២០២០
រ៉ាឆែល ឡៃហល—រដ្ឋ​កាលីហ្វ័រញ៉ា ស.រ.អា.
ខែ មករា ឆ្នាំ ២០២០


ការបង្ហាញ​អំពី​សេចក្តី​ជំនឿ

រ៉ាឆែល ឡៃហល

កាលីហ្វ័រញ៉ា ស.រ.អា.

Rachel Lighthall

ដើរ​ជុំ​វិញ​ផេះ និង​កម្ទេច​កម្ទី​នៅ​កន្លែង​ដែល​រ៉ាឆែល​ធ្លាប់​រស់នៅ ហើយ​ពិតណាស់ អ្នក​កត់សម្គាល់​ឃើញ​ពី​អ្វីៗ​ទាំងអស់​ដែល​ត្រូវបាន​បំផ្លិច​បំផ្លាញ ។ ប៉ុន្តែ ទោះបី​បន្ទាប់​ពី​មាន​ភ្លើង​បំផ្លិច​បំផ្លាញ​ទីក្រុង​ផារ៉ាដាយ​រដ្ឋ​កាលីហ្វ័រញ៉ា​ក្ដី ក៏​អ្នក​នឹង​កត់សម្គាល់​ឃើញ​ពី​សេចក្ដី​ជំនឿ​របស់​រ៉ាឆែល កាល​ដែល​នាង​និយាយ​ពី​របៀប​ដែល​នាង​បាន​ឃើញ​ព្រះហស្ដ​ព្រះ​នៅ​ក្នុង​ជីវិត​នាង​ដែរ ។

រីឆាត អិម. រ៉មនី ជាង​ថតរូប

យើង​ទម្លាប់​នឹង​ការមាន​ភ្លើង​ឆេះ​នៅក្នុង​តំបន់​នេះ ដូច្នេះ​ពេល​យើង​បាន​ឃើញ​មេឃ​ពេញ​ដោយ​ផ្សែង​នៅ​ព្រឹក​នោះ យើង​ពុំ​សូវ​ជា​បារម្ភ​ខ្លាំង​ពេក​ទេ ។ ខ្ញុំ​ហាក់ដូច​ជា​អ្នក​ចំណូល​ថ្មី​បន្តិច​នៅ​ក្នុង​តំបន់​នេះ ប៉ុន្តែ​ពួក​អ្នក​ដែល​បាន​រស់នៅ​ក្នុង​ទីក្រុង​ផារ៉ាដាយ​ជាយូរ​មកហើយ—ជា​ពិសេស​ពួក​អ្នក​ដែល​រស់នៅ​ជិត​ជ្រលង​ជ្រោះ—បាន​ជម្លៀស​ចេញ​ជា​មុន ។

ទោះ​យ៉ាង​ណា នៅ​ពេល​នេះ​មាន​ខ្យល់​យ៉ាង​ខ្លាំង​បក់បោក​ភ្លើង​យ៉ាង​លឿន​ដែល​មន្ត្រី​ពិតជា​ប៉ាន់​ស្មាន​មិន​ដល់​ថា​ត្រូវការ​ពេល​ប៉ុណ្ណា​មុន​នឹង​វា​បក់បោក​មក​ដល់​យើង ។ ពួក​យើង​ភាគ​ច្រើន​ពុំ​បាន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ឡើយ រហូត​ដល់​ទីក្រុង​ត្រូវបាន​ឆេះ​បំផ្លាញ​គ្រប់​ទីកន្លែង ។ ស្ថានភាព​របស់​យើង​ផ្លាស់​ប្ដូរ​ពី « ព្រួយ​បារម្ភ​បន្តិច​បន្តួច » ទៅ​ជា « បន្ទាន់ ! ឆាប់​ចាកចេញ ! » ក្នុង​មួយ​ម៉ោង ។

