ឆ្នាំ​២០១៧
យ៉ូសែប ស៊្មីធ ៖ កម្លាំង​ដែល​កើត​ចេញ​ពី​ភាព​ទន់ខ្សោយ
December 2017


យ៉ូសែប ស៊្មីធ ៖ កម្លាំង​ដែល​កើត​ចេញ​ពី​ភាព​ទន់ខ្សោយ

ដក​ស្រង់​ចេញ​ពី​សុន្ទរកថា​ « Out of Weakness He Shall Be Made Strong​ » ​( ចេញ​ពី​ភាព​ទន់ខ្សោយ អ្នក​នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​មាំមួន ) ដែល​ធ្វើ​ឡើង​នៅ​ការ​ប្រជុំ​ធម្មនិដ្ឋាន​រំឭក​ដល់​ យ៉ូសែប ស្ម៊ីធ ​ប្រចាំ​ឆ្នាំ​លើ​កទី​ ៧០ នៅ​ទីក្រុង​ឡូហ្គែន រដ្ឋ​យូថាហ៍ ស.រ.អា. នៅ​ថ្ងៃ​ទី ១០ ខែ​ កុម្ភៈ ឆ្នាំ​ ២០១៣ ។

ដូចជា​យ៉ូសែប ស្ម៊ីធ​ដែរ ប្រសិន​បើ​យើង​ស្គាល់​ភាព​ទន់​ខ្សោយ​របស់​យើង ហើយ​បែរ​ទៅ​រក​ព្រះអម្ចាស់​វិញ​ដោយ​សេចក្ដី​ជំនឿ នោះ​យើង​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​មាំមួន ។

young Joseph Smith

រឿង​លម្អិត​ដក​ស្រង់​ពី The Purpose of Life, ដោយ​ យ៉ូសែប ប៊្រីកឃី

រាប់​ពាន់​ឆ្នាំ​កន្លង​ទៅ យ៉ូសែប​ពី​បុរាណ​បាន​ព្យាករថា « ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ ៖ មាន​អ្នក​មើល​ឆុត​ម្នាក់​ដ៏​ជម្រើស ដែល​យើង​នឹង​បង្កើត​ឡើង​ពី​ផល​នៃ​ពោះ​អ្នក … ហើយ​ចំពោះ​អ្នក​នោះ នោះ​យើង​នឹង​ប្រទាន​អំណាច​ឲ្យ​នាំ​ពាក្យ​របស់​យើង​ … ហើយ​ចេញ​ពី​ភាព​ទន់ខ្សោយ អ្នក​នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​មាំមួន » ​( នីហ្វៃទី ២ ៣:៧, ១១, ១៣ ) ។

ខ្ញុំ​ត្រូវ​បាន​ធ្វើឲ្យរំភើបចិត្ត ហើយ​ត្រូវ​បាន​បំផុស​គំនិត​ដោយ​ការ​ព្យាករ​នេះ ថា « ចេញ​ពី​ភាព​ទន់ខ្សោយ អ្នក​នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​មាំមួន » ។ វា​ទំនង​ដូចជា​ពុំ​សម​ហេតុផល​សោះ​ដែល​ព្រះអម្ចាស់​តែងតែហៅ​មនុស្ស​ទន់​ខ្សោយ​ឲ្យ​សម្រេច​កិច្ចការ​មួយ​ដ៏​ធំ​នោះ ។ ប៉ុន្តែ​អស់​អ្នក​ដែល​ស្គាល់​ពី​ភាព​ទន់ខ្សោយ​របស់​ខ្លួន​ អាច​ត្រូវបាន​ជម្រុញ​ដោយ​ភាពទន់ខ្សោយ​នោះ​ ដើម្បី​ស្វែងរក​កម្លាំង​របស់​ព្រះអម្ចាស់ ។ ដូច្នេះ​ហើយ​អស់​អ្នក​ដែល​បន្ទាប​ខ្លួន​នៅ​ក្នុង​សេចក្ដី​ជំនឿ​នឹង​ទទួល​បាន​កម្លាំង​ពី​ទ្រង់​ដែល​មាន​គ្រប់​ព្រះចេស្ដា​នៅ​លើ​ស្ថានសួគ៌ និង​ផែនដី​ ( សូម​មើល ម៉ាថាយ ២៨:១៨, ម៉ូសាយ ៤:៩ ) ។

តាំង​ពី​នៅ​ជា​យុវវ័យ យ៉ូសែប ស៊្មីធ​ បាន​ស្វែង​រក​ព្រះអម្ចាស់​តាម​លក្ខខណ្ឌ​ទាំងនេះ ។ ពេល​យ៉ូសែប​មាន​វ័យ ១៥ ឆ្នាំ លោក​ចង់​បាន​ការ​អភ័យទោស​ពី​អំពើបាប ហើយ​ចង់​ដឹង​ថាតើ​ព្រះវិហារ​ណា​មួយ​ត្រឹមត្រូវ ។ លោក​បាន​សរសេរ​ថា « ប៉ុន្តែ​ទោះ​ជា​ខ្ញុំ​មាន​គំនិត​គិត​ដ៏​ជ្រាលជ្រៅ ហើយ​ជួនកាល​ដ៏​ខ្លាំង​ក្លា​ក្ដី គង់​តែ … ពិបាក​ដល់​ជន​ដូច​រូប​ខ្ញុំ ដែល​នៅ​វ័យ​ក្មេង ហើយ​មិនសូវ​ស្គាល់​មនុស្ស និង​ដឹង​ក្ដី ឲ្យ​ចេះ​សម្រេច​ចិត្ត​ថា​នរណា​មួយ​ត្រូវ ហើយ​នរណា​មួយ​ខុស​នោះ​ឡើយ » ​( សូម​មើលយ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:៨ ) ។

ការ​ដឹង​អំពីភាព​ទន់ខ្សោយ​នេះ​យ៉ាង​ពេញលេញ លោក​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ពិសិដ្ឋ​ដើម្បី​ដឹង​អំពីកន្លែង​ដែល​លោក​អាច​រក​ឃើញ​សាសនាចក្រ​របស់​ព្រះ ។ លោក​បាន​ទូល​សូម​ ដើម្បី​លោក​អាច ​ធ្វើ អ្វី​មួយ​ទាក់​ទង​នឹង​រឿង​នេះ ដើម្បី​លោក​អាច​ចូល​រួម នឹង​ព្រះវិហារ​នោះ ( សូម​មើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៨ ) ។ ជា​ចម្លើយ​ចំពោះការ​ទូលសូម​ដ៏​ស្មោះ​រាបសា​របស់​លោក ព្រះ​ជា​ព្រះវរបិតា និង​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ បាន​យាង​មក​ជួប​នឹង​យ៉ូសែប ។ តាមរយៈ​ការ​យាង​មក​ជួប​នេះ ទ្រង់​ទាំង​ពីរ​អង្គ​បាន​រំដោះ​លោក​ឲ្យ​រួច​ពី​អំណាច​របស់​អារក្យ ហើយ​បាន​រៀបចំ​ផ្លូវ​សម្រាប់​ការស្ដារ​ឡើង​វិញ​( សូមមើលយ៉ូសែបស្ម៊ីធ — ប្រវត្តិ ១:១៤–១៩ ) ។

