ផាវ
ពេលអែលឌើរ ឌែល ជី រេនឡាន់ មានអាយុ១២ ឆ្នាំ គ្រួសាររបស់លោកបានរស់នៅក្នុងប្រទេសស៊ុយអែត ។ នៅថ្ងៃអាទិត្យមួយ មិត្តរបស់ឌែល ឈ្មោះ ស្តេហ្វាន បានយកផាវដ៏ធំមួយ និងឈើគូស ចូលទៅក្នុងអគារសាសនាចក្រ ។ ឌែល រំភើបចិត្តណាស់ ។ ឌែល បានយក ផាវនោះមក ហើយដុតឆ្នួនរបស់វា ។ លោកចង់ពន្លត់ឆ្នួននោះ ប៉ុន្តែលោក បានធ្វើឲ្យរលាកម្រាមដៃ ហើយក៏ជ្រុះ ផាវនោះទៅនឹងឥដ្ឋ ! ឌែល និងស្តេហ្វាន បានមើលដោយការភ័យស្លុត ពេលឆ្នួននោះបន្តឆេះ ។
ផាវនោះក៏បានផ្ទុះឡើង ! ក្លិនដ៏អាក្រក់មួយបាន សាយភាយពេញសាលប្រជុំ ។ រំពេចនោះ ឌែល និងស្តេហ្វាន បានរើសកម្ទេចផាវនោះ ហើយបានបើកបង្អួចឲ្យក្លិនហើរចេញ ។ ពួកគាត់ បាន សង្ឃឹមថា នឹងគ្មាននរណាម្នាក់កត់ សម្គាល់ពួកគាត់ឡើយ ។
ពេលមនុស្សបានមកការប្រជុំសាក្រាម៉ង់ ពួកគេ បាន ដឹង ។ ក្លិននោះខ្លាំងណាស់រហូតធ្វើមនុស្សទាំងនោះពុំអាចផ្ដោតអារម្មណ៍លើការប្រជុំបានឡើយ ។ ឌែល មានអារម្មណ៍ខ្មាស់អៀន និងអាម៉ាស់ជាខ្លាំង ។ លោកបានដឹងថា អ្វីដែលលោកបានធ្វើនោះគឺធ្វើឲ្យព្រះវរបិតាសួគ៌អាក់អន់ព្រះទ័យ ។
បន្ទាប់ពីម៉ោងព្រះវិហារ ប្រធាន លីនប៊ឺក ជាប្រធានសាខាបានសុំឲ្យឌែលទៅការិយាល័យរបស់គាត់ ដោយសារ គាត់ ដឹងថាមានរឿងអ្វីមួយដែលមិនប្រក្រតី ។ ឌែល បានប្រាប់ប្រធាន លីនប៊ឺក ពីការសោកស្ដាយដែលគាត់មានចំពោះរឿងផាវនោះ ។
ប្រធាន លីនប៊ឺក ជាមនុស្សមានសណ្ដានចិត្តល្អ ។ គាត់បានបើកព្រះគម្ពីរ ហើយបានសុំឲ្យឌែលអានខគម្ពីរមួយចំនួនដែលមានគូសបន្ទាត់ពីក្រោម ។ ឌែល បានអានថា « មើលចុះ អ្នកណាដែលប្រែចិត្តពីអំពើ បាបទាំងឡាយរបស់ខ្លួន អ្នកឈ្មោះថាបានអត់ទោសឲ្យហើយ ហើយយើងជាព្រះអម្ចាស់មិនចាំពីអំពើបាបទាំងនោះទៀតទេ ។ តាមរបៀបនេះអ្នករាល់គ្នាអាចដឹងបើសិនជាមនុស្សណាម្នាក់ប្រែចិត្ត ពីអំពើបាបទាំងឡាយរបស់ខ្លួនមែន ឬអត់ — មើលចុះអ្នកនោះនឹងសារភាពអំពីអំពើបាបទាំងឡាយ ហើយលះបង់ចោលអំពើបាបទាំងនោះ » ( គ. និង ស. ៥៨:៤២–៤៣ ) ។
ពេលឌែលបានបញ្ចប់ការអាន លោកបានឃើញប្រធាន លីនប៊ឺក ញញឹម ។ ពេល ឌែល បានចាកចេញពីការិយាល័យនោះ លោកបានមានចិត្តរីករាយ ។ លោកបានទទួលអារម្មណ៍ថា លោកទទួលបានការអភ័យទោសឲ្យ ។
អែលឌើរ រេនឡាន់ បានរៀនថា លោកអាចទទួលបានការអភ័យទោស ពេលលោកបានធ្វើអ្វីមួយខុសឆ្គង ។ លោកអាចមានចិត្តរីករាយ ពេលលោកបានប្រែចិត្ត ហើយគោរពបទបញ្ញត្តិរបស់ព្រះវរបិតាសួគ៌ ។