ការជម្លៀស​ចេញ​មាន​ភាព​វឹកវរ—និង​ឆាប់​រហ័ស ។ មនុស្ស​ភាគ​ច្រើន​ត្រូវតែ​បើកបរ​កាត់​ភ្លើង​ដើម្បី​ចាកចេញ​ពី​ក្រុង​នោះ ។ ពេល​ខ្ញុំ​បើក​ឡាន​ចេញ​ជាមួយ​កូនៗ​ខ្ញុំ នោះ​មាន​ផ្សែង​នៅ​គ្រប់​ទីកន្លែង ។ រងើក​ភ្លើង​ហោះ​ពាសពេញ​ក្រុង ហើយ​ភ្លើង​បាន​ចាប់​ផ្ដើម​ឆេះ​គ្រប់​ទិសទី ។ មនុស្ស​ជា​ច្រើន​បាន​ចាកចេញ​ទាំង​ផ្ទះ​របស់​ខ្លួន​កំពុង​តែ​ឆេះ ឬ​ផ្ទះ​អ្នក​ជិតខាង​ពួកគេ​កំពុង​តែ​ឆេះ ។ ខ្ញុំ​ពុំ​ដឹងថា តើ​ផ្ទះ​ខ្ញុំ​នឹង​ត្រូវ​បំផ្លិច​បំផ្លាញ​ឬ​ក៏អត់​ទេ ។

ខ្ញុំ​បាន​សន្ទនា​ជាមួយ​ព្រះ ពេល​យើង​បាន​បើកបរ​ចេញ​មក ។ ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​ឲ្យ​យើង​ចាកចេញ​ដោយ​សុវត្ថិភាព ហើយ​ថា​ផ្ទះ​របស់​យើង​នឹង​មិន​ត្រូវ​បំផ្លិច​បំផ្លាញ ។ យើង​ទើបតែ​បាន​រស់នៅ​ក្នុង​ផ្ទះ​យើង​ប្រហែល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ។ យើង​បាន​ជួយ​គ្នា​ជួសជុល​កែលំអ​ផ្ទះ​នោះ​បន្ថែម​ជា​ក្រុម​គ្រួសារ ។ ស្វាមី និង​កូនៗ​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ដាក់​ផ្ទៃ​បន្ទះ​ខាងលើ​រាន​ផ្ទះបាយ និង​កម្រាល​ថ្មី ។ យើង​ហៅ​វា​ថា​ជា « ផ្ទះ​ក្នុង​ព្រៃ » របស់​យើង ។ ខ្ញុំ​ស្រឡាញ់​ផ្ទះ​របស់​ខ្ញុំ តែ​ខ្ញុំ​បាន​ព្យាយាម​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ធ្វើតាម​ព្រះទ័យ​របស់​ព្រះ ។

ពីរបីថ្ងៃ​ក្រោយ​មក យើង​បាន​ដឹង​ថា​ផ្ទះ​របស់​យើង​ត្រូវ​បំផ្លិច​បំផ្លាញ​អស់​ហើយ ។ យើង​បាន​ធ្វើ​ឲ្យ​ផ្ទះ​យើង​ស្រស់ស្អាត ហើយ​ឥឡូវ​នេះ​វា​ឆេះ​អស់​ហើយ ។ ប៉ុន្តែ​ពេល​មើល​ត្រឡប់​ក្រោយ​វិញ ពេលវេលា​ដែល​យើង​បាន​ចំណាយ​នៅក្នុង​ផ្ទះ​របស់​យើង​គឺជា​ពេល​ដ៏​ប្រពៃ​មួយ ។ ខ្ញុំ​មាន​អំណរគុណ​ជាខ្លាំង ដែល​ព្រះ​បាន​ប្រទាន​ដល់​ក្រុមគ្រួសារ​យើង​នូវ​ពេល​វេលា​នៅក្នុង​ផ្ទះ​នោះ ។

អ្វី​មួយ​ដែល​ស្រស់​ត្រកាល​បំផុត​ដែល​ខ្ញុំ​បាន​ឃើញ និង​បាន​ឮ ជា​លទ្ធផល​មក​ពី​គ្រោះអគ្គិភ័យ​នេះ​គឺ​ទីបន្ទាល់​របស់​ប្រជាជន​ដែល​ខ្ញុំ​ហៅ​ថា​មាន « សេចក្ដី​ជំនឿ​ដ៏​ធំធេង » ។ មនុស្ស​ទាំងនេះ​បាន​ឃើញ​ថា​តើ​ព្រះ​គង់​នៅក្នុង​ភាព​លម្អិត​យ៉ាង​ណា​នៅក្នុង​ជីវិត​របស់​ពួកគេ ។ « សេចក្ដី​ជំនឿ​ដ៏​ធំធេង » បែបនេះ មិន​មែន​ជា​អ្វី​ដែល​អ្នក​អាច​ទទួល​បាន​ក្នុង​ពេល​មួយ​យប់​នោះ​ទេ ។ វា​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​ស្ថាបនា​វា​ឡើយ ។

