ឆ្នាំ​២០១៧
ទីកន្លែង​របស់​យើង
December 2017


ទីកន្លែង​របស់​យើង

ការ​បង្កើត​មិត្តភក្តិ​ថ្មី

making friends at lunch

ពេល​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា គ្រួសារ​របស់​ខ្ញុំ​នឹង​ផ្លាស់​ប្ដូរ​លំនៅដ្ឋាន ខ្ញុំ​មាន​ចិត្ត​រំភើប​ខ្លាំង​ណាស់​ដើម្បី​មាន​មិត្ត​ភក្ដិ​ថ្មី ។ ពេល​យើង​បាន​ទៅ​ដល់​ទីក្រុង​ថ្មី​របស់​យើង យើង​បាន​ទៅ​ព្រះវិហារ ។ ខ្ញុំ​អាច​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​យ៉ាង​ខ្លាំង​នៅ​ទី​នោះ ហើយ​ខ្ញុំ​បាន​ដឹង​ថា រឿង​គ្រប់​យ៉ាង​នឹង​បាន​ល្អ​ប្រសើរ ។

មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​ចាប់ផ្ដើម​ទៅ​សាលា​រៀន​ថ្មី​របស់​ខ្ញុំ ។ ខ្ញុំ​គឺជា​ពួក​មរមន​តែ​ម្នាក់​គត់​នៅ​ក្នុង​សាលា​នោះ ។ ពេល​ខ្ញុំ​បាន​ដើរ​ចូល​ទៅ ខ្ញុំ​មាន​អារម្មណ៍​ពុំ​ស្រណុក​ចិត្ត​សោះ ។ ខ្ញុំ​អាច​ដឹង​ថា ខ្ញុំ​ខុស​ប្លែក​ពី​សិស្ស​ផ្សេង​ទៀត ។

ប៉ុន្មានសប្ដាហ៍​ដំបូង ខ្ញុំ​បាន​ព្យាយាម​រកមិត្ត​ភក្ដិ ។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ពុំ​ស្រណុក​ក្នុង​ចិត្ត​ទេ ! ខ្ញុំ​បាន​ព្យាយាម​អង្គុយ​ក្បែរ​មនុស្ស​ខុសៗ​គ្នា​នៅ​មុខ​វិជ្ជា​នីមួយៗ ហើយ​អង្គុយ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​តុ​ខុសៗ​គ្នា​រៀង​រាល់​ថ្ងៃ ។ វា​ទំនង​ដូច​ជា​ខ្ញុំ​ចំណាយ​កម្លាំង​ដោយ​ឥត​ប្រយោជន៍ ។

ខ្ញុំ​បាន​សម្រេច​ចិត្ត​ខិត​ខំ​ធ្វើ​ជា​គំរូ​ល្អ​មួយ​ដល់​សិស្ស​រួម​ថ្នាក់​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ខ្លួន​របស់​ក្រុម​យុវនារី និង​ការ​សិក្សា​ព្រះគម្ពីរ​ដោយ​ឧស្សាហ៍ ។ ពេល​ខ្ញុំ​បាន​ខិត​ខំ​ព្យាយាម ខ្ញុំ​បាន​យល់​ដឹង​យ៉ាង​ច្បាស់​ថា ខ្ញុំ​គឺជា​បុត្រី​ម្នាក់​របស់​ព្រះ ហើយ​ថា​ទ្រង់​ស្រឡាញ់​ខ្ញុំ ។

កាល​ពេល​វេលា​ចេះ​តែ​កន្លង​ទៅ ហើយ​ខ្ញុំ​បាន​បន្ត​ធ្វើ​ទង្វើ​ទាំងនេះ ខ្ញុំ​បាន​សម្គាល់​ឃើញ​រឿង​មួយ​គឺ ៖ ខ្ញុំ​បាន​ចាប់ផ្ដើម​មាន​មិត្ត​នៅ​ឯ​សាលា​រៀន ។ វា​ហាក់​ដូចជា​មនុស្ស​ជាច្រើន​ត្រូវ​បាន​ទាក់ទាញ​ឲ្យ​ចូលមក​ជិត​ខ្ញុំ ។ ពួកគេ​បាន​និយាយ​ថា ខ្ញុំ​មាន​អំពី​ឥរិយាបថ​យ៉ាង​ល្អត្រឹមត្រូវ ។ ខ្ញុំ​បាន​​ដឹង​ថា វា​កើត​ឡើង​ដោយសារ​ខ្ញុំ​ធ្វើ​ឲ្យ​ពន្លឺ​របស់​ខ្ញុំ​បាន​ភ្លឺ​ឡើង ។ ខ្ញុំ​មាន​ឥរិយាបថ​ខុស​ពី​មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ ខ្ញុំ​បាន​ស្លៀក​ពាក់​សមរម្យ ខ្ញុំ​បាន​ប្រើ​ពាក្យ​សម្ដី​ល្អៗ ហើយ​ខ្ញុំ​មាន​សណ្ដាន​ចិត្ត​ល្អ​ចំពោះ​មនុស្ស​ដទៃ ។

