សម្រាប់តែឌីជីថលប៉ុណ្ណោះ ៖ ពួកយុវមជ្ឈិមវ័យ
ការត្រឡប់មកលើផ្លូវវិញបន្ទាប់ពីការមានផ្ទៃពោះដោយមិនបានគ្រោងទុករបស់ខ្ញុំ
ខ្ញុំបានរស់នៅតែម្នាក់ឯង ហើយមានផ្ទៃពោះ ។ ប៉ុន្តែខ្ញុំបានដឹងថា ខ្ញុំចង់ជីវិតដែលខុសប្លែកពីនេះ ។ ខ្ញុំចង់រស់នៅដើម្បីថ្វាយខ្លួនចំពោះព្រះគ្រីស្ទ ហើយខ្ញុំចង់មានភាពស័ក្ដិសមចំពោះពរជ័យនៃព្រះវិហារបរិសុទ្ធ ។
ខ្ញុំបានសម្រេចចិត្តសិក្សានៅមហាវិទ្យាល័យដែលនៅជិតផ្ទះ ។ ខ្ញុំមានចិត្តរំភើបដើម្បីលេងកីឡាដែលខ្ញុំចូលចិត្តឲ្យកាន់តែខ្លាំង ដោយដឹងថាគ្រួសាររបស់ខ្ញុំនឹងមើលមកពីលើវេទិកា ហើយគាំទ្រដល់ខ្ញុំ ។ ខ្ញុំកើតមកក្នុងគ្រួសារដ៏អស្ចារ្យ ហើយឪពុកម្តាយខ្ញុំបានបង្រៀនយើងនូវតម្លៃ និងបទដ្ឋាននៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
ប៉ុន្តែ ដោយសារតែជានិស្សិតវ័យ ២០ ឆ្នាំ ជាអត្ថពលលិកកីឡាបាល់ទាត់ និងរស់នៅក្នុង « ជីវិតបែបមហាវិទ្យាល័យ » ខ្ញុំបានបោះបង់គោលការណ៍ទាំងនោះចោល ។ ខ្ញុំបានទៅរៀន និងលេងកីឡាបាល់ទាត់នៅរាល់ថ្ងៃ ហើយទៅជប់លៀងនៅចុងសប្តាហ៍ ដោយជឿជាក់ថាខ្ញុំបានរកឃើញសុភមង្គលពិតប្រាកដ ។ ឱ! ខ្ញុំខុសខ្លាំងណាស់ ។ ប៉ុន្តែនោះជាអ្វីដែលសាតាំងធ្វើ — វាធ្វើឲ្យរឿងខុសមានភាពទាក់ទាញ ហាក់ដូចជារឿងត្រឹមត្រូវដូច្នោះ ។
ជីវិតខ្ញុំមិនអាចគ្រប់គ្រងបាន នៅក្នុងឆ្នាំទីបីនៃមហាវិទ្យាល័យ ។ ខ្ញុំបានជ្រើសរើសខុស ហើយដឹងថាខ្លួនថាមានផ្ទៃពោះ ។ ទស្សនៈទាំងមូលរបស់ខ្ញុំអំពីជីវិតបានផ្លាស់ប្តូរ ។ វាមិនមែនមានតែខ្ញុំនោះទេ ប៉ុន្តែអំពីទារកដែលខ្ញុំពពោះ ។ ពាក្យសម្ដីនៅក្នុងអាល់ម៉ា ៣៦:១៧–២១និយាយចំៗដល់ព្រលឹងរបស់ខ្ញុំ ពីព្រោះខ្ញុំមានអារម្មណ៍សោកស្តាយខ្លាំងចំពោះព្រះ ហើយដឹងថាខ្លួនឯងធ្វើខុស ស្រដៀងនឹងអ្វីដែលអាល់ម៉ា មាន ។
ផ្លូវទៅកាន់ការប្រែចិត្តអាចពិបាក និងត្រូវការការព្យាយាម ។ ខ្ញុំដឹងខ្លួនថា វាពិបាកដើម្បីទទួលយកថា ខ្ញុំខុស ហើយទទួលយកកំហុស ។ ដោយការប្រឈមមុខចំពោះមនុស្សគ្រប់គ្នាដែលខ្ញុំស្រឡាញ់ ហើយប្រាប់ពួកគាត់ថា ខ្ញុំមានផ្ទៃពោះ នោះគឺជាពេលដែលខ្ញុំខ្លាចបំផុតក្នុងជីវិតរបស់ខ្ញុំ ។ ខ្ញុំក៏បានជួបនឹងប៊ីស្សពរបស់ខ្ញុំ ហើយត្រូវប្រឈមមុខនឹងក្រុមប្រឹក្សាវិន័យ ដែលបានបញ្ឈប់ខ្ញុំមិនឲ្យទទួលទានសាក្រាម៉ង់មួយរយៈពេល ។ ខ្ញុំចង់រត់ទៅឲ្យឆ្ងាយ ហើយសម្តែងថានេះមិនមែនជាជីវិតពិតនោះទេ ។ ប៉ុន្តែវាជាការពិត ។ នោះជាការពិតថ្មីរបស់ខ្ញុំ ។ មិនថាមានរឿងអ្វីកើតឡើងនោះទេ មានរឿងលំបាកៗជាច្រើននៅខាងមុខខ្ញុំ ។
