កុមារ និងយុវវ័យ ៖ ការចាប់ផ្ដើមដោយរឹងមាំ
ថ្នាក់ដឹកនាំសាសនាចក្រចែកចាយពីរបៀបដែលឪពុកម្ដាយ និងវួដអាចជួយកុមារក្លាយដូចជាព្រះអង្គសង្គ្រោះ ។
មិនថាអ្នករំភើបចិត្ត ឬព្រួយបារម្ភអំពីកិច្ចខិតខំថ្មីរបស់សាសនាចក្របន្តិចក្តី—កម្មវិធី កុមារ និងយុវវ័យ—អ្នកប្រហែលជាមានសំណួរមួយចំនួន ៖ « តើវានឹងជួយកូនៗខ្ញុំយ៉ាងដូចម្ដេច ? » « តើយើងធ្វើកិច្ចការនេះដោយរបៀបណា ? » « តើតួនាទីរបស់ខ្ញុំគឺជាអ្វី ? »
ថ្នាក់ដឹកនាំសាសនាចក្រផ្ដល់នូវចម្លើយមួយចំនួន ។
តើហេតុអ្វីសាសនាចក្រកំពុងធ្វើការផ្លាស់ប្ដូរនេះ ?
ស៊ីស្ទើរ ប៊ូនី អេច ខ័រឌុន ៖ ដូចប្រធាន រ័សុល អិម ណិលសុន បានបង្រៀន យើងទាំងអស់គ្នាត្រូវពង្រីកសមត្ថភាពរបស់យើងដើម្បីទទួលបានវិវរណៈ ។១ កម្មវិធី កុមារ និងយុវវ័យ ត្រូវបានរៀបរាងឡើងដើម្បីអញ្ជើញបុគ្គលម្នាក់ៗ និងក្រុមគ្រួសារឲ្យស្វែងរកការបំផុសគំនិតមកពីព្រះវិញ្ញាណ អំពីរបៀបដើម្បីរីកចម្រើន និងស្វែងរកអំណរនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ វាជាការណ៍ស្របគ្នាដ៏ប្រពៃទៅនឹងអ្វីដែលព្យាការីកំពុងតែប្រមើលមើលសម្រាប់យើងម្នាក់ៗ ។
បងប្រុស ស្ទេផាន ដ័បុលយូ អូវីន ៖ ប្រធាន ណិលសុន ក៏បានបង្រៀនយើងផងដែរថា យើងជាសាសនាចក្រដែលផ្ដោតលើគេហដ្ឋាន មិនថាផ្ទះយើងមានសភាពបែបណាទេ ។២ យើងមិនមែនជាសាសនាចក្រដែលផ្ដោតលើកម្មវិធីទេ ។ ថ្នាក់ដឹកនាំសាសនាចក្រ និងគ្រូបង្រៀនអាចជួយកូនៗរបស់យើងឲ្យរៀន និងរស់នៅតាមគោលលទ្ធិ ប៉ុន្តែទំនួលខុសត្រូវចាប់ផ្ដើមនៅក្នុងគេហដ្ឋាន ហើយវាជាទំនួលខុសត្រូវប្រចាំថ្ងៃ ។
ដូចដែលព្យាការីបានបង្រៀន យើងត្រូវស្វែងរកវិវរណៈ និងធ្វើតាមព្រះវិញ្ញាណ ហើយកម្មវិធី កុមារ និងយុវវ័យ នឹងជួយយើងឲ្យធ្វើការណ៍នោះ—មួយផ្នែកគឺដោយសារវាសាមញ្ញ ។ កាលពីមុន មានតម្រូវការរាប់រយសម្រាប់ឪពុកម្ដាយដើម្បីតាមដាន និងយល់ពីការអភិវឌ្ឍខ្លួន កាតព្វកិច្ចចំពោះព្រះ សេចក្ដីជំនឿទៅលើព្រះ និងកម្មវិធីផ្សេងៗទៀតរបស់សាសនាចក្រ កាលដែលកូនៗរបស់ពួកគេរីកចម្រើនឆ្លងកាត់ភាពយុវវ័យរបស់ពួកគេ ។ យុទ្ធសាស្ត្រថ្មីនេះអញ្ជើញយុវវ័យ និងកុមារឲ្យស្វែងរកការបំផុសគំនិត កាលដែលពួកគេដាក់គោលដៅទៅតាមតម្រូវការ និងចំណាប់អារម្មណ៍របស់ពួកគេ ។