យើង​ទាំងអស់​គ្នា​គឺជា​កូនចៅ​របស់​ព្រះ ។ ខ្ញុំ​មាន​អំណរ​គុណ​ខ្លាំង​ណាស់ ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ពន្លឺ​របស់​ខ្ញុំ​បាន​ភ្លឺ​ឡើង ទោះ​ជា​ខ្ញុំ​មាន​អារម្មណ៍​ពុំ​ស្រណុក​ក្នុង​ចិត្ត​ក្ដី ។ ខ្ញុំ​ដឹង​ថា យើង​ពុំ​ដែល​ទុក​ឲ្យ​នៅ​តែ​ឯង​ឡើយ ប្រសិន​បើ​យើង​នៅ​ខាង​ព្រះអម្ចាស់ !

រេបេកា ស៊ី កោះ​ព្រីនស៍ អេដវើឌ ប្រទេស​កាណាដា

តើ​ខ្ញុំ​អាច​ចែកចាយ​ព្រះគម្ពីរ​មរមន​បាន​ដែរ​ឬទេ ?

អំឡុង​កម្មវិធី​ម៉្ញូតឆល យើង​បាន​ទទួល​កិច្ចការ​មួយ​ដើម្បី​ក្លាយ​ជា​អ្នក​ផ្សព្វ​ផ្សាយ​​សាសនា​តាមរយៈ​ការ​មាន​ដៃ​គូ​ម្នាក់ ដោយ​ចែកចាយ​ទីបន្ទាល់​របស់​យើង​ជាមួយ​នឹង​បុគ្គល​ម្នាក់​ដែល​ពុំ​មែន​ជា​សមាជិក និង​ដោយ​ការ​ឲ្យ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ដល់​មិត្ត​របស់​យើង​ដែល​ពុំ​មែន​ជា​សមាជិក ។

បន្ទាប់​ពី​កម្មវិធី​ម៉្ញូតឆល ខ្ញុំ​បាន​សូម​ពាក្យ​ទូន្មាន​ខ្លះៗ​ពី​អ្នក​ម្ដាយ​របស់​ខ្ញុំ ។ គាត់​បាន​សន្យា​ដល់​ខ្ញុំ​ថា ប្រសិន​បើ​ខ្ញុំ​បាន​អធិស្ឋាន​ដោយ​សេចក្ដី​ជំនឿ ហើយ​សូម​ព្រះវរបិតា​សួគ៌ នោះ​ទ្រង់​នឹង​ឆ្លើយ​តប​ជា​ប្រាកដ ។

ខ្ញុំ​បាន​ចំណាយ​ពេល​ពីរ​សប្ដាហ៍ ទើប​បាន​រក​ឃើញ​មនុស្ស​ម្នាក់​ដែល​សុខចិត្ត​ទទួល​យក​ព្រះគម្ពីរ​មរមន ។ ដំបូង​ឡើយ ខ្ញុំ​ត្រូវបានគេ​​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត ។ ខ្ញុំ​មាន​ចិត្ត​ធុញ​ទ្រាន់​នឹង​ការ​ឈឺចាប់​រហូត​ដល់​ខ្ញុំ​ស្ទើរ​តែ​មិនចង់​ធ្វើ​ទៀត​ឡើយ ។

មាន​យប់​មួយ ខ្ញុំ​បាន​សុបិន​ឃើញ​ស្ត្រី​ម្នាក់​ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្រួសារ​របស់​ខ្ញុំ ។ ពេល​ខ្ញុំ​បាន​សុបិន ខ្ញុំ​បាន​ដឹង​ថា គាត់​គឺជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ និង​ដៃ​គូ​របស់​ខ្ញុំ​ត្រូវ​ទៅ​ជួប ។ ពេល​ខ្ញុំ​បាន​ក្រោក​ពី​ដំណេក ខ្ញុំ​បាន​អរគុណ​ព្រះអម្ចាស់​ដែល​បាន​ជួយ​ដល់​ខ្ញុំ ។

នៅ​កម្មវិធី​ម៉្ញូតឆល​បន្ទាប់​ទៀត ដៃ​គូ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​សរសេរ​ទីបន្ទាល់​របស់​យើង​នៅ​ទំព័រ​ខាង​មុខ​នៃ​ព្រះគម្ពីរ​នោះ ហើយ​បាន​រៀបចំ​ផ្លែ​ឈើ​មួយ​កន្ត្រក​យក​ទៅ​ជូន​ស្ត្រី​នោះ ។ យើង​បាន​ទៅ​ផ្ទះ​របស់​គាត់ បាន​គោះ​ទ្វារ​របស់​គាត់ ហើយ​បាន​រង់​ចាំ ។ ទោះ​បី​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ថា​គាត់​នឹង​បដិសេធ​​ក្ដី ក៏​ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ឲ្យ​មាន​សេចក្ដី​ជំនឿ​ខ្លះ​ផងដែរ ។ នៅ​ទី​បំផុត គាត់​បាន​ចេញ​មក​ដោយ​ទឹក​មុខ​រីករាយ ហើយ​បាន​ព្រមទទួល​ព្រះគម្ពីរ​មរមន ។

