ឆ្នាំ​២០១៧
សំបុត្រ​ពណ៌​ក្រហម
December 2017


សំបុត្រ ពណ៌​ក្រហម

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

អូ៎ អូ៎! ដានីយ៉ែល​បាន​បាត់​សំបុត្រ​មួយ​ទៀត​ហើយ ។

« ពេល​ណា​ខ្ញុំ​មាន​ចិត្ត​ល្អ​សប្បុរស ហើយ​ជួយ​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ឃើញ ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ខ្លាំង​ណាស់ » ( Children’s Songbook, ល.រ.១៩៧ ) ។

The Red Ticket

ម៉ាតេអូ ​បាន​មើល​លំហាត់​គណិត​វិទ្យា​នៅ​លើ​ក្ដារ​ខៀន ហើយកត់​​វា​យ៉ាង​លឿនចូល​​ក្នុង​សៀវ​ភៅ​របស់​គាត់ ។ គណិត​វិទ្យា​គឺជា​មុខ​វិជ្ជា​ដែល​គាត់​ចូល​ចិត្ត ដូច្នេះ​គាត់​ពិត​ជា​ចង់​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់ ។ ប៉ុន្តែ​គាត់​ស្ដាប់​ពុំ​សូវ​ឮ​នូវ​អ្វី​ដែល​លោកស្រី​សាន់តូស​​កំពុង​និយាយ​ឡើយ ដោយ​សារ​មិត្ត​របស់​គាត់​ឈ្មោះ​ដានីយ៉ែល​កំពុង​តែជជែក​គ្នា​​ដែរ ។

« ស្ងាត់ ! ដានីយ៉ែល គ្នា​ស្ដាប់​មិន​ឮ​ទេ ! » ម៉ាតេអូ​បាន​និយាយ​ខ្សឹបៗ ។ ប៉ុន្តែ​ដានីយ៉ែល​នៅ​តែ​និយាយ​ទៀត ។ នៅ​ទី​បំផុត អ្នក​ស្រី​សាន់តូស​បាន​ឮគាត់ ។

លោក​ស្រី​សាន់​តូ​បាន​និយាយ​ថា « ដានីយ៉ែល កូន​រំខាន​ទៀត​ហើយ » ។ « កូន​បាន​ទទួល​ការ​ព្រមាន​មួយ​រួច​ហើយ ។ ឥឡូវ កូន​ត្រូវ​ឲ្យ​សំបុត្រ​មួយ​ដល់​អ្នក​គ្រូ » ។

ដានីយ៉ែល​បាន​ដក​យក​សំបុត្រ​ពណ៌​ក្រហម​ចេញ​​ពី​តុ​របស់​គាត់​យឺតៗ ហើយ​ឲ្យ​វា​ទៅ​លោកស្រី​សាន់​តូស ។ គាត់​បាន​ទម្លាក់​ស្មា​ចុះ ហើយ​សម្លឹង​មើល​ទៅ​កម្រាលឥដ្ឋ ។ លោកស្រី​សាន់តូស​បាន​ឲ្យ​សំបុត្រ​ទៅ​សិស្ស​ដែល​មាន​ឥរិយាបថ​ល្អ ហើយ​ស្ដាប់​បង្គាប់ ។ សិស្ស​ទាំង​ឡាយ​បាន​សរសេរ​ឈ្មោះ​របស់​ខ្លួន​នៅ​លើ​សំបុត្រ ហើយ​ដាក់​វា​នៅ​ក្នុង​ថូ​មួយ​ជា​រៀង​រាល់​ថ្ងៃ ។ ប៉ុន្តែ​ត្រូវ​ឲ្យ​សំបុត្រ​មួយ​ទៅ​វិញ ប្រសិន​បើ​មាន​ឥរិយាបថ​មិន​ល្អ ។ រៀងរាល់​ថ្ងៃ​សុក្រ លោក​ស្រី​សាន់តូស បាន​លូក​យក​​សំបុត្រ​​មួយ​​​ពី​ថូ​មក ហើយ​អ្នក​ដែល​ឈ្នះ​អាច​ជ្រើស​យក​រង្វាន់​នៅ​ក្នុង​ហិប​រង្វាន់​របស់​ថ្នាក់ ! ដានីយ៉ែល​បាន​ឲ្យ​សំបុត្រ​ជាច្រើន​ត្រឡប់​ទៅ​វិញ​ដោយ​សារ​តែ​ការ​និយាយ​ច្រើន ដូច្នេះ​ជា​រឿយៗ​ឈ្មោះ​របស់​គាត់​មិន​ត្រូវ​បាន​ទាញ​ចាប់​បាន​ឡើយ ។ ម៉ាតេអូ​មិន​សប្បាយ​ចិត្ត​សោះ ដោយ​ឃើញ​ដានីយ៉ែល​បាត់​បង់​សំបុត្រ​មួយ​ទៀត ។

