យើងអាចធ្វើបានប្រសើរជាង ភាគ ២ ៖ ការស្វែងរកកន្លែងរបស់អ្នកនៅក្នុងសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
សូមកុំបណ្ដោយឲ្យមនុស្សដទៃរារាំងអ្នកពីការរីករាយនឹងពរជ័យនៃសមាជិកភាពនៅក្នុងសាសនាចក្ររបស់ព្រះគ្រីស្ទឡើយ ។
បន្ទាប់ពីពុំបានទៅព្រះវិហារអស់រយៈពេលប្រាំបីឆ្នាំ ផៅឡូ ( ឈ្មោះទាំងអស់ត្រូវបានផ្លាស់ប្ដូរ ) បានទទួលទូរស័ព្ទមួយមកពីប៊ីស្សពរបស់គាត់នៅប្រទេសប្រេស៊ីលដោយសួរថា គាត់សុខទុក្ខយ៉ាងណា ។ ផៅឡូចង់ត្រឡប់ទៅវិញយូរហើយ ប៉ុន្តែមានកង្វល់ជាច្រើនដែលរារាំងគាត់ពីការសកម្មដ៏ពេញលេញ ។ តើគាត់អាចចៀសវាងពីការប្រៀបធៀបខ្លួនឯងដែលនៅលីវទៅនឹងអ្នកដែលបានរៀបការ ហើយមានកូនតាមរបៀបណា ? តើគាត់នឹងមានមិត្តភក្ដិណាម្នាក់នៅឯព្រះវិហារដែរឬទេ បន្ទាប់ពីគាត់ពុំបានទៅយូរហើយ ហើយប្រសិនបើគាត់មាន តើពួកគេគិតយ៉ាងដូចម្ដេចអំពីគាត់ ? តើគាត់នៅតែអាចមានអារម្មណ៍អំពីព្រះវិញ្ញាណដូចដែលគាត់ធ្លាប់មា នពេលគាត់ប្រែចិត្តជឿ និងក្នុងបេសកកម្ម ឬមានសេចក្ដីជំនឿគ្រប់គ្រាន់ដើម្បីទទួលការហៅនានាដែរឬទេ ?
បន្ទាប់ពីបានទទួលទូរសព្ទនោះមួយខែមក ផៅឡូបានមើលប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានទីមួយ ថ្លែងសុន្ទរកថាក្នុងសន្និសីទមួយដែលមានចំណងជើងថា « មក ចូលរួមជាមួយយើង » ។១ គាត់នៅចាំថា « សុន្ទរកថានោះចាក់ក្នុងដួងចិត្តរបស់គាត់ខ្លាំងណាស់ » ហើយតែពីរបីសប្ដាហ៍ប៉ុណ្ណោះ គាត់បានបើករថយន្តទៅចំណតរថយន្តរបស់ព្រះវិហារ ហើយធ្វើការអធិស្ឋានដោយស្ងៀមស្ងាត់មួយទាំងញ័រខ្លួនចំប្រប់ទូលសូមកម្លាំងដើម្បីចេញពីរថយន្តនោះ ហើយដើរចូលទៅក្នុងអគារ ។
គាត់នឹកចាំពីឆ្នាំដំបូងបន្ទាប់ពីគាត់ត្រឡប់មកវិញថា « អ្វីៗគ្រប់យ៉ាងពុំល្អឥតខ្ចោះនោះទេ » ។ វាពុំងាយសម្របខ្លួនបានឡើយ ។ ប៉ុន្តែអារម្មណ៍មួយនៃការនៅជាប់នឹងព្រះអង្គសង្គ្រោះ និងបំណងប្រាថ្នាដ៏មោះមុតមួយដើម្បីទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធបានជួយគាត់ឲ្យយកឈ្នះលើភាពភ័យខ្លាចរបស់គាត់ ។ គាត់បានចាប់ផ្ដើមអានព្រះគម្ពីររបស់គាត់ ហើយអធិស្ឋានជាថ្មីឡើងវិញ ។ គាត់ណែនាំដល់អស់អ្នកដែលមានអារម្មណ៍ថាពុំមានគេរាប់អានថា « ប្រសិនបើអ្នកពុំសុខចិត្តចុះចាញ់ទេ អ្នកនឹងទទួលបានកម្លាំង ហើយអាចមានអារម្មណ៍ថាព្រះអម្ចាស់កំពុងប្រទានពរដល់អ្នក » ។ « ខ្ញុំមានទីបន្ទាល់មួយថា នេះគឺជាសាសនាចក្ររបស់ព្រះគ្រីស្ទ ប៉ុន្តែគឺអ្នកនឹងរកឃើញអារម្មណ៍ពិតនៃការមានចំណែកនោះ នៅក្នុងទ្រង់ » ។