យ៉ូសែប ស៊្មីធ ពុំ​បាន​ប្រកែក​ថា លោក​គឺជា​មនុស្ស​ម្នាក់​នៃ​ « ពួក​កំសោយ​នៅ​ពិភពលោក »​ នេះ​ឡើយ ( គ. និង ស. ១:១៩, ៣៥:១៣ ) ។ ច្រើន​ឆ្នាំ​ក្រោយ​មក​ទៀត ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់​លោក​បែប​នេះ ៖ « ចំពោះ​ការណ៍​នេះ​ហើយ ដែល​យើង​បាន​លើក​អ្នក​ឡើង ប្រយោជន៍​ឲ្យ​យើង​អាច​បង្ហាញ​នូវ​ប្រាជ្ញា​របស់​យើង តាម​រយៈ​ពួក​កម្សោយ​នៃ​ផែនដី » ( គ. និង ស. ១២៤:១ ) ។

ក្មេង​ប្រុស​ម្នាក់​ដែល​មិនសូវ​មាន​គេឯង​ស្គាល់

យ៉ូសែប​ បាន​រៀបរាប់​ខ្លួន​លោក​ជា​ « ក្មេង​ប្រុស​ម្នាក់​ដែល​មិនសូវ​មាន​គេឯង​ស្គាល់ … ​ដែល​ត្រូវ​ទ្រាំ​ធ្វើ​ការ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ទ្រ​ទ្រង់​ជីវិត » ​( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:២៣ ) ។ លោក​បាន​កើត​មក​នៅ​ក្នុង​ស្រទាប់​​សង្គម​ថ្នាក់​ទាប​ជាមួយ​នឹង​ការ​អប់រំ​តិច​តួចយ៉ាងស្តួចស្តើង ។ ការ​ប៉ុន​ប៉ង​សរសេរ​អំពី​ប្រវត្តិ​របស់​លោក​ជា​លើក​ដំបូង​បាន​គូស​បញ្ជាក់​ពី​ស្ថានភាព​ទន់​ខ្សោយ​ដែល​លោក​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​កិច្ចការ​នេះ ។

entry from Joseph Smith 1832 history written in his own hand

« ខ្ញុំ​បាន​កើត​នៅ​ភូមិឆារ៉ុន ​[ សារ៉ុន ]​ នៅ​រដ្ឋវ័រម៉ន្ត​ខាង​ជើង ប្រទេស​អាមេរិក​នៅ​ថ្ងៃ​ទី​២៣ ខែ ​ធ្នូ គ.ស. ១៨០៥ ដែល​មាន​ឪពុក​ម្ដាយ​ដ៏​ល្អ ដែល​ខិត​ខំ​ណែនាំ​ខ្ញុំ​អំពី​គ្រិស្ដ​សាសនា [ ។ ] នៅ​វ័យ​ប្រហែល​ជា​ដប់​ឆ្នាំ លោក​ឪពុក​របស់​ខ្ញុំ យ៉ូសែប ស្ម៊ីធ​ សុញ្ញ័រ បាន​ផ្លាស់​លំនៅ​ទៅ​ភូមិ​បាល់ម៉ៃរា​ ឃុំ​អុនតារីយ៉ូ ​នៅ​រដ្ឋ​នូវ​យ៉ក ហើយ​ដោយ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ខ្វះខាត លោក​ត្រូវ​មាន​កាតព្វកិច្ច​ខិត​ខំ​ធ្វើ​ការ​ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ​ដ៏​ធំ​មួយ ដែល​មាន​កូន​ប្រាំ​បួន​នាក់ ហើយ​ដោយ​សារ​វា​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​ពី​សំណាក់​សមាជិក​គ្រួសារ​ដែល​អាច​ជួយ​ផ្គត់​ផ្គង់​ដល់​គ្រួសារ​បាន​ ហេតុដូច្នេះ​ហើយ យើង​ត្រូវ​បាន​ដក​យក​នូវ​អត្ថប្រយោជន៍​នៃ​ការ​អប់រំ​គ្រប់​គ្រាន់ និយាយ​ទៅ​ខ្ញុំ​គ្រាន់​តែ​បាន​បង្រៀន​ឲ្យ​ចេះ​អាន​អក្សរ និង​ចេះ​ច្បាប់​មូលដ្ឋាន​នៃ​នព្វន្តសាស្ត្រ​ប៉ុណ្ណោះ » ។

យ៉ូសែប ​បាន​មាន​អារម្មណ៍​យ៉ាង​ច្បាស់​ថា លោក​ខ្វះ​ការ​អប់រំ​​រហូត​មាន​ពេល​មួយនោះ ​លោក​បាន​ធ្លាប់​ទួញ​សោក​ថា « លោក​ជាប់​នៅ​ក្នុង​គុក​តូច ​ដែល​មាន​ភាពងងឹតស្ទើរ​តែ​ទាំង​ស្រុង​ ដោយ​ប្រើ​ប្រាស់​ក្រដាស ប៉ិច និង​ទឹក​ខ្មៅ ​សរសរ​ពាក្យ​មិន​ល្អ​ឥតខ្ចោះ » ។ ទោះ​បី​យ៉ាង​ណា​ក្តី ព្រះអម្ចាស់​បាន​ហៅ​លោក​ឲ្យ​បក​ប្រែ​ព្រះគម្ពីរ​មរមន — ទាំងអស់​មាន​ ៥៨៨ ទំព័រ​នៃ​ច្បាប់​ដើម​ដែល​បាន​បោះពុម្ព — ដែល​លោក​បាន​ធ្វើ​កិច្ចការ​នេះ​តិច​ជាង ៩០ ថ្ងៃ ។

មនុស្ស​ណា​​ក៏​ដោយដែល​គិត​យ៉ាង​ច្បាស់​នឹង​​សន្និដ្ឋាន​ថា វា​ពុំ​អាច​កើត​ឡើង​បាន​ឡើយ ដែល​យ៉ូសែប ជា​បុគ្គល​ដែល​មាន​ការ​អប់រំ​តិច​តួច​អាច​សម្រេច​រឿង​មួយ​បែប​នេះ​បាន​ដោយ​ខ្លួន​លោក​នោះ ហើយ​ការ​ពន្យល់​ដែល​មនុស្ស​ខ្លះ​បាន​បង្កើត​ឡើង​គឺ​ពិបាក​ជឿ​ជាង​ការ​ពន្យល់​ពិត​ថា លោក​គឺជា​ព្យាការី​ដែល​បាន​បកប្រែ​ដោយ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ​ទៅ​ទៀត ។

សាក្សី​របស់​អិមម៉ា

Emma scribing

រយៈពេល​ក្រោយមក​ទៀត​​នៅ​ក្នុង​ជីវិត​របស់​នាង នោះ​ អិមម៉ា ស៊្មីធ បាន​នឹក​ចាំ​ថា នៅ គ្រា​ដែល​ស្វាមី​របស់​នាង​បាន​បកប្រែ​ផ្ទាំង​ចំណារ​មាស​នោះ គាត់​ « មិន​អាច​សរសេរ ឬ​អាន​ពាក្យ​បាន​ច្បាស់​លាស់​ទេ ប៉ុន្តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សរសេរ​សៀវភៅ​មួយ​ដូច​ជា​ព្រះគម្ពីរ​មរមន​តែ​ម្នាក់​ឯង ។ ហើយ​ទោះ​បី​ជា​ខ្ញុំ​គឺជា​អ្នក​ចូល​រួម​យ៉ាង​សកម្ម​ម្នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​ក្ដី ក៏​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ងឿង​ឆ្ងល់​ដែរ ‹ ជា​កិច្ចការ​ធំ និង​អស្ចារ្យ › ​ហើយ​វា​ដូច​គ្នា​ចំពោះ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ដែរ » ។