ក្រុមគ្រួសារខ្ញុំបានខកបំណងនឹងការជ្រើសរើសរបស់ខ្ញុំ ប៉ុន្តែពួកគាត់ក៏ស្រឡាញ់ខ្ញុំ ហើយចង់ឲ្យខ្ញុំមានអ្វីៗដែលល្អ គឺដូចជាព្រះវរបិតាសួគ៌ដូច្នោះដែរ ។ ខ្ញុំបានសួរខ្លួនឯងជាច្រើនដង តើទ្រង់អាចអត់ទោសដល់ខ្ញុំដូម្តេចទៅ បន្ទាប់ពីខ្ញុំសាងកំហុសជាច្រើនដងនោះ ។ ចម្លើយដែលខ្ញុំបានទទួលរាល់ពេលនោះគឺ ពីព្រោះទ្រង់ស្រឡាញ់ខ្ញុំ ហើយចង់ឲ្យខ្ញុំត្រឡប់ទៅរស់នៅជាមួយទ្រង់វិញ ។ ខ្ញុំដឹងថា ខ្ញុំបានធ្វើឲ្យឪពុកម្តាយខាងលោកិយខកបំណងនឹងខ្ញុំ ប៉ុន្តែគំនិតដែលថាខ្ញុំបានធ្វើឲ្យព្រះវរបិតាសួគ៌ខកបំណងនឹងខ្ញុំខ្លាំង បានធ្វើឲ្យខ្ញុំរឹតតែអន់ចិត្តបំផុត ។
ទោះជាយ៉ាងណា ខ្ញុំបានមានអារម្មណ៍ថាឯងការ និងបាត់បង់នៅប៉ុន្មានខែដំបូងនៃការពពោះរបស់ខ្ញុំ មិនដឹងថាត្រូវទៅទីណាពីត្រង់នោះ ។ នៅពេលខ្ញុំចាប់ផ្តើមអធិស្ឋានកាន់តែស្មោះសរទៅកាន់ព្រះវរបិតាសួគ៌សូមការណែនាំ និងជំនួយ ខ្ញុំបានរៀនថា ខ្ញុំមិនដែលនៅឯងការនោះទេ ។ ទ្រង់តែងតែនៅទីនោះ គឺគ្រាន់តែចាំឲ្យខ្ញុំស្វែងរកទ្រង់ប៉ុណ្ណោះ ។ ចិត្តខ្ញុំបានផ្លាស់ប្តូរយ៉ាងខ្លាំង ។ ខ្ញុំចង់រស់នៅក្នុងជីវិតថ្មីមួយ ។ ខ្ញុំចង់រស់នៅសម្រាប់ព្រះគ្រីស្ទ ។ ខ្ញុំចង់រស់នៅឲ្យមានភាពស័ក្តិសមដើម្បីទទួលទានសាក្រាម៉ង់ម្តងទៀត ។ ខ្ញុំចង់មានភាពស័ក្តិសមដើម្បីរៀបការនៅក្នុងព្រះវិហារបរិសុទ្ធនៅថ្ងៃណាមួយ អ្វីមួយដែលខ្ញុំគិតគឺនៅឆ្ងាយហួសពីអ្វីដែលខ្ញុំអាចចាប់បាន ព្រោះតែកំហុសរបស់ខ្ញុំ ។
ពេលនោះហើយ ដែលខ្ញុំបានរៀនពីព្រះចេស្តាពិតប្រាកដនៃព្រះយេស៊ូវគ្រីស្ទថាជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ ។ ខ្ញុំបានឃើញសេចក្តីមេត្តាករុណាដ៏ទន់ភ្លន់មកពីព្រះអង្គសង្រ្គោះក្នុងអំឡុងប្រាំបួនខែដ៏ខ្លីនោះ ។ សេចក្តីជំនឿខ្ញុំរីកចម្រើនដែលខ្ញុំមិនធ្លាប់មានពីមុនមកក្នុងជីវិតខ្ញុំ ។ ដោយសារតែសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទនោះហើយ ដែលបានអនុញ្ញាតឲ្យខ្ញុំជ្រើសរើសឲ្យកូនស្រីជាទីស្រឡាញ់របស់ខ្ញុំទៅគេចិញ្ចឹម ។ ការឈឺចាប់ពីការឲ្យកូនទៅគេចិញ្ចឹមគឺធំធេងណាស់ ។ ប៉ុន្តែ សេចក្តីអំណរដែលខ្ញុំទទួលបានដោយការជួយឲ្យកូនស្រីម្នាក់ទៀតរបស់ព្រះមានគ្រួសារដ៏នៅអស់កល្បជានិច្ចគឺកាន់តែមហិមាទៅទៀត ។ ខ្ញុំបានផ្លាស់ប្តូរចាប់តាំងពីបទពិសោធន៍នោះមក យើងទាំងអស់គ្នាក៏អាចធ្វើបានដែរ ប្រសិនបើ យើងពិតជាសោកស្តាយ និងប្រែចិត្តពិតប្រាកដមែន — ដោយការអនុញ្ញាតឲ្យព្រះអម្ចាស់ធ្វើឲ្យយើងបានបរិសុទ្ធម្តងទៀត ។
ជារៀងរាល់ថ្ងៃចាប់តាំងពីពេលនោះមក ខ្ញុំបានទទួលពរជ័យជាច្រើន ។
បងប្អូនដឹងទេ ខ្ញុំក៏ត្រូវបានឪពុកម្តាយខ្ញុំយកមកចិញ្ចឹមដែរកាលពីនៅក្មេង ហើយប្រាំមួយខែក្រោយពីឲ្យកូនស្រីខ្ញុំទៅគេចិញ្ចឹម ខ្ញុំក៏បានជួបនឹងម្តាយបង្កើតរបស់ខ្ញុំ ។ អព្ភូតហេតុមិនដែលបាត់បង់ឡើយ ។ មិនយូរប៉ុន្មានបន្ទាប់ពីពេលនោះ ខ្ញុំបានជួបនឹងស្វាមីរបស់ខ្ញុំ ដែលនៅទីបំផុតខ្ញុំបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ ។ ឥឡូវនេះ ខ្ញុំជាម្តាយនៃកូនដ៏ស្រស់ស្អាតបួននាក់ ។
ការពពោះដោយមិនបានព្រៀងទុក និងការឲ្យកូនដំបូងទៅគេចិញ្ចឹម បានផ្លាស់ប្តូរជីវិតខ្ញុំជារៀងរហូត ។ ខ្ញុំបានរៀនជាច្រើនអំពីជីវិតខ្ញុំ និងអំពីសេចក្តីស្រឡាញ់ដែលព្រះ និងព្រះយេស៊ូវគ្រីស្ទ បានមានសម្រាប់ខ្ញុំ ហើយសម្រាប់យើងម្នាក់ ។ តាមរយៈការឈឺចិត្ត ឈឺចុកចាប់ ទឹកភ្នែក ការអធិស្ឋានដែលនិយាយមិនចេញ និងការឆ្លើយតបការអធិស្ឋាន ខ្ញុំទទួលបានសេចក្តីសង្ឃឹម សេចក្តីស្រឡាញ់ ការអភ័យទោស សេចក្តីមេត្តាករុណា និងអំណរ ។ ខ្ញុំបានរៀនថា ការឲ្យកូនទៅគេចិញ្ចឹមគឺជាសេចក្តីស្រឡាញ់ ។ ខ្ញុំរៀនឲ្យតម្លៃទៅលើការទទួលទានសាក្រាម៉ង់ ។ ខ្ញុំបានរៀនថា ខ្ញុំមិនមែនបាត់បង់ទាំងស្រុងនោះទេ — ខ្ញុំគ្រាន់តែត្រូវត្រឡប់ទៅកាន់ផ្លូវដែលខ្ញុំបានវង្វេងតែប៉ុណ្ណោះ ។ នៅពេលដែលខ្ញុំពិតជាបានប្រែចិត្តពីអំពើបាបរបស់ខ្ញុំទាំងស្រុង ហើយរៀនដើម្បីពឹងផ្អែក និងមានសេចក្តីជំនឿលើព្រះគ្រីស្ទ ទ្រង់បាននាំខ្ញុំមកក្នុងហ្វូងរបស់ទ្រង់វិញ ហើយបានប្រទានពរជីវិតខ្ញុំលើសពីអ្វីដែលខ្ញុំអាចវាស់វែងបាន ។ ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ គឺពិតប្រាកដមែន ហើយសេចក្តីមេត្តាករុណារបស់ទ្រង់គឺគ្រប់គ្រាន់សម្រាប់យើងទាំងអស់គ្នា ( សូមមើល អេធើរ ១២:២៧ ) ។