រឿងរបស់ផៅឡូតំណាងឲ្យចំណុចជាច្រើនដែលថ្នាក់ដឹកនាំសាសនាចក្ររៀបរាប់នៅក្នុងស៊េរីវីដេអូសាមគ្គីភាពនៅក្នុងភាពទីទៃពីគ្នា ។ សារលិខិតរបស់ពួកលោកផ្ដល់នូវសេចក្ដីសង្ឃឹម និងការណែនាំដល់អស់អ្នកដែលពុំមានអារម្មណ៍ថា ខ្លួនគ្មានបង្អែក ។ ពេលខ្លះយើងមានអារម្មណ៍ឯកោ សូម្បីតែនៅក្នុងព្រះវិហារ ប៉ុន្តែដូចដែលថ្នាក់ដឹកនាំ និងសមាជិកទាំងនេះលើកឡើង មានរឿងជាច្រើនដែលយើងអាចធ្វើដើម្បីជួយខ្លួនយើងឲ្យឆ្លងផុតការប្រឈមនានា ដែលមានដូចជាការមិនរាប់បញ្ចូល ឬការមិនសូវរាក់ទាក់ពីសំណាក់មនុស្សដទៃទៀត ។ យើងអាចចៀសវាងពីការប្រៀបធៀប ដើរឆ្ពោះទៅមុខក្នុងភាពមិនច្បាស់លាស់ ទាំងដឹងថាតែងតែមានការត្រឡប់មកវិញជានិច្ច ហើយសំខាន់ជាងនេះទៀតគឺទុកចិត្តលើព្រះអង្គសង្គ្រោះ ។
ចៀសវាងការប្រៀបធៀប ៖ នៅទីបំផុតយើងទាំងអស់គ្នានឹងទទួលបានពរជ័យ
« ពេលអ្នកចាប់ផ្ដើមប្រៀបធៀបពីគ្នាទៅវិញទៅមក វានាំទៅរកការបាក់ទឹកចិត្ត ឬវាដឹកនាំទៅរកអំនួត ។ … ពរជ័យនានាអាចកើតមានក្នុងរយៈពេលខ្លី ។ ពរជ័យនានាអាចកើតមានក្នុងរយៈពេលវែង ។ ខ្ញុំជឿថា ពេលខ្លះពរជ័យនានាកំពុងរង់ចាំយើង បន្ទាប់ពីយើងឆ្លងកាត់វាំងនននោះ ។ … នៅទីបំផុត យើងអាចទទួលការអះអាងថា ការសន្យានៃជីវិតដ៏នៅអស់កល្បជានិច្ចគឺមានសម្រាប់មនុស្សគ្រប់គ្នា » ។
— អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់
រ៉ូឆេលបានផ្លាស់លំនៅទៅរ់សក្នុងផ្ទះដ៏តូចមួយនៅតំបន់អ្នកមាននៃភាគខាងលិចសហរដ្ឋអាមេរិក បន្ទាប់ពីចំណាយពេលរស់នៅក្នុងទីជម្រករបស់មនុស្សដែលគ្មានផ្ទះសម្បែងមួយ ។ ដោយបានលះលែងពីស្វាមី ហើយត្រូវមើលថែកូនបីបួននាក់ នាងបានធ្វើការងារពីរ ពេលខ្លះបី ដើម្បីអាចមានលទ្ធភាពបង់ថ្លៃអាហារ និងថ្លៃឈ្នួលផ្ទះ ហើយបានអសកម្មចាប់តាំងពីនាក់បានប្រែចិត្តជឿមក ។
នាងបានពន្យល់ថា « ទោះជាមនុស្សស្ទើរតែគ្រប់គ្នានៅក្នុងវួដថ្មីរបស់ខ្ញុំទំនងជាមានជីវភាពប្រសើរជាងខ្ញុំក្ដី ក៏ពួកគេបានមករាក់ទាក់ខ្ញុំ ហើយបានទទួលយករបៀបដែលខ្ញុំស្លៀកពាក់ដែរ ។ មនុស្សគ្រប់គ្នាបានខ្វាយខ្វល់ពិតមែន » ។
ទោះបីជាស្ថិតនៅក្រោមសម្ពាធខាងហិរញ្ញវត្ថុដ៏ធំក្ដី ក៏រ៉ូឆេលពុំដែលខឹងនឹងមនុស្សដទៃចំពោះស្ថានភាពដ៏សុខស្រួលរបស់ពួកគេដែរ ។ នាងនឹកចាំថា « ពិតណាស់ ខ្ញុំចង់មានជីវភាពសមរម្យ ប៉ុន្តែខ្ញុំពុំដែលក្រឡេកទៅផ្ទះរបស់អ្នកជិតខាងខ្ញុំ ហើយមានអារម្មណ៍ថា ព្រះបានទុកខ្ញុំចោលនោះទេ ។ ខ្ញុំអាចទទួលអារម្មណ៍ថា ទ្រង់កំពុងយាងដើរនៅក្បែរខ្ញុំ សូម្បីតែនៅពេលខ្ញុំធ្វើការជ្រើសរើសខុសក្ដី » ។