ស៊ីស្ទើរ ចយ ឌី ចូនស៍ ៖ នេះជាឱកាសដ៏រំភើបមួយសម្រាប់កុមារ និងយុវវ័យរបស់យើង ជាជំនាន់កំពុងពេញវ័យ ដើម្បីធ្វើឲ្យសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទកាន់តែជ្រាលជ្រៅ ។ កាលដែលពួកគេរៀនដើម្បីស្វែងរក និងឆ្លើយតបចំពោះការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះពួកគេនឹងកាន់តែយល់ពីអត្តសញ្ញាណ និងគោលបំណងដ៏អស់កល្បរបស់ពួកគេ ព្រមទាំងរបៀបដែលពួកគេអាចរីកចម្រើន និងទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ចំពោះពួកគេ ។ ការផ្ដោតរបស់កម្មវិធី កុមារ និងយុវវ័យ អាចផ្ដល់ពរជ័យ និងពង្រឹងដល់យុវវ័យរបស់យើង និងគ្រួសាររបស់ពួកគេនៅក្នុងការស្ថាបនា និងបីបាច់ពង្រឹងទំនាក់ទំនងនៅក្នុងគេហដ្ឋានរបស់ពួកគេ នៅព្រះវិហារ និងជាមួយព្រះវរបិតាសួររបស់ពួកគេ ។
តើអ្វីទៅជាជំហានដំបូងដែលគ្រួសារអាចធ្វើដើម្បីអនុវត្តកម្មវិធី កុមារ និងយុវវ័យ ?
ស៊ីស្ទើរ ចូនស៍ ៖ អធិស្ឋានជាមួយគ្នាដើម្បីបានការណែនាំពីព្រះវិញ្ញាណ ។ ឪពុកម្ដាយអាចចាប់ផ្ដើមដោយការនិយាយជាមួយនឹងគ្រួសាររបស់ខ្លួនអំពីការអនុវត្តបីចំណុចនៅក្នុងកម្មវិធី កុមារ និងយុវវ័យ ៖ ការរៀនសូត្រដំណឹងល្អ ការបម្រើ និងសកម្មភាពនានា និងការអភវិឌ្ឍផ្ទាល់ខ្លួន ។ តើពួកគេកំពុងធ្វើអ្វីបច្ចុប្បន្ននេះ ? តើពួកគេអាចរីកចម្រើនជាបុគ្គលម្នាក់ និងជាគ្រួសារនៅក្នុងចំណុចទាំងបីនេះដោយរបៀបណា ? តើការផ្ដោតលើ លូកា ២:៥២ ជួយណែនាំការដាក់ផែនការ និងគោលដៅរបស់ពួកគេឲ្យចងចាំ និងធ្វើតាមព្រះអង្គសង្គ្រោះដោយរបៀបណា ? នេះជាឱកាសដ៏ប្រសើរណាស់ដើម្បីពង្រឹងយុវវ័យ គេហដ្ឋាន និងគ្រួសារនៅក្នុងរបៀបដ៏សាមញ្ញ ខ្ចាប់ខ្ជួន និងមានអត្ថន័យ ។
ស៊ីស្ទើរ ខ័រឌុន ៖ យើងចាប់ផ្ដើមបន្តិចម្ដងៗ ។ ការដើរនៅលើផ្លូវនៃសេចក្ដីសញ្ញាគឺពិតជាគ្រាន់តែជាការឈានជើងមួយចំហៀងទៅពីមុខមួយចំហៀងទៀតប៉ុណ្ណោះ ។ ដាក់គោលដៅមួយ ។ ចាប់ផ្ដើមដោយសាមញ្ញ ។ សៀវភៅណែនាំសម្រាប់យុវវ័យ និងកុមារនឹងផ្ដល់គំរូដ៏ល្អមួយដល់យើងដើម្បីធ្វើតាម ។
បងប្រុស អូវីន ៖ យើងមិនគួរធ្វើវាឲ្យស្មុគស្មាញពេកនោះទេ ។ នេះគឺជារឿងសាមញ្ញណាស់ ។ សូមអាន លូកា ២:៥២ ។ សូមចាប់ផ្ដើមនៅទីនោះ ។ បន្ទាប់មក ឪពុក ឬម្ដាយម្នាក់អាចអង្គុយចុះជាមួយកូនជាកុមារ ឬយុវវ័យរបស់ពួកគេនៅផ្ទះ ហើយនិយាយពីវា ។ « តើយើងអាចជួយកូនឲ្យធំលូតលាស់ប្រកបដោយប្រាជ្ញា និងរូបកាយ ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផងយ៉ាងណា ? » « តើយើងអាចរៀន និងធ្វើអ្វីខ្លះជាមួយគ្នា ? » « តើកូនអាចដាក់គោលដៅអ្វីខ្លះ ? » គ្រាន់តែធ្វើវាឲ្យសាមញ្ញ ។
ប្រសិនបើមានអ្វីមួយដែលបងប្រុសបងស្រីចង់ឲ្យកុមារ និងយុវវ័យដឹងកាលដែលកម្មវិធីនេះចាប់ផ្ដើម តើនោះជាអ្វីទៅ ?