វា​រំឭក​ខ្ញុំ​អំពី​រឿង​ប្រៀបធៀប​នៃ​ស្ត្រី​ព្រហ្មចារី​ដប់​នាក់ ។ ប្រសិនបើ​​អ្នក​ពុំ​មាន​ប្រេង​ពេញ​ចង្កៀង​របស់​អ្នក​ទេ នោះ​ពេល​វេលា​ដើម្បី​បែរ​ទៅ​រក​ព្រះ​គឺ​នៅ​ពី​មុន​គ្រោះ​ភ័យ​នោះ​ឯង ។ ពេល​គ្រោះ​ហន្តរាយ​ដូច​ជា​អគ្គិភ័យ​នេះ​កើត​ឡើង នោះ​មិន​មែន​ជា​ពេល​ដើម្បី​ចាប់ផ្ដើម​ចាក់​ប្រេង​បំពេញ​ចង្កៀង​របស់​អ្នក​នោះ​ទេ ។ វា​ដូច​ជា​ពេល​អ្នក​ចូល​ទៅក្នុង​ឡាន ហើយ​ប្រាប់​កូនៗ​អ្នក​ឲ្យ​ដាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព​អញ្ចឹង ។ សូម​ស្រមៃ​ថា​ពួកគេ​និយាយ​ថា « ខ្ញុំ​ពុំ​ត្រូវការ​ដាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព​ទេ ។ ពេល​ខ្ញុំ​ឮ​ម៉ាក់​ស្រែក ពេលនោះ​ខ្ញុំ​នឹង​ដាក់​ខ្សែ​ក្រវ៉ាត់ ! » នៅ​ក្នុង​គ្រា​មាន​គ្រោះ​ភ័យ ពួកគេ​នឹង​មិន​មាន​ពេល​ទៀតទេ ។

បន្ទាប់​ពី​អគ្គិភ័យ ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា ប្រជាជន​នៅ​ទីនេះ​ដែល​មាន « ប្រេង​ដាក់​ក្នុង​ដប​ទៅ​ជា​មួយ​ផង » ពុំ​ឈឺចាប់​ខ្លាំង​នោះ​ទេ ។ ពួកគេ​នៅតែ​ទួញ​យំ ពួកគេ​នៅតែ​មាន​ឧបសគ្គ ប៉ុន្តែ​ពួកគេ​នៅតែ​ជឿ​ថា​ព្រះ​ខ្វល់ខ្វាយ​ពី​ពួកគេ ហើយ​ទ្រង់​គង់​នៅក្នុង​ព្រឹត្តិការណ៍​លម្អិត​នៃ​ជីវិត​របស់​ពួកគេ ។ ពួកគេ​ដឹង​ថា ព្រះ​មាន​ព្រះចេស្ដា​គ្រប់គ្រាន់​ដែល​ទ្រង់​អាច​បន្សល់​ទុក​ផ្ទះ​របស់​ពួកគេ​ពី​អគ្គិភ័យ ប៉ុន្តែ​ពួកគេ​ក៏​មិន​ខឹង​សម្បា ពេល​អ្វីៗ​ពុំ​យុត្តិធម៌ ។ ពួកគេ​ទទួល​យក​ព្រះរាជ​បំណង​ទ្រង់ ។ នោះ​ជា​អ្វី​ដែល​ខ្ញុំ​ហៅ​ថា « សេចក្ដី​ជំនឿ​ដ៏​ធំធេង » ។