ទោះជាកាលវិភាគការងាររបស់រ៉ូឆេលមានភាពមមាញឹកនៅពេលខ្លះក្ដី ក៏នៅទីបំផុតថ្នាក់ដឹកនាំវួដ និងមិត្តភក្ដិបានជួយនាងឲ្យបំពេញការទន្ទឹងចង់បានដើម្បីចូលទៅក្នុងព្រះវិហារបរិសុទ្ធ ។ នាងសង្កេតឃើញថា « ការទៅព្រះវិហារបរិសុទ្ធជាទៀងទាត់ជួយខ្ញុំឲ្យមានអំណរគុណដែលខ្ញុំអាចធ្វើបានមកដល់ពេលនេះ ។ ខ្ញុំពុំបារម្ភថា មនុស្សដទៃទៀតទំនងជាដើរទៅមុនខ្ញុំនោះ ទេ » ។
រ៉ូឆេល និងកូនស្រីរបស់នាងបានជួបបញ្ហាស្មុគស្មាញ ហើយ« ពុំមែនជាគ្រួសារអិល.ឌី.អែស.ដ៏ល្អឥតខ្ចោះនោះទេ » ។ ប៉ុន្តែនាងក៏បានឃើញផងដែរថា « មនុស្សគ្រប់គ្នាមានបញ្ហា ហើយគ្មានគ្រួសារណាមួយល្អឥតខ្ចោះនោះទេ » ជាទស្សនៈមួយដែលជួយនាងឲ្យរួចផុតពីការមើលទៅមនុស្សដទៃ ប៉ុន្តែផ្ទុយទៅវិញផ្ដោតលើទំនាក់ទំនងរបស់នាងជាមួយនឹងព្រះ ។
នាងថ្លែងថា « កូនស្រីរបស់ខ្ញុំអាចនមើលឃើញអ្វីខុសគ្នាមួយដែលដំណឹងល្អបានផ្ដល់ឲ្យនៅក្នុងជីវិតរបស់ខ្ញុំ ។ ខ្ញុំអាចទទួលអារម្មណ៍ថាខុសប្លែកផងដែរ ហើយខ្ញុំមានការមមាញឺកល្មមគ្រប់គ្រាន់ជាមួយនឹងការងារ គ្រួសារ និងសាសានចក្រ រហូតដល់ខ្ញុំគ្មានពេលដើម្បីប្រៀបធៀបនឹងមនុស្សដទៃឡើយ ។ ខ្ញុំគ្រាន់តែរីករាយនៅលើផ្លូវដ៏ត្រឹមត្រូវនេះ » ។
សូមរឹងមាំ ៖ ព្រះគ្រីស្ទអាចកែប្រែអ្នកបាន
« ទោះជាមនុស្សដែលកំពុងអង្គុយក្បែរខ្ញុំមិនអើរពើរនឹងខ្ញុំ ឬក៏ចង់ងាកចេញឆ្ងាយពីខ្ញុំក្ដី … វាពុំផ្លាស់ប្ដូរធាតុពិតនៃអ្វីដែលព្រះគ្រីស្ទមានព្រះទ័យចំពោះខ្ញុំ និងឱកាសដែលខ្ញុំមាននៅក្នុងព្រះគ្រីស្ទឡើយ ។ … បុគ្គលគ្រប់រូបត្រូវតាំងចិត្តថា ពួកគេនឹងមានកន្លែងមួយនៅក្នុងនគរព្រះ [ និងនៅក្នុង ] ព្រះកាយរបស់ព្រះគ្រីស្ទ ហើយមនុស្សដទៃដែលមិនចេះគិត ឬធ្វេសប្រហែស ឬកាន់តែអាក្រក់ជាងនេះទៀតពុំអាចបញ្ឈប់ការតាំងចិត្តនោះឡើយ » ។
— អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់
តាំងពីធំដឹងក្ដីមក ម៉ាថាយបានទៅព្រះវិហារក្នុងសាខាតូចៗ ។ គាត់ និងភរិយារបស់គាត់ ជាអ្នកប្រែចិត្តជឿមកពីប្រទេសអ៊ុយក្រែន ធ្លាប់មានការហៅបម្រើជាច្រើន ហើយចូលប្រឡូកយ៉ាងពេញលេញជាមួយនឹងសហគមន៍អិលឌីអែសអន្តរជាតិ ប៉ុន្តែក្រោយមកបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក ។ គាត់នឹកចាំថា វួដដ៏ធំ និងការរំពឹងទុកខាងវប្បធម៌ខុសគ្នាបានធ្វើឲ្យពួកគាត់មានអារម្មណ៍ថា « គ្មានអ្នកត្រូវការពួកគេ ហើយគ្មានគោលបំណង » ។ « យើងទំនងជាពុំចុះសម្រុងនឹងគេទេ ។ យើងបានមានអារម្មណ៍ថា គ្មានអ្នកអើពើ ដោយខ្វះនូវការលើកស្ទួយ និងទំនាក់ទំនងនៅថ្ងៃអាទិត្យ » ។
