២០២០
ការ​ប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល​តាមរយៈ​ការងារ​បម្រើ
ខែ មករា ឆ្នាំ ២០២០


គោលការណ៍​នៃ​ការងារ​បម្រើ

ការប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល​តាមរយៈ​ការងារ​បម្រើ

ការងារ​បម្រើ​គឺ​ជា​ឱកាស​មួយ​ដើម្បី​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី​ក្នុង​ការ​ប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល ។

people with missionaries at a picnic

ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ​ជួយ​ប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល—« ជា​រឿង​ដ៏​សំខាន់​បំផុត​កំពុង​តែ​កើត​ឡើង​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ » ។

សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​ចង់​ចូល​រួម​ចំណែក​នៅក្នុង​កិច្ចការ​នៃ​ការ​ប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល​នេះ ការងារ​បម្រើ​អាច​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ ។ ដោយសារ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះអម្ចាស់​គឺ​ជា​កិច្ចការ​ទាំងអស់​តែ​មួយ ដូច្នេះ​ការងារ​បម្រើ​​ជា​របៀប​ដ៏​បំផុស​គំនិត​ដើម្បី​ផ្លាស់ប្ដូរជីវិត​មនុស្ស ។ មិន​ថា​យើង​កំពុង​ផ្ដល់​ការងារ​បម្រើ​ដល់​សមាជិក​ដែល​មិន​សូវ​សកម្ម ឬ​អញ្ជើញ​ពួកគេ​ឲ្យ​ជួយ​យើង​កាលដែល​យើង​បម្រើ​ដល់​ពួក​អ្នក​មាន​ជំនឿ​ផ្សេង​ក៏​ដោយ ក៏​ការងារ​បម្រើ​ផ្ដល់​នូវ​ឱកាស​ដើម្បី​ប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល​ដែរ ។

ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក

« ចៀម​របស់​យើង​អាច​ឈឺចាប់ បាត់បង់ ឬ​វង្វេង​ដោយ​ចេតនា តែ​ក្នុង​នាម​ជា​អ្នក​គង្វាល​របស់​ពួកគេ នោះ​យើង​អាច​នៅក្នុង​ចំណោម​មនុស្ស​ដំបូង​គេ​ដើម្បី​មើល​ឃើញ​សេចក្តី​ត្រូវការ​របស់​ពួកគេ ។ យើង​អាច​ស្តាប់ ហើយ​ស្រឡាញ់​ដោយ​គ្មាន​ការវិនិច្ឆ័យ ហើយ​ផ្តល់​ក្តីសង្ឃឹម និង​ជំនួយ​ដោយ​ការណែនាំ​ញែក​ឲ្យ​ដឹង​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ —ប៊ូនី អេច ខ័រឌុន

« ខ្ញុំ​បាន​សង្កេត​មើល​ដោយ​ស្ងៀមស្ងាត់​ទៅ​ស្ត្រី​ដែល​កំពុង​អង្គុយ​ជិត​ខ្ញុំ​នៅ​ជើង​យន្តហោះ​ម៉ោង ៧:០០ ព្រឹក ដែល​ហោះហើរ​ទៅ​ផ្ទះ​របស់​ខ្ញុំ ។ នាង​បាន​ទិញ​ភេសជ្ជៈ​គ្រឿង​ស្រវឹង​ពី​មុន​យន្តហោះ​ហោះហើរ​ឡើង ហើយ​ពេល​នាង​សួរ​ខ្ញុំ​ថា​បើ​ខ្ញុំ​រៀបការ​ហើយ​ឬ​នៅ នោះ​ការ​វិនិច្ឆ័យ​អវិជ្ជមាន​របស់​ខ្ញុំ​ចំពោះ​នាង​ចាប់ផ្ដើម​គរ​ជា​គំនរ​កាន់តែច្រើន​ឡើងៗ ។

« ខ្ញុំ​បាន​ឆ្លើយ​តប​ដោយ​អំណួត​ថា ‹ ចាស៎ ខ្ញុំ​មាន​កូន​បួន​នាក់ និង​មាន​ចៅ​បួន​នាក់ › ។

