សណ្ដានចិត្តល្អគឺសំខាន់
ការសូមអភ័យទោស
ថ្ងៃមួយ នៅសាលា មិត្តរួមថ្នាក់ខ្ញុំពីរបីនាក់បានចំអកឲ្យសិស្សម្នាក់ទៀតដោយប្រើពាក្យមិនល្អទៅគាត់ ។ មើលទៅវាសប្បាយ ដូច្នេះខ្ញុំបានចូលរួមនឹងពួកគេដែរ ។ អស់រយៈពេលពីរបីសប្ដាហ៍ ខ្ញុំបានចំអកឲ្យគាត់ជាមួយនឹងមិត្តភក្ដិខ្ញុំ ។
ជាច្រើនសប្ដាហ៍ក្រោយមក ក្មេងប្រុសនោះបានប្រាប់ខ្ញុំពីអារម្មណ៍របស់គាត់ ។ ទោះជាគាត់បានធ្វើពុតដូចជាគាត់មិនខ្វល់ដែលយើងកំពុងចំអកដល់គាត់ក្ដី គាត់មានការឈឺចាប់ដោយសារពាក្យសម្ដីរបស់ពួកយើង ។ គាត់បាននិយាយថា គាត់យំរាល់ថ្ងៃ ។ ខ្ញុំស្ទើរតែយំដែរ ពេលគាត់បានប្រាប់ខ្ញុំ ។ ខ្ញុំចង់ជួយគាត់ ហើយបានសម្រេចចិត្តសូមទោសចំពោះអ្វីដែលខ្ញុំបាននិយាយទៅកាន់គាត់ ។
ដូច្នេះនៅថ្ងៃបន្ទាប់នោះ ខ្ញុំបានដើរទៅកាន់គាត់ ហើយដាក់ដៃខ្ញុំនៅលើស្មាគាត់ ។ ខ្ញុំបាននិយាយថា « ខ្ញុំសូមទោសដែលខ្ញុំបានចំអកដល់ឯង » ។ គាត់ងក់ក្បាលតបមកខ្ញុំទាំងទឹកភ្នែករលីងរលោង ។ ប៉ុន្តែក្មេងៗផ្សេងទៀតនៅតែចំអកឲ្យគាត់ ។ បន្ទាប់មក ខ្ញុំបានចងចាំពីអ្វីដែលខ្ញុំបានរៀននៅក្នុងថ្នាក់បឋមសិក្សា ៖ ជ្រើសរើសត្រូវ ។
ខ្ញុំបានប្រាប់មិត្តរួមថ្នាក់របស់ខ្ញុំដោយក្លាហានថា « ឈប់ចំអកឲ្យគាត់ទៅ ! តើពួកឯងមិនដឹងថាវាពិបាកប៉ុណ្ណាសម្រាប់គាត់ទេឬអី ? សូមនិយាយថា ពួកឯងសូមទោសចំពោះអ្វីដែលពួកឯងបានធ្វើ ហើយធ្វើជាមិត្តគាត់ទៅ » ។
ប៉ុន្តែពួកគេពុំផ្លាស់ប្ដូរដោយងាយៗឡើយ ។ ផ្ទុយទៅវិញ ពួកគេខឹងនឹងខ្ញុំ ហើយបាននិយាយថា « តើឯងមានបញ្ហាអ្វីភ្លាមៗហ្នឹង ? » ឯងក៏បានចំអកដល់គាត់ដែរ ! »
ខ្ញុំនៅតែមានអារម្មណ៍មិនល្អចំពោះអ្វីដែលខ្ញុំបានធ្វើពីមុនមក ។ ដូច្នេះខ្ញុំបាននិយាយថា « ខ្ញុំបាននិយាយសូមទោសទៅគាត់រួចហើយ ។ ខ្ញុំចង់ឲ្យពួកឯងយល់ថាគាត់មានអារម្មណ៍យ៉ាងណា ហើយឈប់ចំអកឲ្យគាត់ដែរ » ។
ម្នាក់ក្នុងចំណោមពួកគេបាននិយាយសូមទោស ហើយពួកយើងទាំងបីនាក់បានក្លាយជាមិត្តល្អនឹងគ្នា ។ ក្មេងៗពីរបីនាក់នៅតែចំអកឲ្យគាត់ ប៉ុន្តែគាត់មានអារម្មណ៍ល្អប្រសើរឡើងដោយសារគាត់មានពួកយើង ។ ខ្ញុំនឹងជ្រើសរើសត្រូវ ដោយការជួយមិត្តម្នាក់ដែលត្រូវការជំនួយ ។