តាម​រយៈ​បទពិសោធន៍​នេះ ខ្ញុំ​បាន​រៀន​ថា ពេល​អ្នក​មាន​សេចក្ដី​ជំនឿ​បន្តិច​ទៀត ហើយ​អ្នក​ដឹង​ថា ព្រះវរបិតាសួគ៌​ទ្រង់​គង់​នៅ​ទីនោះ អ្នក​អាច​ងាយ​នឹង​ទទួល​អារម្មណ៍​ថា រឿង​ដែល​ពុំ​ធ្វើ​ទៅ​បាន ​វា​នឹង​អាច​ធ្វើ​បាន ។

រ៉ាផាន់ហ្សេល អិល សាម័រ​អាមេរិក

វិស្សមកាល​របស់​ខ្ញុំ​ពី​ការ​រៀន​ព្យាណូ

vacation from piano lessons

ខ្ញុំ​បាន​សម្រេច​ចិត្ត​យក​ពេល​មួយ​សប្ដាហ៍​ដើម្បី​សម្រាក​ពី​ការ​ហ្វឹក​ហាត់​ព្យាណូ ។ គ្រូ​បង្រៀន​ព្យាណូ​របស់​ខ្ញុំ​ពុំ​បាន​អនុញ្ញាត​ចំពោះ​ការ​ឈប់សម្រាក​នេះ​ទេ ហើយ​អ្នក​ម្ដាយ​របស់​ខ្ញុំ​ក៏​ពុំ​អនុញ្ញាត​ដូច​គ្នា​ដែរ ។ អស់​រយៈពេល​មួយ​សប្ដាហ៍​ពេញ ខ្ញុំ​ពុំ​បាន​ហ្វឹក​ហាត់​សោះ ។ ខ្ញុំ​បាន​គិត​ថា វា​ជា​ពេល​ដ៏​អស្ចារ្យ​ណាស់ ដោយសារ​ខ្ញុំ​មាន​ពេល​ដ៏​ល្អ​មួយ​ដើម្បី​សម្រាក ហើយ​ធ្វើ​រឿង​ផ្សេង​ទៀត ។

ភាព​រីករាយ​បាន​បញ្ចប់​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ពេល​អ្នក​ម្ដាយ​របស់​ខ្ញុំ​បាន​រំឭក​ខ្ញុំ​ថា ខ្ញុំ​នឹង​មាន​មេរៀន​ព្យាណូ​នៅ​ព្រឹក​ស្អែក ។ ខ្ញុំ​បាន​គិត​ថា ខ្ញុំ​មាន​ដំណោះ​ស្រាយ​មួយ ៖ ខ្ញុំ​បាន​ក្រោក​ពី​ដេក​មួយ​ម៉ោង​មុន ហើយ​បាន​ចាប់ផ្ដើម​ហ្វឹក​ហាត់ ។ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា ការ​ខិតខំ​របស់​ខ្ញុំ​មាន​តិច​តួច ហើយ​យឺត​ពេល ។ ខ្ញុំ​បាន​រីករាយ​នឹង​សេរីភាព​ក្នុង​ការ​ជ្រើស​រើស ប៉ុន្ដែ​​ខ្ញុំ​ពុំ​បាន​គិត​ពី​ផល​វិបាក​នោះ​ទេ ។

លុះ​ស្អែក​ឡើង ពេល​ខ្ញុំ​បាន​ជួប​នឹង​គ្រូ​ប​ង្រៀន​របស់​ខ្ញុំ ផល​វិបាក​បាន​ចាប់ផ្ដើម​បើក​បង្ហាញ ។ ខ្ញុំ​ត្រូវ​សារភាព​ថា ខ្ញុំ​ពុំ​បាន​ហ្វឹក​ហាត់​ទេ ហើយ​គ្រូ​បង្រៀន​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គួរ​បន្ថែម​ម៉ោង​​ការ​ហ្វឹក​ហាត់​ដែល​ខ្ញុំ​បាន​ខក​ខាននោះ ​ពី​លើ​ម៉ោង​ហ្វឹក​ហាត់​ធម្មតា​របស់​ខ្ញុំ ។

ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​មេរៀន​ដែល​ខ្ញុំ​បាន​រៀន​អំពី​សិទ្ធិ​ជ្រើស​រើស ភារកិច្ច និង​ការទទួល​ខុសត្រូវ ។ រាល់​ការ​ជ្រើស​រើស​មាន​នូវ​ផល​មួយ ហើយ​ខ្ញុំ​បាន​រៀន​ថា ខ្ញុំ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ប្រសើរ ប្រសិន​បើ​ខ្ញុំ​ចំណាយ​ពេល​ពិចារណា​ពី​ផល​វិបាក​នោះ​ជា​មុន​សិន ។

ប្លេក អេជ រដ្ឋ​យូថាហ៍ ស.រ.អា.