បន្ទាប់​មក​នាង​បាន​ប្រាប់​ខ្ញុំ​ពី​អ្វី​មួយ​ដែល​បានផ្លាស់ប្ដូរ​អ្វីៗ​គ្រប់​យ៉ាង ។ ស្វាមី​នាង​បាន​ស្លាប់​មួយ​ថ្ងៃ​មុន​នោះ បន្ទាប់​ពី​សន្លប់​អស់​ប្រាំ​ថ្ងៃ ។ ថ្វីបើ​នាង​ជា​គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់ ក៏​នាង​ពុំ​អាច​ជួយ​សង្គ្រោះ​គាត់​បាន​ដែរ បន្ទាប់​ពី​គាត់​បាន​ដួល​ពេល​កំពុង​ទៅ​វិស្សមកាល ។

ខ្ញុំ​មាន​ការខ្មាស​អៀន​ដែល​ការវិនិច្ឆ័យ​ឆាប់​រហ័ស​របស់​ខ្ញុំ​គឺ​ខុស​ឆ្ងាយ​ណាស់ ។ តើ​ខ្ញុំ​ត្រូវ​និយាយ​អ្វី​ទៅ​កាន់​នាង ? កាលដែល​ខ្ញុំ​បាន​ប្រមូល​អារម្មណ៍​ខ្ញុំ​ឡើង​វិញ នោះ​ខ្ញុំ​ទទួល​អារម្មណ៍​ថា​ព្រះវរបិតា​ចាក់​ព្រះវិញ្ញាណ​របស់​ទ្រង់​មក ដើម្បី​ខ្ញុំ​អាច​ធ្វើ​ការងារ​បម្រើ​ដល់​ស្ត្រី​រូប​នេះ និង​ចែកចាយ​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ខ្លះៗ​ជាមួយ​នាង ។

ខ្ញុំ​បានរៀន​ថា ថ្វី​បើ​នាង​ពុំ​ចូលរួម​នឹង​សាសនាចក្រ​ណា​មួយ​ក៏​ដោយ តែ​នាង​ក៏​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​អាន​ព្រះគម្ពីរ​ប៊ីប​ដែរ ។ ពេល​ខ្ញុំ​សួរ​ថា​បើ​នាង​បាន​ដឹង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នាង​បាន​ឆ្លើយ​ថា នាង​បាន​ដឹង​តិចតួច​ណាស់ ។ ខ្ញុំ​បាន​ចែកចាយ​ជាមួយ​នាង​នូវ​សារលិខិត​ពី​សន្និសីទ​ទូទៅ​ដែល​ថ្លែង​ដោយ​អែលឌើរ រីឆាដ ជី ស្កត ( ១៩២៨-២០១៥ ) ដែល​មាន​ចំណងជើង​ថា ‹ ពរជ័យ​ដ៏​អស់កល្ប​នៃ​អាពាហ៍ពិពាហ៍ › ហើយ​បន្ទាប់​មក​បាន​ថ្លែង​ទីបន្ទាល់​អំពី​ក្រុមគ្រួសារ​ដ៏​អស់កល្ប ព្រមទាំង​របៀប​ដែល​ព្រះវរបិតា​សួគ៌​ស្គាល់ និង​ស្រឡាញ់​យើង​ម្នាក់ៗ ។ ខ្ញុំ​បាន​ដឹង​ថា នាង​កំពុង​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ហាវ៉ៃ ស.រ.អា. ជា​កន្លែង​ដែល​នាង​បាន​ធំ​លូត​លាស់ ហើយ​ខ្ញុំ​បាន​លើក​ទឹកចិត្ត​នាង​ឲ្យ​ទៅ​ទស្សនា​ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ ។

យើង​បាន​បែក​គ្នា​នៅ​ព្រ​លាន​យន្តហោះ​ទីក្រុង សលត៍ លេក ។ ថ្វីបើ​ខ្ញុំ​មាន​កំហុស​ក្ដី ខ្ញុំ​មាន​អំណរ​គុណ​ដែល​ព្រះអម្ចាស់​អាច​ប្រើប្រាស់​ខ្ញុំ ដើម្បី​ជួយ​ដល់​ប្អូន​ស្រី​ម្នាក់​ដែល​កំពុង​ត្រូវការ​ក្ដីស្រឡាញ់ និង​ការ​លួង​លោម » ។