ជាមួយ​នឹង​បរិបទ​នៃ​ប្រវត្តិ​សាស្ត្រ​នេះ វា​គឺជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​មើល​ទំព័រ​ទី​មួយ​នៃ​សៀវភៅ​កំណត់​ហេតុ​ដំបូង​របស់​យ៉ូសែប ដែល​ចុះ​នៅ​ថ្ងៃ​ទី ២៧ ខែ ​វិច្ឆិកា ឆ្នាំ ​១៨៣២ ( ដូច​បាន​បង្ហាញ​នៅ​ខាង​ស្ដាំ ) ។ លោក​បាន​សរសេរ​សៀវភៅ​នេះ​ប្រមាណ​ជា​បី​ឆ្នាំ​កន្លះ​ បន្ទាប់​ពី​លោក​បាន​បញ្ចប់​ការ​បកប្រែ​ព្រះគម្ពីរ​មរមន ។ សូម​កត់​ចំណាំ​ថា លោក​សរសេរ រួចហើយឆូត​​ពាក្យ​ដូច​តទៅ​នេះ​ចោល ៖

Joseph Smith journal

« យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ — សៀវភៅ​កំណត់ត្រា​ដែល​បាន​ទិញ​សម្រាប់​កត់​ចំណាំ​រាល់​កាលៈទេសៈ​ដែល​កើត​មាន​នៅ​ក្រោម​ការ​សង្កេត​មើល​របស់​ខ្ញុំ » ។

ពេល​ខ្ញុំ​កាន់​សៀវភៅ​កំណត់​ហេតុ​នេះ ហើយ​អាន​ពាក្យ​ដែល​បាន​ឆូត​ចោល​​​ទាំងនេះ នោះ​ខ្ញុំ​បាន​នឹក​ស្រមៃ​ឃើញ​យ៉ូសែប អង្គុយ​នៅ​ក្នុង​មជ្ឈដ្ឋាន​ជនបទ​ក្នុង​ទ្វីប​អាមេរិក ដោយ​សរសេរ​ប្រយោគ​ចាប់ផ្ដើម​នោះ រួចហើយ​គិត​ថា​ « ទេ ប្រយោគ​នោះ​ដូចជា​មិន​ត្រូវ​ទេ ខ្ញុំ​ត្រូវ​សាកល្ប​ម្ដង​ទៀត » ។ ដូច្នេះ ​លោក​បាន​​ឆូត​​ប្រយោគ​នោះចោល ហើយ​សរសេរ​ថា « សៀវភៅ​កំណត់ត្រា​របស់​យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ​ដែល​បាន​ទិញ​នៅ​ថ្ងៃ​ទី ​២៧ ខែ ​វិច្ឆិកា ឆ្នាំ​ ១៨៣២ ក្នុង​គោលបំណង​កំណត់ត្រា​ដំណើរ​រឿង​នៃ​កិច្ចការ​ទាំង​អស់​ដែល​កើត​មាន​នៅ​ក្រោម​ការ​សង្កេត​មើល​របស់​ខ្ញុំ និង — — » ។

នៅ​ទី​បំផុត ប្រហែល​ជា​ដោយ​សារ​តែ មិន​បាន​ពេញចិត្ត​ទាំង​ស្រុង​ជាមួយ​នឹង​ភាសា​ពាក្យ​សម្ដី​មិន​ច្បាស់​លាស់​ដែល​លោក​ទើប​តែ​សរសេរ លោក​បាន​សរសេរ​ថា « ឱ សូម​ឲ្យ​ព្រះ​ប្រទាន​ពរ​ដល់​ខ្ញុំ ដើម្បី​ខ្ញុំ​ត្រូវ​បាន​ដឹកនាំ​នូវ​រាល់​គំនិត​របស់​ខ្ញុំ ឱ​សូម​ប្រទាន​ពរ​ដល់​អ្នក​បម្រើ​របស់​ទ្រង់​ផង អាម៉ែន » ។ នៅ​ក្នុង​ប្រយោគ​នេះ ខ្ញុំ​ទទួល​អារម្មណ៍​ថា យ៉ូសែប​កំពុង​មាន​អារម្មណ៍​អំពីការ​ខ្វះ សមត្ថភាព និង​ភាព​ទន់​ខ្សោយ​របស់​លោក ហើយ​កំពុង​ទូល​សូម​ព្រះ​ដោយ​សេចក្ដី​ជំនឿ​ដើម្បី​ដឹកនាំ​លោក​នៅ​ក្នុង​កិច្ចការ​ដែល​លោក​ធ្វើ​នោះ ។

ឥឡូវ សូម​មើល​ភាព​ខុស​គ្នា​រវាង​ការ​សរសេរ​នៅ​ក្នុង​កំណត់​ហេតុ​នោះ និង​សំណៅ​នៃ​ទំព័រ​សរសេរ​ដៃ​ច្បាប់​ដើម​មួយ​នៃ​ព្រះគម្ពីរ​មរមន​ដែល​បាន​កត់ត្រា​នៅ​ចន្លោះ​ខែ​ មេសា និង​ខែ​ មិថុនា ឆ្នាំ ​១៨២៩ ​( ដូច​បាន​បង្ហាញ​នៅ​ទំព័រ​បន្ទាប់ ) ។

Book of Mormon manuscript page

រូបភាព​ព្រះគម្ពីរ​មរមន និង​ការ​សរសេរ​ដោយ​ដៃ​កាល​ពី​ដើម ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី​បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ

សូម​កត់​ចំណាំ​អំពីលំហូរ​ពាក្យ​រាយ — ដោយ​គ្មាន​វណ្ណយុត្តិ ដោយ​គ្មាន​ការ​ឆូត​ចោល​ពាក្យ ។ នេះ​ពុំ​មែន​ជា​ការ​រៀប​អក្សរ​មួយ​ទេ ។ យ៉ូសែប​បាន​សរសេរ​វា​មួយ​ពាក្យ​ម្ដងៗ ពេល​លោក​បាន​សម្លឹង​មើល​ទៅ​ក្នុង​ឧបករណ៍​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​សម្រាប់​លោក ដូចជា យូរីម និង ធូមីម ហើយ​ជា​ថ្មី​អ្នក​មើល​ឆុត​មួយ ដោយ​ប្រើ​មួក​ការពារ​ភ្នែក​របស់​លោក​ពី​ពន្លឺ​ចម្លែក ដើម្បី​មើល​ឃើញ​ច្បាស់​ពាក្យ​ទាំងឡាយ​ពេល​វា​លេច​ឡើង​មក ​( សូម​មើលនីហ្វៃទី ២ ២៧:៦, ១៩–២២, ម៉ូសាយ ២៨:១៣ ) ។ ដូច​ជា​អ្នក​មើល​ឃើញ​ហើយ មាន​នូវ​ភាព​ខុស​គ្នា​ដ៏​ធំ​មួយ​រវាង​ការ​បកប្រែ​ព្រះគម្ពីរ​មរមន និង​កំណត់​ត្រា​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ ៖ មួយ​ជា​ផលិតផល​របស់​យ៉ូសែប ស្ម៊ីធ ​ជា​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ មួយ​ទៀត​ជា​ផលិតផល​របស់​យ៉ូសែប ស្ម៊ីធ ​ជា​មនុស្ស​ធម្មតា ។ ប្រសិន​បើ​អ្នក​មើល​ឲ្យ​ជិត​នូវ​ច្បាប់ដើមនៃ​ការ​សរសេរ​ដោយ​ដៃ​​នៃ​ការ​បកប្រែ​នោះ អ្នក​នឹង​អាន​ពាក្យ​ដែល​បាន​លើក​ទឹក​ចិត្ត​ដល់​យ៉ូសែប​ថា