លុះ​ដល់​ពេល​សម្រាក ម៉ាតេអូ​បាន​រត់​ចេញ​ទៅ​លេង​បាល់​នៅ​លើ​ទីលាន​បាល់​ទាត់ ។ គាត់​បាន​ឃើញ​ដានីយ៉ែល​កំពុង​ឈរ​តែ​ម្នាក់​ឯង​នៅ​ក្បែរ​ទោង ។ គាត់​អាច​ដឹង​ថា ដានីយ៉ែល​កំពុង​តែ​យំ ។ ម៉ាតេអូ​ចង់​ជួយ​គាត់​ឲ្យ​មាន​អារម្មណ៍​ល្អ​វិញ ។

ម៉ាតេអូ បាន​សួរ​ថា « តើ​ឯង​ចង់​លេង​បាល់​ទាត់​ទេ ? »

ដានីយ៉ែល​មិន​និយាយ​អ្វី​ទាំងអស់ ។ ម៉ាតេអូ​បាន​ព្យាយាម​និយាយ​នឹង​គាត់​ថែម​ទៀត ប៉ុន្តែ​ដានីយ៉ែល​បាន​ងាក​ចេញ ។

« មិន​អី​ទេ គ្នា​នឹង​នៅ​ឯ​ទីលាន​បាល់​ទាត់ ប្រសិន​បើ​ឯង​ប្ដូរ​ចិត្ត » ។

ម៉ាតេអូ​បាន​ទៅ​លេង​បាល់​ជាមួយ​នឹង​មិត្ត​របស់​គាត់​ផ្សេងទៀត ប៉ុន្តែ​គាត់​នៅ​តែ​គិត​ដល់​ដានីយ៉ែល ។ ម៉ាតេអូ​ទើប​តែ​មាន​អាយុ​ប្រាំបី​ឆ្នាំ ហើយ​មិន​យូរ​ប៉ុន្មាន​នឹង​ត្រូវ​ជ្រមុជ​ទឹក ។ គាត់​ចង់​ក្លាយ​ដូចជា​ព្រះយេស៊ូវ ហើយ​ធ្វើ​ជា​មិត្ត​ដ៏​ល្អ​ម្នាក់ ។ តើ​មាន​អ្វី​មួយ​ដែល​គាត់​អាច​ធ្វើ​ដើម្បី​ជួយ​ដល់​ដានីយ៉ែល​កុំ​ឲ្យ​ជួបនឹង​បញ្ហា​ទៀត​បាន​ទេ ?

លុះ​ស្អែក​ឡើង សិស្ស​ទាំង​អស់​កំពុង​អាន​ដំណើរ​រឿង​មួយ​ជា​ក្រុម​តូចៗ ។ ប៉ុន្តែ​ជំនួស​ឲ្យ​ការ​អាន​ ដានីយ៉ែល​បាន​បោះ​សៀវភៅ​របស់​គាត់​ឡើង​ទៅ​លើ​យ៉ាង​ខ្ពស់ ។

ម៉ាតេអូ​បាន​ព្យាយាម​បញ្ឈប់​គាត់ ។ « ដានីយ៉ែល យើង​ត្រូវ​អាន​សៀវភៅ កុំ​លេង​ច្រើនពេក » ។