ចន ធីបភិតស៍ រដ្ឋ​យូថាហ៍ ស.រ.អា

គោលការណ៍​ដែល​ត្រូវ​ពិចារណា

« ការ​វិនិច្ឆ័យ​អវិជ្ជមាន »

ការ​ឆាប់​វិនិច្ឆ័យ​អាច​រារាំង​យើង​ពី​ការមើល​ឃើញ​សក្ដានុពល​ដ៏​ទេវភាព ( សូមមើល ម៉ាថាយ ៧:១ ) ។

« ចាក់​ព្រះវិញ្ញាណ​របស់​ទ្រង់​មក »

សូម​ទុកចិត្ត​ដល់​ការសន្យា​របស់​ព្រះ​ដែល​ប្រទាន​ដល់​យើង​នូវ​អ្វី​ដែល​ត្រូវ​និយាយ​នៅក្នុង​គ្រា​នោះ​ឯង ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០០:៥–៦ ) ។

« បាន​រៀន »

សូម​សួរ​ពី​អ្វី​ដែល​អ្នក​ផ្សេងទៀត​ជឿ ស្ដាប់​ដោយ​មេត្តា​ធម៌, ហើយ​និយាយ​ពី​ជំនឿ​របស់​ពួកគេ​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ ។

« បាន​ថ្លែង​ទីបន្ទាល់ »

ចូរ​ស្វែងរក​ឱកាស​នានា​ដើម្បី​ចែកចាយ​ទីបន្ទាល់​អំពី​របៀប​ដែល​ព្រះអម្ចាស់​ធ្វើការ​ក្នុង​ជីវិត​អ្នក ( សូមមើល ម៉ូសាយ ២៤:១៤ ) ។

« បាន​លើក​ទឹកចិត្ត »

អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​លើ​សេចក្ដី​ពិត ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ថ្លែង​ទីបន្ទាល់​ដល់​ពួកគេ ( សូមមើល យ៉ូហាន ៧:១៧, មរ៉ូណៃ ១០:៥ ) ។

women walking together

ការជួយ​សង្គ្រោះ​ដល់​សមាជិក​ដែល​ត្រឡប់​មក​វិញ

« ដោយ​មាន​សេចក្ដីស្រឡាញ់​ជា​ការ​ជំរុញ​ទឹកចិត្ត នោះ​អព្ភូតហេតុ​ជាច្រើន​នឹង​កើត​មាន​ឡើង ហើយ​យើង​នឹង​រកឃើញ​វិធី​ជាច្រើន​ដើម្បី​នាំ​បងប្អូន​ប្រុស​ស្រី ‹ ដែល​បានវង្វេង › របស់​យើង​ឲ្យ​មក​រួម​ចំណែក​ក្នុង​ការ​ឱប​ក្រសោប​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​វិញ » ។ —ជីន ប៊ី ប៊ីងហាំ

« ខ្ញុំ​បាន​អសកម្ម​យ៉ាង​ហោច​ណាស់​ប្រាំ​មួយ​ឆ្នាំ ពេល​ដែល​ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ទៅ​ក្រុង​ថ្មី​មួយ ។ ប្រធាន​សមាគមន៍​សង្គ្រោះ​ថ្មី​របស់​ខ្ញុំ​បាន​មក​លេង​ខ្ញុំ ហើយ​សួរ​ខ្ញុំ​ប្រសិន​បើ​គាត់​អាច​បញ្ជូន​បងស្រី​ម្នាក់​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ ។ ខ្ញុំ​បាន​យល់​ព្រម​ដោយ​មាន​ការ​ភិត​ភ័យ​បន្តិច​ផង ។ បងស្រី​នេះ​បាន​មក​សួរ​សុខទុក្ខ​ខ្ញុំ​ជា​រៀងរាល់​ខែ ទោះ​គាត់​មាន​ប្រតិកម្ម​នឹង​ឆ្កែ​ក្ដី—ហើយ​ខ្ញុំ​មាន​ឆ្កែ​មួយ​ដែល​ចូលចិត្ត​ប្រឡែង​លេង​ណាស់ ! ការងារ​បម្រើ​របស់​គាត់​បន្ត​អស់​ពីរ​ឆ្នាំ ហើយ​វា​មាន​ឥទ្ធិពល​ដ៏​ធំធេង​មកលើ​ខ្ញុំ ។