ការខកចិត្តរបស់ពួកគាត់បានទៅដល់ចំណុចធ្ងន់ធ្ងរមួយ បន្ទាប់ពីផ្លាស់ទៅទីក្រុងផ្សេងទៀតមួយទៀត ពេលម៉ាថាយ និងភរិយារបស់គាត់ទន្ទឹងរង់ចាំការមកសួរសុខទុក្ខមួយពីសំណាក់ថ្នាក់ដឹកនាំបព្វជិតភាពក្នុងមូលដ្ឋានម្នាក់ ប៉ុន្តែគោលបំណងដែលគាត់មកសួរសុខទុក្ខនោះ គឺដើម្បីសុំឲ្យពួកគេមើលថែកូនរពឹសរបស់ពួកគាត់កុំឲ្យរពឹសក្នុងអំឡុងការប្រជុំសាក្រាម៉ង់ទៅវិញ ។ ដោយមានការឈឺចាប់ខ្លាំងពេក ម៉ាថាយបានគិតថាឈប់ទៅព្រះវិហារ ។ គាត់ពន្យល់ថា « អ្វីដែលបានជួយខ្ញុំគឺជាទីបន្ទាល់របស់ខ្ញុំ នេះគឺជាសាសនាចក្ររបស់ព្រះអម្ចាស់ ហើយថាព្រះអង្គសង្គ្រោះសព្វព្រះទ័យឲ្យខ្ញុំត្រឡប់ទៅទីនោះវិញ ។ ការចូលរួមនៅក្នុងដំណឹងល្អមានសារៈសំខាន់ហួសពីការឈឺចាប់ ឬបញ្ហាផ្ទាល់ខ្លួននានាដែលខ្ញុំនឹងជួបនៅក្នុងជីវិតនេះទៅទៀត » ។
ពេលខ្លះស្ថានភាពក្នុងសាសនាចក្រអាចធ្វើឲ្យយើងមានអារម្មណ៍ឯកោ គ្មានគេឯងអើពើ និងមិនត្រូវការ ជាកាលៈទេសៈមួយដែលពុំមែនជារឿងចម្លែកចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយឡើយ ។ អ្នកនិពន្ធនិកាយកាតូលីកឈ្មោះ ដេវីឌ មីលស៍ រៀបរាប់ពីការប្រឈមដែលអ្នកទៅព្រះវិហារជួបប្រទះនៅក្នុងទំនាក់ទំនងជាមួយនឹងមនុស្សដែល « មានទ្រព្យសម្បត្តិច្រើនជាង ឬក្រជាង មានការអប់រំច្រើន ឬ តិចជាងអ្នក ។ ពួកគេប្រហែលជាមានពូជអម្បូរ ឬជាតិសាសន៍ ឬវ័យខុសពីអ្នក » ។ លោកពន្យល់ថា យើងអាចនឹងពុំជ្រើសយកពួកគេធ្វើជាបណ្ដាញផ្សេងៗនៅក្នុងសង្គមរបស់យើងឡើយ ។ ប៉ុន្តែការតាំងចិត្តខាងសាសនាវាទាក់ទងនឹងការចូលរួមនឹងមនុស្សដែលយើងពុំជ្រើសយក ហើយ « ផ្ដល់កន្លែងមួយដែលវាប្រៀបបានទៅនឹងសហគមន៍មួយជាជាងបណ្ដាញ ។ … អ្នកត្រូវរៀនស្រឡាញ់មនុស្សទាំងនេះ ឬយ៉ាងហោចណាស់ប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ ពេលអ្នកពុំចង់ធ្វើវា » ។២ ចូរពឹងផ្អែកលើព្រះពេលអ្នកពុំអាចទប់ ឬមិនចង់រាប់អានមនុស្សនៅក្នុងសហគមន៍សាសនារបស់អ្នក ជារឿយៗវិធីល្អតែមួយគត់គឺត្រូវយកឈ្នះបញ្ហានោះ ។
ម៉ាថាយបានរកឃើញការពឹងផ្អែកលើព្រះសំខាន់ណាស់ដើម្បីបន្តសកម្មនៅក្នុងសាសនាចក្រ ។ គាត់ពន្យល់ថា « ពេលខ្លះ រឿងតែមួយគត់ដែលជួយខ្ញុំឲ្យនៅបន្តនៅសកម្មគឺជាទីបន្ទាល់របស់ខ្ញុំអំពីព្រះគ្រីស្ទ » ។ « ដំណឹងល្អគឺសំខាន់ជាងយើងទាំងអស់គ្នា ។ ព្រះគ្រីស្ទទតឃើញអ្វីដែលយើងមើលមិនឃើញ ត្រាស់ដឹងអំពីអ្វី ដែលយើងអាចប្រែក្លាយ ហើយមានបន្ទប់សម្រាប់មនុស្សទាំងអស់ » ។