គ្រប់​គ្នា​ដែល​ជឿ​លើ​ព្រះ​បាន​ឃើញ​ព្រះហស្ដ​របស់​ទ្រង់​នៅក្នុង​អគ្គិភ័យ​នេះ ។ អ្នក​ប្រហែល​ជា​មិន​អាច​បង្ហាញ​ទៅ​ដល់​នរណា​ម្នាក់​ថា​មាន​ព្រះ​មួយ​អង្គ​ដោយសារ​អព្ភូតហេតុ​ធំ​មួយ​នោះ​ទេ ប៉ុន្តែ​ព្រះ​បាន​នាំ​មក​នូវ​អព្ភូតហេតុ​ជា​ច្រើន​នៅ​ក្រុង​ផារ៉ាដាយ​នេះ ។ ប្រសិនបើ​អ្នក​ជឿ​លើ​ព្រះ អ្នក​អាច​ឃើញ​ព្រះហស្ដ​របស់​ទ្រង់​នៅ​គ្រប់​ទីកន្លែង ។ ទោះ​ជា​វា​មាន​ការលំបាក​ក្ដី តែ​វា​ក៏​ពោរពេញ​ដោយ​អព្ភូតហេតុ​ផងដែរ ។ ព្រះ​បាន​ជួយ​យើង​ឲ្យ​រៀន​ពី​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​រៀន ។

ការមាន « សេចក្ដី​ជំនឿ​ដ៏​ធំធេង » ពុំ​បាន​ជួយ​នរណា​ម្នាក់​ពី​ការទួញ​យំ​ចំពោះ​ការបាត់បង់​របស់​ពួកគេ​នោះទេ ។ ផ្នែក​មួយ​ដ៏​លំបាក​បំផុត​អំពី​បទពិសោធន៍​ទាំងមូល​នេះ គឺ​ការមើល​ឃើញ​ការទួញយំ​របស់​មនុស្ស​ទាំងឡាយ​ដែល​ខ្ញុំ​ស្រឡាញ់ ។ ខ្ញុំ​ប្រហែល​ជា​បាន​ទួញយំ​ជាមួយ​ពួកគេ​ច្រើន​ជាង​ខ្ញុំ​យំ​ពី​រឿង​ខ្លួន​ឯង ។ មែនហើយ វា​មាន​ការលំបាក​សម្រាប់​ក្រុមគ្រួសារ​ខ្ញុំ យើង​បាត់បង់​ច្រើន​ណាស់ ។ ប៉ុន្តែ យើង​ក៏​ទទួល​បាន​ច្រើន​ផងដែរ ។

សមាជិក​នៃ​ស្តេក​ឈីខូ​ កាលីហ្វ័រញ៉ា​បាន​ធ្វើ​ការបម្រើ​ជា​ច្រើន​ដល់​ពួក​អ្នក​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​នោះ ។ មនុស្ស​គ្រប់​គ្នា​ដែល​បាន​មក​អគារ​មជ្ឈមណ្ឌល​ស្តេក​នៅ​ថ្ងៃ​ជម្លៀស​ត្រូវ​បាន​សមាជិក​ស្តេក​ផ្សេង​ទៀត​ផ្ដល់​ផ្ទះ​ឲ្យ​ស្នាក់​ដែល​មាន​ចម្ងាយ​មិន​ច្រើន​ម៉ោង​ប៉ុន្មាន​ពី​ទី​នោះ​ឡើយ ។ ពួកគេ​បាន​នាំ​ពួកយើង​ចូល​ក្នុង​ផ្ទះ​គេ ហើយ​បាន​ជួយ​យើង​ឲ្យ​បាន​នូវ​របស់​របរ​ដែល​យើង​ត្រូវការ ។ ខ្ញុំ​ក៏​មាន​ការស្ងើច​ចំពោះ​ការបរិច្ចាគ​គ្រប់​ប្រភេទ​ដែល​យើង​បាន​ទទួល​ពី​ពួក​បរិសុទ្ធ​នៅ​ទូទាំង​ពិភពលោក​ដែរ ។ យើងបាន​ទទួល​ពរ និង​ការគាំទ្រ ហើយ​យើង​អាច​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ ។ វា​អស្ចារ្យ​ណាស់​ក្នុង​នាម​ជា​ពួក​បរិសុទ្ធ​ម្នាក់ ។ ខ្ញុំ​នឹង​ប្រាប់​ការណ៍​នោះ​ឲ្យ​អស់​ចេញ​ពី​ពោះ​ខ្ញុំ !