ទោះបី​ការ​សួរ​សុខទុក្ខ​របស់​គាត់​ជានិច្ចកាល​គឺ​ជា​ការនិយាយ​លេង​ក្ដី ក៏​ម្ដងម្កាល​គាត់​បាន​សួរ​ខ្ញុំ​នូវ​សំណួរ​ទាំងឡាយ​ដែល​នាំ​យើង​ទៅកាន់​ការសន្ទនា​ខាង​វិញ្ញាណ ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រណុក​ចិត្ត​បន្តិច​ដែរ តែ​វា​បាន​បំផុស​ខ្ញុំ​ឲ្យ​សម្រេច​ចិត្ត​ថា​តើ​ខ្ញុំ​ចង់​ឈាន​ទៅ​មុខ​ជាមួយ​នឹង​ដំណឹងល្អ ឬ​នៅ​នឹង​កន្លែង​ដែល​ខ្ញុំ​នៅ ។ ការសម្រេច​ចិត្ត​នេះ​គឺ​ជា​ការលំបាក​មួយ​សម្រាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​ជ្រើសរើស​យក​ការជួប​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ ។

នៅ​ថ្ងៃ​ដែល​ខ្ញុំ​បាន​ទៅ​ចូលរួម​ការប្រជុំ​សាក្រាម៉ង់​ជា​លើក​ទីមួយ​ក្នុង​រយៈពេល​ប្រាំមួយ​ឆ្នាំ ខ្ញុំ​មាន​ការភ័យ​ខ្លាច​នឹង​ដើរ​ចូល​ទៅ​ខាងក្នុង ។ នៅពេល​ខ្ញុំ​បាន​ដើរ​ចូល​ទៅក្នុង​ព្រះវិហារ បងស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ដល់​ខ្ញុំ​បាន​រង់ចាំ​ខ្ញុំ ហើយ​គាត់​បាន​ដើរ​ជាមួយ​ខ្ញុំ​ចូល​ទៅក្នុង​រោង​ជំនុំ ។ ក្រោយ​មក​ទៀត គាត់​បាន​ដើរ​ទៅឡាន​ជាមួយ​ខ្ញុំ ដោយ​សួរ​ខ្ញុំ​ថា​តើ​គាត់​អាច​ធ្វើ​អ្វី​សម្រាប់​ខ្ញុំ​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​បាន​ល្អ​បំផុត កាល​ដែល​ខ្ញុំ​ខិត​ទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ។

ពេលវេលា និង​ក្ដីស្រឡាញ់​របស់​បងស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ដល់​ខ្ញុំ បាន​ជួយ​ដឹកនាំ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​សកម្ម​វិញ ហើយ​ខ្ញុំ​ចាត់ទុក​កិច្ចខិតខំ​របស់​គាត់​ថា​ជា​អំណោយ​ដ៏​អស្ចារ្យ​បំផុត​មួយ​ដែល​បាន​ផ្ដល់​ដល់​ខ្ញុំ ។ ខ្ញុំ​មាន​អំណរគុណ​ដែល​គាត់​បាន​នៅ​ទីនោះ​ក្បែរ​ខ្ញុំ នៅលើ​ផ្លូវ​ត្រឡប់​ទៅកាន់​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​វិញ ។

ឈ្មោះ​ត្រូវ​បាន​ដក​ចេញ ប្រ៊ីធីស កូឡុំបៀ កាណាដា

គោលការណ៍​ដែល​ត្រូវ​ពិចារណា

« បាន​មក​សួរ​សុខទុក្ខ​ខ្ញុំ​ជា​រៀងរាល់​ខែ ទោះ​គាត់​មាន​ប្រតិកម្ម​នឹង​ឆ្កែ​ក្ដី »