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​និយាយ​ទៅ​ឪពុក​ខ្ញុំ​ថា ៖ ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះ​អម្ចាស់​ទ្រង់​មិន​ចេញ​បញ្ជា​ដល់​កូនចៅ​មនុស្ស​ណា​ឡើយ លើក​លែង​តែ​ទ្រង់​នឹង​រៀប​ចំ​ផ្លូវ ដើម្បី​ឲ្យ​គេ​អាច​សម្រេច​នូវ​អ្វីៗ ដែល​ទ្រង់​បាន​បញ្ជា​ដល់​ពួកគេ​ទុក​ជា​មុន​សិន » ​( នីហ្វៃទី ១ ៣:៧ ) ។

ពីមុន​បកប្រែ​ពាក្យ​ទាំង​នេះ មិន​យូរ​ប៉ុន្មាន លោក​​បាន​បកប្រែ​ពាក្យ​ដូច​តទៅ​នេះ ៖ « ប៉ុន្តែ មើលចុះ ខ្ញុំនីហ្វៃនឹងបង្ហាញដល់អ្នករាល់គ្នាថា សេចក្ដី​មេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់​មានមកលើជន ទាំងអស់ណា ដែលព្រះទ្រង់បានរើស ដោយសារសេចក្ដីជំនឿរបស់គេ ដើម្បី​ធ្វើឲ្យគេខ្លាំងពូកែស្មើនឹងអំណាចនៃ​សេចក្ដីដោះលែងឲ្យរួចផុត » ( នីហ្វៃទី ១ ១:២០ ) ។

ពិតណាស់ ផ្ទៃ​រឿងមួយ​នៃ​ព្រះគម្ពីរ​មរមន — និង​ជីវប្រវត្តិ​របស់​ព្យាការី​ យ៉ូសែប — គឺ​ថា មនុស្ស​ទន់​ខ្សោយ​ដែល​ស្វែង​រក​ព្រះអម្ចាស់​ដោយ​រាបសា​នៅ​ក្នុង​សេចក្ដី​ជំនឿ​ត្រូវ​បាន​ធ្វើ​ឲ្យ​មាំមួន ហើយ​ខ្លាំង​ក្លា​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ការ​ពង្រឹង​នេះ​នឹង​កើត​មាន ​សូម្បី​តែ​កិច្ចការ​ដែល​ហាក់ដូចជា​រឿង​តូច​តាច​ក្ដី ។

Joseph and Oliver working on translation of Book of Mormon

ឧទាហរណ៍ យ៉ូសែប ជា​មនុស្ស​ដែល​មិន​សូវ​ចេះ​ប្រកប​ពាក្យ ត្រូវ​បាន​កែ​តម្រូវ​ការ​ប្រកប​ឈ្មោះCoriantumr ( កូរីអានទុមើរ ) ( សូមមើល ​ហេលេមិន ១:១៥ )​ ពី​សំណាក់​អ្នក​សរសេរ​ទីមួយ​របស់​លោក​ឈ្មោះ អូលីវើរ ខៅឌើរី ។ លើក​ទីមួយ​ដែល​យ៉ូសែប​បាន​សរសេរ​ឈ្មោះ​នោះ​ឲ្យ​ទៅ​អូលីវើរ អូលីវើរ​បាន​សរសេរ​ថា Coriantummer ( កូរីអានទុមើរ ) ។ នេះ​គឺជារឿង​សមហេតុផល ដោយសារ​ក្នុង​ភាសា​អង់គ្លេស​គ្មាន​ពាក្យ​ណា​ដែល​បញ្ចប់​ដោយ​ពាក្យ​ « mr » ​នោះ​ទេ ។ ប៉ុន្តែ យ៉ូសែប — ដែល​ជា​មនុស្ស​មិន​ពូកែ​ប្រកប​ពាក្យ​យល់​ព្រម​ទទួល​យក​ការ​ប្រកប​ពាក្យ​នោះ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​លោក — ដោយ​បាន​កែតម្រូវ​ការ​ប្រកប​ពាក្យ​នោះ​ ក្នុងអំឡុង​ពេល​ធ្វើ​ការ​បកប្រែ ។ ឥឡូវ​នេះ យើង​ដឹង​ថា ខណៈដែល​ឈ្មោះ​នោះ​គឺជា​ការ​ប្រកប​ដ៏​ចម្លែក​មួយ​ជា​ភាសា​អង់គ្លេស ប៉ុន្តែ​វា​គឺជា​ការ​ប្រកប​ដ៏​ល្អ​បំផុត​ជា​ភាសា​អេស៊ីព្ទ ហើយ​ត្រូវ​គ្នា​នឹង​មជ្ឈដ្ឋាន​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ យ៉ូសែប​នឹង​ពុំ​បាន​ដឹង​អំពីរឿង​នេះឡើយ លើក​លែង​តែ​តាមរយៈ​វិវរណៈ​ប៉ុណ្ណោះ ។

យើង​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​មាំមួន

អព្ភូតហេតុ​នៃ​ការ​បកប្រែ​ព្រះគម្ពីរ​មរមន​គឺជា​គំរូ​មួយ​នៃ​របៀប​ដែល​យ៉ូសែប ត្រូវ​បាន​ធ្វើ​ឲ្យ​មាំមួន​ចេញ​ពី​ភាព​ទន់ខ្សោយ ។ មាន​នូវ​មេរៀន​កាន់តែផ្ទាល់​ខ្លួន​មួយ​ទៀត ៖ ដូចជា​យ៉ូសែប​ដែរ ប្រសិន​បើ​យើង​នឹង​ស្គាល់​​ពីភាព​ទន់​ខ្សោយ​របស់​យើង ហើយ​ងាក​ទៅ​រក​ព្រះអម្ចាស់​នៅ​ក្នុង​សេចក្ដី​ជំនឿ​ឲ្យ​អស់​ពី​ដួង​ចិត្ត​របស់​យើង ដោយ​តាំង​ចិត្ត​ធ្វើ​តាម​ព្រះទ័យ​របស់​ទ្រង់ យើង​ក៏​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​មាំមួន​ចេញ​​ពី​ភាព​ទន់​ខ្សោយ​ដែរ ។ នេះពុំ​មែន​មាន​ន័យ​ទាំង​ស្រុង​ថា ភាពទន់​ខ្សោយ​ទាំង​អស់​ត្រូវ​បាន​លុប​ចោលពី​ក្នុងជីវិត​រមែង​ស្លាប់​នោះ​ទេ — ប៉ុន្តែ​វា​មាន​ន័យ​ថា បុគ្គល​បែប​នេះ​នឹង​ត្រូវ​បានព្រះ​ធ្វើ​ឲ្យ​មាន​ភាពមាំ​មួន ។

យ៉ូសែប​បាន​សារភាព​ពី​ភាព​ពុំ​ល្អ​ឥត​ខ្ចោះ​របស់​លោក​ដោយ​ចិត្ត​រាបសា ។ លោក​បាន​កត់​សម្គាល់​ថា ​កាល​លោក​នៅ​ជា​យុវវ័យ លោក ​« បាន​សម្ដែង​នូវ​ការ​ទន់ខ្សោយ​នៃ​យុវវ័យ និង​ការ​ឆ្កួត​លីលា​នៃ​មនុស្ស​លោក » ( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:២៨ ) ។ លុះ​ក្រោយ​មក​ទៀត លោក​បាន​ប្រាប់​ពួក​បរិសុទ្ធ​នៅ​​ទីក្រុង ណៅវូ ​ថា លោក​ « ជា​មនុស្ស​ម្នាក់ ហើយ​ពួកគេ​កុំ​រំពឹង​ថា ​[ លោក ] ​ល្អ​ឥត​ខ្ចោះ … ប៉ុន្តែ​បើ​ពួកគេ​ទទួល​នូវ​ភាព​ទន់​ខ្សោយ​របស់​ [ លោក ] និង ភាព​ទន់​ខ្សោយ​របស់​បង​ប្អូន​ប្រុស នោះ​ [ លោក ] ​នឹង​ទទួល​នូវ​ភាព​ទន់​ខ្សោយ​របស់​គេ​វិញ​ដែរ » ។