ស៊ីស្ទើរ ខ័រឌុន ៖ នេះជាឱកាសដ៏អស្ចារ្យដើម្បីរីកលូតលាស់ដូចជាព្រះអង្គសង្គ្រោះ ។ ប្រសិនបើយើងឆ្ងល់ថា « តើខ្ញុំផ្ដោតទៅលើអ្វី ? » នោះយើងអាចចាំថា យើងកំពុងតែធ្វើរឿងជាច្រើនរួចហើយដើម្បីក្លាយដូចជាទ្រង់ ។ ការរៀនដំណឹងល្អកំពុងតែកើតឡើងនៅក្នុងគេហដ្ឋានជាច្រើន និងនៅឯព្រះវិហារ ។ ពួកយើងកំពុងបម្រើ និងចូលរួមនៅក្នុងសកម្មភាពនានា ។ កិច្ចខិតខំថ្មីនេះគឺគ្រាន់តែជារបៀបមួយដើម្បីឲ្យយើងមានបំណងប្រាថ្នា និងទំនួលខុសត្រូវក្នុងការអនុវត្តនូវអ្វីដែលយើងកំពុងរៀន—និងផ្ដោតលើការរីកចម្រើននៅក្នុងចំណុចបួនដែលព្រះអង្គសង្គ្រោះបានរីកលូតលាស់ ៖ ខាងវិញ្ញាណ ខាងសង្គម ខាងរាងកាយ និងខាងបញ្ញា ( សូមមើល លូកា ២:៥២ ) ។ ការណ៍នេះនឹងនាំមកនូវអំណរ ភាពសុខសាន្ត និងសុភមង្គលដ៏យូរអង្វែងដល់យើងទាំងអស់គ្នា កាលដែលយើងដើរតាមព្រះអង្គសង្គ្រោះ !
ស៊ីស្ទើរ ចូនស៍ ៖ ការអភិវឌ្ឍត្រូវបានផ្ដោតទៅលើព្រះអង្គសង្គ្រោះ ផ្តោតនៅក្នុងគ្រួសារ និងគាំទ្រដោយសាសនាចក្រ ។ កម្មវិធីនេះសាមញ្ញ ហើយផ្ទាល់ខ្លួន កាលដែលយើងលែងប្រើកម្មវិធីពីមុន ។ ការរីកចម្រើននឹងបានមកដោយបុគ្គលម្នាក់ៗ ។ ខ្ញុំសង្ឃឹមថាកម្មវិធី កុមារ យុវវ័យ ថ្នាក់ដឹកនាំ និងគ្រួសាររបស់ពួកគេនឹងយល់ថា កម្មវិធីនេះជារបៀបមួយដែលអាចសម្រេចបាន អាចសម្របបានសម្រាប់បុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌នៅជុំវិញសកលលោក ដើម្បីរីកចម្រើនជាមួយគ្នា ហើយដកពិសោធន៍នូវអំណរដ៏ឋិតថេរនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ កម្មវិធីនេះនឹងមិនមានការផ្លាស់ប្ដូរដ៏ធំ ឬការបត់បែនក្នុងការរៀនសូត្រដែលពិបាកនោះទេ ។ វាធ្វើភាគច្រើននូវអ្វីដែលយើងកំពុងតែធ្វើរួចហើយ កាលដែលយើងត្រូវបានដឹកនាំដោយព្រះវិញ្ញាណ ដើម្បីឲ្យកិច្ចខិតខំដ៏ស្មោះត្រង់របស់យើងអាចពង្រីកសមត្ថភាពរបស់យើងក្នុងការធ្វើតាមព្រះអង្គសង្គ្រោះដោយក្ដីស្រឡាញ់ និងមានប្រសិទ្ធភាព ។
ហេតុអ្វីវាមានសារៈសំខាន់សម្រាប់យុវវ័យ និងកុមារដើម្បីអភិវឌ្ឍដូចព្រះអង្គសង្គ្រោះ ?