តើ​អ្នក​បង្ហាញ​ថា​អ្នក​ខ្វល់ខ្វាយ​ចំពោះ​ពួកអ្នក​ដែល​អ្នក​ផ្ដល់​ការងារ​បម្រើ​ជា​អ្វីៗ​ផ្សេង​ទៀត​ដោយ​របៀប​ណា ? ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៤៤ ) ។

« សំណួរ »

ការសួរ​សំណួរ​ត្រឹមត្រូវ​អាច​ជួយ​បណ្ដាល​ឲ្យ​មាន​ការ​វ៉ាស់​វែង​ផ្ទាល់​ខ្លួន ។ ចូរ​ចងចាំ​ថា ការងារ​បម្រើ​របស់​យើង​មាន​គោលបំណង​មួយ​ដែល​ហួស​ពី​ការ​គ្រាន់​តែ​និយាយ​លេង ។

« រង់ចាំ​ខ្ញុំ »

គ្រប់គ្នា​គួរ​មាន​អារម្មណ៍​ថា​ត្រូវបាន​ស្វាគមន៍ ( សូមមើល នីហ្វៃទី៣ ១៨:៣២ ) ។

« នៅ​ទីនោះ​ក្បែរ​ខ្ញុំ នៅលើ​ផ្លូវ​ត្រឡប់ »

ការគាំទ្រ​របស់​យើង​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្ដូរ​ដ៏​សំខាន់​មួយ​ដល់​អស់​អ្នក​ដែល​មាន​ការ​លំបាក​ក្នុង​ការត្រឡប់​មក​កាន់​ព្រះអង្គ​សង្គ្រោះ ហើយ​បាន​ជា​សះ​ស្បើយ​វិញ ( សូមមើល ហេព្រើរ ១២:១២–១៣ ) ។

ការងារ​បម្រើ និង​ការ​ប្រមូល​ផ្ដុំ

« តាម​វិធីណា​ក៏ដោយ​ដែល​វា​ងាយ​ស្រួល​សម្រាប់​បងប្អូន សូម​ចែកចាយ​ជាមួយ​នឹង​មនុស្ស​អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់​សំខាន់​ចំពោះ​បងប្អូន ។ …

« … តួនាទី​របស់​បងប្អូន​គឺ​ចែកចាយ​នូវ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​បងប្អូន ហើយ​រស់នៅ​តាម​ដោយ​ខ្ជាប់ខ្ជួន​នឹង​ជំនឿ​របស់​បងប្អូន » ។ —អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ

ការងារ​បម្រើ និង​ការ​ចែក​ចាយ​ដំណឹងល្អ​ដើរ​ជាមួយ​គ្នា ។ នេះ​ជា​របៀប​មួយ​ចំនួន​ដែល​យើង​អាច​ប្រមូល​ផ្ដុំ​មិត្តភក្ដិ និង​អ្នក​ជិត​ខាង​យើង​ខណៈ​ពេល​យើង​ផ្ដល់​ការងារ​បម្រើ—ឬ​ផ្ដល់​ការងារ​បម្រើ​ខណៈ​ពេល​យើង​ប្រមូល​ផ្ដុំ​មិត្តភក្ដិ និង​អ្នក​ជិត​ខាង​យើង ៖

  • បម្រើ​ជាមួយ​គ្នា ។ ស្វែងរក​ឱកាស​នានា​ដើម្បី​អញ្ជើញ​មិត្ត ឬ​អ្នក​ជិតខាង​ម្នាក់​ឲ្យ​ចូលរួម​ជាមួយ​អ្នក​ក្នុង​ការងារ​បម្រើ​ដល់​នរណា​ម្នាក់​ដែល​ត្រូវការ​ជំនួយ ។ សួរ​ពួកគេ​ឲ្យ​ជួយ​អ្នក​រៀបចំ​អាហារ​មួយ​ពេល​សម្រាប់​ម្ដាយ​ថ្មី​ម្នាក់ ជួយ​ថែ​ទីធ្លា​របស់​អ្នក​ជិតខាង​ជរា​មួយ​រូប ឬ​សម្អាត​ផ្ទះ​នរណា​ម្នាក់​ដែល​ឈឺ ។

