ឆ្នាំ​២០១៧
បុណ្យគ្រីស្ទម៉ាស់​តាម​រយៈ​កែវ​ភ្នែក​របស់​កូន​ស្រី​ខ្ញុំ
December 2017


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

បុណ្យគ្រីស្ទម៉ាស់​តាម​រយៈ​កែវ​ភ្នែក​របស់​កូន​ស្រី​ខ្ញុំ

little girl at nativity scene

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

មាន​ភាព​ស្ងប់​ស្ងាត់​មួយ​បាន​កើត​មាន​ចំពោះ​គ្រួសារ​របស់​ខ្ញុំ និង​រូបខ្ញុំ ពេល​យើង​បាន​ដើរ​ចូល​ទៅ​ក្នុង​ក្រោល​សេះ​មួយ​ដើម្បី​មើល​ការ​សម្ដែង​អំពី​ប្រសូតកម្ម ។ មាន​សត្វ​ពាហនៈ​ដាក់​តម្រៀប​ជួរ​គ្នា​នៅ​ក្នុង​បន្ទប់​នីមួយៗ ហើយ​មាន​បុរស និង​ស្ត្រី​ម្នាក់​ដែលបាន​ស្លៀក​ពាក់​ជា​យ៉ូសែប និង​ម៉ារា បាន​ឈរ​ដោយ​មាន​ទារក​ម្នាក់​ត្រូវបាន​រុំ​នឹង​សំពត់​នៅ​ក្នុង​ដៃ​របស់​ស្ត្រី​នោះ ។ ពួកគាត់​ស្ងៀម​ស្ងាត់ ហើយ​ផ្ដោត​ភ្នែក​ទៅលើ​ទារក​តូច​នោះ ។ បរិយាកាស​ទាំង​មូល​មាន​ភាព​សុខសាន្ត​ខ្លាំង​ណាស់ ។

កូន​ធំៗ​របស់​ខ្ញុំ ភរិយា​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ឈរ ខណៈ​ដែល​កូន​ស្រី​ពៅ​របស់​ខ្ញុំ​បាន​អង្គុយ​នៅ​លើ​គំនរ​​ចំបើង​នៅ​ពី​មុខ​យើង ។ នាង​នៅ​ស្ងៀម ហើយ​កែវភ្នែក​របស់​នាង​បាន​ផ្ដោត​លើ​ទារក​នោះ ។ ពេល​ដែល​សមាជិក​គ្រួសារ​របស់​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ចេញ​ពី​ក្រោល​សេះ​នោះ ខ្ញុំ​បាន​ដាក់​ដៃ​លើ​ស្មា​របស់​កូន​ស្រី​ខ្ញុំ ហើយ​ខ្សឹប​ប្រាប់​នាង​ថា ដល់ពេល​យើង​ត្រូវ​ទៅ​ហើយ ។ នាង​បាន​ពោល​ថា នាង​ចង់​នៅ​ជាមួយ​នឹង​ព្រះឱរស​យេស៊ូវ​ ។ ពាក្យ​សម្ដី​របស់​នាង​បាន​ប៉ះ​ពាល់​ដល់​ដួង​ចិត្ត​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​នៅ​ជាមួយ​នឹង​នាង ។

ពីរ​បី​នាទី​ក្រោយ​មក ខ្ញុំ​បាន​ចាប់​ដៃ​កូន​ស្រី​របស់​ខ្ញុំ​ថ្មមៗ ហើយ​ប្រាប់​នាង​ថា យើង​ត្រូវ​តែ​ទៅ​ផ្ទះ​ហើយ ។ នាង​បាន​ពោល​ថា នាង​ពុំ​ចង់​ទៅ​ទេ ។ ខ្ញុំ​បាន​លុត​ជង្គង់​ចុះ ហើយ​ឱប​នាង ។

មិន​យូរ​ប៉ុន្មាន​ ខ្ញុំ​មាន​អារម្មណ៍​ហាក់​ដូចជា​ខ្ញុំ​បាន​ត្រឡប់​ទៅ​​សម័យ​នោះ ហើយ​បាន​នៅ​​ជាមួយនឹង​ម៉ារា និង​យ៉ូសែប ។ បន្ទាប់​មក ខ្ញុំ​បាន​យល់​ពី​ហេតុផល​ដែល​កូនស្រី​របស់​ខ្ញុំ​ចង់​នៅ​បន្ត ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា ព្រះវិញ្ញាណ​បាន​គ្រប់​ដណ្ដប់​មក​លើ​ខ្ញុំ ។ នៅ​កន្លែង​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​ស្ថិត​នៅ​ក្នុង​វត្តមាន​របស់​ព្រះអង្គ​សង្គ្រោះ ។ ទឹក​ភ្នែក​បាន​ហូរ​ស្រក់​ចុះ​មក ពេល​ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។ លុះ​ដល់​ពេល​ដែល​ត្រូវ​ចាក​ចេញ ខ្ញុំ​បាន​លើក​បី​កូន​ស្រី​តូច​​របស់​ខ្ញុំ ។ ពេល​ខ្ញុំ​បែរ​ខ្លួន​ងាក​ទៅ​រក​ច្រក​ចេញ ខ្ញុំ​បាន​ឮ​នាង​និយាយ​លា​ព្រះឱរស​យេស៊ូវ និង​ពី​ទំហំ​នៃ​សេចក្ដី​ស្រឡាញ់​ដែល​នាង​មាន​ចំពោះ​ទ្រង់ ។

នៅ​ល្ងាច​នោះ ខ្ញុំ​បាន​ចែកចាយ​បទពិសោធន៍​មួយ​ជាមួយ​នឹង​កូន​ស្រី​របស់​ខ្ញុំ ​ដែល​ខ្ញុំ​នឹង​រក្សា​ទុក​ពេញ​មួយ​ជីវិត ហើយខ្ញុំ​ស្ទើរ​តែ​ភ្លេច​​ពី​វា ។ នៅ​យប់​នោះ ខ្ញុំ​បាន​ទទួល​នូវ​អំណោយ​មួយ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៅ​កាន់​តែ​ជិត​នឹង​ព្រះ ហើយ​បាន​ទទួល​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ ។ ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​ឱកាស​ដើម្បី​ចងចាំ​ដល់​ការ​ប្រសូត​របស់​ទ្រង់ ។ ខ្ញុំ​ដឹង​ថា ព្រះជន្ម គំរូ និង​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​បង្កើត​នូវ​អំណោយ​ដ៏​អស្ចារ្យ​មួយ​នៃ​សេចក្ដី​ស្រឡាញ់​​ដែល​គ្មាន​ទីបញ្ចប់​មក​ពី​ព្រះ​ទៅ​ដល់​កូនចៅ​របស់​ទ្រង់​គ្រប់​រូប ។ ខ្ញុំ​នឹង​​ស្រឡាញ់​អំណោយ​នេះ​ជានិច្ច​ឲ្យ​អស់​ពី​ជម្រៅ​ដួង​ចិត្ត​របស់​ខ្ញុំ ។