កុមារ និងយុវវ័យ ៖ ការផ្ដោតយកចិត្តទុកដាក់សម្រាប់ជីវិតប្រចាំថ្ងៃ
វាអាចជាការភ្ញាក់ផ្អើលដល់អ្នកដែលកម្មវិធី កុមារ និងយុវវ័យ ពុំបញ្ចូលបញ្ជីផ្ទៀងផ្ទាត់លម្អិតសម្រាប់គ្រប់គោលដៅដែលអ្នកគួរធ្វើ ។ អ្នកកំពុងធ្វើកិច្ចការអស្ចារ្យជាច្រើនរួចហើយ ! ផ្ទុយទៅវិញ យុទ្ធសាស្ត្រផ្ទាល់ខ្លួននេះត្រូវបានបង្កើតឡើងដើម្បីជួយអ្នកឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ ក្នុងរបៀបទាំងឡាយដែលត្រូវបានបំផុសដោយតម្រូវការ និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក ។
គោលបំណងចម្បងនៃកម្មវិធី កុមារ និងយុវវ័យ គឺដើម្បីជួយអ្នកពង្រឹងសេចក្ដីជំនឿរបស់អ្នកទៅលើព្រះយេស៊ូវគ្រីស្ទ ។ លូកា ២:៥២ បង្រៀនយើងថា នៅក្នុងយុវវ័យរបស់ព្រះយេស៊ូវគ្រីស្ទ ទ្រង់ « ក៏កាន់តែធំ ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផង » ។ ទ្រង់បានរស់នៅក្នុងជីវិតមួយដែលមានតុល្យភាព ដូច្នេះហើយអ្នកក៏អាចធ្វើបានដូចគ្នាដែរ ។ ដោយការផ្ដោតទៅលើទិដ្ឋភាពខាងវិញ្ញាណ សង្គម រូបកាយ និងប្រាជ្ញានៃជីវិតអ្នក នោះអ្នកអាចក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ។
របៀបដែលវាដំណើរការ
កុមារ និងយុវវ័យ លើកទឹកចិត្តអ្នកឲ្យលូតលាស់ខាងវិញ្ញាណ ខាងសង្គម ខាងរូបកាយ និងខាងប្រាជ្ញា ដោយការចូលរួមក្នុងការរៀនសូត្រដំណឹងល្អ ការបម្រើ និងសកម្មភាពនានា និងការអភវិឌ្ឍផ្ទាល់ខ្លួន ។
ការសិក្សាដំណឹងល្អ
ដូចជាព្រះអង្គសង្គ្រោះដែល « កាន់តែធំ ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង » ( លូកា ២:៥២ ) អ្នកអាចរីកចម្រើននៅក្នុងចំណេះដឹង និងការយល់ដឹងរបស់អ្នកនៅក្នុងដំណឹងល្អ ។ គ្រប់គោលការណ៍ដំណឹងល្អដែលអ្នករៀន នឹងជួយអ្នកឲ្យដឹងពីរបៀបដែលព្រះអង្គសង្គ្រោះអាចពង្រឹង និងប្រទានពរដល់អ្នកនៅក្នុងផ្នែកទាំងអស់នៃជីវិតអ្នក ។
