សម្រាប់តែឌីជីថលប៉ុណ្ណោះ ៖ ពួកយុវមជ្ឈិមវ័យ
ការជ្រើសរើសភាពអស់កល្ប
ខ្ញុំបានដឹងថា ឥឡូវនេះគឺជាពេលវេលាសម្រាប់ខ្ញុំជ្រើសរើសថាតើខ្ញុំនឹងប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្ញុំដែរឬទេ ។
នៅពេលខ្ញុំបានឮថា ខ្ញុំបានទទួលអាហារូបករណ៍មួយដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធន៍ខាងវប្បធម៌នៅប្រទេសអាហ្សង់ទីនដែលខ្ញុំតែងតែនឹកស្រមៃដល់ ខ្ញុំពុំធ្លាប់នឹកស្រមៃថា វានឹងក្លាយជាការចាប់ផ្ដើមនៃការផ្លាស់ប្ដូរដ៏ធំក្នុងជីវិតរបស់ខ្ញុំឡើយ ។
ខ្ញុំបានមកដល់ទីក្រុងរ៉ូសារីយ៉ូ ប្រទេសអាហ្សង់ទីន ជាកន្លែងដែលខ្ញុំបានរស់នៅជាមួយនឹងគ្រួសារមួយ ដែលជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ដូច្នេះហើយ ខ្ញុំបានចាប់ផ្ដើមដំណើរផ្សងព្រេងខាងវិញ្ញាណរយៈពេលមួយឆ្នាំ ដោយនិយាយនឹងពួកអ្នកផ្សព្វផ្សាយសាសនា ហើយចូលរួមថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ។ ខ្ញុំចង់ដឹងអ្វីគ្រប់យ៉ាង ហើយខ្ញុំអាចដឹងថា អ្វីដែលខ្ញុំកំពុងរៀនអំពីដំណឹងល្អកំពុងផ្ដល់ពរជ័យដល់ខ្ញុំតាមវិធីជាច្រើន ។
និយាយឲ្យខ្លីទៅ ខ្ញុំអាចទទួលបានទីបន្ទាល់មួយដ៏រឹងមាំអំពីសេចក្ដីពិតដ៏ពេញលេញនៃគោលលទ្ធិដែលខ្ញុំត្រូវបានបង្រៀន រួមមាន សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ការទុកចិត្ត និងការគោរពប្រតិបត្តិចំពោះបទបញ្ញត្តិរបស់ព្រះអម្ចាស់ ដែលទ្រង់បានប្រទានដល់យើង ដើម្បីការពារយើងពីការឈឺចាប់ ។
ទ្រង់ពុំចង់ឲ្យយើងឆ្លងកាត់ការឈឺចាប់ដោយគ្មានគោលបំណងនោះឡើយ ។ ទ្រង់ស្រឡាញ់យើង ហើយចង់បង្ហាញឲ្យយើងឃើញខ្លាំងណាស់ ។ ប៉ុន្តែពេលខ្លះ តាមរយៈការជ្រើសរើសរបស់យើងផ្ទាល់ យើងបានបិទទ្វារនោះ យើងដកខ្លួនចេញពីទ្រង់ រួចហើយវាស្ថិតនៅក្នុងកណ្ដាប់ដៃរបស់យើង ។ បន្ទាប់មក យើងត្រូវតែបោះមួយជំហានដំបូងឆ្ពោះទៅរកការទទួលបានសេចក្ដីសុខសាន្តនៅក្នុងដួងចិត្តរបស់យើងវិញ ។ នេះគឺជាអ្វីមួយដែលខ្ញុំបានដកពិសោធន៍ខ្លួនឯង ។
បន្ទាប់ពីការរៀនសូត្រ រៀនមេរៀនរបស់អ្នកផ្សព្វផ្សាយសាសនា និងការចូលរួមក្នុងថ្នាក់អស់ជាច្រើនខែមក ខ្ញុំបានដកពិសោធន៍នូវសេចក្ដីវេទនាដ៏ឈឺចាប់បំផុតមួយ—ជាសេចក្ដីលំបាកដែលធ្វើឲ្យអ្នកនឹកឃើញពីអារម្មណ៍កាលពីអតីត ល្បួងអ្នកឲ្យធ្វើការជ្រើសរើសពុំត្រឹមត្រូវនៅបច្ចុប្បន្ន ហើយព្យាយាមបំផ្លាញអនាគតដែលអ្នកតែងតែនឹកស្រមៃ ។ ខ្ញុំបានរៀនថា សេចក្ដីវេទនានោះ ពេលខ្លះ ( ហើយភាគច្រើន )កើតចេញពីអ្វីមួយដែលអ្នកពុំបានរំពឹងទុកឡើយ ។