ដានីយ៉ែល​បាន​បោះ​សៀវភៅ​នោះ​ម្ដង​ទៀត ។ លោកស្រី​សាន់តូស​បាន​ឃើញ​វា​ស្ទើរ​តែ​ប៉ះ​នឹង​ពិដាន ។ គាត់​បាន​ដើរ​មក​រក​ដានីយ៉ែល ហើយ​បាន​ហុចដៃ​គាត់ទា​រសុំ​សំបុត្រ​មួយ ។ ដានីយ៉ែល​បាន​លូក​ដៃ​ចូល​ទៅ​ក្នុង​តុ​របស់​គាត់ ។ គាត់​មាន​ទឹក​មុខ​តក់​ស្លុត កាល​គាត់​​បន្ត​រាវ​រក​សំបុត្រ​នោះ ។

« យ៉ាប់​ហើយ ! គាត់​ប្រាកដ​ជា​អស់​សំបុត្រ​ហើយ ! » ម៉ាតេអូ​បាន​គិត ។ ប្រសិន​បើ​គ្មាន​សំបុត្រ​មាន​ន័យ​ថា ដានីយ៉ែល​ត្រូវ​នៅ​ក្នុង​ថ្នាក់​ពេល​សម្រាក ។ ម៉ាតេអូ​ចាប់​ផ្ដើម​គិត ។ តើ​គាត់​អាច​ធ្វើ​អ្វី​ខ្លះ ? រួច​គាត់​មាន​​គំនិត​ល្អ​មួយ ។

លោកស្រី​សាន់តូស​បាន​និយាយ​ថា « ដានីយ៉ែល ប្រសិន​បើ​កូន​គ្មាន​សំបុត្រ​ឲ្យ​អ្នក​គ្រូ​ទេ អញ្ចឹង — »

ម៉ាតេអូ​បាន​ដក​ដង្ហើម​វែងៗ ។ គាត់​បាន​សួរ​ថា « អ្នក​គ្រូ​សាន់តូស តើ​ខ្ញុំ​អាច​ឲ្យ​ជំនួស​គាត់​បាន​ទេ ? »

សិស្ស​ផ្សេង​បាន​ស្ងាត់ ។ គ្មាន​សិស្ស​ណា​ម្នាក់​ធ្លាប់​សួរ​អ្នក​គ្រូ​បែប​នេះ​ពី​មុន​នោះ​ឡើយ ។ ម៉ាតេអូ​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា អ្នក​គ្រូ​នឹង​តប​វិញ​យ៉ាង​ណា​ទេ ។

លោកស្រី​សាន់តូស​ទំនង​មាន​ការ​ភ្ញាក់​ផ្អើល ។ បន្ទាប់​មក គាត់​បាន​ញញឹម ។ « កូន​ជា​មិត្ត​ដ៏​ល្អ​ម្នាក់ ។ ពិត​ជា​បាន កូន​អាច​ឲ្យ​សំបុត្រ​ជំនួស​ដានីយ៉ែល​​បាន » ។ ម៉ាតេអូ​បាន​ហុច​សំបុត្រ​របស់​គាត់​មួយ​ឲ្យ​ទៅ​លោកស្រី​សាន់តូស ។

ដានីយ៉ែល​បាន​និយាយ​ថា « អរគុណ ម៉ាតេអូ ។

ម៉ាតេអូ​បាន​តប​ថា « មិន​អី​ទេ ! » « តើ​ឥឡូវ​នេះ​ឯង​ចង់​អាន​ជាមួយ​គ្នា​ទេ ? »

ដានីយ៉ែល​បាន​ងក់​ក្បាល ហើយ​បាន​រើស​សៀវភៅ​គាត់​ឡើង ។

កាល​ដានីយ៉ែល​បាន​ចាប់ផ្ដើម​អាន ម៉ាតេអូ​បាន​មាន​អារម្មណ៍​កក់ក្តៅ ហើយ​រីករាយ​​នៅ​ក្នុង​ចិត្ត ។ គំនិត​ល្អ​នោះ​កើត​ចេញ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ! ម៉ាតេអូ​បាន​ដឹង​ថា ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​គាត់​ជួយ​ដល់​ដានីយ៉ែល — ដោយសារ​ទ្រង់​ក៏​ស្រឡាញ់​ដានីយ៉ែល ។ ហើយ​ម៉ាតេអូ​ទទួល​អារម្មណ៍​ពី​សេចក្ដីស្រឡាញ់​របស់​ព្រះយេស៊ូវ​ផង​ដែរ !