ពេល​អគ្គិភ័យ​បាន​កើត​ឡើង ខ្ញុំ​បាន​អធិស្ឋាន​ជា​ច្រើន ព្រោះ​ខ្ញុំ​ត្រូវការ​លទ្ធភាព​ដើម្បី​ទួញយំ ហើយ​ខ្ញុំ​ត្រូវ​បង្រៀន​កូនៗ​របស់​ខ្ញុំ​ពី​របៀប​ដើម្បី​ទួញយំ ។ ព្រះ​មាន​កិច្ចការ​ដ៏​ស្រស់​បំព្រង​មួយ​ចំនួន​ដើម្បី​បង្រៀន​ខ្ញុំ ។ ខ្ញុំ​បាន​រៀន​ពី​សារៈសំខាន់​នៃ « ការទួញយំ​ដ៏​ស្អាតស្អំ » ។ ចំពោះ​ខ្ញុំ វា​មានន័យ​ថា អ្នក​មិន​អនុញ្ញាត​ឲ្យ​ខ្លួន​អ្នក​ធ្លាក់​ទៅក្នុង​ទីងងឹត​ដោយ​ការ​ទួញយំ ឬ​ធ្លាក់​ទៅ​ស្ថានភាព​មួយ​ដែល​មាន​ការភ័យខ្លាច​ឡើយ ។ អ្នក​មិន​អនុញ្ញាត​ឲ្យ​គំនិត​របស់​អ្នក​ទៅកាន់​ស្ថានភាព​នៃ​ការខឹង​សម្បា ឬ​អាម៉ាស់​ឡើយ ។ អ្នក​ទួញយំ​តាម​របៀប​ដែល​ព្រះ​ទួញយំ ។ តាម​របៀប​នេះ ការទួញយំ​មាន​ភាពស្រស់​ត្រកាល និង​បាន​ជា​សះស្បើយ ។ វា​មាន​អារម្មណ៍​ដូច​ជា​សេចក្ដី​ស្រឡាញ់ ។

ក្នុង​ស្ថានភាព​នេះ ឧបសគ្គ​ដ៏​ធំ​បំផុត​គឺ​ការមិនដឹង ។ មាន​សំណួរ​ច្រើន​ជាង​ចម្លើយ​សម្រាប់​គ្រប់គ្នា ។ យើង​មិន​ដឹង​ថា​តើ​ក្រុង​ផារ៉ាដាយ​អាច​កសាង​ឡើង​វិញ​បាន​លឿន​ប៉ុណ្ណា ឬ​ប្រសិន​បើ​អាច​កសាង​វា​បាន​ឡើង​វិញ​ឬ​អត់ ដោយសារ​តែ​ការខូចខាត និង​ការបាត់បង់​មាន​ទំហំ​ធំធេង​ក្រៃលែង ។

ព្រះ​បាន​ធ្វើ​កិច្ចការ​ជាមួយ​ខ្ញុំ​អស់​ជា​ច្រើន​ឆ្នាំ​ដើម្បី​រៀបចំ​ខ្ញុំ​សម្រាប់​ស្ថានភាព​នេះ ។ ខ្ញុំ​បាន​ឮ​ពី « គ្រោះ​មហន្តរាយ » ផ្សេងៗ​ទៀត​នៅក្នុង​ជីវិត​ខ្ញុំ ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា​ព្រះ​កំពុង​ដឹកនាំ​ជីវិត​ខ្ញុំ​យ៉ាង​មាន​របៀប​រៀបរយ ។