ការមានគំនិត និងសកម្មភាពស័ក្ដិសម ហើយមានគុណធម៌ទំនងជាផ្នែកមួយដែលខ្ញុំមានជានិច្ចនៅពេលនោះ ។ ខ្ញុំបានដឹងថា រឿងដែលខ្ញុំហៀបនឹងធ្វើពុំត្រឹមត្រូវទេ ថាមនុស្សដែលខ្ញុំបានទុកចិត្តនៅគ្រាមួយហៀបនឹងដើរខុសផ្លូវ ហើយថាខ្ញុំពិតជាបានចាប់ផ្ដើមរួចរាល់ហើយក្នុងការបង្កើតគម្លាតមួយរវាងខ្ញុំ និងព្រះវរបិតាសួគ៌ ។ ខ្ញុំបានដឹងថា ឥឡូវនេះគឺជាពេលវេលាដែលខ្ញុំត្រូវការដើម្បីជ្រើសរើសថាតើខ្ញុំនឹងប្រកាន់ខ្ជាប់នូវគុណតម្លៃដែលខ្ញុំបានគោរពដែរឬអត់ ។ ដូច្នេះខ្ញុំត្រូវស្វែងរកកម្លាំងនៅក្នុងខ្លួនខ្ញុំដែលបានប្រាប់ខ្ញុំថា ខ្ញុំពុំអាចបំផ្លាញក្ដីស្រមៃទាំងនេះងាយៗបានឡើយ ។ ខ្ញុំពុំអាចបំផ្លាញសេចក្ដីសង្ឃឹមរបស់ខ្ញុំពីគ្រួសារដ៏អស់កល្បជានិច្ច និងស្វាមីជាទីស្រឡាញ់ម្នាក់បាននោះទេ ។ នៅក្នុងជីវិតរបស់ខ្ញុំមានរឿងមួយដែលខុសឆ្គង ហើយខ្ញុំបានដឹងថា ខ្ញុំត្រូវតែផ្លាស់ប្ដូរ ។
អារម្មណ៍នោះរួមជាមួយនឹងទីបន្ទាល់ក្មេងខ្ចីដែលបានចាប់ផ្ដើមមានពន្លកនៅក្នុងដួងចិត្តរបស់ខ្ញុំ និងពួកទេវតាពិតនៅក្នុងជីវិតរបស់ខ្ញុំដែលតែងតែចាំជួយដល់ខ្ញុំ បានសង្គ្រោះខ្ញុំពីការវង្វេង ហើយធ្វើឲ្យខ្ញុំរឹងមាំម្ដងទៀតរហូតដល់ខ្ញុំអាចជ្រើសរើសត្រឡប់មករកព្រះអម្ចាស់ទាន់ពេល ។ ហើយខ្ញុំដឹងថា ទ្រង់តែងគង់នៅទីនោះជានិច្ច ដោយប្រទានពរខ្ញុំនៅក្នុងការខិតខំរបស់ខ្ញុំដើម្បីស្ដាប់តាមព្រះសូរសៀងរបស់ទ្រង់ ហើយបន្តស័ក្ដិសមចំពោះពរជ័យដ៏នៅអស់កល្បជានិច្ច ។
ឥឡូវនេះ ពេលខ្ញុំគិតពីគ្រាដែលខ្ញុំបានឆ្លងកាត់ ខ្ញុំបានគិតឃើញពីភាពក្លាហានពុំព្រមចុះចាញ់ ភាពក្លាហានដើម្បីបង្ហាញពីគុណតម្លៃរបស់ខ្ញុំជានិច្ច និងសេចក្ដីជំនឿដែលខ្ញុំបានមាន ហើយនៅតែមាន ។
គ្រានៃការប្រែចិត្ត និងការឈឺចាប់កើតមានទន្ទឹមគ្នា ដោយទទួលស្គាល់ពីអារម្មណ៍ និងគ្រាខុសឆ្គង និងការបន្ទាបខ្លួន ខ្ញុំមានអំណរគុណជាខ្លាំងចំពោះការណ៍នោះ—ហើយខ្ញុំនឹងមានអំណរគុណជានិច្ច ។ ខ្ញុំមានអំណរគុណដោយសារខ្ញុំអាចមានអារម្មណ៍ទាន់ពេលថា ព្រះវរបិតាសួគ៌របស់ខ្ញុំបានអភ័យទោសដល់ខ្ញុំ ថាទ្រង់បន្តស្រឡាញ់ខ្ញុំ ហើយថាទ្រង់នឹងធ្វើបែបនេះជានិច្ច ។