យ៉ូសែប​ពុំ​ដែល​ធ្វើ​ពុត​ថា លោក​ជា​មនុស្ស​ល្អឥត​ខ្ចោះ ឬ​មិន​ចេះ​ភាន់​ច្រឡំ​នោះ​ទេ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ព្រះចេស្ដា​របស់​ព្រះ​ដែល​បាន​ប្រើ​តាម​រយៈ​លោក ពេលបំពេញ​ភារកិច្ច​ជា​ព្យាការី ៖ ​« ពេល​ខ្ញុំ​និយាយ​ជា​មនុស្ស​ធម្មតា​ម្នាក់ នោះ​គឺ​ជា​យ៉ូសែប​​តែប៉ុណ្ណោះ​ដែល​និយាយ ។ ប៉ុន្តែ​ពេល​ព្រះអម្ចាស់​មាន​បន្ទូល​តាម​រយៈ​ខ្ញុំ នោះ​គឺ​យ៉ូសែប ស្ម៊ីធ​ មិន​និយាយ​ទៀត​ឡើយ ប៉ុន្តែ​គឺជា​ព្រះវិញ » ។

ដូច្នេះ​ចេញ​ពី​ភាព​ទន់ខ្សោយ យ៉ូសែប​ត្រូវ​បាន​ធ្វើ​ឲ្យ​មាំមួន — មាំ​មួន​ល្មម​គ្រប់​គ្រាន់​ដើម្បី « សម្រេច​ច្រើន​ជាងគេ លើក​លែងតែ​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ​សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស » ​( គ. និង ស. ១៣៥:៣ )​ ច្រើន​ជាង​ព្យាការី​ផ្សេង​ទៀត​នៅក្នុង​ប្រវត្តិសាស្ត្រ ។

ព្រះ​ដ៏​មិន​ផ្លាស់​ប្ដូរ​របស់​យើង​ក៏នឹង​ធ្វើ​ឲ្យ​អ្នក និង​ខ្ញុំ​មាំ​មួន​ចេញ​ពី​ភាព​ទន់​ខ្សោយ​ដូច​គ្នា​ដែរ — ប្រសិន​បើ​យើង​នឹង​ងាក​ទៅ​រក​ទ្រង់​ដោយ​សេចក្ដី​ជំនឿ​ជាមួយ​នឹង​ដួង​ចិត្ត​ដ៏​ពេញ​លេញ ដូចជា​យ៉ូសែប​បាន​ធ្វើ ។

ការអធិស្ឋាន និង​សេចក្តី​រាបសា

យោង​តាម​ការ​ត្រាស់​ដឹង​ខាង​សេឡេស្ទាល​របស់​ទ្រង់ ព្រះអម្ចាស់​ប្រទាន​ដល់​យើង​នូវ​ភាព​ទន់ខ្សោយ​ដើម្បី​ជួយ​សម្រប​សម្រួល​យើង​ឲ្យ​មាន​ភាព​មាំមួន​តាម​របៀប​មួយ​គាត់​ដែល​ចាំបាច់​នៅ​ក្នុង​ជីវិត​នេះ និង​ភាព​អស់​កល្ប​ជានិច្ច — គឺ តាមរយៈ​ទ្រង់ ។ ទ្រង់​មាន​បន្ទូល​ថា « បើសិនជា​មនុស្ស​លោក​មក​រកយើង នោះ​យើង​នឹង​បង្ហាញ​ដល់​ពួកគេ​នូវ​ភាពទន់​ខ្សោយ​របស់​ពួកគេ ។ យើង​ឲ្យ​ភាព​ទន់​ខ្សោយ​ទៅ​មនុស្ស ដើម្បី​ឲ្យ​ពួកគេ​អាច​បាន​រាបសា ហើយ​គុណ​របស់​យើង​មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ទាំងអស់ ដែល​បន្ទាបខ្លួននៅ​ចំពោះ​យើង ដ្បិត​បើសិនជា ពួកគេ​បន្ទាបខ្លួន​នៅ​ចំពោះ​យើង ហើយ​មាន​សេចក្ដី​ជំនឿ​ដល់​យើង លំដាប់​នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់​ខ្សោយ​ក្លាយ​ទៅជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេ​វិញ » ( អេធើរ ១២:២៧ ) ។

យោង​តាម​បទគម្ពីរ​នេះ យើង​ត្រូវ​​បាន​ប្រទាន​ឲ្យ​នូវ​ភាព​ទន់ខ្សោយ​ ដើម្បី​យើង​អាច​មាន​ចិត្ត​រាបសា ។ អស់​អ្នក​ដែល​ជ្រើស​មាន​ចិត្ត​រាបសា ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ទ្រង់​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​មាំមួន ។ បន្ទាប់​មក សេចក្ដី​រាបសា​របស់​យើង​នៅ ចំពោះ​ព្រះ​គឺជា​កត្តា​ដ៏​ចាំបាច់​មួយ​ដើម្បី​ឲ្យ​កម្លាំង និង​ព្រះចេស្ដា​នៃ​ព្រះ​បើក​សម្ដែង​ឡើង​នៅ​ក្នុង​ជីវិត​របស់​យើង ។

មាន​មនុស្ស​ដែល ​« គិត​ស្មាន​ថា គេ​បាន​ដឹង​ដោយ​ខ្លួន​គេ​សព្វគ្រប់​ហើយ ហេតុ​ដូច្នោះ​ហើយ ប្រាជ្ញា​របស់​គេ​នោះ គឺជា​សេចក្ដី​ឆ្កួត​លីលា ហើយ​មិន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពួក​គេ​ឡើយ ហើយ​ពួក​គេ​នឹង​ត្រូវ​វិនាស​ទៅ » ( នីហ្វៃទី ២ ៩:២៨ ) ។ ថ្នាំ​បន្សាប​ចំពោះ​អំនួត​នេះ​គឺ​ត្រូវ​ « ​ព្រម​ទទួល​ខ្លួន​ថា ល្ងង់​ល្ងើ​នៅ​ចំពោះ​ព្រះ ហើយ​បន្ទាប​ខ្លួន​ចុះ​ដល់​ជម្រៅ​នៃ​ភាព​ទន់​ទាប » ( នីហ្វៃទី ២ ៩:៤២ ) ។

កាល​លោក​នៅ​ជា​យុវវ័យ យ៉ូសែប​បាន​យល់​ថា គន្លឹះ​ដ៏​សំខាន់​មួយ​ដើម្បី​អភិវឌ្ឍ​សេចក្ដីរាបសា​គឺ ត្រូវ​ស្វែង​រក​ព្រះវរបិតា​សួគ៌​របស់​យើង​តាមរយៈ​ការ​អធិស្ឋាន​​ដោយ​ចិត្ត​ស្មោះ​អស់​ពីដួង​ចិត្ត ។ ដានីយ៉ែល ថៃលើរ ជា​សមាជិក​សាសនាចក្រ​ម្នាក់​កាល​ពី​ជំនាន់​មុន បាន​នឹក​ចាំ​ពី​គ្រា​មួយ​នៅ​ទីក្រុង​ខឺតឡង់​ដែល​មាន​មនុស្ស​ជាច្រើន​បាន​បែរ​មក​ទាស់​នឹង​ព្យាការី ។ បងប្រុស ថៃលើរ ដែល​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រជុំ​មួយ​ដែល​ព្យាការី​បាន​អធិស្ឋាន​ជាមួយ​នឹង​ក្រុម​ជំនុំ​ទូល​សូម​ជំនួយ​របស់​ព្រះអម្ចាស់ បាន​រៀបរាប់​អំពីបទពិសោធន៍​នោះ​នៅ​ក្នុង​ពាក្យ​ពេចន៍​ទាំង​នេះ​ថា

