២០១៩
សន្និសីទមជ្ឈិមវ័យនៅលីវនៃឆ្នាំ ២០១៩
ខែ ធ្នូ ឆ្នាំ ២០១៩


ព័ត៌មានក្នុងស្រុក

សន្និសីទមជ្ឈិមវ័យនៅលីវនៃឆ្នាំ ២០១៩

កាល​ពី​ថ្ងៃទី ១៤–១៥ ខែ​ឧសភា ឆ្នាំ ២០១៩ មជ្ឈិមវ័យនៅលីវប្រហែលជា ៤៥០ នាក់មាន​ការ​ជួបជុំគ្នា​មួយ​ដ៏ច្រើន​កុះករ​នៅអគារ​ស្ដេក​ខាងជើង​ភ្នំពេញកម្ពុជា ប្រារព្ធ​សន្និសីទមជ្ឈិមវ័យនៅលីវ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ​។ មជ្ឈិមវ័យនៅលីវបានមក​ជួបជុំគ្នា​ពី​វួដ និង​សាខា​គ្រប់ខេត្តក្រុងដូចជា ខេត្ត​សៀមរាប ខេត្តបាត់តំបង ខេត្តកំពង់ចាម ខេត្តកំពង់ធំ​ តាខ្មៅ ព្រែកឯង និង​កន្លែង​ផ្សេងៗ​នៅក្នុង​ទីក្រុង​ភ្នំពេញ ។

យើងមាន​ការ​ចូលរួម​ជា​អធិបតី​ដោយ​អែលឌើរតៃ នៃ​ពួកចិតសិបនាក់​ប្រចាំ​តំបន់ ព្រមទាំងភរិយា ព្រមទាំង​អមដំណើរ​ដោយ​​ប្រធាន​បេសកកម្មភ្នំពេញកម្ពុជា និងភរិយា ហើយដឹកនាំ​កម្មវិធី​ដោយ​ប្រធាន អេង ប៊ុនហួច ជា​ប្រធាន​ស្ដេក​ខាងជើងភ្នំពេញ​កម្ពុជា និង​ប្រធាន​ តាយ សុខាភារម្ស ជាគណៈប្រធាន​មណ្ឌល​ខាង​កើត ។

ក្នុង​ឱកាស​ដ៏​ពិសេស​នេះ មជ្ឈិមវ័យនៅលីវ​មានឱកាសរៀនជាមួយគ្នាពីបទពិសោធន៍​របស់​ថ្នាក់ដឹកនាំ​នៅ​ក្នុងជីវិត​អាពាហ៍ពិពាហ៍របស់ពួកគាត់ ហើយ​ពួកគេ​មានឱកាស​ដើម្បី​រៀនអំពី​កម្មវិធីភាព​ខ្លួនទីពឹងខ្លួន និង​កម្មវិធី BYU-Pathway ដែលសាសនាចក្រ​បាន​បង្កើត​ឡើង​ជាពរជ័យ​បន្ថែម​សម្រាប់​ជីវិត​របស់ពួកគេ នៅពេល​ពួកគេ​សិក្សា​កម្មវិធីទាំងនេះ​ដោយ​យកចិត្តទុកដាក់ ។ ​ការ​រៀនបង្កើត​ទំនាក់ទំនង​ចំណងមិត្តភាព​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​តែមួយ​ក្នុង​ព្រះគ្រីស្ទ ជា​អម្ចាស់​នៃ​យើង គឺ​ជា​គ្រឹះដើម្បីពង្រឹងសាសនាចក្រ​នៅ​ក្នុង​ប្រទេសកម្ពុជា ។