ចាស្មីន ជាសមាជិកម្នាក់នៅសហរដ្ឋអាមេរិកភាគខាងត្បូង សារភាពថា « ខ្ញុំពិបាកត្រូវគ្នាជាមួយនឹងបងស្រីម្នាក់នៅក្នុងវួដរបស់ខ្ញុំដែលហាក់ដូចជាជ្រៀតជ្រែកក្នុងជីវិតរបស់ខ្ញុំខ្លាំងណាស់ ហើយខ្ញុំបណ្ដោយឲ្យរឿងនោះទាញខ្ញុំឲ្យឃ្លាតឆ្ងាយ » ។ ប៉ុន្តែពេលភាពខ្វាយខ្វល់ចំពោះកូនប្រុសតូចរបស់នាងបានចាប់ផ្ដើមមានទម្ងន់ធ្ងន់ជាងភាពមិនច្បាស់លាស់អំពីស្ថានភាពពេលត្រឡប់ទៅវិញ នោះចាស្មីនបានដឹងថា វាគឺជាពេលដែលមិនត្រូវ « បណ្ដោយឲ្យគំនិតរបស់មនុស្សដទៃគិតអំពីការទាញខ្ញុំឲ្យឃ្លាតឆ្ងាយពីព្រះគ្រីស្ទ — មិនថាខ្ញុំមានអារម្មណ៍ថា មនុស្សម្នាក់នៅក្នុងវួដមើលងាយខ្ញុំដែរឬអត់នោះទេ » ។
នាងបានប្រមូលភាពក្លាហានគ្រប់គ្រាន់ដើម្បីដើរចូលទៅក្នុងព្យុះភ្លៀងដ៏ធំនាថ្ងៃអាទិត្យមួយឆ្ពោះទៅកាន់កន្លែងដែលគ្រួសារដ៏តូចរបស់នាងបានទទួលអារម្មណ៍នូវការឱបក្រសោបពីសំណាក់មិត្តភក្ដិ ដែលអាចជួយពួកគេឲ្យរីកចម្រើននៅក្នុងសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទក្នុងពេលបន្តិចទៀត ។ នាងថ្លែងថា « ខ្ញុំសោកស្ដាយដែលដើរចេញ » ។ « ប៉ុន្តែខ្ញុំមានអំណរគុណដែលខ្ញុំពុំចុះចាញ់ ហើយថាខ្ញុំបានខិតខំឆ្ពោះមុខ ដោយសារដំណឹងល្អគឺពុំទាក់ទងនឹងរឿងដែលមនុស្សដទៃ — ឬ ខ្ញុំគិតឡើយ — ប៉ុន្តែវាទាក់ទងនឹងព្រះអង្គសង្គ្រោះរបស់ខ្ញុំ » ។
ឈានមួយជំហានចូលទៅក្នុងភាពងងឹត ៖ ពន្លឺនឹងមានតាមក្រោយ
« បុរសស្ត្រីខាងសាច់ឈាមថ្លែងថា ‹ គ្មានផ្លូវណាសោះ ដែលខ្ញុំឈានមួយបោះជំហាននេះ [ ហើយ ] រំកិលចូលទៅក្នុងភាពងងឹតរហូតដល់ពន្លឺរំកិលមក ហើយខ្ញុំអាចឃើញទីកន្លែងដែលខ្ញុំនឹងទៅបានឡើយ ។ តម្រូវការនោះគឺថា យើងត្រូវឈានជំហាននោះ ដោយរំពឹងថា ពេលយើងជើងរបស់យើងប៉ះនឹងដី នោះពន្លឺនឹងរំកិលមក » ។
— អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់
ពេលខ្លះវាពិបាកសម្រាប់សមាជិកថ្មីដើម្បីបន្តចាក់គ្រឹះក្នុងដំណឹងល្អ ពេលពួកគេគ្មានការអះអាងពេញលេញមួយអំពីអនាគតនោះ ។ ចំពោះ ម៉ៃ ឈីន ជាស្ត្រីមេផ្ទះម្នាក់នៅប្រទេសតៃវ៉ាន់ ដែលបានស្ដាប់តាមការដាស់តឿននៃដំណឹងល្អ ដើម្បីនាំយកកូនចៅមកកាន់ពិភពលោកនេះ ការរៀនសូត្រអំពីកត្តានៃ សេចក្ដីជំនឿនេះគឺជាជំហានមួយដ៏លំបាក ដោយសារ នាងបានសង្កេតឃើញថា « មានមនុស្សជាច្រើននៅក្នុងប្រទេសរបស់ខ្ញុំ មានកូនម្នាក់ ឬចិញ្ចឹមសត្វមួយក្បាលជំនួសវិញ » ។ ការមានគត៌ម្ដងៗតម្រូវឲ្យនាងត្រូវមានសេចក្ដីជំនឿដើម្បីឈានចូលទៅក្នុងរឿងដែលនាងពុំដឹងថានឹងមានអ្វីកើតឡើង ហើយពេលខ្លះមិនអើពើនឹងការរិះគន់យ៉ាងខ្លាំងពីសំណាក់សាច់ញាតិ និងពីសង្គម ។