« ខ្ញុំ​ធ្លាប់​ស្ដាប់​ឮ​បុរស​ស្ត្រី​អធិស្ឋាន … ប៉ុន្តែ​ទើប​តែ​ពេល​នោះទេ​ដែល​ខ្ញុំ​បាន​ស្ដាប់​ឮ​បុរស​ម្នាក់​ទូល​ទៅព្រះ​របស់​លោក​ហាក់​ដូចជា​ទ្រង់​កំពុង​គង់​នៅ​ស្ដាប់​ប្រៀប​បាន​នឹង​ឪពុក​ដ៏​មាន​សន្ដាន​ចិត្ត​ល្អ​មួយ​កំពុង​ស្ដាប់​អំពី​ទុក្ខសោក​របស់​កូន​ម្នាក់ដែល​កំពុង​យកចិត្ត​ទុកដាក់​នឹង​កាតព្វកិច្ច​ដែរ ។ យ៉ូសែប​នៅ​គ្រា​នោះ​ពុំ​បាន​ដឹង​នោះ​ទេ ប៉ុន្តែ​ការ​អធិស្ឋាន​នោះ ដែល​ធ្វើ​ឡើង​ទុក​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​បាន​ចោទ​ប្រកាន់​លោក​ថា​បានបែក​វង្វេង … បាន​ទទួល​នូវ​ការ​រៀនសូត្រ និង​ទេពកោសល្យ​មក​ពី​ស្ថាន​សួគ៌ ។ … វា​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ថា លើក​លែងតែ​វាំងនន​ត្រូវ​បាន​ដក​ចេញនោះ​ដូចជា​ខ្ញុំ​អាច​មើល​ឃើញ​ព្រះអម្ចាស់​កំពុង​ឈរ​នៅ​ពី​មុខ​អ្នក​បម្រើ​ដ៏​រាបសា​បំផុត​ក្នុង​ចំណោម​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ទាំងអស់​ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ » ។

កម្លាំង​ចេញ​ពីភាព​ទន់ខ្សោយ

ពេល​យ៉ូសែប​មាន​វ័យ ១៧ ឆ្នាំ មរ៉ូណៃ​បាន​ប្រាប់​លោក​ថា « ​ព្រះ​ទ្រង់​មាន​កិច្ចការ​ឲ្យ​ខ្ញុំ​ធ្វើ ហើយ​ថា​ឈ្មោះ​របស់​ខ្ញុំ នឹង​មាន​ដើម្បី​សេចក្ដី​ល្អ និង​សេចក្ដី​អាក្រក់ ក្នុង​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស ហើយ​គ្រប់​ទាំង​ភាសា ឬ​ថា​ឈ្មោះ​ខ្ញុំ​នឹង​ត្រូវ​និយាយ​ដល់​ទាំង​សេចក្ដី​ល្អ និង​សេចក្ដី​អាក្រក់​នៅ​ក្នុង​ចំណោម​បណ្ដាជន​ទាំង​អស់ »​( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:៣៣ ) ។

ខ្ញុំ​ជឿ​ជាក់​ថា នៅ​ពេល​នោះ មាន​មនុស្ស​ជា​ច្រើន​បាន​គិត​ថា ការប្រកាស​មួយ​បែប​នេះ​គឺជា​ភស្ដុតាង​នៃ​ភាព​រវើរវាយ​នៃ​ភាពអួត​អាង ប៉ុន្តែ​នៅ​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ​ដោយ​មាន​នូវ​អ៊ិនធើរណែត ឈ្មោះ​ក្មេង​ប្រុស​ស្រុក​ស្រែ​ដែល​មិន​សូវ​មាន​គេ​ឯង​ស្គាល់​នោះ ​ត្រូវ​បាន ស្គាល់​ជុំ​វិញ​សាកលលោក ហើយ​គេ​និយាយ​អំពី​លោក​ទាំង​សេចក្ដី​ល្អ និង​សេចក្ដី​អាក្រក់ ។

early Book of Mormon

ពីមុន​យ៉ូសែប និង​ហៃរុម ស្ម៊ីធ ​បាន​ទទួល​មរណភាព​នៅ​គុគកាតធេច រដ្ឋ​អិលលីណោយ​បន្តិច ហៃរុម​បាន​អាន​ឮៗ​ឲ្យ​យ៉ូសែប និង​អ្នក​ផ្សេង​ទៀត​ដែល​នៅ​ក្នុង​បន្ទប់​ក្នុង​គុក​នោះ​ជាមួយ​ពួកលោក​ស្ដាប់ រួចហើយ​បាន​បត់​ទំព័រ​នោះ​ដែល​មាន​ពាក្យ​ពេចន៍​ដូច​តទៅ​នេះ ៖

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះ​អម្ចាស់ សូម​ឲ្យ​ទ្រង់​ប្រទាន​ដល់​ពួក​សាសន៍​ដទៃ​នូវ​ព្រះ​គុណ ដើម្បី​ឲ្យ​ពួក​គេ​អាច​មាន​សេចក្ដី​សប្បុរស ។

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ បើ​សិន​ជា​ពួក​គេ​គ្មាន​សេចក្ដី​សប្បុរស​ទេ វា​មិន​ជា​សំខាន់​អី​ដល់​អ្នក​ទេ គឺ​អ្នក​បាន​ស្មោះត្រង់ ហេតុ​ដូច្នោះ​ហើយ សំលៀកបំពាក់​របស់​អ្នក​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ជ្រះ​ស្អាត ។ ពី​ព្រោះ​អ្នក​បាន​ឃើញ​ភាព​ទន់​ខ្សោយ​របស់​ខ្លួន នោះ​អ្នក​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្លាំង​ពូកែ រហូត​ដល់​បាន​អង្គុយ​ឯទី​កន្លែង ដែល​យើង​បាន​រៀបចំទុក នៅ​ក្នុង​វិមាន​ទាំង​ឡាយ​នៃ​ព្រះ​វរបិតា​របស់​យើង ​» ( អេធើរ ១២:៣៦–៣៧ ) ។

នៅ​ក្នុង​ន័យ​ត្រឹមត្រូវ​មួយ គឺ​យ៉ូសែប​ត្រូវ​បាន​ធ្វើ​ឲ្យ​មាំ​មួន ​ចេញ​ពី​ទន់​ខ្សោយ ។ ដោយ​បាន​ទាក់ទាញ​ទឹក​ចិត្ត​មួយ​ចំណែក ​តាមរយៈ​ភាព​ទន់ខ្សោយ​របស់​លោក លោក​បាន​ស្វែង​រក​ជំនួយ​របស់​ព្រះ​ដោយ​សេចក្ដី​ជំនឿ ដោយ​បាន​តាំង​ចិត្ត​ធ្វើ​សកម្មភាព​ស្រប​តាម​ព្រះទ័យ​របស់​ទ្រង់ ។ លោក​បាន​ខិត​ទៅ​ជិត​​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​តាម​លក្ខខណ្ឌ​ទាំងនេះ​ពេញ​មួយ​ជីវិត​របស់​លោក ។ ជា​លទ្ធផល លោក​បាន​ដក​ពិសោធន៍​នូវ​ការ​និមិត្ត​ដំបូង បាន​បកប្រែ​ព្រះគម្ពីរ​មរមន បាន​ទទួល​កូនសោ​បព្វជិតភាព បាន​រៀបចំ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ ហើយ​បាន​នាំ​មក​កាន់​ផែនដី​នេះ​នូវ​ភាព​ពេញ​លេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្យាការី​យ៉ូសែប​បាន​មាំមួន​ឡើង លោក​ពុំ​ត្រូវ​បានធ្វើ​ឲ្យ​​ខ្លាំង​ក្លា​តែ​មួយ​គ្រា​នោះ​ទេ ។ វា​បាន​កើត​ឡើង​ចំពោះ​លោក ហើយ​វា​នឹង​កើត​ឡើង​ចំពោះ​អ្នក និង​ខ្ញុំ​ដែរ « មួយ​បន្ទាត់​ម្តងៗ​មួយ​សិក្ខាបទ​ម្ដងៗ ឯណេះ​បន្តិច ឯណោះ​បន្តិច» ​( គ. និង ស. ១២៨:២១, សូម​មើល​ផង​ដែរ ​អេសាយ ២៨:១០, នីហ្វៃទី ២ ២៨:៣០ ) ។