ស៊ីស្ទើរ ចូនស៍ ៖ ដំបូង និងសំខាន់បំផុត ពួកគេបានធ្វើសេចក្ដីសញ្ញាដើម្បីធ្វើតាមទ្រង់ជានិច្ច ។ ពួកគេបានចុះសេចក្ដីសញ្ញាថានឹង « ឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្តី និងគ្រប់ទីកន្លែង » ( ម៉ូសាយ ១៨:៩ ) ។ ដូច្នេះ ពួកគេត្រូវអភិវឌ្ឍដូចជាទ្រង់បានធ្វើ ៖ ខាងវិញ្ញាណ ខាងសង្គម ខាងរាងកាយ និងខាងបញ្ញា ។ សេចក្ដីសញ្ញារបស់ពួកគេមិនមែនជាមូលហេតុតែមួយដែលពួកគេគួរធ្វើដូច្នោះនោះទេ ប៉ុន្តែសេចក្ដីសញ្ញាទាំងនោះក៏ផ្ដល់នូវលទ្ធភាពដ៏មានអានុភាពដើម្បីជួយពួកគេសម្រេចបានគោលដៅទាំងឡាយរបស់ពួកគេផងដែរ ។
បងប្រុស អូវីន ៖ គោលបំណងទាំងស្រុងរបស់យើងនៅក្នុងជីវិតគឺដើម្បីធ្វើតាម ហើយក្លាយដូចជាព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ យើងចង់ក្លាយដូចជាពួកទ្រង់ ។ យើងចាប់ផ្ដើមអនុវត្តការណ៍នេះតាំងពីក្មេង ដើម្បីយើងមានគំរូមួយសម្រាប់អស់មួយជីវិតយើង ។ ហើយយើងពិតជាកំពុងធ្វើតាមព្រះអង្គសង្គ្រោះ នៅពេលយើងធ្វើនូវអ្វីៗដែលទ្រង់បានធ្វើ ។
បងស្រី ខ័រឌុន ៖ ព្រះអង្គសង្គ្រោះគឺជាគំរូរបស់យើងនៅក្នុងគ្រប់ការណ៍ទាំងអស់ ។ យើងសិក្សាពីព្រះជន្ម និងបេសកកម្មរបស់ទ្រង់ ព្រមទាំងការបង្រៀនរបស់ទ្រង់ ពីព្រោះទ្រង់គឺជាអ្វីគ្រប់យ៉ាងដែលយើងប្រាថ្នាចង់ក្លាយដូច ។ ប៉ុន្តែដោយសារយើងម្នាក់ៗមានលក្ខណៈពិសេសរៀងៗខ្លួន នោះយើងម្នាក់ៗមានគុណសម្បត្តិ និងជំនាញដែលយើងត្រូវការដើម្បីអភិវឌ្ឍក្នុងការក្លាយដូចជាទ្រង់ ។ យុទ្ធសាស្ត្រថ្មីនេះផ្ដល់ដល់កុមារ និងយុវវ័យនូវឱកាសដែលអាចសម្របទៅនឹងខ្លួនពួកគេផ្ទាល់ ដើម្បីរីកលូតលាស់នៅក្នុងរបៀបដ៏ពិសេសទាំងនោះ ដើម្បីអភិវឌ្ឍអំណោយទាននីមួយៗរបស់ពួកគេ និងដើម្បីកំណត់ពីការណ៍ទាំងនោះដែលពួកគេទទួលអារម្មណ៍បំផុសឲ្យធ្វើដើម្បីក្លាយដូចជាព្រះអង្គសង្គ្រោះ ។ នោះជាអ្វីដែលធ្វើឲ្យកម្មវិធីនេះមានលក្ខណៈផ្ទាល់ខ្លួនខ្លាំង ។ មិនមានបញ្ជីជាក់លាក់មួយនោះទេ ។ គោលដៅទាំងឡាយដែលយើងម្នាក់ៗបានដាក់ដើម្បីឈានទៅមុខលើផ្លូវនៃសេចក្ដីសញ្ញា នឹងជាគោលដៅខុសៗគ្នា ប៉ុន្តែយើងនឹងរៀន ហើយរីកចម្រើន និងខិតកាន់តែជិតព្រះអង្គសង្គ្រោះជាមួយគ្នា ។
តើបងប្រុសបងស្រីសង្ឃឹមថាកុមារ និងយុវវ័យនឹងមានអារម្មណ៍ដូចម្ដេច ពេលពួកគេចូលរួម ?