ជារឿយៗ ការដើរឆ្ពោះទៅមុខតម្រូវឲ្យមានការបោះជំហានទៅក្នុងរឿងដែលយើងពុំដឹងថានឹងមានអ្វីកើតឡើង ដែលវាអាចជារឿងគួរឲ្យភ័យខ្លាចចំពោះពួកអ្នកថ្មីថ្មោងនៅក្នុងសេចក្ដីជំនឿនេះ ។ វាតម្រូវឲ្យមានការអភិវឌ្ឍទំនុកចិត្តថា ព្រះអម្ចាស់នឹងជួយពួកគេនៅតាមផ្លូវនោះ ។ អែលឌើរ បែដណា អះអាងថា ការមានភាពលំបាក និងភាពមិនច្បាស់លាស់គឺជាផ្នែកធម្មតាមួយនៃដំណើរការរៀនសូត្រ និងការរីកចម្រើនរបស់យើង ប៉ុន្តែពេលខ្លះជំហានរបស់យើងចូលទៅក្នុងរឿងដែលយើងពុំដឹងថានឹងមានអ្វី កើតឡើងនោះ — មិនថាវាទាក់ទងនឹងការបង្កើតគ្រួសារ ឬការត្រឡប់មកចូលរួមនៅក្នុងសាសនាចក្រវិញយ៉ាងណានោះទេ — វាអាចជារឿងមួយដ៏លំបាកបំផុត ដោយសារសាក្សីកើតមានបន្ទាប់ពីការសាកល្បងនៃសេចក្ដីជំនឿរបស់យើង ( សូមមើល អេធើរ ១២:៦ ) ។ ម៉ៃ ឈីន និងស្វាមីរបស់នាងបានទទួលសាក្សីមួយនេះបន្ទាប់ពីបង្កើតគ្រួសារមួយ ។ នាងថ្លែងថា « យើងមានចិត្តរីករាយ ហើយមានអំណរគុណជាខ្លាំងចំពោះកូនៗរបស់យើង » ។ « យើងបានរៀនរស់នៅតាមសមត្ថភាពរបស់យើង ដើម្បីជួយ ហើយស្រឡាញ់គ្នាទៅវិញទៅមក ។ ខ្ញុំមានអំណរគុណដែលយើងបាននាំពួកគេមកកាន់ពិភពលោកនេះ » ។
ជារឿយៗ ជំហានចាប់ផ្ដើមគឺជារឿងលំបាកបំផុត ។ យោងតាមអែលឌើរ បែដណា « លើកទីមួយដែលយើង [ ឈានចូលទៅក្នុងភាពងងឹតនោះ ] វាពុំជាការសង្ស័យទេ ប៉ុន្តែមាននូវភាពមិនច្បាស់លាស់បន្តិចបន្តួច ជាការថប់ក្នុងចិត្តបន្តិចបន្តួច ដែលវាគឺជារឿងធម្មតា » ។ កាលដំណើរការនៃការដើរឆ្ពោះទៅមុខអាចពុំមានភាពរលូនទាំងស្រុងក្ដី ( លោកពន្យល់ថា « ពុំមែនជាវដ្ដដ៏ល្អឥតខ្ចោះមួយដែលគ្មានការរំខាននោះឡើយ » ) យើងអាចរីកចម្រើនបន្តិចម្ដងៗ « មួយបន្ទាត់ម្តងៗ » ដោយមានសេចក្ដីជំនឿរបស់យើងកើនឡើងយ៉ាងខ្លាំង ។
ការដើរឆ្ពោះទៅមុខត្រូវការការហ្វឹកហាត់ បានណែនាំរបស់ ឡាសា ចចចារ ជាអ្នកប្រែចិត្តជឿម្នាក់នៅក្នុងប្រទេសដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្សី និងទ្វីបអឺរ៉ុប ។ ការរៀនទុកចិត្តលើមិត្តជាអិលឌីអែសគឺជាជំហានទីមួយរបស់គាត់ ដែលក្រោយមកគាត់បានយល់ព្រមទទួលពរជ័យមួយនៃបព្វជិតភាព ។ គាត់ពន្យល់ថា « បន្ទាប់មកខ្ញុំអាចដើរឆ្ពោះទៅមុខជាមួយទទួលយកការពិភាក្សារបស់អ្នកផ្សព្វផ្សាយសាសនា » ។ ពេលសេចក្ដីជំនឿរបស់ឡាសាមានភាពរីកចម្រើន « ខ្ញុំបានធ្វើរឿងដ៏ធំគឺពិធីបុណ្យជ្រមុជទឹក សូម្បីតែខ្ញុំមិនប្រាកដចិត្ត ១០០ ភាគរយក្ដី ។ ប៉ុន្តែព្រះអម្ចាស់បានប្រទានឲ្យខ្ញុំនូវភាពក្លាហាននៅដំណាក់កាលនីមួយៗ ហើយខ្ញុំមានអំណរគុណជាខ្លាំងនៅពេលនេះ ដែលខ្ញុំបានធ្វើរឿងនោះ » ។