ដូច្នេះ​សូម​កុំ​បាក់​ទឹក​ចិត្ត ។ ដំណើរ​ការ​នៃ​ការ​ធ្វើ​ឲ្យ​មាំមួន​​មាន​បន្តិច​ម្ដងៗ ហើយ​វា​តម្រូវ​ឲ្យ​មាន​ការ​អត់ធ្មត់​ជាមួយ​នឹង​ការ​តាំង​ចិត្ត​ដ៏​ខ្ជាប់​ខ្ជួន​ដើម្បី​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ហើយ​ប្រតិបត្តិតាម​ព្រះទ័យ​របស់​ទ្រង់​ ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក្ដី ។

អំណោយ​ទាន​នោះ​បាន​ត្រឡប់​មក​វិញ​ហើយ

វិល្លាម ធីនឌេល ដែល​បាន​បកប្រែ ហើយ​បាន​បោះពុម្ព​ព្រះគម្ពីរ​ប៊ីប​ជា​ភាសា​អង់គ្លេស​នៅ​សតវត្សរ​ទី​ ១៦ បាន​ថ្លែង​ទៅ​កាន់​បុរស​ដែល​មាន​ចំណេះដឹង​ម្នាក់​ដែល​បាន​បដិសេធ​មិន​ឲ្យ​បញ្ចេញ​ព្រះគម្ពីរ​ប៊ីប​ទៅ​ដល់​មនុស្ស​សាមញ្ញថា « ប្រសិន​បើ​ព្រះ​ទុក​ជីវិត​ឲ្យ​ខ្ញុំ ជាច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ដែល​ភ្ជួរ​រាស់​ស្រែ​បាន​ដឹង​ច្រើន​អំពីបទគម្ពីរ​ជាង​អ្នក​ទៅ​ទៀត » ។១០

នៅ​ក្នុង​ភាព​ស្រដៀង​គ្នា​មួយ ៣០០ ​ឆ្នាំ​ក្រោយ​មក នេនស៊ី ថូយឡេ ជា​គ្រូគង្វាល​ដ៏​ល្បី​ល្បាញ​ម្នាក់​ក្នុង​ទសវត្សរ​ឆ្នាំ​ ១៨៣០ បាន​មក​ទស្សនកិច្ច​នៅ​ទីក្រុង​ខឺតឡង់ ​ដើម្បី​សង្កេត​មើល​ដោយ​ផ្ទាល់​អំពី « សាសនា​មរមន » ។ នៅ​ក្នុង​ការ​សន្ទនា​ជាមួយ​នឹង​យ៉ូសែប ស្ម៊ីធ និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ លោក​ស្រី​បាន​រិះគន់​ដល់​សាសនាចក្រ​យ៉ាង​ខ្លាំង ។

ស្រប​តាម​កំណត់ត្រា​របស់ ​ថូយឡេ យ៉ូសែប​ពុំ​បាន​ថ្លែង​អ្វី​ទាំងអស់​រហូត​ដល់​លោក​ស្រី​បាន​ត្រឡប់​មក​រក​លោក​វិញ ហើយ​បាន​ទាមទារ​ឲ្យ​លោក​ស្បថ​ថា មាន​ទេវតា​មួយ​អង្គ​ដែល​បាន​បង្ហាញ​លោក​អំពីកន្លែង​ទៅ​រក​ផ្ទាំង​ចំណារ​មាស​នោះ ។ លោក​បាន​ឆ្លើយ​តប​ទាំង​រីករាយ​ថា លោក​ពុំ​ធ្លាប់​ស្បថ​ពី​មុន​ឡើយ ! ដោយចាប់​កំហុស​លោក​ពុំ​បាន លោក​ស្រី​បាន​ព្យាយាម​បង្ខូច​កិត្តិយស​លោក ។ លោកស្រី​​បាន​សួរ​ថា « តើ​លោក​ពុំ​ខ្មាស់​គេ​ទេ​ឬ​អី ដែល​លាក់​ពុត​បែប​នេះ ? « លោក​គ្មាន​អ្វី​លើស​ពី​ក្មេង​ស្រុក​ស្រែ​ដ៏​ល្ងង់​ខ្លៅ​នៅ​ក្នុង​ប្រទេស​ជាតិរបស់​យើង​ឡើយ ! »

យ៉ូសែប​បាន​ឆ្លើយ​តប​ទាំង​ចិត្ត​ស្ងប់​ថា « អំណោយទាន​នោះ​បាន​ត្រឡប់​មក​វិញ​ហើយ ដូច​កាល​ពី​បុរាណ​ដែរ គឺ​ដល់​អ្នក​នេសាទ​ដែល​មិន​ចេះ​អក្សរ » ។១១

ដូច្នេះ​ពាក្យ​សម្ដី​របស់ ​ធីនឌេល ​ត្រូវ​បាន​ព្យាករ​ទុក​ថា ក្មេង​ប្រុស​ស្រុក​ស្រែ​ម្នាក់​ពិត​ជាដឹង​បទគម្ពីរ​ច្រើន​ជាង ប្រហែល​ជា​ច្រើន​ជាង​មនុស្ស​ណាៗ​ទាំងអស់​ លើក​លែង​តែ​ព្រះ​អង្គ​សង្គ្រោះ ។

ពិតណាស់ សាសនាចក្រ និង​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ​ពុំ​មែន​ជា​កិច្ចការ ​របស់​ យ៉ូសែប ស្ម៊ីធ ដែល​ជា​ក្មេង​ប្រុស​ស្រុក​ស្រែ​នៅ​អាមេរិក​នោះ​ទេ ។ ប៉ុន្តែ​វា​គឺជា​កិច្ចការ​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ​ ដែល​បាន​ស្ដារ​ឡើង​វិញ ​តាមរយៈ យ៉ូសែប ស្ម៊ីធ ជា​ព្យាការី ។ ពេល​លោក​សញ្ជឹង​គិត​អំពីជីវិត​របស់​លោក យ៉ូសែប​អាច​នឹង​បន្លឺ​សំឡេង​ជាមួយ​ការ​សង្កេត​មើល​របស់​យ៉ាកុប​ថា « ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​បាន​បង្ហាញ​យើង​នូវ​ភាព​ទន់​ខ្សោយ​របស់​យើង​ដើម្បី​អោយ​យើង​ដឹង​ថា គឺ​ដោយសារ​ព្រះគុណ​ និង​ការ​បន្ទាប​ខ្លួន​ដ៏​មហិមា​របស់​ទ្រង់​ចំពោះ​កូន​ចៅ​មនុស្ស ទើប​យើង​មាន​អំណាច​ដើម្បី​ធ្វើ​នូវ​កិច្ចការ​ទាំង​នេះ​បាន » ( យ៉ាកុប ៤:៧ ) ។