យើងមានប្រភពជាច្រើនដែលយើងអាចប្រើប្រាស់ដើម្បីរៀនកាន់តែច្រើនទៀតអំពីគោលការណ៍ដំណឹងល្អ ហើយក្លាយដូចជាព្រះអង្គសង្គ្រោះ ។ ឧទាហរណ៍ ការអធិស្ឋាន ការសិក្សាព្រះគម្ពីរ និងព្រះវិញ្ញាណផ្ដល់នូវមូលដ្ឋានគ្រឹះ ។ គ្រួសារអ្នក និងថ្នាក់ដឹកនាំសាសនាចក្រ អាចជួយអ្នកឲ្យរៀនបន្ថែមទៀតអំពីព្រះអង្គសង្គ្រោះ ។ កម្មវិធីសិក្សាចូរមកតាមខ្ញុំ និងថ្នាក់សិក្ខាសាលា អាចជួយណែនាំដល់ការសិក្សារបស់អ្នកបាន ។ កាលដែលអ្នកប្រើប្រាស់ធនធានរបស់អ្នកដើម្បីរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ នោះទំនាក់ទំនងជាមួយទ្រង់នឹងកាន់តែប្រសើរឡើង ។
ការបម្រើ និងសកម្មភាពនានា
ការបម្រើអ្នកដទៃគឺជាការណ៍ចម្បងមួយដែលព្រះអង្គសង្គ្រោះបានធ្វើខណៈដែលទ្រង់គង់នៅលើផែនដី ។ ដោយការស្វែងរករបៀបសាមញ្ញ និងធម្មជាតិដើម្បីជួយពួកអ្នកដែលនៅក្នុងគ្រួសារ និងសហគមន៍របស់អ្នក អ្នកកំពុងធ្វើតាមគំរូរបស់ទ្រង់ ហើយកំពុងប្ដេជ្ញាចិត្តដើម្បីក្លាយកាន់តែដូចជាទ្រង់ ។
សកម្មភាពជាក្រុមដ៏មានអត្ថន័យ អាចជួយអ្នក និងយុវវ័យផ្សេងទៀតឲ្យស្វែងរករបៀបដើម្បីបម្រើអ្នកដទៃទៀត ក៏ដូចជារីកចម្រើនខាងវិញ្ញាណជាមួយគ្នា ។ សកម្មភាពសប្បាយៗ និងលើកស្ទួយគឺល្អប្រសើរណាស់ ។ ហើយនៅពេលអ្នកប្រមូលផ្ដុំគ្នាជាក្រុមនៃពួកបរិសុទ្ធថ្ងៃចុងក្រោយវ័យក្មេងដ៏ស្មោះត្រង់ នោះជាញឹកញាប់អ្នកអាចរៀន និងសម្រេចបានច្រើនជាងដែលអ្នកអាចធ្វើដោយខ្លួនឯង ។
ការអភិវឌ្ឍផ្ទាល់ខ្លួន
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ មានព្រះទ័យខ្វល់ខ្វាយយ៉ាងជ្រាលជ្រៅចំពោះអ្នក និងចំពោះមនុស្សដែលអ្នកនឹងប្រែក្លាយ ។ កាលដែលអ្នកដាក់គោលដៅទាំងឡាយដើម្បីរីកចម្រើនទៅជាមនុស្សដែលព្រះវរបិតាមានព្រះទ័យចង់ឲ្យអ្នកប្រែក្លាយ នោះអ្នកអាចចូលមកកាន់តែជិតទ្រង់ និងព្រះរាជបុត្រារបស់ទ្រង់ ។
គ្រប់គ្នាមានលក្ខណៈពិសេស ដូច្នេះគោលដៅរបស់អ្នកដើម្បីធ្វើឲ្យរីកចម្រើនផ្ទាល់ខ្លួនគួរតែត្រូវបានធ្វើឡើងឲ្យត្រូវទៅនឹងតម្រូវការរបស់អ្នក ។ ឧទាហរណ៍ ប្រសិនបើអ្នកចង់រៀនលេងទំនុកតម្កើងនៅលើព្យាណូ នោះអ្នកអាចដាក់គោលដៅដើម្បីអនុវត្តវារាល់ថ្ងៃ ។ បើអ្នកចង់ពូកែក្នុងការសិក្សាព្រះគម្ពីរ នោះអ្នកអាចចាត់ពេលវេលាជាក់លាក់រាល់ថ្ងៃដើម្បីអាន ។ ចូរស្វែងរកការណែនាំពីព្រះវិញ្ញាណដើម្បីបង្កើតផែនការដែលនឹងដំណើរការបានល្អបំផុតសម្រាប់អ្នក ។
កម្មវិធី កុមារ និងយុវវ័យ គឺសម្រាប់ប្អូនៗ