ស៊ីស្ទើរ ខ័រឌុន ៖ ខ្ញុំសង្ឃឹមថា ពួកគេទទួលបានការយល់ដឹងដែលកាន់តែជ្រាលជ្រៅអំពីអត្តសញ្ញាណដ៏អស់កល្បរបស់ពួកគេ ហើយមានអារម្មណ៍ថាពួកគេនៅក្នុងចំណោមនៅទីនោះ ។ ពេលយើងស្គាល់ខ្លួនយើងជានរណា និងថាយើងបានធ្វើសេចក្ដីសញ្ញាជាមួយនរណា នោះយើងប្រព្រឹត្តិផ្សេងពីកាលដែលយើងមិនស្គាល់ ។ ពួកគេនឹងរៀនទទួលស្គាល់ថា អ្វីដែលបណ្ដាញផ្សព្វផ្សាយសង្គមនិយាយមិនពិត ព្រោះពួកគេមានបទពិសោធន៍ពីរបៀបដែលព្រះវិញ្ញាណមានបន្ទូលទៅកាន់ពួកគេ ។ ពួកគេនឹងកើនទំនុកចិត្តលើខ្លួនឯង និងលើសក្ដានុពលដ៏ទេវភាពរបស់ពួកគេក្នុងនាមជាបុត្រី និងបុត្រានៃព្រះ ។
ស៊ីស្ទើរ ចូនស៍ ៖ យើងចង់ឲ្យពួកគេមានសេចក្ដីជំនឿ និងក្ដីសង្ឃឹមលើព្រះយេស៊ូវគ្រីស្ទ មានអារម្មណ៍សុខសាន្តដែលមកពីការរក្សាបទបញ្ញត្តិទាំងឡាយ ដកពិសោធន៍នូវទំនាក់ទំនងដ៏ល្អ រៀនពីភាពធន់ ទទួលអារម្មណ៍នៃអំណរពីការបម្រើអ្នកដទៃ និងទទួលអារម្មណ៍នៃសុភមង្គល និងភាពពេញលេញនៃការចូលរួមក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ ។
បងប្រុស អូវីន ៖ ខ្ញុំសង្ឃឹមថា កុមារនឹងយល់ពីដំណឹងល្អតាមរបៀបមួយដែលនឹងចេញមកពីខួរក្បាលចូលទៅក្នុងដួងចិត្តពួកគេ ។ នេះពុំមែនជាការគូសបញ្ជីថាបានធ្វើហើយទេ ។ វាជាដំណើរការនៃការរៀនសូត្រ និងក្លាយដូចជាព្រះអង្គសង្គ្រោះ ។ ខ្ញុំពិតជាសង្ឃឹមថា កុមាររបស់យើង និងពួកអ្នកដែលយើងផ្ដល់ការងារបម្រើដល់ នឹងមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការយល់ដឹងពីដំណឹងល្អរបស់ពួកគេដើម្បីបង្រៀនដល់អ្នកដទៃទៀត ។ ឧទាហរណ៍ ខ្ញុំសង្ឃឹមថា យើងអាចសួរសំណួរមួយដល់កុមាររបស់យើងអំពីដំណឹងល្អ ហើយយើងនឹងឮការឆ្លើយតបដ៏ជ្រាលជ្រៅ ព្រោះពួកគេបានរៀនវា ហើយវាជាផ្នែកនៃខ្លួនគេ ។
តើឪពុកម្ដាយនឹងដឹងដោយរបៀបណាថាបើកម្មវិធី កុមារ និងយុវវ័យ នឹងទទួលជោគជ័យនៅក្នុងផ្ទះរបស់ពួកគេនោះ ?