ផ្នែកដែលលំបាកបំផុតសម្រាប់ខ្ញុំគឺការរៀនអភ័យទោសឲ្យខ្លួនឯង ។ ខ្ញុំចងចាំពីអារម្មណ៍ដែលខ្ញុំមាន ជាអារម្មណ៍ពុំស័ក្ដិសម ហើយខ្វះភាពស្រស់ស្អាត គឺទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ។ ប៉ុន្តែ ព្រះអង្គសង្រ្គោះរបស់ខ្ញុំតែងតែគង់នៅទីនេះ ដោយប្រទានដល់ខ្ញុំនូវកម្លាំង និងការបំផុសគំនិត ។ ទ្រង់ប្រទានមនុស្សល្អមកក្នុងជីវិតខ្ញុំ ដែលបានជួយខ្ញុំរៀនកាន់តែច្រើនអំពីសាសនាចក្រ ចាប់តាំងពីខ្ញុំបានត្រឡប់មកប្រទេសបែលហ្ស៉ិកវិញ ។ ពួកគេបានស្រឡាញ់ ហើយបានជួយខ្ញុំឲ្យចេះស្រឡាញ់ខ្លួនឯងម្ដងទៀត ហើយស្គាល់ថា បទពិសោធន៍នេះពុំគួរជាការឈឺចាប់ដែលខ្ញុំត្រូវរែកពន់នៅក្នុងជីវិតរបស់ខ្ញុំជារៀងរហូតនោះឡើយ ។ ខ្ញុំអាចមើលឃើញថា ខ្ញុំមានឱកាសជ្រើសរើស ដកពិសោធន៍ថាតើទីបន្ទាល់របស់ខ្ញុំរឹងមាំដល់កម្រិតណា តាមរយៈការការពារគុណតម្លៃរបស់ខ្ញុំ ។ ឥឡូវនេះ ខ្ញុំមើលឃើញថា ដោយសារបានខិតខំពង្រឹងទីបន្ទាល់របស់ខ្ញុំតាមរយៈបទពិសោធន៍នេះ ខ្ញុំអាចជាពរជ័យមួយនៅក្នុងជីវិតមនុស្សជាច្រើន ទាំងអ្នកនៅជិត និងនៅឆ្ងាយ ។
ចូរកុំខ្លាចឡើយ ។ ចូរកុំចុះចាញ់ ហើយការពារគុណតម្លៃរបស់អ្នកជានិច្ច ។ ចូរចាំជានិច្ចពីភាពស្រស់ស្អាត និងពរជ័យដែលកើតមានតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់ចំពោះព្រះអង្គសង្គ្រោះ ហើយមានសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធរបស់ទ្រង់ជាគ្រឹះដើម្បីស្ថាបនាទំនាក់ទំនងមួយ និងគ្រួសារនាពេលអនាគត ។ ប្រសិនបើអ្នកជ្រើសរើសគោរពប្រតិបត្តិ ហើយជ្រើសយកព្រះវរបិតាសួគ៌នៅគ្រប់រឿងទាំងអស់ មិនយូរមិនឆាប់ ពរជ័យអស់កល្បជានិច្ចនឹងកើតមាន ។ កុំព្រួយបារម្ភឡើយ ប្រសិនបើអ្នកមិនអាចមើលឃើញវានៅពេលនេះ ប៉ុន្តែចូរទុកចិត្តលើរឿងនោះបន្ថែមទៀតជារៀងរាល់ថ្ងៃ នោះអ្នកនឹងមើលឃើញព្រះហស្ដរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នក ។ ភាពរីករាយនឹងចាប់ផ្ដើមនៅក្នុងដួងចិត្តរបស់អ្នក ហើយពរជ័យអស់កល្បជានិច្ចនឹងចាប់ផ្ដើមរីកឡើង ។
ខ្ញុំបានជ្រមុជទឹកនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៩ នៅក្នុងវួដរបស់ខ្ញុំនៅប្រទេសបែលហ្ស៉ិក ហើយខ្ញុំរីករាយខ្លាំងណាស់ដើម្បីបោះជំហានដំបូងនេះដើរលើផ្លូវទៅកាន់ភាពអស់កល្បជានិច្ច ។ ពិតណាស់ ខ្ញុំនឹងជួបនូវឧបសគ្គជាច្រើននៅលើផ្លូវនោះ—យើងគ្រប់គ្នានឹងជួបបញ្ហានេះ—ប៉ុន្តែដោយមានទីបន្ទាល់នៅក្នុងដួងចិត្តរបស់ខ្ញុំ ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីប្រឈមនឹងបញ្ហាទាំងនោះ ដោយសារខ្ញុំដឹងពីអង្គដែលខ្ញុំនឹងជ្រើសរើស ។