សូមកុំបោះបង់ឡើយ
« មនុស្សដែលគិតថា ពួកគេមានអំពើបាបជាច្រើន ឬដើរហួស ឬបានចេញឆ្ងាយអស់រយៈពេលជាយូរ ហើយមិនអាចត្រឡប់ចូលមកក្នុងវនោះវិញបានទេ ៖ ការប្រកាសរបស់ខ្ញុំគឺថា គ្មាននរណាធ្លាក់ចុះទាបជាងពន្លឺនៃព្រះគ្រីស្ទឡើយ ។ វាពុំអាចទៅរួចឡើយ » ។
— អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងក្រុមនៃពួកសាវកដប់ពីរនាក់
ដោយធំដឹងក្ដីឡើងនៅក្នុងគ្រួសារអិលឌីអែសដ៏ស្មោះត្រង់មួយនៅរដ្ឋយូថាហ៍ ស.រ.អា. ប្រាយអិនបានមានអារម្មណ៍ហាក់ដូចជាគាត់មិនត្រូវការសាសនាចក្រទេ ។ គាត់ថ្លែងថា « ខ្ញុំបានរីករាយនឹងល្បែងដែលធ្វើឲ្យស្រមើស្រមៃ ភាពយន្ត និងតន្ត្រីរ៉ុក ប៉ុន្តែពុំមែនក្រុមកាយឬទ្ធិ ព្រះគម្ពីរ ថ្នាក់សិក្ខាសាលា និងកីឡាទេ » ។ កាលគាត់បានចេញពីផ្ទះភ្លាម គាត់ផ្លាស់ចូលទៅរស់នៅក្នុងផ្ទះជួលមួយ ហើយ « ផ្ដល់សេរីភាពឲ្យខ្លួនឯងចំពោះរឿងលោកិយ រួមទាំងការរួមភេទ និងថ្នាំញៀនផងដែរ » ។ មួយរយៈក្រោយមកនៃអ្វីដែលប្រាយអិនហៅថា « ល្បែងហួសខ្នាត និងការដកពិសោធន៍ » គាត់បានធ្លាក់ចូលក្នុងបញ្ហាខាងហិរញ្ញវត្ថុ ហើយឪពុកម្ដាយរបស់គាត់បានយកគាត់មកនៅជាមួយម្ដងទៀត ទោះបីជាគាត់មិនត្រឡប់ទៅព្រះវិហារក្ដី ។
កំណើតរបស់ប្អូនស្រីម្នាក់បានធ្វើឲ្យប្រាយអិនវាយតម្លៃទស្សនៈរបស់គាត់ឡើងវិញ ។ ពេលគាត់បីនាងជាលើកដំបូង គាត់នៅចាំថា « ខ្ញុំបានដឹងថា នាងពុំមែនគ្រាន់តែជាសត្វមួយប្រភេទទៀតនោះទេ »។ គាត់បានចូលរួមការប្រសិទ្ធពរទារករបស់នាងទាំងភ័យខ្លាច ហើយពេលសាក្រាម៉ង់បានហុចឲ្យគាត់ « ខ្ញុំបានហុចវាបន្ត ប៉ុន្តែខ្ញុំមានអារម្មណ៍ស្រេកឃ្លានខាងវិញ្ញាណ » ។
ដោយព្យាយាមយល់អំពីអារម្មណ៍ច្របូលច្របល់របស់គាត់ ប្រាយអិនបានចាប់ផ្ដើមសរសេរកំណត់ហេតុមួយ ។ គាត់ថ្លែងថា « មានយប់មួយ ខ្ញុំបាននៅដល់យប់ជ្រៅសរសេរអំពីបញ្ហាខាងវិញ្ញាណរបស់ខ្ញុំ ហើយខ្ញុំបានមានបទពិសោធន៍ខាងវិញ្ញាណដំបូងរបស់ខ្ញុំ ទោះមិនមែនជារឿងល្អក្ដី » ។ គាត់បានទទួលអារម្មណ៍ថា មានកម្លាំងនៃអំពើអាក្រក់ ការស្អប់ និងកំហឹងកំពុងព្យាយាមចាប់យកព្រលឹងរបស់គាត់ ។ គាត់ពន្យល់ថា « បន្ទាប់ពីនោះមក ខ្ញុំបានដឹងថា ខ្ញុំត្រូវការព្រះអម្ចាស់ » ។ ប៉ុន្តែដោយសារតែការវង្វេងឆ្ងាយ ប្រាយអិន បានងឿងឆ្ងល់ថា « តើខ្ញុំអាចមានភាពសក្ដិសមនឹងជំនួយ និងការការពាររបស់ទ្រង់ដែរឬទេ ? » គាត់ក៏បានចោទសួរថា តើគាត់អាចទទួលសាក្រាម៉ង់ជាថ្មីបានដែរឬទេ ។