បងប្រុស អូវីន ៖ ខ្ញុំនឹងសម្លឹងរកមើលផលផ្លែនៃព្រះវិញ្ញាណដែលបានលើកឡើងនៅក្នុង កាឡាទី ៥ ដូចជាមានភាពសុខសាន្តនៅផ្ទះច្រើនជាងមុន ។ ខ្ញុំគិតថាកូនៗរបស់ពួកគេនឹងកាន់តែមានចិត្តល្អ កាន់តែមានសេចក្ដីស្រឡាញ់ ។ កូនៗរបស់ពួកគេនឹងចង់នៅជាមួយនឹងក្រុមគ្រួសារ ។ ពួកគេទំនងជាអធិស្ឋាន ហើយស្វែងរកចម្លើយ ។ ពួកគេនឹងឃើញការរីកចម្រើនមិនត្រឹមតែខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងខាងសង្គម ខាងរាងកាយ និងខាងបញ្ញាផងដែរ ។
ស៊ីស្ទើរ ចូនស៍ ៖ ពួកគេនឹងដឹងថាវាជោគជ័យ ពេលដែលទំនាក់ទំនងត្រូវបានពង្រឹង ពេលសមាជិកគ្រួសារមានការរីកចម្រើនជាក់ស្ដែង ហើយបន្តព្យាយាមសូម្បីពេលពួកគេជួបការលំបាក ពេលពួកគេបង្ហាញការគាំទ្រ និងការខ្វល់ខ្វាយរួមចំពោះគ្នាទៅវិញទៅមក និងពេលដែលពួកគេស្វែងរកព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធដោយសកម្ម ហើយវត្តមានរបស់ទ្រង់មាននៅក្នុងផ្ទះរបស់ពួកគេ ។ សមាជិកគ្រួសារអាចមើលឃើញទំនាក់ទំនងកាន់តែច្បាស់រវាងអ្វីដែលពួកគេកំពុងធ្វើរាល់ថ្ងៃ និងជីវិតរបស់ព្រះយេស៊ូវគ្រីស្ទ ។ ប្រហែលនឹងមានការដឹងគុណកាន់តែខ្លាំងឡើងដល់សិទ្ធិជ្រើសរើស និងការប្រែចិត្ត ឥរិយាបថដែលប្រសើរឡើង ទំនុកចិត្តកើនឡើង ខិតខំឈោងជួយអ្នកផ្សេងជាជាងគិតតែពីខ្លួនឯង និងមានការដឹងគុណកាន់តែខ្លាំងឡើងចំពោះព្រះអង្គសង្គ្រោះ ព្រះជន្មរបស់ទ្រង់ ការបង្រៀនរបស់ទ្រង់ គំរូរបស់ទ្រង់ និងដង្វាយធួន ព្រមទាំងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ។
តើបងប្រុសបងស្រីនឹងផ្ដល់ការប្រឹក្សាអ្វីខ្លះដល់ឪពុកម្ដាយដែលអាចនឹងមានអារម្មណ៍ភ័យព្រួយបន្តិចបន្តួចអំពីការឈប់ប្រើកម្មវិធីសាសនាចក្រពីមុនមក ?
ស៊ីស្ទើរ ខ័រឌុន ៖ ពិតណាស់ យើងស្រឡាញ់កម្មវិធីពីមុន ព្រោះយើងម្នាក់ៗបានបង្កើតវា ហើយបានមានឱកាសឃើញបងប្អូនផ្សេងទៀតបង្កើតកម្មវិធីទាំងនោះ ។ កម្មវិធីទាំងនោះត្រូវបានបំផុសសម្រាប់ពេលនោះ ។ ប៉ុន្តែតើយើងមិនមានអំណរគុណចំពោះវិវរណៈដែលមានជាបន្តបន្ទាប់ទេឬ ? ព្រះអម្ចាស់ត្រូវការយើងឲ្យបន្តរីកចម្រើន និងផ្លាស់ប្ដូរ ហើយទ្រង់ត្រូវការកម្មវិធីទាំងឡាយរបស់យើង ដើម្បីរីកចម្រើន និងផ្លាស់ប្ដូរដើម្បីបំពេញសេចក្ដីត្រូវការរបស់សមាជិកនៅទូទាំងពិភពលោក ។ យើងតែងតែពុះពារដើម្បីធ្វើឲ្យរីកចម្រើន និងដើម្បីក្លាយជាសាសនាចក្រ និងមនុស្សដែលព្រះវរបិតាយើងត្រាសដឹង និងត្រូវការយើងឲ្យប្រែក្លាយ ។
ស៊ីស្ទើរ ចូនស៍ ៖ យើងមានពរណាស់ដោយសារកម្មវិធីពីមុនមក ហើយអាចមានអំណរគុណចំពោះអ្វីៗទាំងអស់ដែលយើងបានរៀន និងដកពិសោធន៍ ។ នេះជារដូវកាលថ្មីដ៏ស្រស់បំព្រងមួយ ហើយវាជាឱកាសមួយដើម្បីស្វែងរកការណែនាំរបស់ព្រះអម្ចាស់ និងរីកចម្រើនក្នុងរបៀបថ្មី និងបំផុសគំនិត ។
តើថ្នាក់ដឹកនាំអាចជួយកុមារ និងយុវវ័យឲ្យរីកចម្រើនក្នុងការអភិវឌ្ឍផ្ទាល់ខ្លួនដោយរបៀបណា ?