ពុំ​មាន​ការលំបាក​ណា​ដែល​ខ្ញុំ​ឆ្លងកាត់​ដែល​ពុំ​មាន​គោលបំណង និង​អត្ថន័យ​ដ៏​ឥត​ខ្ចោះ និង​ស្រស់​បំព្រង​នោះ​ឡើយ ។ ខ្ញុំ​បាន​កត់​សម្គាល់​ថា ពេល​ខ្ញុំ​អនុញ្ញាត​ឲ្យ​ព្រះ​បង្រៀន​ខ្ញុំ នោះ​ខ្ញុំ​បាន​រៀន​ពី​ឧបសគ្គ​ទាំងឡាយ​របស់​ខ្ញុំ ។ ព្រះ​អនុញ្ញាត​ឲ្យ​យើង​ឆ្លងកាត់​ឧបសគ្គ​ទាំងនេះ ដើម្បី​យើង​អាច​ទុកចិត្ត​លើ​ទ្រង់ ហើយ​ស្រឡាញ់​ទ្រង់ ។ ខ្ញុំ​ដឹង​ថា ពេល​មាន​ការលំបាក​កើតឡើង ទ្រង់​តែងតែ​នៅ​ទីនោះ ។

Rachel standing near burned down home

រ៉ាឆែល​សម្លឹង​មើល​ទៅ​សំណល់​ដែល​ធ្លាប់​ជា​ផ្ទះ​របស់​នាង ។ នាង​និយាយ​ថា « ពេល​វេលា​ដែល​យើង​បាន​ចំណាយ​នៅក្នុង​ផ្ទះ​យើង​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​មួយ ។ ខ្ញុំ​មាន​អំណរគុណ​ជាខ្លាំង​ ដែល​ព្រះ​បាន​ប្រទាន​ដល់​ក្រុមគ្រួសារ​យើង​នូវ​ពេល​វេលា​នៅក្នុង​ផ្ទះ​នោះ » ។

burned down meetinghouse

អគារ​វួដ​ផារ៉ាដាយ​ទី​មួយ ធ្លាប់​ជា​កន្លែង​សម្រាប់​ថ្វាយ​បង្គំ សិក្សា​ដំណឹងល្អ និង​ធ្វើ​សកម្មភាព​នានា ឥឡូវ​នេះ​ជា​គំនរ​កម្ទេច​កម្ទី ។ ទោះ​យ៉ាង​ណា សមាជិក​បាន​ទទួល​អារម្មណ៍​នៃ​ការគាំទ្រ​ពី​ពួក​បរិសុទ្ធ​ពី​ជុំវិញ​ពិភពលោក ។ រ៉ាឆែល​និយាយ​ថា « យើង​អាច​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ ។ វា​អស្ចារ្យ​ណាស់​ក្នុង​នាម​ជា​ពួក​បរិសុទ្ធ​ម្នាក់ ។ ខ្ញុំ​នឹង​ប្រាប់​ការណ៍​នោះ​ឲ្យ​អស់​ចេញ​ពី​ពោះ​ខ្ញុំ !

Rachel standing in burned down house

គ្រប់​គ្នា​ដែល​ជឿ​លើ​ព្រះ​បាន​ឃើញ​ព្រះហស្ដ​របស់​ទ្រង់​នៅក្នុង​គ្រោះ​អគ្គិភ័យ​នេះ ។ ទោះ​ជា​វា​មាន​ការលំបាក​ក្ដី តែ​វា​ក៏​ពោរពេញ​ដោយ​អព្ភូតហេតុ​ផងដែរ ។ ព្រះ​បាន​ជួយ​យើង​ឲ្យ​រៀន​ពី​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​រៀន » ។

Lighthall family

សមាជិក​គ្រួសារ​ឡៃហល ម្នាក់ៗ​កាន់​វត្ថុ​មួយ​ដែល​ពួកគេ​រកឃើញ​ពី​ផេះ​នៃ​ផ្ទះ​របស់​ពួកគេ ។ ទាំងនេះ​គឺ​ជា​ការរំឭក​មួយ​ពី​ពរជ័យ​ទាំងឡាយ​របស់​ព្រះ ។ និយាយ​ពី​អគ្គិភ័យ រ៉ាឆែល​និយាយ​ថា « មែនហើយ វា​មាន​ការលំបាក​សម្រាប់​ក្រុមគ្រួសារ​ខ្ញុំ យើង​បាត់បង់​ច្រើន​ណាស់ ។ ប៉ុន្តែ យើង​ក៏​ទទួល​បាន​ច្រើន​ផងដែរ » ។