ផ្លូវត្រឡប់មកវិញគឺលំបាកណាស់ ។ ការឈប់ជក់បារីគឺមិនងាយឡើយ ការសារភាពទៅកាន់ប៊ីស្សពតម្រូវឲ្យមានភាពក្លាហាន ហើយការងាកចេញពីមិត្តភក្ដិ និងសកម្មភាពពីមុនគឺជារឿងដ៏លំបាក ។ គ្រួសារ មិត្តស្រី និងប៊ីស្សពរបស់គាត់ ពួកគេទាំងអស់គ្នាបានគាំទ្រគាត់ ប៉ុន្តែប្រាយអិនបានរកឃើញប្រភពចម្បងរបស់គាត់ពីកម្លាំងនៅក្នុងព្រះយេស៊ូវគ្រីស្ទ ។
គាត់ចងចាំថា « ខ្ញុំឃើញថា ព្រះអម្ចាស់អន្ទះសារចង់ជួយដល់ខ្ញុំ » ។ « ឱកាសថ្មីៗបានបើកឡើងដើម្បីជំនួសឲ្យស្វែងរកពីមុនរបស់ខ្ញុំ ។ កាលណាខ្ញុំខិតខំរស់នៅតាមដំណឹងល្អកាន់តែខ្លាំង ផ្លូវរបស់ខ្ញុំកាន់តែមានភាពស្រឡះ » ។ ដូចដែលប្រាយអិនបានទុកចិត្តលើព្រះអម្ចាស់ ហើយបានរកឃើញពីព្រះទ័យចង់អភ័យទោស និងព្យាបាលរបស់ទ្រង់ នោះសាក្រាម៉ង់មានន័យកាន់តែខ្លាំងចំពោះគាត់ ហើយបានជួយនាំគាត់ឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ ។ « កាលខ្ញុំបានទទួលនំប៉័ង និងទឹកនៅឯព្រះវិហាររាប់រយដងកាលពីក្មេង នៅទីបំផុតខ្ញុំអាចទទួលទានសាក្រាម៉ង់ដើម្បីទទួលបានអារម្មណ៍ដូចលើកទីមួយ » ។
គ្មាននរណាម្នាក់អាចជំនួសអ្នកបានឡើយ
ការដើរចេញពីរថយន្ត ហើយចូលទៅក្នុងព្រះវិហារ ការជួយដល់សមាជិកផ្សេងទៀត ការយកឈ្នះលើអារម្មណ៍ឈឺចាប់ ការរស់នៅតាមដំណឹងល្អដោយគ្មានការអះអាងពេញលេញអំពីអនាគត និងការសារភាពអំពើបាប — យើងទាំងអស់គ្នាដើរលើផ្លូវដ៏លំបាក ហើយមិនច្បាស់លាស់ឆ្ពោះទៅកាន់ដើមឈើជីវិត ( សូមមើល នីហ្វៃទី ១ ៨ ) ។
ការតាំងចិត្តរបស់យើងដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ គឺជារឿងចាំបាច់សម្រាប់ការទៅដល់ដោយសុវត្ថិភាព ។ ខណៈដែលការលើកទឹកចិត្ត សេចក្ដីស្រឡាញ់ និងការទទួលយកពីសំណាក់សមាជិកផ្សេងទៀតក្នុងសាសនាចក្រ និងថ្នាក់ដឹកនាំគឺជារឿងសំខាន់ យើងម្នាក់ៗអាចនឹងជួបនូវគ្រាដែលយើងត្រូវមានឆន្ទៈដើរតាមព្រះអង្គសង្គ្រោះ សូម្បីតែយើងមានអារម្មណ៍ដូចជាយើងកំពុងធ្វើវាតែម្នាក់ឯងក៏ដោយ ។
សូមទទួលកន្លែងរបស់អ្នកនៅក្នុងសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមកុំប្រៀបធៀប ចូរឲ្យព្រះគ្រីស្ទកែប្រែអ្នក សូមបោះជំហាននៃសេចក្ដីជំនឿដែលនឹងទទួលបានរង្វាន់ ហើយដឹងថា ការវិលត្រឡប់មកវិញ វាពុំដែលយឺតពេលឡើយ ។ « ហេតុដូច្នោះហើយ បើសិនជាអ្នករាល់គ្នាខិតខំជឿនទៅមុខ ដោយទទួលនូវព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត មើលចុះ នោះព្រះវរបិតាទ្រង់មានព្រះបន្ទូលថា ៖ អ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » ( នីហ្វៃទី ២ ៣១:២០ ) ។