បងប្រុស អូវីន ៖ ជាដំបូង ខ្ញុំគិតថា ថ្នាក់ដឹកនាំជាមជ្ឈិមវ័យត្រូវតែមើលទៅកុមារនោះ ឬយុវជននោះ ឬយុវនារីនោះដូចដែលព្រះទតទៅពួកគេ មានន័យថា មើលទៅបុគ្គលនោះថាអាចក្លាយទៅជានរណា មិនមែនគ្រាន់ជានរណានៅពេលឥឡូវនេះទេ ។ ចាប់ផ្ដើមជាមួយនឹងទីបញ្ចប់ទុកនៅក្នុងគំនិត ។ សូមមើលឲ្យវែងឆ្ងាយ ។ វាត្រូវការពេលវេលា ។ សូមមើលថាកុមារ និងយុវវ័យអាចប្រែក្លាយទៅជាអ្វី ។ បង្កើតទំនាក់ទំនងគ្រប់គ្រាន់ ដូច្នេះនៅពេលដែលអ្នកត្រូវការនិយាយជាមួយយុវវ័យ នោះពួកគេគោរពអ្នកគ្រប់គ្រាន់ដើម្បីស្ដាប់បងប្អូន ។
ត្រូវស្គាល់ឪពុកម្ដាយផងដែរ ។ សួរពួកគេថាតើអ្នកអាចជួយបានដោយរបៀបណា ។ គោរពដល់តួនាទីជាឪពុកម្ដាយរបស់ពួកគេ ។
ស៊ីស្ទើរ ចូន ៖ អង្គការបឋមសិក្សាពុំមានរចនាសម្ព័ន្ធជាគណៈប្រធានកូរ៉ុម និងថ្នាក់ដូចដែលយុវជន និងយុវនារីមាននោះទេ ។ ថ្នាក់ដឹកនាំ និងគ្រូអង្គការបឋមសិក្សា ក៏ដូចជាបងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើ ផ្ដល់ជំនួយដល់កុមារដែលពុំមានការគាំទ្រខាងដំណឹងល្អនៅក្នុងផ្ទះរបស់ពួកគេផងដែរ ។ ទោះជាយ៉ាងណា វាសំខាន់ណាស់ដែលយើងតែងតែគោរពដល់ទំនាក់ទំនងរវាងកុមារ យុវវ័យ និងឪពុកម្ដាយរបស់ពួកគេ មិនថាផ្ទះនោះមានស្ថានភាពយ៉ាងណានោះទេ ។ កម្មវិធី កុមារ និងយុវវ័យ អាចផ្ដល់របៀបមួយដើម្បីអញ្ជើញគ្រួសារទាំងមូលឲ្យមកហើយមើល និង មកហើយជួយ ។ វាអាចជាមធ្យោបាយមួយនៃការពង្រឹងគ្រួសារទាំងមូល មិនថាពួកគេជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឬអត់នោះទេ ។
ស៊ីស្ទើរ ខ័រឌុន ៖ យើងមានកុមារ និងយុវវ័យជាច្រើនដែលមិនមានឪពុកម្ដាយរបស់ពួកគេនៅព្រះវិហារនៅថ្ងៃអាទិត្យ ប៉ុន្តែពួកគេនៅតែមានឪពុកម្ដាយដែលពោរពេញដោយក្ដីស្រឡាញ់ ។ ខ្ញុំសូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំឲ្យព្យាយាមស្គាល់ឪពុកម្ដាយ ហើយសួរមើលថាអ្វីជាក្ដីសុបិន និងក្ដីប្រាថ្នាដែលពួកគេមានសម្រាប់កូនៗរបស់ពួកគេ ។ យើងក៏អាចជួយបានដែរ ។ កាលដែលយើងធ្វើការរួមគ្នាជាមួយនឹងឪពុកម្ដាយ យើងនឹងពង្រឹងបុគ្គលម្នាក់ៗ និងគេហដ្ឋានរបស់ពួកគេ ព្រមទាំងលើកទឹកចិត្តដល់កុមារ និងយុវវ័យឲ្យពង្រឹងគេហដ្ឋានរបស់គ្នាទៅវិញទៅមកផងដែរ ។
តើពាក្យសម្ដីអ្វីខ្លះដែលនឹងធ្វើឲ្យឪពុកម្ដាយមានអារម្មណ៍ថាវាច្រើនលើសលុប ដែលមានការភ័យខ្លាចថាពួកគេនឹងពុំអាចជួយកូនៗរបស់ខ្លួនឲ្យជោគជ័យនៅក្នុងកម្មវិធី កុមារ និងយុវវ័យ នោះ ?
