ពួក​អ្នក​សិក្សា​ដែល​បាន​​សិក្សា​អំពី​ការ​យាង​មក​ដល់​នៃ​ព្រះមែស៊ី ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ តាមរយៈ​ការ​រៀន​សូត្រ​នេះ ពួកគេ​បាន​ស្គាល់​អំពី​ទីសម្គាល់​ដែល​ចង្អុល​បង្ហាញ​ទៅ​ការ​ប្រសូត​របស់​ទ្រង់ ។ ពេល​ពួកគេ​បាន​ស្គាល់​​ពី​ទីសម្គាល់​ទាំង​នោះ ពួកគេ​បាន​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេរូសាឡិម ដោយ​​ចោទ​សួរ​ថា « តើ​ព្រះអង្គ​ដែល​ប្រសូត​មក ធ្វើ​ជា​ស្តេច​សាសន៍​យូដា ទ្រង់​គង់​នៅ​ឯ​ណា ? »

ចំណេះ​ដឹង​របស់​ពួក​គេ​អំពី​ព្រះគ្រីស្ទ​ពុំ​បាន​បន្ត​នៅ​ជា​ការ​សិក្សា​តែ​ម្យ៉ាង​ទៀត​ឡើយ ។ ពេល​ពួកគេ​បាន​ឃើញ​ទីសម្គាល់​នៃ​ការ​ប្រសូត​របស់​ទ្រង់ ពួកគេ​បាន​អនុវត្ត​តាម ។ ពួកគេ​បាន​ចេញ​ទៅ​រក​ព្រះគ្រីស្ទ ។

ពួក​ហោរា​អាច​តំណាង​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះគ្រីស្ទ​តាមរយៈ​ការ​រៀន​សូត្រ និង​ការ​សិក្សា ។ ការ​លះបង់​របស់​ពួកគេ​ចំពោះ​សេចក្ដី​ពិត នៅ​ទីបំផុត​ដឹកនាំ​ពួកគេ​ឲ្យ​រក​ឃើញ​ព្រះគ្រីស្ទ ហើយ​ថ្វាយ​បង្គំ​ទ្រង់​ជា​ស្ដេច​នៃ​អស់​ទាំង​ស្ដេច ជា​ព្រះអង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក ។

ស៊ីម៉ូន និង​អាណ

ស៊ីម៉ូន និង​អាណ អាច​តំណាង​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះគ្រីស្ទ​តាមរយៈ​ព្រះវិញ្ញាណ ។ បុគ្គល​ដ៏​អស្ចារ្យទាំងអស់​នេះ​គឺជា​អ្នក​ដែល​កាន់​សាសនាយ៉ាងស្មោះ ហើយ​តាមរយៈ​ការ​តម​អាហារ និង​ការ​អធិស្ឋាន ព្រមទាំង​តាម​រយៈ​ការ​ដឹកនាំ​ជីវិត​នៃ​ការ​លះបង់ និង​ការ​គោរព​ប្រតិបត្តិ បាន​រង់​ចាំ​យ៉ាង​អន្ទះសារ​ចង់​ឃើញ​ថ្ងៃ​នៃ​ការ​យាង​មក​របស់​ព្រះរាជបុត្រា​នៃ​ព្រះ ។

តាមរយៈ​ភាព​ស្មោះត្រង់ ភាព​រាបសា និង​សេចក្ដី​ជំនឿ ពួកគេ​បាន​ទន្ទឹង​រង់​ចាំ​ដោយ​អត់ធ្មត់​ចំពោះ​ការ​យាង​មក​របស់​ព្រះអង្គ​សង្គ្រោះ ។

នៅ​ទីបំផុត ភាពស្មោះ​ត្រង់​របស់​ពួកគេ​បាន​ទទួល​នូវ​រង្វាន់ កាល​ម៉ារា និង​យ៉ូសែប​បាន​បង្ហាញ​ដល់​ពួកគេ​នូវ​ព្រះឱរស​ដែល​នៅ​ថ្ងៃ​មួយ​នឹង​លើក​ដាក់​មក​លើ​អង្គ​ទ្រង់​នូវ​អំពើបាប​នៃ​មនុស្ស​លោក ។

ពួក​អ្នក​ជឿ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន

ដំណើរ​រឿង​ដ៏​រំជួល​ចិត្ត​ស្ដីអំពី​របៀប​ដែល​ពួក​អ្នក​ជឿ​នៅ​ក្នុង​ទ្វីប​អាមេរិក​ បាន​ទន្ទឹង​រង់​ចាំ​ទីសម្គាល់​នៃ​ការ​ប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។