បុគ្គលដែលទទួលផលប្រយោជន៍ច្រើនបំផុតនោះគឺប្អូនៗ ! កាលដែលប្អូនៗដាក់គោលដៅដោយផ្ទាល់ខ្លួនដើម្បីសិក្សា និងរស់នៅតាមដំណឹងល្អ ចូលរួមក្នុងការបម្រើ និងសកម្មភាពនានា ព្រមទាំងអភិវឌ្ឍផ្ទាល់ខ្លួន នោះប្អូនៗនឹងរៀនកាន់តែច្រើនអំពីខ្លួនឯង និងថាប្អូនៗជានរណាពិតប្រាកដ ។ កិច្ចការនៃការក្លាយជាសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ អាចមានការលំបាក ប៉ុន្តែវាជាគោលដៅដែលផ្ដល់រង្វាន់ច្រើនបំផុតដែលយើងអាចដាក់សម្រាប់ខ្លួនយើង ។
បងប្អូនស្រីភ្លោះបានដាក់កម្មវិធី កុមារ និងយុវវ័យ ឲ្យក្លាយជាសកម្មភាព
យុវវ័យដូចជាប្អូនៗបានចាប់ផ្ដើមឃើញពីពរជ័យនៃការពុះពារដើម្បីក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ។ ដានីកា និង ណាថាស្សា អ័រ. អាយុ ១៥ឆ្នាំ មកពីរដ្ឋអូហៃអូ ស.រ.អា. គឺជាបងប្អូនស្រីភ្លោះដែលបានសម្រេចចិត្តធ្វើដូច្នោះ ។ ឪពុករបស់ពួកគេមកពីប្រទេសថៃ ហើយដោយសារជួនកាលពួកគេទៅលេងគ្រួសារនៅទីនោះ នោះដានីកា និងណាថាស្សា បានសម្រេចចិត្តថា ពួកគេចង់រៀនបន្ថែមទៀតអំពីម្ហូប និងភាសាថៃ ។
ដានីកាបានដាក់គោលដៅដើម្បីរៀនធ្វើសម្លរថៃខ្លះៗ ។ នាងបានទៅទិញគ្រឿងផ្សំ ហើយបានអនុវត្តវិធីសាស្ត្រចម្អិនម្ហូបថ្មីៗជាមួយឪពុកនាង ។ ណាថាស្សាចង់រៀនទំនាក់ទំនងជាមួយគ្រួសារនាងនៅប្រទេសថៃ ដូច្នេះនាងបានដាក់គោលដៅមួយដើម្បីរៀនពាក្យថៃមួយពាក្យក្នុងមួយថ្ងៃ ។ នាងបានប្រើប្រាស់គេហទំព័រមួយដើម្បីជួយការសិក្សាភាសារបស់នាង ហើយបានអនុវត្តការបញ្ចេញសម្លេងពាក្យទាំងនោះជាមួយឪពុកនាង ។
កាលដែលដានីកា និងណាថាស្សា បានធ្វើកិច្ចការសម្រាប់គោលដៅរបស់ពួកគេ នោះពួកគេចង់ចែកចាយពីអ្វីដែលពួកគេបានរៀនជាមួយនឹងយុវនារីផ្សេងទៀតនៅក្នុងវួដរបស់ពួកគេ ។ ថ្នាក់ដឹកនាំរបស់ពួកគេបានជួយពួកគេរៀបចំសកម្មភាពមួយដើម្បីបន្ថែមទៀតអំពីប្រទេសថៃ ។ នៅឯសកម្មភាពនោះ ដានីកាបានចម្អិនស៊ុបសម្រាប់គ្រប់គ្នា ខណៈដែលណាថាស្សាបានបង្រៀនពាក្យថៃខ្លះៗដល់ពួកគេ ។
បងប្អូនស្រីនេះក៏បានបញ្ចូលមិត្តរបស់ពួកគេ ហ្គ្រេស នៅក្នុងសកម្មភាពនោះផងដែរ ។ ហ្គ្រេសបានមានគោលដៅផ្ទាល់ខ្លួនមួយដើម្បីមានភាពប្រសើរឡើងក្នុងការនិយាយជាសាធារណៈ ដូច្នេះនាងបានធ្វើបទបង្ហាញមួយពីរបៀបដើម្បីប្រើចង្កឹះ ដូច្នេះពួកគេអាចញ៉ាំស៊ុបរបស់ពួកគេ !