  • បង្រៀន​ជាមួយ​គ្នា ។ ពិចារណា​ពី​ការអញ្ជើញ​មិត្តភក្ដិ ឬ​អ្នក​ជិតខាង​ម្នាក់​ដែល​ពុំ​ចូលរួម​ញឹកញាប់​ឲ្យ​ផ្ដល់​កន្លែង​សម្រាប់​បង្រៀន​មេរៀន​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅក្នុង​ផ្ទះ​របស់​ពួកគេ​សម្រាប់​នរណា​ម្នាក់​ដែល​ជួប​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា គាំទ្រ​ដល់​អ្នក​ក្នុង​ការ​បង្រៀន​មេរៀន​មួយ​នៅ​ផ្ទះ​អ្នក ឬ​ក៏​ទៅ​បង្រៀន​មេរៀន​មួយ​ជាមួយ​អ្នក​នៅ​ផ្ទះ​អ្នក​ផ្សេង​ទៀត ។

  • ឈោង​ទៅជួយ ។ បន្ថែម​លើ​ការងារ​បម្រើ​ដល់​ពួក​អ្នក​ដែល​អ្នក​ត្រូវបាន​ចាត់​ឲ្យ​ផ្ដល់​ការងារ​បម្រើ អ្នក​ក៏​អាច​ឈោង​ទៅ​ជួយ​អ្នក​ផ្សេង​ទៀត​ពេល​អ្នក​ឃើញ​ថាត្រូវការ​ជំនួយ​ដែរ ។ ឲ្យ​ពួកគេ​ជិះ​ជាមួយ​ទៅ​ប្រជុំ​នៅ​ព្រះវិហារ ។ អញ្ជើញ​កូនៗ​របស់​ពួកគេ​ឲ្យ​ចូលរួម​សកម្មភាព​យុវវ័យ ឬ​កុមារ ។ តើ​មាន​វិធី​អ្វី​ផ្សេង​ទៀត​ដែលអ្នក​អាច​ផ្ដល់​ការងារ​បម្រើ និង​ប្រមូលផ្ដុំ​បាន​ទេ ?

  • ប្រើប្រាស់​ធនធាន​ដែល​សាសនាចក្រ​បាន​ផ្ដល់​ឲ្យ ។ សាសនាចក្រ​ផ្ដល់​នូវ​ធនធាន​ជា​ច្រើន​សម្រាប់​សមាជិក​ដើម្បី ជួយ​ពួកគេ​ក្នុង​ការ​ចែក​ចាយ​ដំណឹងល្អ ។ អ្នក​អាច​រុករក​ផ្នែក « អ្នក​ផ្សព្វផ្សាយ​សាសនា » នៅក្នុង​កម្មវិធី បណ្ណាល័យ​ដំណឹងល្អ មើល​វីដេអូ « Come and See » ( នៅ​គេហទំព័រ ChurchofJesusChrist.org/go/12011 ) និង​ចូលមើល​គេហទំព័រ ComeUntoChrist.org សម្រាប់​គំនិត​អំពី​របៀប​ដើម្បី​ប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល​នៅក្នុង​សហគមន៍​អ្នក ។

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ។

  2. បូនី អេច ខ័រដុន « ការក្លាយ​ជា​អ្នក​គង្វាល​ម្នាក់ » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៦ ។

  3. ជីន ប៊ី ប៊ីងហាំ « ការងារ​បម្រើ​ដូចដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៦ ។

  4. សូមមើល « Ministering Principles: The Purpose That Will Change Our Ministering » Ensignខែ មករា ឆ្នាំ ២០១៩ ទំព័រ ៨–១១ ។

  5. ឌៀថើរ អេស្វ អុជដូហ្វ « Missionary Work: Sharing What Is in Your Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៧ ។