ខ្ញុំ​ដឹង​ថា យ៉ូសែប ស៊្មីធ ​ធ្លាប់​ និង ជា​ព្យាការី​របស់​ព្រះ ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​មាំមួន​ចេញ​ពី​ភាព​ទន់​ខ្សោយ ។ ប្រធាន ​ព្រិកហាំ យ៉ង់ ​( ១៨០១–៧៧ ) បាន​ថ្លែង​ថា ​« ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ស្រែក​ច្រៀង​បទ​ហាឡេលូយ៉ា រាល់​ពេល​ដែល​ខ្ញុំ​គិត​ថា ខ្ញុំ​ធ្លាប់​ស្គាល់​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី » ។១២ ខណៈ​ដែល​ខ្ញុំ​គ្មាន​ឱកាស​បែប​នោះ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ខ្ញុំ​មាន​ចិត្ត​យ៉ាង​ស្កប់ស្កល់​ក្នុង​ការ​ធ្វើ​ការ​សន្យា​ថា « មនុស្ស​រាប់​លាន​នាក់​នឹង​ស្គាល់ ​‹ បងប្រុស​យ៉ូសែប ›​ម្ដង​ទៀត » ។១៣ ខ្ញុំ​មាន​អំណរ​គុណ​យ៉ាង​ខ្លាំង​ចំពោះ​ព្យាការី និង​សេចក្ដី​រាបសា​របស់​លោក​នៅ​ចំពោះ​ព្រះ​របស់​យើង ជា​អង្គ​ដែល​បាន​ធ្វើ​ឲ្យ​លោក​មាំមួន ។ ខ្ញុំ​ក៏​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​តាមរយៈ​ដំណើរ​រឿង​ប្រវត្តិសាស្ត្រ​នេះ និង​គោលលទ្ធិ​ថា ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​មាំមួន​ចេញ​ពី​ភាពទន់ខ្សោយ ប្រសិន​បើ​យើង​បន្ទាប​ខ្លួន​យើង​នៅ​ចំពោះ​ទ្រង់​ដោយ​រាបសា ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​របស់​យើង​លើ​ទ្រង់​ដោយ​មាន​ការ​តាំង​ចិត្ត​​យ៉ាង​ខ្ជាប់​ខ្ជួន​ដើម្បី​ធ្វើ​តាម​ព្រះទ័យ​របស់​ទ្រង់ ។

កំណត់​ចំណាំ

  1. ខ្ញុំ​សូម​អរគុណ​ដល់​មិត្ត​រួម​ការងារ​របស់​ខ្ញុំ ជា​ពិសេស រីឆាត អ៊ី ធើរលី ជុញ្ញ័រ និង​ជេដ វួដវស់ នៅ​ក្នុង​នាយកដ្ឋាន​ប្រវត្តិសាស្ត្រ​សាសនាចក្រ​សម្រាប់​គំនិត​ដ៏​មាន​ន័យ​របស់​ពួកគេ ។

  2. យ៉ូសែប ស្ម៊ីធ ​នៅ​ក្នុង The Joseph Smith Papers, Histories, Volume 1: 1832–1844, និពន្ធ​ដោយ ខារេន លីន ដេវីឌសុន និង​អ្នកនិពន្ធ​ផ្សេង​ទៀត​ ( ឆ្នាំ​២០១២ ) ទំព័រ ១១ ។

  3. យ៉ូសែប ស្ម៊ីធ « Letter to William W. Phelps, 27 November 1832, » ទំព័រ ៤, josephsmithpapers.org ។

  4. អិមម៉ា ស្ម៊ីធ នៅ​ក្នុង « Last Testimony of Sister Emma » Saints’ Herald, ថ្ងៃ​ទី​ ១​ ខែ ​តុលា ឆ្នាំ​ ១៨៧៩ ទំព័រ​ ២៩០, សូម​មើល​ផង​ដែរ រ័សុល អិម ណិលសុន « A Treasured Testament » Ensign, ខែ​ កក្កដា ឆ្នាំ​ ១៩៩៣ ទំព័រ​ ៦២–៦៣ ។

  5. យ៉ូសែប ស្ម៊ីធ ​នៅ​ក្នុង The Joseph Smith Papers, Histories, Volume 1: 1832–1839, និពន្ធ​ដោយ ឌីន ស៊ី ជេសស៊ី និង​​អ្នក​និពន្ធ​ផ្សេង​ទៀត​ ( ឆ្នាំ​២០០៨ ) ទំព័រ ៩ ។

  6. ស្ដីពី « Coriantumr » និង​ការ​ប្រកប​នៃ​ឈ្មោះ​ត្រឹមត្រូវ សូម​មើល Royal Skousen, in Book of Mormon Authorship Revisited: The Evidence for Ancient Origins, និពន្ធ​ដោយ ណូអេល ប៊ី រេណុល​ ( ឆ្នាំ​១៩៩៧ ) ទំព័រ​ ៦១–៩៣ ។ ដោយ​ប្រើ​ភស្ដុតាង​មក​ពីច្បាប់​ដើម​នៃ​ការ​សរសេរ​ដោយ​ដៃ​ ស្គូសិន ​បង្ហាញ​ថា លើក​ទី​មួយ​ឈ្មោះ​ត្រឹមត្រូវ​បាន​លេច​ឡើង​នៅ​លើ​អត្ថបទ ឈ្មោះ​នោះ​ត្រូវ​បាន​ប្រកប​យ៉ាង​ត្រឹមត្រូវ ។ នៅ​ក្នុង​ការ​បង្ហាញ​បន្ត​បន្ទាប់​មក​ទៀត ឈ្មោះ​នោះ​ប្រហែល​ជា​ប្រកប​មិន​ត្រឹមត្រូវ​ទេ ដោយ​ផ្ដល់​យោបល់​ថា យ៉ូសែប ស្ម៊ីធ​ ប្រកប​ឈ្មោះ​នីមួយៗ​ឮៗ​ជា​លើក​ដំបូង​សិន ប៉ុន្តែ​ក្រោយមក​លោក​ពឹង​ផ្អែក​លើ​ការ​ចងចាំ​របស់​អ្នក​សរសេរ ។

  7. Teachings of Presidents of the Church: Joseph Smith, ( ឆ្នាំ ​២០០៧ ) ទំព័រ ៥២២ ។

  8. អ៊ែតវើឌ ស្ទីវែនសុន នៅ​ក្នុង Hyrum L. Andrus and Helen Mae Andrus, comps., They Knew the Prophet, ( ឆ្នាំ ១៩៧៤ ) ទំព័រ ៨៧ ។

  9. ដានីយ៉ែល ថៃលើរ នៅ​ក្នុង ​« Recollections of the Prophet Joseph Smith » Juvenile Instructor, ថ្ងៃ​ទី ​១៥ ខែ ​កុម្ភៈ ឆ្នាំ ​១៨៩២ ទំព័រ ១២៧, សូម​មើល​ផង​ដែរ Teachings: Joseph Smith, ទំព័រ ១២៧ ។

  10. វិល្លាម ធីនឌេល នៅ​ក្នុង S. Michael Wilcox, Fire in the Bones: William Tyndale — Martyr, Father of the English Bible ( ឆ្នាំ ​២០០៤ ) ទំព័រ ៤៧ ។

  11. Vicissitudes Illustrated, in the Experience of Nancy Towle, in Europe and America ( ឆ្នាំ​ ១៨៣៣ ) ទំព័រ ១៥៦, ១៥៧ ។

  12. Teachings of Presidents of the Church: Brigham Young ( ឆ្នាំ ១៩៩៧ ) ទំព័រ ៣៤៣ ។

  13. « សរសើរ​ដល់​លោក » ទំនុក​តម្កើង, ល.រ.១៦ ។