បងប្អូន​នៅចាំ​ថា អស់​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ​ត្រូវ​បាន​គេ​សើច​ចំអក ហើយ​បៀតបៀន ។ ពួក​អ្នក​ចេះដឹង​នៅ​សម័យ​នោះ​បាន​ចោទ​ប្រកាន់​ពួក​អ្នក​ជឿ​ថា ជឿទៅ​លើ​រឿង​អបិយជំនឿ​ដ៏​ល្ងង់​ខ្លៅ ។ ពិតណាស់ ពួក​អ្នក​មិន​ជឿ​បាន​បង្កើន​សំឡេង​សើច​ចំអក​របស់​ពួកគេ​រហូត​ដល់​ពួកគេ​បាន​បង្កើត​ « ចលាចល​យ៉ាង​ធំ » ​មួយនៅ​ក្នុង​ដែនដី​នោះ ( នីហ្វៃទី ៣ ១:៧ ) ។ ពួក​គេ​បាន​មើល​ងាយ​ដល់​អស់​អ្នក​ដែល​បាន​ជឿ​ថា ព្រះអង្គ​សង្គ្រោះ​នឹង​ប្រសូត​មក ។

កំហឹង និង​អំពើ​ឃោរឃៅ​របស់​ពួកគេ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​រហូត​ដល់​ពួកគេ​កាន់​តែ​ងងឹត​ងងល់​ទៅ​បំបិទ​មាត់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ​ ។ ព្រះគម្ពីរ​មរមន​កត់ត្រា​ដំណោះស្រាយ​ដ៏​រន្ធត់​ចិត្ត​នោះ ។

ពួក​អ្នក​ជឿ​ដែល​បាន​រស់​នៅ​គ្រា​នេះ​អាច​តំណាង​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះគ្រីស្ទ សូម្បី​តែ​អ្នក​ផ្សេង​សើច​ចំអក​ឡកឡឺយឲ្យ​ក្ដី ។ ពួក​គេ​ស្វែង​រក​ព្រះគ្រីស្ទ សូម្បី​តែ​ពេល​មនុស្ស​ដទៃ​ព្យាយាម​និយាយ​បំផ្លើស​ដល់ពួកគេ​ថា​ជា​មនុស្ស​មិន​បរិសុទ្ធ ខ្វះ​សុជីវធម៌ ឬ​ងាយ​ជឿ ។

ប៉ុន្តែ​ការ​​មើល​ងាយ​របស់​អ្នក​ដទៃ​ពុំ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ជឿ​ពិត​បាក់​ទឹក​ចិត្ត​​ឈប់​ស្វែង​រក​ព្រះគ្រីស្ទ​ឡើយ ។

យើង​ស្វែង​រក​ព្រះគ្រីស្ទ

នៅ​ក្នុង​ឆ្នាំ​នេះ ហើយ​​ពិសេស​នៅ​រដូវ​កាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ វា​នឹង​ផ្ដល់​ប្រយោជន៍​ដល់​យើង​ឲ្យ​សួរ​សំណួរ​នេះ​ម្ដង​ទៀត​ថា « តើ​ខ្ញុំ​នឹង​ស្វែង​រក​ព្រះគ្រីស្ទ​តាម​របៀបណា ? »

អំឡុង​គ្រា​ដ៏​លំបាក​មួយ​នៃ​ជីវិត​របស់​ទ្រង់ ស្ដេច​ដាវីឌ​ដ៏​អស្ចារ្យ​បាន​សរសេរ​ថា « ឱ​ព្រះអង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត ព្រលឹង​ទូលបង្គំ​ស្រេក​រក​ទ្រង់ រូប​សាច់​ទូលបង្គំ​រឭក​ចង់​បាន​ទ្រង់ » ។

ប្រហែល​ជាឥរិយាបថ​​នៃ​ការ​ស្វែង​រក​ព្រះ​នេះ ​គឺជា​ហេតុផល​មួយ​ដែល​ដាវីឌ​ត្រូវ​បាន​ពិពណ៌នា​ថា​ជា​បុរស​ដែល​ជា​ទី​គាប់​ព្រះទ័យ​របស់​ព្រះ ។

អំឡុង​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ និង​ពេញ​មួយ​ឆ្នាំ សូម​ឲ្យ​យើង​ស្វែង​រក​ព្រះអង្គសង្គ្រោះ​ជាទីស្រឡាញ់​របស់​យើង ​ជា​ព្រះ​នៃ​មេត្រីភាព ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល​ឲ្យ​អស់​ពី​ដួង​ចិត្ត និង​ព្រលឹង​របស់​យើង ។ ភាគច្រើន​ចំពោះ​បំណង​ប្រាថ្នា​នេះ​ពុំ​ត្រឹមតែ​បង្ហាញ​ថា តើ​យើង​ជា​នរណា​ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លើស​ពី​នេះ​ទៀត​វា​កំណត់​អំពី​អត្តសញ្ញាណ​ពិត​របស់​យើង​ក្នុង​នាម​ជា​ពួក​សិស្ស​របស់​ព្រះគ្រីស្ទ ។