ដោយការអនុវត្តគោលដៅរបស់ពួកគេ និងធ្វើការជាមួយថ្នាក់ដឹកនាំរបស់ពួកគេ និងយុវនារីដទៃទៀត នោះដានីកា និងណាថាស្សា បានមានលទ្ធភាពដើម្បីដាក់ផែនការយប់មួយដ៏សប្បាយដើម្បីរីករាយជាមួយនឹងមិត្តភក្ដិរបស់ពួកគេ ។
ពរជ័យនៃការចូលរួមក្នុងកម្មវិធី កុមារ និងយុវវ័យ
ដានីកា និងណាថាស្សា ចែកចាយថា ពួកគេបានទទួលពរជ័យជាច្រើនពីការពុះពាររៀនបន្ថែមទៀតអំពីកេរដំណែលរបស់ពួកគេ និងអបអរវាជាមួយនឹងគ្រួសារពួកគេ និងយុវនារីដទៃទៀត ។ បទពិសោធន៍របស់ពួកគេពុំបានមកដោយគ្មានឧបសគ្គនោះទេ ។ ណាថាស្សាពន្យល់ថា « ខ្ញុំនៅរៀនពេលខ្ញុំកំពុងរៀនភាសាថៃ ដូច្នេះពេលខ្លះវាពិបាកនឹងរកពេលដើម្បីធ្វើវា » ។ ដានីកាបន្ថែមថា « នៅឯសកម្មភាពនោះ ខ្ញុំមានបញ្ហាបន្តិចបន្តួចក្នុងការធ្វើស៊ុបនោះដោយខ្លួនឯងដោយសារប៉ាខ្ញុំអត់នៅទីនោះ » ។ ប៉ុន្តែបងប្អូនស្រីទាំងពីរនាក់យល់ស្របថាវាសមនឹងតម្លៃនៅទីបំផុត ។
ដានីកានិយាយថា « ខ្ញុំចូលចិត្តដែលខ្ញុំបានចំណាយពេលជាមួយប៉ាខ្ញុំ ហើយវាជួយខ្ញុំឲ្យមានអារម្មណ៍ជិតស្និទ្ធនឹងគ្រួសារខ្ញុំ » ។ នាងក៏ពន្យល់ផងដែរថា « ការដាក់ និងរក្សាគោលដៅផ្ទាល់ខ្លួន បានជួយខ្ញុំឲ្យខិតកាន់តែជិតនឹងព្រះយេស៊ូវគ្រីស្ទ ដោយផ្ដល់ដល់ខ្ញុំនូវផ្លូវដ៏ច្បាស់លាស់មួយដើម្បីជួយខ្ញុំខ្លួនឯង និងអ្នកដទៃទៀត ។ ជាជាងឲ្យការអង្គុយដោយមិនគិតអ្វីដូចជាយប់ខ្លះ នោះខ្ញុំបានមានបទដ្ឋានជាក់លាក់មួយដើម្បីធ្វើតាម និងរក្សា ហើយការណ៍នោះផ្ដល់ពេលវេលាបន្ថែមទៀតដល់ខ្ញុំដើម្បីគិតអំពីព្រះគ្រីស្ទ » ។
ណាថាស្សានិយាយថា ការដាក់ និងរក្សាគោលដៅរបស់នាង « ពិតជាបានធ្វើឲ្យខ្ញុំគិតជ្រៅជ្រះអំពីអ្វីដែលខ្ញុំត្រូវការ និងចង់ធ្វើដើម្បីខិតកាន់តែជិតព្រះគ្រីស្ទ » ។ នាងក៏បានកត់សម្គាល់ផងដែរថា ទោះបីនាងបានផ្លាស់ប្ដូរការផ្ដោតរបស់នាងទៅគោលដៅថ្មីមួយ ក៏នាងត្រូវបានបំផុសឲ្យបន្តរៀនសូត្រភាសាថៃ ៖ « គោលដៅដើមរបស់ខ្ញុំគឺដើម្បីរៀនភាសាថៃ ដើម្បីខ្ញុំអាចនិយាយជាមួយគ្រួសារខ្ញុំនៅប្រទេសថៃ ដូច្នេះខ្ញុំចង់បន្តរៀនភាសាថៃ ដើម្បីខ្ញុំអាចនិយាយជាមួយពួកគេ » ។
យុទ្ធសាស្ត្រដ៏មានតុល្យភាពរបស់ដានីកា និងណាថាស្សា ចំពោះការអភិវឌ្ឍផ្ទាល់ខ្លួនរបស់ពួកគេ បានជួយពួកគេឲ្យរៀនបន្ថែមទៀតអំពីវប្បធម៌របស់ឪពុកពួកគេ មានភាពរីករាយជាមួយមិត្តភក្ដិ និងកាន់តែស្និទ្ធស្នាលនឹងគ្រួសារពួកគេ និងព្រះអង្គសង្គ្រោះ—នោះហើយជាអ្វីដែលកម្មវិធី កុមារ និងយុវវ័យ ផ្តោតលើ ។
ការចូលរួមរបស់អ្នកនៅក្នុងកម្មវិធី កុមារ និងយុវវ័យ ក៏អាចជួយអ្នកឲ្យកសាងទំនាក់ទំនងជាមួយគ្រួសារអ្នក យុវវ័យផ្សេងទៀត និងសមាជិកវួដរបស់អ្នក ហើយជាពិសេសគឺព្រះអង្គសង្គ្រោះ កាលដែលអ្នកផ្ដោតលើរបៀបដើម្បីក្លាយជាខ្លួនអ្នកដែលល្អបំផុត ។