ស៊ីស្ទើរ ខ័រឌុន ៖ រឿងដែលអស្ចារ្យនោះគឺថា យើងកំពុងតែធ្វើភាគច្រើនបំផុតរួចហើយ ។ ក្រុមគ្រួសារកំពុងតែរៀនសូត្រដំណឹងល្អជាមួយគ្នារួចហើយ ។ យើងកំពុងតែធ្វើការបម្រើ និងសកម្មភាពនានារួចហើយ ។ យើងតែងតែមានកិច្ចខិតខំខាងការអភិវឌ្ឍផ្ទាល់ខ្លួន ឥឡូវនេះយើងគ្រាន់តែផ្ដោតទៅលើរបៀបដែលព្រះគ្រីស្ទបានធំដឹងក្ដីឡើងប៉ុណ្ណោះ ។
ពេលយើងអង្គុយចុះជាមួយកូនៗយើង ខ្ញុំគិតថាយើងនឹងពិតជារីករាយណាស់ ។ បងប្អូនគ្រាន់តែអាចស្ដាប់ដល់ដួងចិត្តរបស់កូនៗរបស់បងប្អូនតាមរបៀបធម្មតាមួយតាមធម្មជាតិប៉ុណ្ណោះ ។ ព្រះវរបិតាសួគ៌របស់យើងសព្វព្រះទ័យចង់ឲ្យកូនរបស់បងប្អូនរីកលូតលាស់ រកឃើញអំណរ ហើយត្រឡប់ទៅរស់នៅជាមួយទ្រង់វិញ ។ បងប្អូននឹងមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធដឹកនាំបងប្អូន ពេលបងប្អូនពុះពាររួមគ្នាដើម្បីធ្វើឲ្យដំណឹងល្អ និងព្រះអង្គសង្គ្រោះរបស់យើងជាផ្នែកនៃគ្រប់ទស្សនវិស័យនៃជីវិតរបស់បងប្អូន ។
ស៊ីស្ទើរ ចូនស៍ ៖ ចាប់ផ្ដើមនៅក្នុងរបៀបដែលវាបានផលសម្រាប់គ្រួសាររបស់បងប្អូន ។ ទុកចិត្តថាបងប្អូននឹងបានជំនួយពីស្ថានសួគ៌ ។ ស្វែងរកការដឹកនាំពីព្រះវិញ្ញាណ ។ កម្មវិធី កុមារ និងយុវវ័យ នឹងក្លាយជាឧបករណ៍ដ៏មានតម្លៃសម្រាប់ចិញ្ចឹមបីបាច់កូនៗ ។ មានការតម្រូវជាច្រើនពីឪពុកម្ដាយនៅសព្វថ្ងៃនេះ ពេលពួកគេដឹកនាំ និងបីបាច់គ្រួសាររបស់ពួកគេ ។ ជួនកាលវាងាយនឹងមានអារម្មណ៍ថាមានបន្ទុកហួសកម្រិត ។ កម្មវិធី កុមារ និងយុវវ័យ នឹងជួយឪពុកម្ដាយចម្រាញ់អ្វីដែលចាំបាច់ចេញពីអ្វីដែលសំខាន់ ។ ការជួយគ្រួសារយើងឲ្យរៀនពីរបៀបធ្វើតាមព្រះអង្គសង្គ្រោះតាមរយៈការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធគឺសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា ហើយនឹងនាំមកនូវសេចក្ដីស្រឡាញ់ និងពរជ័យនៃព្រះអម្ចាស់ ។
បងប្រុស អូវីន ៖ ខ្ញុំគិតថា បងប្អូននឹងអាចជួយដល់កូនៗជាកុមារ និងយុវវ័យរបស់បងប្អូនបាន ។ បងប្អូនមិនបាច់ធ្វើកិច្ចការអស្ចារ្យមួយចំនួននោះទេ ។ រឿងដែលសំខាន់បំផុតនោះគឺការស្មោះត្រង់ និងពោរពេញដោយការអធិស្ឋាន ហើយបង្កើតទម្លាប់បរិសុទ្ធ និងសុចរិតមួយចំនួននៅក្នុងគ្រួសារបងប្អូន ។ ចាប់ផ្ដើមជាមួយនឹងទម្លាប់មូលដ្ឋាន សាមញ្ញ សុចរិត ហើយបងប្អូននឹងឃើញអព្ភូតហេតុកើតឡើងក្នុងជីវិតកូនៗរបស់បងប្អូន ?